២ កូរិនថូស 5:14-21

២ កូរិនថូស 5:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បង្ខំ​យើង ព្រោះ​យើង​ជឿ​ច្បាស់​ថា បើ​មនុស្សម្នាក់​បាន​ស្លាប់​ជំនួសមនុស្ស​ទាំង​អស់ នោះ​ឈ្មោះ​ថា មនុស្ស​ទាំង​អស់​បាន​ស្លាប់​ហើយ។ ព្រះ‌អង្គ​បាន​សុគត​ជំនួសមនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ លែង​រស់​សម្រាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។ ដូច្នេះ ពី​ពេល​នេះ​តទៅ យើង​ឈប់​ស្គាល់​អ្នក​ណា​ម្នាក់​តាម​បែប​សាច់​ឈាម​ទៀត​ហើយ ទោះ​ជា​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រីស្ទ​តាម​បែប​សាច់​ឈាមក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះ‌អង្គ​តាម​បែប​នោះ​ទៀត​ទេ។ ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ! គ្រប់​ទាំង​អស់​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ​វិញ តាម​រយៈ​ព្រះ‌គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ​មក​យើង គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​កំពុង​ផ្សះ‌ផ្សា​មនុស្ស​លោក​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ទៀត ហើយ​ព្រះ‌អង្គ​បាន​ប្រគល់​ព្រះ‌បន្ទូល​នៃ​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង គឺ​យើង​អង្វរ​អ្នក​រាល់​គ្នា​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ជា​នា​នឹង​ព្រះ​វិញ​ទៅ។ ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។

ចែក​រំលែក
អាន ២ កូរិនថូស 5

២ កូរិនថូស 5:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។ ព្រះអង្គ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិត​លែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។ ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រិស្ត​កាល​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​របៀប​មុន​ទៀត​ឡើយ។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។ ការ​ទាំង​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រិស្ត ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខងារ​សម្រុះ‌សម្រួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ដែរ។ នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ព្រះអង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះអង្គ​ក៏​ដាក់​ព្រះ‌បន្ទូល​នៃ​ការ​សម្រុះ‌សម្រួល​នេះ​មក​ក្នុង​យើង​ដែរ។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រិស្ត គឺ​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដាស់​តឿន​បងប្អូន​តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌គ្រិស្ត​ថា ទុក​ឲ្យ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ទៅ។ ព្រះ‌គ្រិស្ត​គ្មាន​បាប​ទាល់​តែ​សោះ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​សុចរិត*​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ដែរ។

ចែក​រំលែក
អាន ២ កូរិនថូស 5

២ កូរិនថូស 5:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ ដោយ​យើង​ខ្ញុំ​ពិចារណា​ឃើញ​ថា បើ​ម្នាក់​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ‌អង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ បាន​ជា​ពី​នេះ​ទៅ​មុខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះ‌គ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ គ្រប់​ទាំង​អស់​ក៏​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​នឹង​ព្រះ‌អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ គឺ​ពី​ដំណើរ​ដែល​ព្រះ‌ទ្រង់​គង់​ក្នុង​ព្រះ‌គ្រីស្ទ កំពុង​ផ្សះ‌ផ្សា​លោកីយ​នឹង​ព្រះ‌អង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះ‌បន្ទូល ពី​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង​ខ្ញុំ។ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ‌ទ្រង់​អង្វរ​ដោយ‌សារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ ដ្បិត​ឯ​ព្រះ‌អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ‌អង្គ​នោះ​ឯង។

ចែក​រំលែក
អាន ២ កូរិនថូស 5