២ សាំយូអែល 12:1-25
២ សាំយូអែល 12:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានចាត់ព្យាការី*ណាថានឲ្យទៅជួបព្រះបាទដាវីឌ ។ លោកណាថានចូលគាល់ស្ដេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។ សេដ្ឋីមានហ្វូងគោ និងហ្វូងចៀមយ៉ាងច្រើនសន្ធឹកសន្ធាប់។ រីឯអ្នកក្រវិញ មានកូនចៀមញីតែមួយគត់ ដែលគាត់បានទិញមក។ គាត់ចិញ្ចឹមវា ហើយវាក៏ធំឡើងជាមួយកូនៗរបស់គាត់។ វាធ្លាប់ស៊ីចំណីអាហារ និងផឹកទឹកក្នុងពែងរបស់គាត់ គាត់ដេកឱបវា ហើយគាត់ស្រឡាញ់វាទុកដូចជាកូនស្រីរបស់គាត់។ ថ្ងៃមួយ មានអ្នកដំណើរម្នាក់បានមកដល់ផ្ទះរបស់សេដ្ឋី។ សេដ្ឋីនោះពុំដាច់ចិត្តយកសត្វក្នុងហ្វូងចៀម ឬហ្វូងគោរបស់គាត់ មកសម្លាប់ធ្វើម្ហូបអាហារជូនភ្ញៀវទេ ផ្ទុយទៅវិញ គាត់បែរជាទៅយកកូនចៀមរបស់អ្នកក្រ មកកាប់ធ្វើម្ហូបទទួលភ្ញៀវ»។ ព្រះបាទដាវីឌខ្ញាល់នឹងសេដ្ឋីនោះយ៉ាងខ្លាំង ហើយមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា មនុស្សដែលប្រព្រឹត្តដូច្នេះ ត្រូវតែទទួលទោសដល់ស្លាប់។ គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។ ព្យាការីណាថានទូលព្រះបាទដាវីឌវិញថា៖ «បុរសនោះ គឺព្រះករុណាហ្នឹងហើយ! ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានចាក់ប្រេងអភិសេកអ្នក ជាស្ដេចលើជនជាតិអ៊ីស្រាអែល ហើយយើងក៏បានរំដោះអ្នកឲ្យរួចពីកណ្ដាប់ដៃរបស់សូលដែរ។ យើងបានប្រគល់រាជសម្បត្តិ ព្រមទាំងស្រីស្នំទាំងប៉ុន្មានរបស់ម្ចាស់អ្នកមកក្នុងកណ្ដាប់ដៃរបស់អ្នក។ យើងក៏បានឲ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល និងយូដាដែរ។ បើអ្នកនៅតែមិនស្កប់ទេ យើងអាចបន្ថែមលើសពីនេះទៅទៀត! ចុះហេតុដូចម្ដេចបានជាអ្នកមើលងាយព្រះបន្ទូលរបស់យើង ដោយប្រព្រឹត្តអំពើដែលមិនគាប់ចិត្តយើង គឺអ្នកបានធ្វើឃាតអ៊ូរី ជាជនជាតិហេត ដោយប្រគល់ទៅឲ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួនឯង។ ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើង ដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេត មកធ្វើជាប្រពន្ធរបស់ខ្លួន”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឲ្យមានរឿងអពមង្គលកើតចេញពីក្នុងគ្រួសាររបស់អ្នក។ យើងនឹងយកស្ត្រីស្នំទាំងប៉ុន្មានរបស់អ្នក ប្រគល់ឲ្យមនុស្សម្នាក់ ដែលជាសាច់ឈាមរបស់អ្នក។ គេនឹងរួមដំណេកជាមួយស្ត្រីៗនោះ នៅកណ្ដាលវាល ចំពោះមុខអ្នកផង។ អ្នកបានប្រព្រឹត្តអំពើអាក្រក់ដោយស្ងាត់កំបាំង រីឯយើង យើងនឹងប្រព្រឹត្តការនេះចំពោះអ្នកវិញនៅកណ្ដាលវាល ឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលឃើញ”»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។ ព្យាការីណាថានទូលថា៖ «ព្រះអម្ចាស់លើកលែងទោសឲ្យព្រះករុណា ព្រះករុណានឹងមិនសោយទិវង្គតទេ។ ប៉ុន្តែ ដោយព្រះករុណាប្រព្រឹត្តអំពើបាបដ៏ធ្ងន់នេះ ជាឱកាសឲ្យខ្មាំងសត្រូវប្រមាថមើលងាយព្រះអម្ចាស់ បុត្ររបស់ព្រះករុណាដែលទើបប្រសូតមកនោះ នឹងត្រូវសុគតជាមិនខាន»។ បន្ទាប់មក ព្យាការីណាថានក៏វិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ ព្រះអម្ចាស់ធ្វើឲ្យកូនដែលនាងបាតសេបា ជាភរិយារបស់សពលោកអ៊ូរី បានបង្កើតថ្វាយព្រះបាទដាវីឌនោះមានជំងឺ។ ព្រះបាទដាវីឌទូលអង្វរព្រះជាម្ចាស់ឲ្យកូននោះ ទាំងតមអាហារ។ កាលស្ដេចយាងចូលក្រឡាបន្ទំ ស្ដេចផ្ទំផ្ទាល់នឹងដី។ ពួកព្រឹទ្ធាចារ្យនៅក្នុងដំណាក់ទទូចសូមឲ្យស្ដេចតើនឡើង ប៉ុន្តែ ទ្រង់មិនព្រមទេ ហើយក៏មិនសោយព្រះស្ងោយជាមួយពួកគេដែរ។ នៅថ្ងៃទីប្រាំពីរ កូននោះក៏ស្លាប់។ រាជបម្រើមិនហ៊ានទូលដំណឹងនេះថ្វាយព្រះបាទដាវីឌទេ ព្រោះពួកគេនិយាយគ្នាថា៖ «កាលកូនមានជីវិតនៅឡើយ យើងបាននិយាយជាមួយព្រះករុណា តែព្រះករុណាពុំព្រមស្ដាប់យើងទេ ចុះឥឡូវនេះ កូនស្លាប់ហើយ តើយើងត្រូវទូលយ៉ាងដូចម្ដេច ដើម្បីកុំឲ្យស្ដេចធ្វើបាបខ្លួនឯង»។ កាលព្រះបាទដាវីឌទតឃើញរាជបម្រើខ្សឹបខ្សៀវគ្នា ទ្រង់ក៏យល់ថា កូននោះស្លាប់ហើយ។ ព្រះរាជាសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេទូលថា៖ «បពិត្រព្រះករុណា! ព្រះឱរសនោះសុគតហើយ»។ ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្ដេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយទ្រង់ក៏សោយ។ ពួករាជបម្រើទូលសួរថា៖ «បពិត្រព្រះករុណា ស្ដេចប្រព្រឹត្តបែបនេះមានន័យដូចម្ដេចដែរ? កាលព្រះឱរសមានជីវិតនៅឡើយ ព្រះករុណាតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ ព្រះឱរសសុគតផុតហើយ ព្រះករុណាបែរជាក្រោកឡើង សោយព្រះស្ងោយទៅវិញ!»។ ព្រះបាទដាវីឌតបវិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា ព្រះអម្ចាស់ប្រហែលជាប្រណីសន្ដោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។ ឥឡូវនេះ កូនយើងស្លាប់ផុតទៅហើយ តើយើងតមអាហារធ្វើអ្វីទៀត? យើងមិនអាចធ្វើឲ្យវារស់ឡើងវិញបានឡើយ! យើងទេតើដែលនឹងទៅជួបវា គឺមិនមែនវាទេដែលនឹងមកជួបយើង»។ ព្រះបាទដាវីឌសម្រាលទុក្ខនាងបាតសេបា ជាមហេសី ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានបុត្រមួយអង្គ រួចប្រទាននាមថា សាឡូម៉ូន។ ព្រះអម្ចាស់ស្រឡាញ់បុត្រនោះណាស់ ព្រះអង្គចាត់ព្យាការីណាថានឲ្យទៅប្រាប់ព្រះបាទដាវីឌជ្រាប ហើយថ្វាយនាមបុត្រនោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់ព្រះអម្ចាស់»។
២ សាំយូអែល 12:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានចាត់ណាថាន់ ឲ្យទៅគាល់ព្រះបាទដាវីឌ លោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា៖ «នៅទីក្រុងមួយមានមនុស្សពីរនាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ អ្នកដែលមាននោះ មានចៀម និងគោយ៉ាងសន្ធឹក តែអ្នកដែលក្រគ្មានអ្វីសោះ មានតែកូនចៀមមួយ ដែលបានទិញមកចិញ្ចឹមប៉ុណ្ណោះ កូនចៀមនោះក៏ចម្រើនធំឡើងនៅជាមួយគាត់ និងកូនគាត់ វាតែងស៊ីអាហារ ហើយផឹកពីពែងរបស់គាត់ ក៏ដេកនៅនាដើមទ្រូងគាត់ដែរ គាត់ទុកវាដូចជាកូនស្រីរបស់ខ្លួន។ គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ»។ ដូច្នេះ ព្រះបាទដាវីឌខ្ញាល់នឹងអ្នកនោះជាខ្លាំង ក៏មានរាជឱង្ការទៅណាថាន់ថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះ គួរស្លាប់ហើយ ត្រូវឲ្យវាសងមួយជាបួនជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ»។ នោះណាថាន់ទូលតបថា៖ «ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា យើងបានចាក់ប្រេងតាំងឯងឡើងជាស្តេចនៃសាសន៍អ៊ីស្រាអែល ក៏បានជួយឯងឲ្យរួចពីកណ្ដាប់ដៃរបស់សូល ហើយបានប្រគល់ដំណាក់ និងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល និងយូដា មកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះយើងនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្ររបស់ព្រះអង្គដូច្នេះ ឯងបានសម្លាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសម្លាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចាំមើល យើងនឹងបណ្ដាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ ដ្បិតឯងបានធ្វើការនោះដោយសម្ងាត់ តែយើងនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ"»។ ព្រះបាទដាវីឌមានរាជឱង្ការទៅណាថាន់ថា៖ «យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» ណាថាន់ក៏ទូលតបថា៖ «ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ។ ប៉ុន្តែ ដោយព្រោះអំពើបែបនេះ ព្រះករុណាបានមើលងាយព្រះយេហូវ៉ាជាខ្លាំង ហើយបុត្រដែលត្រូវប្រសូតមកនោះនឹងត្រូវសុគតមិនខាន»។ បន្ទាប់មក ណាថាន់ក៏វិលទៅផ្ទះលោកវិញ។ ព្រះយេហូវ៉ាបានប្រហារបុត្រដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង។ ព្រះបាទដាវីឌក៏សូមអង្វរដល់ព្រះពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញមួយយប់នោះ។ ពួកចាស់ទុំនៅដំណាក់ ក៏ក្រោកទៅរកទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយគេដែរ។ ដល់ថ្ងៃទីពីរ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបម្រើរបស់ដាវីឌខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា «កាលបុត្រមានព្រះជន្មរស់នៅឡើយ យើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៀត តើនឹងធ្វើឲ្យទ្រង់កើតទុក្ខយ៉ាងណាទៅទៀត»។ ប៉ុន្តែ កាលដាវីឌឃើញថា ពួកអ្នកបម្រើកំពុងតែខ្សឹបគ្នាដូច្នោះ ទ្រង់យល់ឃើញថា ប្រាកដជាបុត្របានសុគតហើយ ក៏សួរពួកអ្នកបម្រើថា៖ «បុត្ររបស់យើងសុគតហើយឬ?» គេទូលឆ្លើយថា៖ «សុគតហើយ»។ ព្រះបាទដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សម្លៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា។ ក្រោយមក ពេលព្រះអង្គបានត្រឡប់ចូលមកក្នុងដំណាក់វិញ ទ្រង់បង្គាប់ដល់ពួកអ្នកបម្រើ ហើយគេក៏លើកព្រះស្ងោយមកថ្វាយទ្រង់សោយ។ ដូច្នេះ ពួកមហាតលិកទូលសួរថា៖ «ម្តេចក៏ទ្រង់ធ្វើដូច្នេះ? កាលបុត្រនៅមានព្រះជន្មនៅឡើយ ទ្រង់បានតមព្រះស្ងោយ ហើយសោយសោកនឹងបុត្រ តែកាលបុត្រសុគតហើយ ទ្រង់បែរជាតើនឡើង សោយព្រះស្ងោយវិញ»។ ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «កាលបុត្រមានព្រះជន្មនៅឡើយ យើងបានតម ហើយយំ ដោយគិតថា ប្រហែលជាព្រះយេហូវ៉ានឹងប្រោសមេត្តាដល់យើង ឲ្យបុត្រមានព្រះជន្មរស់ តែឥឡូវនេះ បុត្រសុគតទៅហើយ តើយើងនៅតមអត់ធ្វើអ្វីទៀត តើយើងអាចនាំបុត្រឲ្យត្រឡប់មកវិញបានដែរឬ? យើងនឹងទៅឯវា តែវាមិនអាចត្រឡប់មកឯយើងវិញឡើយ»។ ដាវីឌក៏ជួយកម្សាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនាង ហើយនាងប្រសូតបានបុត្រាមួយអង្គទៀត ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន។ ព្រះយេហូវ៉ាមានព្រះហឫទ័យស្រឡាញ់បុត្រនោះ ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
២ សាំយូអែល 12:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ចាត់ណាថាន់ ឲ្យទៅឯដាវីឌលោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា នៅទីក្រុង១មានមនុស្ស២នាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ អ្នកដែលមាននោះ មានចៀមហើយនឹងគោយ៉ាងសន្ធឹក តែអ្នកដែលក្រគ្មានអ្វីសោះ មានតែកូនចៀម១ ដែលបានទិញមកចិញ្ចឹមប៉ុណ្ណោះ កូនចៀមនោះក៏ចំរើនធំឡើងនៅជាមួយនឹងគាត់ ហើយនឹងកូនគាត់ វាតែងស៊ីអាហារ ហើយផឹកពីពែងរបស់គាត់ ក៏ដេកនៅនាដើមទ្រូងគាត់ដែរ គាត់ទុកវាដូចជាកូនស្រីរបស់ខ្លួន គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ ដូច្នេះដាវីឌទ្រង់មានសេចក្ដីខ្ញាល់ក្តៅឡើងចំពោះអ្នកនោះជាខ្លាំង ក៏មានបន្ទូលទៅណាថាន់ថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះគួរស្លាប់ហើយ ត្រូវឲ្យវាសង១ជា៤ជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ។ នោះណាថាន់ទូលសបថា ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា អញបានចាក់ប្រេងតាំងឯងឡើងជាស្តេចនៃសាសន៍អ៊ីស្រាអែល ក៏បានជួយឯងឲ្យរួចពីកណ្តាប់ដៃរបស់សូល ហើយបានប្រគល់ដំណាក់ នឹងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល នឹងយូដា មកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះអញនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្រទ្រង់ដូច្នេះ ឯងបានសំឡាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសំឡាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់អញ ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចាំមើល អញនឹងបណ្តាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេកនឹងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ ដ្បិតឯងបានធ្វើការនោះដោយសំងាត់ តែអញនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ រួចដាវីឌមានបន្ទូលទៅណាថាន់ថា យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ណាថាន់ក៏ទូលតបថា ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ ប៉ុន្តែ ដោយប្រព្រឹត្តអំពើយ៉ាងនោះ ទ្រង់បានឲ្យពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា មានឱកាសនឹងត្មះតិះដៀលជាខ្លាំង បានជាបុត្រដែលត្រូវប្រសូតមកនោះ នឹងសុគតទៅជាពិតប្រាកដ រួចណាថាន់ក៏វិលទៅផ្ទះលោកវិញទៅ។ ព្រះយេហូវ៉ាទ្រង់ក៏ប្រហារបុត្រ ដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង ដូច្នេះ ដាវីឌក៏សូមអង្វរដល់ព្រះ ពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញ១យប់នោះ ពួកចាស់ទុំនៅដំណាក់ទ្រង់ក៏ក្រោកឡើងទៅឯទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយនឹងគេដែរ លុះដល់ថ្ងៃទី៧ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបំរើរបស់ដាវីឌ គេខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា មើល កាលបុត្រមានព្រះជន្មរស់នៅឡើយ នោះយើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៅ នោះតើនឹងធ្វើទុក្ខដល់អង្គទ្រង់យ៉ាងណាទៅទៀត ប៉ុន្តែកាលដាវីឌឃើញថា ពួកអ្នកបំរើកំពុងតែខ្សឹបគ្នាដូច្នោះ នោះទ្រង់យល់ឃើញថា ប្រាកដជាបុត្របានសុគតហើយ ក៏សួរពួកអ្នកបំរើថា បុត្របានសុគតហើយឬអី គេទូលឆ្លើយថា សុគតហើយ នោះដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ក្រោយមក កាលទ្រង់បានត្រឡប់ចូលមក ក្នុងដំណាក់វិញ នោះទ្រង់បង្គាប់ដល់ពួកអ្នកបំរើ ហើយគេក៏លើកព្រះស្ងោយមកថ្វាយទ្រង់សោយ ដូច្នេះ ពួកមហាតលិកទូលសួរថា យ៉ាងដូចម្តេចហ្ន៍ ដែលទ្រង់ប្រព្រឹត្តដូច្នេះនេះ ដ្បិតកាលបុត្រមានព្រះជន្មនៅឡើយ នោះទ្រង់បានតមព្រះស្ងោយ ហើយសោយសោកនឹងបុត្រ តែកាលបុត្រសុគតហើយ នោះបែរជាទ្រង់តើនឡើងសោយព្រះស្ងោយវិញ ដាវីឌមានបន្ទូលតបថា កាលបុត្រមានព្រះជន្មនៅឡើយ យើងបានតមហើយយំ ដោយគិតថា ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសមេត្តាដល់យើង ឲ្យបុត្រមានព្រះជន្មតទៅទេដឹង តែឥឡូវនេះបុត្រសុគតទៅហើយដូច្នេះ តើយើងនៅតមអត់ធ្វើអ្វីទៀត តើយើងអាចនឹងនាំបុត្រឲ្យត្រឡប់មកវិញបានដែរឬ យើងនឹងទៅឯវា តែវាមិនដែលត្រឡប់មកឯយើងវិញឡើយ។ ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។