២ ពេត្រុស 2:3-9

២ ពេត្រុស 2:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​នឹង​កេង​ចំណេញ​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​បោក​បញ្ឆោត ដោយ​សារ​ចិត្ត​លោភ​លន់​របស់​គេ។ ទោស​របស់​គេ​ដែល​មានតាំង​ពី​យូរ​មក​ហើយ មិន​នៅ​ស្ងៀម​ឡើយ ហើយ​សេចក្ដី​ហិន​វិនាស​របស់​គេ​ក៏​មិន​ដេក​លក់​ដែរ។ ដ្បិត​បើ​ព្រះ​មិន​បាន​ប្រណី​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប គឺ​ទម្លាក់​ទៅ​ក្នុង​នរក ហើយ​ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត​ដ៏​ជ្រៅ ដើម្បី​ឃុំ​ទុក​រហូត​ដល់​គ្រា​ជំនុំ‌ជម្រះ ហើយ​បើ​ព្រះ‌អង្គ​មិន​បាន​ប្រណី​ដល់​ពិភព‌លោក​ពី​បុរាណ គឺ​បាន​សង្គ្រោះ​លោក​ណូអេ ជា​អ្នក​ប្រកាស​ពី​សេចក្ដី​សុចរិត រួម​ជា​មួយ​មនុស្ស​ប្រាំ‌ពីរ​នាក់​ទៀត កាល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​របស់​មនុស្ស​ទមិឡ​ល្មើស ហើយ​បើ​ព្រះ‌អង្គ​បាន​បញ្ឆេះ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា​ឲ្យ​ទៅ​ជា​ផេះ ទាំង​ដាក់​ទោស​គេ​ឲ្យ​វិនាស​សាប​សូន្យ​ទៅ ទុក​ជា​គំរូ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ទមិឡ​ល្មើស ហើយ​បើ​ព្រះ‌អង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ឲ្យ​រួច ដែល​លោក​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​សារ​អំពើ​ឧបាយ‌មុខ​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ (ដ្បិត​មនុស្ស​សុចរិត​នោះ​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ក៏​កើត​ទុក្ខ​នៅ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​ថ្ងៃ ដោយ​សារ​លោក​បាន​ឃើញ និង​ឮ​នូវ​អំពើ​ទុច្ចរិត​របស់​គេ) ដូច្នេះ ព្រះ‌អម្ចាស់​សង្រ្គោះ​មនុស្ស​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ហើយ​ទុក​មនុស្ស​ទុច្ចរិត​ឲ្យ​ជាប់​មាន​ទោស រហូត​ដល់​ថ្ងៃ​ជំនុំ‌ជម្រះ

ចែក​រំលែក
អាន ២ ពេត្រុស 2

២ ពេត្រុស 2:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​គេ​នឹង​បោក​ប្រាស់​បងប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្តែ ព្រះអង្គ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ព្រះអង្គ​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​យោគ‌យល់​ដល់​ពួក​ទេវតា*​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ព្រះអង្គ​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរក​អវិចី​ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ រង់‌ចាំ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស។ ព្រះអង្គ​ក៏​ពុំ​បាន​យោគ‌យល់​ដល់​ពិភព​លោក​នា​បុរាណ​កាល​ដែរ គឺ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​ដ៏​ទុច្ចរិត​នោះ។ ព្រះអង្គ​ទុក​ជីវិត​មនុស្ស​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ គិត​ទាំង​លោក​ណូអេ​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត*​នោះ​ផង។ ព្រះអង្គ​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ឲ្យ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។ ព្រះអង្គ​បាន​ដោះ​លែង​តែ​លោក​ឡុត​ជា​មនុស្ស​សុចរិត* ព្រោះ​គាត់​ព្រួយ​ចិត្ត​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់‌វី​នឹង​កាម‌គុណ​ដ៏​ថោក​ទាប។ រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ យ៉ាង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ព្រះអង្គ​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក

ចែក​រំលែក
អាន ២ ពេត្រុស 2

២ ពេត្រុស 2:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ ដោយ​ពោល​ពាក្យ​បញ្ឆោត‌បំពោត តែ​តាំង​ពី​យូរ​មក​ហើយ សេចក្ដី​ជំនុំ‌ជំរះ​គេ​មិន​នៅ​ស្ងៀម​ស្ងាត់​ទេ ហើយ​សេចក្ដី​ហិន‌វិនាស​របស់​គេ​ក៏​មិន​ងុយ‌ងោក​ដែរ។ ដ្បិត​បើ​សិន​ជា​ព្រះ​មិន​បាន​ប្រណី ដល់​ពួក​ទេវតា ដែល​បាន​ធ្វើ​អំពើ​បាប គឺ​ទ្រង់​បោះ​ទំលាក់​ទៅ​ក្នុង​ជង្ហុក​ជ្រៅ​បំផុត ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត ទាំង​ឃុំ​ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​វិញ ហើយ​បើ​ទ្រង់​មិន​បាន​ប្រណី​ដល់​លោកីយ​ពី​ចាស់​បុរាណ ក្នុង​កាល​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពួក​មនុស្ស​ទមិល​ល្មើស តែ​បាន​ជួយ​សង្គ្រោះ​លោក​ណូអេ ទាំង​អស់​គ្នា​មាន​៨​នាក់ ដែល​លោក​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត ហើយ​បើ​ទ្រង់​បាន​បញ្ឆេះ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​ឲ្យ​ទៅ​ជា​ផេះ ទាំង​កាត់​ទោស ឲ្យ​ត្រូវ​ហិន‌វិនាស​សាប‌សូន្យ​ទៅ ទុក​ជា​គំរូ​ដល់​ពួក​មនុស្ស​ត​ទៅ​មុខ ដែល​គិត​រស់​នៅ​ដោយ​សេចក្ដី​ទមិល​ល្មើស តែ​បាន​ប្រោស​លោក​ឡុត ជា​អ្នក​សុចរិត​ឲ្យ​រួច​វិញ ដែល​លោក​មាន​ចិត្ត​ព្រួយ​លំបាក ដោយ​ព្រោះ​កិរិយា​ខូច​អាក្រក់​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ ដ្បិត​អ្នក​សុចរិត​នោះ ដែល​នៅ​ជា​មួយ​នឹង​គេ ក៏​កើត​ទុក្ខ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​តែ​ថ្ងៃ ដោយ​បាន​ឮ ហើយ​ឃើញ​ការ​ទទឹង​ច្បាប់ ដែល​គេ​ប្រព្រឹត្ត​ធ្វើ បើ​ដូច្នេះ ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ល្បួង ហើយ​នឹង​ឃុំ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​នឹង​ធ្វើ​ទោស​ក្នុង​ថ្ងៃ​ជំនុំ‌ជំរះ​វិញ

ចែក​រំលែក
អាន ២ ពេត្រុស 2