២ កូរិនថូស 9:9-15

២ កូរិនថូស 9:9-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច​សេចក្តី​ដែល​ចែង​ទុក​មក​ថា៖ «ព្រះ‌អង្គ​ចែក​សុស‌សាយ ព្រះ‌អង្គ​ប្រទាន​ដល់​អ្នក‌ក្រ សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​នៅ​ស្ថិត​ស្ថេរ រហូត​តរៀង​ទៅ» ។ ព្រះ‌អង្គ​ដែល​ផ្គត់‌ផ្គង់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​អាហារ​សម្រាប់​បរិ‌ភោគ​ផង​នោះ ទ្រង់​នឹង​ផ្គត់‌ផ្គង់ ហើយ​ធ្វើ​ឲ្យ​ពូជ​របស់​អ្នក​រាល់​គ្នា​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង ព្រម​ទាំង​ចម្រើន​ផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ​សារ​យើង​រាល់​គ្នា ដ្បិត​ការ​ប្រមូល​ជំនួយ​នេះ មិន​ត្រឹម​តែ​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​ការ​របស់​ពួក​បរិសុទ្ធ​ប៉ុណ្ណោះ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ការ​អរ​ព្រះគុណ​ដល់​ព្រះ កាន់​តែ​ចម្រើន​ហូរ​ហៀរ​ឡើង​ទៀត​ផង។ តាម​រយៈ​ភស្តុតាង​នៃ​ការ​ជួយ​ឧបត្ថម្ភ​នេះ អ្នក​រាល់​គ្នា​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សម្ដែង​ឲ្យ​គេ​ឃើញ​ច្បាស់​ថា អ្នក​រាល់​គ្នា​ពិត​ជា​ចុះ​ចូល​តាម​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​មែន ហើយ​ដោយ​ព្រោះ​ចិត្ត​សទ្ធា​ដែល​អ្នក​រាល់​គ្នា​បាន​ចែកចាយ​ដល់​គេ និង​ដល់​មនុស្ស​ដទៃ​ទៀត​ទាំង​អស់ នោះ​គេ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ស្រឡាញ់​ជា​ខ្លាំង ព្រោះ​តែ​ព្រះ‌គុណ​ដ៏​លើស​លុប​របស់​ព្រះ ដែល​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ​ព្រោះ​អំណោយ‌ទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះ‌អង្គ!។

ចែក​រំលែក
អាន ២ កូរិនថូស 9

២ កូរិនថូស 9:9-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះអង្គ​ចែក ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​ក្រ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ រហូត​ត​រៀង​ទៅ» ។ ព្រះអង្គ​ដែល​ «ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឲ្យ​គេ​ផង​នោះ» ព្រះអង្គ​ក៏​ផ្គត់‌ផ្គង់​គ្រាប់​ពូជ​ឲ្យ​បងប្អូន និង​ឲ្យ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​បងប្អូន​បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​គ្រប់​ជំពូក និង​ឲ្យ​អ្នក​ឯ​ទៀតៗ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​យើង​ជួយ​គេ ដ្បិត​មុខងារ​ប្រមូល​ប្រាក់​នេះ​មិន​ត្រឹម​តែ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​ឲ្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។ ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បងប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​បងប្អូន​សម្តែង​ឲ្យ​គេ​ឃើញ​ថា បងប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ត​ដែល​បងប្អូន​ប្រកាស ហើយ​បងប្អូន​មាន​ចិត្ត​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។ គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​តែ​ព្រះ‌គុណ​ដ៏​ច្រើន​លើស​លុប​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​បងប្អូន។ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ចំពោះ​ព្រះ‌អំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ រក​ថ្លែង​ពុំ​បាន។

ចែក​រំលែក
អាន ២ កូរិនថូស 9

២ កូរិនថូស 9:9-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ទ្រង់​បាន​ចែក​សុស‌សាយ ទ្រង់​បាន​ប្រទាន​ទៅ​ពួក​ទ័ល‌ក្រ សេចក្ដី​សុចរិត​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច» រីឯ​ព្រះ​ដែល​ទ្រង់​ផ្គត់‌ផ្គង់​ពូជ សំរាប់​អ្នក​ដែល​ព្រោះ នឹង​អាហារ សំរាប់​បរិភោគ​ផង នោះ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ហើយ​ចំរើន​ពូជ​ដែល​អ្នក​រាល់​គ្នា​ព្រោះ​នោះ​ដែរ ព្រម​ទាំង​ចំរើន​ផល​ពី​ការ​សុចរិត​របស់​អ្នក​រាល់​គ្នា​ផង ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សំរាប់​ជា​ការ​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា ពី​ព្រោះ​ការ​ជំនួយ​ជួយ​ពួក​បរិសុទ្ធ​នេះ មិន​មែន​គ្រាន់​តែ​បំពេញ​សេចក្ដី​ដែល​គេ​ត្រូវ​ការ​ប៉ុណ្ណោះ គឺ​បាន​ចំរើន​ឡើង​ជា​ហូរ‌ហៀរ​ដល់​ព្រះ​ដែរ ដោយ‌សារ​ពាក្យ​គេ​អរ​ព្រះ‌គុណ​ជា​ច្រើន ហើយ​ដោយ​គេ​ឃើញ​ភស្តុ‌តាង​ពី​ការ​ជំនួយ​នេះ នោះ​គេ​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សំដែង​ច្បាស់​ថា ខ្លួន​ជា​អ្នក​ចុះ​ចូល​តាម​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ពិត ហើយ​ដោយ​ព្រោះ​ការ​សទ្ធា ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​គេ នឹង​មនុស្ស​ទាំង​អស់​ផង គេ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ស្រឡាញ់​ជា​ខ្លាំង ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ​ដ៏​លើស‌លប់ ដែល​សណ្ឋិត​លើ​អ្នក​រាល់​គ្នា អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​អំណោយ​ទាន​ទ្រង់​ដ៏​រក​ថ្លែង​ពុំ​បាន។

ចែក​រំលែក
អាន ២ កូរិនថូស 9