២ ពង្សាវតារក្សត្រ 7:1-20

២ ពង្សាវតារក្សត្រ 7:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ អេលី‌សេ​មាន​ប្រសាសន៍​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​នឹង​លក់​ថ្លៃ​តែ​មួយ​សេកែល និង​ម្សៅ​ឱក​ពីរ​រង្វាល់​ថ្លៃ​តែ​មួយ​សេកែល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី»។ ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​បាន​ផ្អែក​អង្គ​លើ​ដៃ​លោក បាន​ឆ្លើយ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន?» អេលី‌សេ​ឆ្លើយ​តប​ថា៖ «ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិ‌ភោគ​ទេ»។ រីឯ​នៅ​មាត់​ទ្វារ​ក្រុង​នោះ មាន​មនុស្ស​ឃ្លង់ បួន​នាក់ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ហេតុ​អ្វី​យើង​អង្គុយ​នៅ​ទី​នេះ​ទាល់​តែ​ស្លាប់​ធ្វើ​អី? ប្រសិន‌បើ​យើង​សម្រេច​ថា ចូល​ទៅ​ក្នុង​ទី​ក្រុង ក្នុង​ទី​ក្រុង​ក៏​មាន​អំណត់ ហើយ​យើង​នឹង​ស្លាប់​នៅ​ទី​នោះ បើ​យើង​អង្គុយ​ស្ងៀម​នៅ​ទី​នេះ​វិញ គង់​តែ​នឹង​ស្លាប់​ដូច​គ្នា ដូច្នេះ ចូរ​យើង​ចូល​ទៅ​ខាង​ពួក​ទ័ព​ស៊ីរី​វិញ បើ​គេ​ទុក​ជីវិត​ដល់​យើង នោះ​យើង​នឹង​បាន​រស់ តែ​បើ​គេ​សម្លាប់ នោះ​យើង​នឹង​គ្រាន់​តែ​ស្លាប់​ទៅ​ដូច​គ្នា»។ ដូច្នេះ គេ​ក៏​ក្រោក​ឡើង​នៅ​ពេល​ព្រលប់​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​កាល​គេ​ទៅ​ដល់​ទី​បោះ​ទ័ព​ហើយ មិន​ឃើញ​មាន​អ្នក​ណា​សោះ។ ព្រោះ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ពួក​ទ័ព​ស៊ីរី​បាន​ឮ​សូរ​សន្ធឹក​រទេះ​ចម្បាំង និង​សន្ធឹក​ពល​សេះ គឺ​ជា​សូរ​សព្ទ​នៃ​កង‌ទ័ព​យ៉ាង​ធំ​នៅ​ក្នុង​ទី​បោះ​ទ័ព​របស់​គេ គេ​និយាយ​គ្នា​ថា៖ «មើល​ស្តេច​អ៊ីស្រា‌អែល​បាន​ជួល​ពួក​ស្តេច​នៃ​សាសន៍​ហេត និង​ស្តេច​អេស៊ីព្ទ​ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ»។ ហេតុ​នោះ គេ​ក៏​ក្រោក​រត់​ទៅ​នៅ​ពេល​ព្រលប់​នោះ ចោល​ទាំង​ជំរំ និង​សេះ ហើយ​លា​របស់​គេ ទុក​ទី​បោះ​ទ័ព​ឲ្យ​នៅ ក៏​រត់​យក​ឲ្យ​រួច​ជីវិត​ប៉ុណ្ណោះ។ ពេល​ពួក​មនុស្ស​ឃ្លង់​នោះ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព ក៏​ចូល​ទៅ​ក្នុង​តង់​មួយ នាំ​គ្នា​ស៊ី​ផឹក​ទៅ រួច​គេ​យក​មាស​ប្រាក់ ក្រណាត់​អាវ ទៅ​លាក់​ទុក ក៏​ត្រឡប់​ទៅ​ចូល​ក្នុង​តង់ត៍​មួយ​ទៀត យក​របស់​ពី​នោះ​ទៅ​លាក់​ទុក​ដែរ។ ពេល​នោះ គេ​និយាយ​គ្នា​ថា៖ «យើង​ប្រព្រឹត្ត​ដូច្នេះ​មិន​ល្អ​ទេ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ដំណឹង​ល្អ តែ​យើង​នៅ​ស្ងៀម បើ​យើង​នៅ​ចាំ​រហូត​ដល់​ព្រឹក នោះ​មុខ​ជា​នឹង​មាន​ទោស​មក​ទាន់​ជា​មិន​ខាន ដូច្នេះ ចូរ​យើង​ទៅ​ប្រាប់​ដល់​ពួក​ដំណាក់​ស្តេច​ឥឡូវ​នេះ»។ គេ​ក៏​ទៅ​ហៅ​អ្នក​ឆ្មាំ​ទ្វារ​ទី​ក្រុង​ប្រាប់​ថា៖ «ពួក​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​គ្មាន​អ្នក​ណា​មួយ​សោះ ក៏​គ្មាន​ឮ​សំឡេង​មនុស្ស​ណា​ឡើយ មាន​តែ​សេះ និង​លា​ដែល​គេ​បាន​ចង​ទុក និង​ជំរំ​ដែល​គេ​ចោល​ប៉ុណ្ណោះ»។ អ្នក​ឆ្មាំ​ទ្វារ​ក៏​ហៅ​ពួក​អ្នក​យាម ឲ្យ​គេ​បន្ត​ដំណឹង​នោះ​ទៅ​ដល់​ខាង​ក្នុង​ព្រះ‌រាជ‌វាំង ឯ​ស្ដេច​តើន​ឡើង​ទាំង​យប់ មាន​រាជ‌ឱង្ការ​នឹង​ពួក​ជំនិត​ទ្រង់​ថា៖ «យើង​នឹង​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ឧបាយ​របស់​ពួក​ស៊ីរី ដែល​គេ​គិត​ធ្វើ​ដល់​យើង គឺ​គេ​ដឹង​ថា យើង​រាល់​គ្នា​អត់​ឃ្លាន បាន​ជា​គេ​ថយ​ចេញ​ពី​ទី​បោះ​ទ័ព ទៅ​ពួន​នៅ​ឯ​ទី​វាល ដោយ​នឹក​ថា កាល​ណា​យើង​ចេញ​ពី​ក្រុង​នេះ​ទៅ នោះ​គេ​នឹង​ចាប់​យើង​ទាំង​រស់ ហើយ​នឹង​ចូល​មក​ក្នុង​ទី​ក្រុង»។ ប៉ុន្តែ ពួក​ជំនិត​ម្នាក់​ទូល​ថា៖ «សូម​ឲ្យ​គេ​យក​សេះ​ប្រាំ​ដែល​នៅ​សល់ ដែល​បាន​ទុក​ក្នុង​ទី​ក្រុង សេះ​ទាំង​នោះ​ក៏​ដូច​ជា​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទី​ក្រុង​នៅ​ឡើយ គឺ​ដូច​ជា​ពួក​អ៊ីស្រា‌អែល ដែល​កំពុង​តែ​រោយ‌រៀវ​ទៅ​ហើយ​នេះ ចូរ​ចាត់​គេ​ទៅ​មើល​ចុះ»។ ដូច្នេះ គេ​ក៏​យក​រទេះ​ចម្បាំង​ពីរ​ទឹម​ដោយ​សេះ ហើយ​ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​តាម​ពល‌ទ័ព​ស៊ីរី ដោយ​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​មើល​ចុះ»។ អ្នក​ទាំង​នោះ​ក៏​ទៅ​តាម​រហូត​ដល់​ទន្លេ​យ័រដាន់ ឃើញ​មាន​សុទ្ធ​តែ​អាវ និង​ភាជនៈ​ផ្សេងៗ ដែល​ពួក​ស៊ីរី​បាន​បោះ​ចោល​រាយ​រហូត​តាម​ផ្លូវ​ទៅ ដោយ​ខំ​រត់​ជា​ប្រញាប់ រួច​ពួក​អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​ទូល​ទ្រង់​វិញ។ ឯ​ពួក​ប្រជាជន​ទាំង‌ឡាយ ក៏​ចេញ​ទៅប្រមូល​យក​របស់​របរ​នៅ​ទី​បោះ​ទ័ព​ពួក​ស៊ីរី ដូច្នេះ ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​ក៏​បាន​លក់​ថ្លៃ​មួយ​រៀល និង​ម្សៅ​ឱក​ពីរ​រង្វាល់​ក៏​បាន​លក់​ថ្លៃ​មួយ​រៀល​ដែរ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ហើយ​ស្ដេច​តម្រូវ​មេ‌ទ័ព​ម្នាក់ ដែល​ទ្រង់​បាន​ព្រយុង​លើ​ដៃ​លោក ឲ្យ​ចេញ​ទៅ​ត្រួត‌ត្រា​មើល​ការ​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង តែ​បណ្ដា‌ជន គេ​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ ដូច​ជា​អ្នក​សំណព្វ​របស់​ព្រះ​បាន​ថ្លែងទំនាយ​ទុក ក្នុង​កាល​ដែល​ស្តេច​យាង​ចុះ​ទៅ​ឯ​លោក​នោះ ហើយ​ក៏​កើត​មាន ដូច​ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​ទូល​ដល់​ស្តេច​ថា "លុះ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ នោះ​ម្សៅ​ឱក​ពីរ​រង្វាល់​នឹង​លក់​ថ្លៃ​មួយ​រៀល ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​នឹង​លក់​ថ្លៃ​មួយ​រៀល​ដែរ នៅ​ត្រង់​ទ្វារ​ក្រុង​សាម៉ារី"។ ឯ​មេ‌ទ័ព​ដែល​បាន​ឆ្លើយ​តប​នឹង​អ្នក​សំណព្វ​របស់​ព្រះ​ថា "បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន ហើយ​អេលី‌សេ​បាន​ឆ្លើយ​ថា មើល៍ ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិ‌ភោគ​ទេ"។ នោះ​ក៏​កើត​ដល់​មេ‌ទ័ព​នោះ​ដូច្នោះ​មែន ដ្បិត​បណ្ដា‌ជន​ទាំង‌ឡាយ គេ​បាន​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ។

២ ពង្សាវតារក្សត្រ 7:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សា‌ម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។ អង្គ‌រក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ទោះ​បី​ព្រះ‌អម្ចាស់​បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។ នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្ដី​ស្លាប់​នៅ​ទី​នេះ? ប្រសិន​បើ​យើង​សម្រេច​គ្នា​ថា​ចូល​ទៅ​ក្នុង​ក្រុង យើង​មុខ​ជា​អត់​បាយ​ស្លាប់ ព្រោះ​នៅ​ក្នុង​ក្រុង គ្មាន​អ្វី​បរិភោគ​ឡើយ។ ប្រសិន​បើ​យើង​នៅ​ទី​នេះ យើង​ក៏​ស្លាប់​ដែរ។ ដូច្នេះ យើង​គួរ​នាំ​គ្នា​រត់​ទៅ​ចុះ​ចូល​នឹង​កង‌ទ័ព​ស៊ីរី​ទៅ ក្រែង‌លោ​គេ​ទុក​ជីវិត​ឲ្យ​យើង ហើយ​យើង​នឹង​បាន​រស់​រាន​មាន​ជីវិត! ប្រសិន​បើ​ពួក​គេ​សម្លាប់ យើង​ក៏​ស្លាប់​ដូច​តែ​គ្នា!»។ នៅ​ពេល​ថ្ងៃ​លិច ពួក​គេ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ឆ្ពោះ​ទៅ​ទី​តាំង​ទ័ព​ស៊ីរី។ កាល​មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​ទៅ​ជិត​ដល់​ទី​តាំង​ទ័ព ពួក​គេ​ពុំ​ប្រទះ​ឃើញ​មាន​នរណា​ម្នាក់​សោះ។ ពី​មុន​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កង‌ពល​ស៊ីរី​នៅ​ក្នុង​ទី​តាំង​ទ័ព ឮ​ស្នូរ​សន្ធឹក​រទេះ​ចម្បាំង និង​ទ័ព​សេះ ព្រម​ទាំង​កង‌ទ័ព​មួយ​យ៉ាង​ធំ។ ពួក​គេ​និយាយ​គ្នា​ថា៖ «ពិត​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទៅ​ពឹង​ទ័ព​របស់​ស្ដេច​ជន‌ជាតិ​ហេត និង​ទ័ព​របស់​ស្ដេច​ស្រុក​អេស៊ីប ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ!»។ នៅ​ពេល​ថ្ងៃ​លិច កង‌ទ័ព​ស៊ីរី​នាំ​គ្នា​ក្រោក​ឡើង រត់​ប្រាស​អាយុ ដោយ​បោះ​បង់​ចោល​តង់ត៍ ព្រម​ទាំង​សេះ និង​លា​ផង។ ពួក​គេ​ទុក​អ្វីៗ​ទាំង​អស់​ចោល​នៅ​ក្នុង​ជំរំ ហើយ​រត់​យក​តែ​រួច​ខ្លួន​ប៉ុណ្ណោះ។ ក្រោយ​ពី​ដើរ​មើល​ជុំ‌វិញ​កន្លែង​បោះ​ទ័ព​រួច​ហើយ មនុស្ស​ឃ្លង់​ទាំង​នោះ​ក៏​ចូល​ទៅ​ក្នុង​តង់ត៍​មួយ នាំ​គ្នា​ស៊ី​ផឹក រួច​ជញ្ជូន​យក​មាស​ប្រាក់ និង​សម្លៀក‌បំពាក់​ទៅ​លាក់​ទុក។ លុះ​ត្រឡប់​មក​វិញ ពួក​គេ​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​ទៀត ប្រមូល​របស់​របរ ដែល​មាន​នៅ​ទី​នោះ​យក​ទៅ​លាក់​ទៀត។ មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​និយាយ​គ្នា​ថា៖ «ពួក​យើង​ធ្វើ​ដូច្នេះ​មិន​សម​ទេ ដ្បិត​ថ្ងៃ​នេះ ពួក​យើង​ដឹង​ដំណឹង‌ល្អ ប្រសិន​បើ​យើង​នៅ​ស្ងៀម​រង់‌ចាំ​រហូត​ដល់​ភ្លឺ ព្រះ‌ជាម្ចាស់​ពិត​ជា​ដាក់​ទោស​យើង​មិន​ខាន។ ដូច្នេះ ចូរ​យើង​នាំ​ដំណឹង‌ល្អ​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង»។ មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ​បង់​ចោល​ប៉ុណ្ណោះ»។ អ្នក​យាម​ទ្វារ​ស្រែក​ប្រាប់​អ្នក​នៅ​ខាង​ក្នុង ឲ្យ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង។ ស្ដេច​តើន​ឡើង​ទាំង​យប់ រួច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «សូម​អស់​លោក​ជ្រាប​ថា នេះ​ជា​ឧបាយ‌កល​របស់​ពួក​ស៊ីរី​ប្រឆាំង​នឹង​យើង។ ពួក​គេ​ដឹង​ថា យើង​ទាំង​អស់​គ្នា​កំពុង​តែ​អត់​ឃ្លាន ដូច្នេះ ពួក​គេ​ចេញ​ពី​ទី​តាំង​ទ័ព​ទៅ​លាក់​ខ្លួន​នៅ​ឯ​វាល ដោយ​នឹក​គិត​ថា កាល​ណា​ពួក​យើង​ចេញ​ពី​ទីក្រុង នោះ​ពួក​គេ​នឹង​ចាប់​ពួក​យើង​ទាំង​រស់ រួច​ចូល​មក​ក្នុង​ក្រុង»។ មាន​មន្ត្រី​ម្នាក់​ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​យក​សេះ​ប្រាំ​ក្បាល ដែល​នៅ​សល់​ក្នុង​ទីក្រុង​មក ហើយ​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​ជា​មួយ​សេះ​ទាំង​នោះ ដើម្បី​ពិនិត្យ​មើល​ហេតុ‌ការណ៍។ ទោះ​បី​យ៉ាង​ណា​ក្ដី ក៏​សេះ​ទាំង​នេះ​មុខ​ជា​ងាប់ ដូច​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ក្រុង​ដែរ»។ គេ​យក​រទេះ​ចម្បាំង​ពីរ​គ្រឿង​ទឹម​ដោយ​សេះ មក​ថ្វាយ​ស្ដេច ហើយ​ស្ដេច​ក៏​ចាត់​មនុស្ស​ចេញ​ទៅ​តាម​កង‌ទ័ព​ស៊ីរី ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ហេតុ‌ការណ៍​នោះ​ចុះ!»។ ពួក​គេ​ចេញ​ទៅ​តាម​កង‌ទ័ព​ស៊ីរី​រហូត​ដល់​ទន្លេ​យ័រដាន់ ហើយ​នៅ​តាម​ផ្លូវ​ឃើញ​មាន​សុទ្ធ​តែ​ខោ‌អាវ និង​របស់​របរ​ដែល​កង‌ទ័ព​ស៊ីរី​ដោះ​បោះ​ចោល​រប៉ាត់‌រប៉ាយ ព្រោះ​ប្រញាប់​រត់​យក​រួច​ជីវិត។ អ្នក​ដែល​ស្ដេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​វិញ​រាយ‌ការណ៍​ថ្វាយ​ស្ដេច។ ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​ចេញ​ពី​ទីក្រុង ទៅ​ដណ្ដើម​យក​របស់​របរ​នៅ​ក្នុង​ទី​តាំង​ទ័ព​ស៊ីរី។ ដូច្នេះ អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ស្ដេច​បញ្ជា​អង្គ‌រក្ស​ឲ្យ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ខុស​ត្រូវ នៅ​មាត់​ទ្វារ​ក្រុង ប៉ុន្តែ មហា‌ជន​បាន​ជាន់​គាត់​ស្លាប់​នៅ​ទី​នោះ ស្រប​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថ្លែង នៅ​ពេល​ស្ដេច​ទៅ​ជួប​លោក។ ហេតុ‌ការណ៍​នេះ​កើត​មាន ដូច​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ទូល​ស្ដេច​ថា “ស្អែក ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សាម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ”។ ពេល​នោះ អង្គ‌រក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិញ​ថា “ទោះ​បី​ព្រះ‌អម្ចាស់​បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុ‌ការណ៍​បែប​នេះ​មិន​កើត​មាន​ដែរ!”។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា “ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ”។ ហេតុ‌ការណ៍​នេះ​ក៏​កើត​មាន​ចំពោះ​គាត់​មែន គឺ​មហា‌ជន​បាន​ជាន់​គាត់​ស្លាប់​នៅ​មាត់​ទ្វារ​ក្រុង។

២ ពង្សាវតារក្សត្រ 7:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​អេលី‌សេ លោក​មាន​ប្រសាសន៍​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​នឹង​លក់​ថ្លៃ​តែ​១​រៀល នឹង​ម្សៅ​ឱក​២​រង្វាល់​ថ្លៃ​តែ​១​រៀល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​ទ្រង់​ព្រយុង​អង្គ​លើ​ដៃ​លោក ក៏​ឆ្លើយ​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន អេលី‌សេ​ឆ្លើយ​តប​ថា ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិភោគ​ទេ។ រីឯ​នៅ​មាត់​ទ្វារ​ទី​ក្រុង នោះ​មាន​មនុស្ស​ឃ្លង់​៤​នាក់ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា យើង​អង្គុយ​នៅ​ទី​នេះ​ទាល់​តែ​ស្លាប់​ធ្វើ​អី បើ‌សិន​ជា​យើង​សំរេច​ថា នឹង​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​ទី​ក្រុង​ក៏​មាន​អំណត់ ហើយ​យើង​នឹង​ស្លាប់​នៅ​ទី​នោះ បើ​យើង​អង្គុយ​ស្ងៀម​នៅ​ទី​នេះ​វិញ នោះ​គង់​តែ​នឹង​ស្លាប់​ដូច​គ្នា ដូច្នេះ ចូរ​យើង​ចូល​ទៅ​ខាង​ឯ​ពួក​ទ័ព​ស៊ីរី​វិញ បើ​គេ​ទុក​ជីវិត​ដល់​យើង នោះ​យើង​នឹង​បាន​រស់​នៅ តែ​បើ​គេ​សំឡាប់ នោះ​យើង​នឹង​គ្រាន់​តែ​ស្លាប់​ទៅ​ដូច​គ្នា ដូច្នេះ គេ​ក៏​ក្រោក​ឡើង​នៅ​ពេល​ព្រលប់​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​កាល​គេ​ទៅ​ដល់​ជើង​ទី​បោះ​ទ័ព​ហើយ នោះ​មិន​ឃើញ​មាន​អ្នក​ណា​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ទ័ព​ស៊ីរី​បាន​ឮ​សូរ​សន្ធឹក​រទេះ​ចំបាំង នឹង​សន្ធឹក​ពល​សេះ គឺ​ជា​សូរ​សព្ទ​នៃ​កង‌ទ័ព​យ៉ាង​ធំ​នៅ​ក្នុង​ទី​បោះ​ទ័ព​របស់​គេ ក៏​និយាយ​គ្នា​ថា មើល​ស្តេច​អ៊ីស្រាអែល​បាន​ជួល​ពួក​ស្តេច​នៃ​សាសន៍​ហេត នឹង​ស្តេច​អេស៊ីព្ទ​ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ ហេតុ​នោះ គេ​ក៏​ក្រោក​ឡើង រត់​ទៅ​នៅ​ពេល​ព្រលប់​នោះ លះ​ចោល​ទាំង​ត្រសាល នឹង​សេះ ហើយ​លា​របស់​គេ ទុក​ទី​បោះ​ទ័ព​ឲ្យ​នៅ​ដូច​ដែល ក៏​រត់​យក​តែ​ជីវិត​ឲ្យ​រួច​ទៅ​ប៉ុណ្ណោះ ដូច្នេះ កាល​ពួក​គំលង់​នោះ​បាន​ទៅ​ដល់​ជើង​ទី​បោះ​ទ័ព នោះ​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​មួយ នាំ​គ្នា​ស៊ី​ផឹក​ទៅ រួច​គេ​យក​មាស​ប្រាក់ សំពត់​អាវ ទៅ​លាក់​ទុក ក៏​ត្រឡប់​ទៅ​ចូល​ក្នុង​ត្រសាល​១​ទៀត យក​របស់​ពី​នោះ​ទៅ​លាក់​ទុក​ដែរ។ នោះ​គេ​និយាយ​គ្នា​ថា យើង​ប្រព្រឹត្ត​ដូច្នេះ​មិន​ល្អ​ទេ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ដំណឹង​ល្អ តែ​យើង​នៅ​តែស្ងៀម​វិញ បើ​យើង​នៅ​ចាំ​រហូត​ដល់​ព្រឹក​ឡើង នោះ​មុខ​ជា​នឹង​មាន​ទោស​មក​ទាន់​ជា​មិន​ខាន ដូច្នេះ ចូរ​យើង​ទៅ​ប្រាប់​ដល់​ពួក​ដំណាក់​ស្តេច​ឥឡូវ​ចុះ គេ​ក៏​ទៅ​ហៅ​អ្នក​ឆ្មាំ​ទ្វារ​ទី​ក្រុង​ប្រាប់​ថា ពួក​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​មើល គ្មាន​អ្នក​ណា​មួយ​សោះ ក៏​គ្មាន​ឮ​សំឡេង​មនុស្ស​ណា​ឡើយ មាន​តែ​សេះនឹង​លា​ដែល​គេ​បាន​ចង​ទុក ហើយ​ទាំង​ត្រសាល​គេ​ក៏​នៅ​ដូច​ដែល អ្នក​ឆ្មាំ​ទ្វារ​ក៏​ហៅ​ពួក​អ្នក​យាម ឲ្យ​គេ​បន្ត​ដំណឹង​នោះ​ដល់​ទៅ​ខាង​ក្នុង​ព្រះ‌រាជ‌វាំង ឯ​ស្តេច​ទ្រង់​តើន​ឡើង​ទាំង​យប់ មាន​បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា យើង​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ឧបាយ​របស់​ពួក​ស៊ីរី ដែល​គេ​គិត​ធ្វើ​ដល់​យើង គឺ​គេ​ដឹង​ថា យើង​រាល់​គ្នា​អត់‌ឃ្លាន បាន​ជា​គេ​ថយ​ចេញ​ពី​ទី​បោះ​ទ័ព ទៅ​ពួន​នៅ​ឯ​ទី​វាល ដោយ​នឹក​ថា កាល​ណា​យើង​ចេញ​ពីទី​ក្រុង​ទៅ នោះ​គេ​នឹង​ចាប់​យើង​ទាំង​រស់ ហើយ​នឹង​ចូល​មក​ក្នុង​ទី​ក្រុង​បាន តែ​ពួក​ជំនិត​ម្នាក់​ទូល​ថា សូម​ឲ្យ​គេ​យក​សេះ​៥​ដែល​នៅ​សល់ ដែល​បាន​ទុក​ក្នុង​ទី​ក្រុង (មើល សេះ​ទាំង​នោះ​ក៏​ដូច​ជា​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទី​ក្រុង​នៅ​ឡើយ គឺ​ដូច​ជា​ពួក​អ៊ីស្រាអែល ដែល​កំពុង​តែ​រោយ‌រៀវ​ទៅ​ហើយ​នេះ) សូម​ចាត់​គេ​ទៅ​មើល​ចុះ ដូច្នេះ គេ​ក៏​យក​រទេះ​ចំបាំង​២​ទឹម​ដោយ​សេះ ហើយ​ស្តេច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​តាម​ពល‌ទ័ព​ស៊ីរី ដោយ​បន្ទូល​ថា ចូរ​ទៅ​មើល​ចុះ អ្នក​ទាំង​នោះ​ក៏​ទៅ​តាម​រហូត​ដល់​ទន្លេ​យ័រដាន់ ឃើញ​មាន​សុទ្ធ​តែ​អាវនឹង​ភាជនៈ​ផ្សេងៗ ដែល​ពួក​ស៊ីរី​បាន​បោះ​ចោល​រាយ​រហូត​តាម​ផ្លូវ​ទៅ ដោយ​ខំ​រត់​ជា​ប្រញាប់ រួច​ពួក​អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​ទូល​ទ្រង់​វិញ។ ឯ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ក៏​ចេញ​ទៅ​ចាប់​យក​របឹប​នៅ​ទី​បោះ​ទ័ព​នៃ​ពួក​ស៊ីរី ដូច្នេះ ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​ក៏​បាន​លក់​ថ្លៃ​១​រៀល នឹង​ម្សៅ​ឱក​២​រង្វាល់​ក៏​បាន​លក់​ថ្លៃ​១​រៀល​ដែរ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ស្តេច​ទ្រង់​ដំរូវ​មេ‌ទ័ព​ម្នាក់ ដែល​ទ្រង់​បាន​ព្រយុង​លើ​ដៃ​លោក ឲ្យ​ចេញ​ទៅ​ត្រួត‌ត្រា​មើល​ការ​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង តែ​បណ្តាជន គេ​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ ដូច​ជា​អ្នក​សំណប់​របស់​ព្រះ​បាន​ទាយ​ទុក ក្នុង​កាល​ដែល​ស្តេច​យាង​ចុះ​ទៅ​ឯ​លោក​នោះ ហើយ​ក៏​កើត​មាន ដូច​ជា​អ្នក​សំណប់​របស់​ព្រះ បាន​ទូល​ដល់​ស្តេច​ថា លុះ​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​នេះ នោះ​ម្សៅ​ឱក​២​រង្វាល់​នឹង​លក់​ថ្លៃ​១​រៀល ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​នឹង​លក់​ថ្លៃ​១​រៀល​ដែរ នៅ​ត្រង់​ទ្វារ​ក្រុង​សាម៉ារី ឯ​មេ‌ទ័ព​ដែល​បាន​ឆ្លើយ​តប​នឹង​អ្នក​សំណប់​របស់​ព្រះ​ថា បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន ហើយ​អេលី‌សេ​បាន​ឆ្លើយ​ថា មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិភោគ​ទេ នោះ​ក៏​កើត​ដល់​មេ‌ទ័ព​នោះ​ដូច្នោះ​មែន ដ្បិត​បណ្តាជន​ទាំង‌ឡាយ គេ​បាន​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ។