២ ពង្សាវតារក្សត្រ 6:15-19

២ ពង្សាវតារក្សត្រ 6:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ព្រឹក​ឡើង អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​បាន​ភ្ញាក់​ពី​ព្រលឹម ចេញ​មក​ក្រៅ ឃើញ​មាន​ពល​ទាហាន មាន​ទ័ព​សេះ និង​រទេះ​ចម្បាំង​ឡោម‌ព័ទ្ធ​ទីក្រុង។ អ្នក​បម្រើ​នោះ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «លោក​ម្ចាស់​អើយ! តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។ លោក​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​អ្នក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​គេ​ទៅ​ទៀត»។ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​បើក​ភ្នែក​គេ​ឲ្យ​មើល​ឃើញ​ផង!»។ ព្រះ‌អម្ចាស់​បើក​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ឃើញ នៅ​លើ​ភ្នំ មាន​សុទ្ធ​តែ​ទ័ព​សេះ និង​រទេះ​ចម្បាំង​ជា​ភ្លើង ជុំ‌វិញ​លោក​អេលីសេ។ ពល​ទាហាន​ស៊ីរី​ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះអង្គ​មេត្តា​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។ លោក​អេលីសេ​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ច្រឡំ​ផ្លូវ​ហើយ មិន​មែន​ក្រុង​នេះ​ទេ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទៅ​នោះ។ សូម​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​មនុស្ស​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្វែង​រក»។ លោក​នាំ​ពួក​គេ​ចូល​ក្រុង​សាម៉ារី។

២ ពង្សាវតារក្សត្រ 6:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​អ្នក​បម្រើ​នៃ​អ្នក​សំណព្វ​របស់​ព្រះ​បាន​ក្រោក​ពី​ព្រលឹម ចេញ​ទៅ​ក្រៅ ឃើញ​មាន​ពល‌ទ័ព​ដែល​មាន​ទាំង​សេះ និង​រទេះ​ចម្បាំង​នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង រួច​អ្នក​បម្រើ​ជម្រាប​លោក​ថា៖ «វរ​ហើយ ចៅ‌ហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច?» លោក​ឆ្លើយ​តប​ថា៖ «កុំ​ខ្លាច​អី ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត»។ ពេល​នោះ អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​គេ​បាន​មើល​ឃើញ» ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំ‌វិញ​អេលី‌សេ។ កាល​ពួក​ស៊ីរី បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ស្រវាំង​ទៅ» ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ​ស្រវាំង​តាម​ពាក្យ​អេលី‌សេ ហើយ​អេលី‌សេ​ប្រាប់​គេ​ថា៖ «មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស​ដែល​ត្រូវ​រក​នោះ» តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។

២ ពង្សាវតារក្សត្រ 6:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ កាល​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ក្រៅ នោះ​ឃើញ​មាន​ពល‌ទ័ព​ដែល​មាន​ទាំង​សេះ នឹង​រទេះ​ចំបាំង នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង រួច​អ្នក​បំរើ​ជំរាប​លោក​ថា វរ‌ហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច លោក​ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត នោះ​អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ នឹង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលី‌សេ កាល​បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ត្រូវ​ថ្ពឹន​ទៅ ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ ត្រូវ​ថ្ពឹន​តាម​ពាក្យ​អេលី‌សេ ហើយ​អេលី‌សេ​ប្រាប់​គេ​ថា មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស ដែល​ត្រូវ​រក​នោះ តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។