២ កូរិនថូស 5:10-16
២ កូរិនថូស 5:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។ ដូច្នេះ ដោយស្គាល់ការកោតខ្លាចព្រះអម្ចាស់ នោះយើងខំប្រឹងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ តែខ្លួនយើងបានបង្ហាញឲ្យឃើញច្បាស់នៅចំពោះព្រះ ហើយខ្ញុំសង្ឃឹមថា យើងក៏បានបង្ហាញឲ្យឃើញច្បាស់ដល់មនសិការរបស់អ្នករាល់គ្នាដែរ។ យើងមិនសរសើរខ្លួនឯងនៅចំពោះអ្នករាល់គ្នាទៀតទេ គឺយើងទុកឱកាសឲ្យអ្នករាល់គ្នាអួតពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចតបឆ្លើយនឹងអស់អ្នកដែលអួតពីសម្បកក្រៅ មិនមែនពីក្នុងចិត្ត។ ដ្បិតប្រសិនបើយើងវង្វេងស្មារតី នោះយើងវង្វេងសម្រាប់ព្រះ ហើយប្រសិនបើយើងមានគំនិតត្រឹមត្រូវ នោះគឺសម្រាប់អ្នករាល់គ្នា។ ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង ព្រោះយើងជឿច្បាស់ថា បើមនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ នោះឈ្មោះថា មនុស្សទាំងអស់បានស្លាប់ហើយ។ ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលរស់នៅ លែងរស់សម្រាប់តែខ្លួនឯងទៀត គឺរស់សម្រាប់ព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។ ដូច្នេះ ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។
២ កូរិនថូស 5:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ត ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។ ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្តយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្តយើងដែរ)។ យើងមិនតែងតាំងខ្លួនឯងនៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសឲ្យបងប្អូនបានខ្ពស់មុខ ព្រោះតែយើងវិញ ដើម្បីឲ្យបងប្អូនអាចឆ្លើយតបនឹងអស់អ្នកដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅ ហើយមិនគិតពីអ្វីៗក្នុងចិត្តទេ។ ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតី នោះយើងវង្វេងស្មារតី ព្រោះតែព្រះជាម្ចាស់ ហើយប្រសិនបើគេថា យើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវ ព្រោះតែបងប្អូន ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្តបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះអង្គបានសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។ ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្តកាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមរបៀបមុនទៀតឡើយ។
២ កូរិនថូស 5:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី ដូច្នេះ ដែលស្គាល់សេចក្ដីស្ញែងខ្លាចរបស់ព្រះអម្ចាស់ នោះយើងខ្ញុំក៏ខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ តែយើងខ្ញុំជាអ្នកប្រាកដច្បាស់ដល់ព្រះហើយ ខ្ញុំក៏សង្ឃឹមថា ដល់បញ្ញាចិត្តរបស់អ្នករាល់គ្នាដែរ ដ្បិតយើងខ្ញុំមិនមែនផ្ទុកផ្តាក់ខ្លួននឹងអ្នករាល់គ្នាម្តងទៀតទេ គឺយើងខ្ញុំឲ្យអ្នករាល់គ្នាមានឱកាសនឹងអួតពីយើងខ្ញុំវិញ ដើម្បីឲ្យអ្នករាល់គ្នាមានពាក្យតបឆ្លើយ ដល់អស់អ្នកដែលអួតតែពីចរិតខាងក្រៅ មិនមែនពីសណ្ឋានក្នុងចិត្តនោះទេ ដ្បិតទោះបើយើងខ្ញុំវង្វេងស្មារតីក្តី នោះគឺវង្វេងសំរាប់ព្រះអង្គ ឬបើមានគំនិតនឹងធឹងក្តី ក៏សំរាប់អ្នករាល់គ្នាវិញ ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ បានជាពីនេះទៅមុខ យើងខ្ញុំមិនស្គាល់អ្នកណាខាងឯសាច់ឈាមទៀតទេ តែបើយើងខ្ញុំបានស្គាល់ព្រះគ្រីស្ទខាងសាច់ឈាមហើយ គង់តែឥឡូវនេះមិនស្គាល់ទ្រង់យ៉ាងនោះទៀតឡើយ