២ កូរិនថូស 12:9-11
២ កូរិនថូស 12:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះគ្រិស្តមកសណ្ឋិតលើខ្ញុំ។ ហេតុនេះ ព្រោះតែព្រះគ្រិស្ត ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។ ខ្ញុំនិយាយដូច្នេះដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំ ទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។
២ កូរិនថូស 12:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។ ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។ ខ្ញុំបានត្រឡប់ជាមនុស្សល្ងង់ខ្លៅ! គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតអ្នករាល់គ្នាគួរតែបានលើកតម្កើងខ្ញុំ ទោះជាខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំមិនចាញ់មហាសាវកទាំងនោះដែរ។
២ កូរិនថូស 12:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែទ្រង់មានបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកំសោយ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្ដីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្ដីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្ដីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ។ ខ្ញុំបានត្រឡប់ជាល្ងង់ខ្លៅ ដោយសេចក្ដីអំនួត គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតគួរឲ្យអ្នករាល់គ្នាបានផ្ទុកផ្តាក់ខ្ញុំវិញ ទោះបើខ្ញុំមិនមែនជាអ្វីក៏ដោយ គង់តែខ្ញុំមិនចាញ់ពួកសាវកធំណាមួយនោះទេ