២ ពេត្រុស 3:10-18
២ ពេត្រុស 3:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯថ្ងៃរបស់ព្រះអម្ចាស់ នឹងមកដូចជាចោរប្លន់ ហើយពេលនោះ ផ្ទៃមេឃនឹងបាត់ទៅដោយសូរគ្រាំគ្រេង ធាតុសព្វសារពើនឹងរលាយទៅ ដោយកម្ដៅភ្លើង ផែនដី និងអ្វីៗនៅលើផែនដីនឹងត្រូវឆេះអស់។ បើអ្វីៗទាំងអស់ត្រូវរលាយទៅយ៉ាងនេះទៅហើយ តើអ្នករាល់គ្នាត្រូវរស់នៅជាមនុស្សបែបណា ក្នុងកិរិយាបរិសុទ្ធ និងការគោរពប្រតិបត្តិដល់ព្រះ ទាំងទន្ទឹងរង់ចាំ ហើយខំជួយឲ្យថ្ងៃរបស់ព្រះបានឆាប់មកដល់ ព្រោះជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះ ហើយរលាយទៅ ធាតុសព្វសារពើនឹងត្រូវរលាយដោយកម្ដៅភ្លើង! ប៉ុន្ដែ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងកំពុងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។ ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរមានចិត្តឧស្សាហ៍ ដើម្បីឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងរស់នៅដោយសុខសាន្ត។ ត្រូវរាប់ព្រះហឫទ័យអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាការសង្គ្រោះ ដូចលោកប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើង ក៏បានសរសេរមកអ្នករាល់គ្នា តាមប្រាជ្ញាដែលព្រះបានប្រទានមកលោក ដូចលោករៀបរាប់នៅក្នុងសំបុត្រទាំងប៉ុន្មានរបស់លោក អំពីរឿងទាំងនេះដែរ។ មានសេចក្ដីខ្លះនៅក្នុងសំបុត្រទាំងនោះដែលពិបាកយល់ ហើយអ្នកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួន បង្វែរសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ដែលនាំឲ្យខ្លួនគេត្រូវវិនាស។ ដូច្នេះ ពួកស្ងួនភ្ងាអើយ អ្នករាល់គ្នាដឹងសេចក្ដីនេះជាមុនហើយ ចូរប្រយ័ត្នក្រែងពួកទទឹងច្បាប់នាំអ្នករាល់គ្នាឲ្យវង្វេងចេញ ហើយបាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នា។ ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
២ ពេត្រុស 3:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដី ដែរ។ បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាដ៏វិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់ឲ្យមែនទែន!។ ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើឲ្យថ្ងៃដែលព្រះជាម្ចាស់ត្រូវយាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។ យើងទន្ទឹងរង់ចាំ ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលប្រកបដោយសេចក្ដីសុចរិត តាមព្រះបន្ទូលសន្យា។ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណាឲ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។ តោងយល់ថា ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យអត់ធ្មត់ មកពីព្រះអង្គចង់សង្គ្រោះបងប្អូន ដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង បានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានឲ្យលោកស្រាប់ហើយ។ ក្នុងគ្រប់សំបុត្រដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគម្ពីរឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្តរាយ។ រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនបានជ្រាបសព្វគ្រប់ជាមុនហើយ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នខ្លួន កុំបណ្ដោយជនពាលនាំបងប្អូនឲ្យវង្វេង ហើយមិនត្រូវបាត់បង់គោលជំហរដ៏រឹងប៉ឹងរបស់បងប្អូនឡើយ។ ផ្ទុយទៅវិញ សូមបងប្អូនបានចម្រើនឡើង ក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។
២ ពេត្រុស 3:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី នឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។ ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្តិ ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្ដីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង ហើយត្រូវរាប់សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្ដីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសំដែងពីសេចក្ដីទាំងនេះ នោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ នឹងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។ ដូច្នេះ ពួកស្ងួនភ្ងាអើយ ចូរប្រយ័ត ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្ដីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្តោយតាមសេចក្ដីវង្វេងរបស់ពួកទទឹងច្បាប់នោះ ចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚