២ កូរិនថូស 12:5-10

២ កូរិនថូស 12:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​នឹង​អួត​ពី​មនុស្ស​នោះ តែ​សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​មិន​អួត​ទេ លើក​លែង​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ក៏​ខ្ញុំ​មិន​មែន​ល្ងង់​ខ្លៅ​ដែរ ដ្បិត​ខ្ញុំ​និយាយ​សេចក្តី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​អ្នក​ណា​ម្នាក់​ស្មាន​អំពី​ខ្ញុំ លើស​ជាង​អ្វី​ដែល​គេ​បាន​ឃើញ​ក្នុង​ខ្ញុំ ឬ​បាន​ឮ​ពី​ខ្ញុំ ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សម្ដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​មួយ​ចាក់​ចូល​ក្នុង​សាច់​ខ្ញុំ ជា​តំណាង​របស់​អារក្ស​សាតាំង​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ។ ខ្ញុំ​បាន​អង្វរ​ដល់​ព្រះ‌អម្ចាស់​បី​ដង ដើម្បី​ឲ្យ​បន្លា​នេះ​ថយ​ចេញ​ពី​ខ្ញុំ តែ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា៖ «គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​ចេស្ដា​របស់​យើង​បាន​ពេញ​ខ្នាត នៅ​ក្នុង​ភាព​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​នឹង​អួត​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​របស់​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ខ្ញុំ។ ហេតុ​នេះ​បាន​ជា​ខ្ញុំ​អរ​សប្បាយក្នុង​ពេល​ទន់​ខ្សោយ ក្នុង​ពេល​គេ​ត្មះ‌តិះ‌ដៀល ក្នុង​ពេល​ជួប​លំបាក ក្នុង​ពេល​គេ​បៀត​បៀន ហើយក្នុង​ពេល​មាន​ទុក្ខ​ព្រួយ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ដ្បិត​ពេល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​រឹង​មាំ​វិញ។

២ កូរិនថូស 12:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​អួត​តែ​ពី​បុរស​នោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងី‌ល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។ ព្រះ‌ជាម្ចាស់​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ*​សាតាំង​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ។ ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់​ចំនួន​បី​ដង សូម​ព្រះអង្គ​មេត្តា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ព្រះ‌គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​ឫទ្ធា‌នុភាព​របស់​ព្រះ‌គ្រិស្ត​មក​សណ្ឋិត​លើ​ខ្ញុំ។ ហេតុ​នេះ ព្រោះ​តែ​ព្រះ‌គ្រិស្ត ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀត‌បៀន នៅ​ពេល​តប់‌ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។

២ កូរិនថូស 12:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​នឹង​មាន​សេចក្ដី​អំនួត​ពី​មនុស្ស​នោះ ខ្ញុំ​មិន​អួត​ពី​ខ្លួន​ខ្ញុំ​ទេ លើក​តែ​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​ចេញ ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន នោះ​គង់​តែ​ខ្ញុំ​មិន​មែន​ខ្លៅ​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​តាម​តែ​សេចក្ដី​ពិត ប៉ុន្តែ ខ្ញុំ​ឈប់​ស្លេះ​ចុះ ក្រែង​អ្នក​ណា​រាប់​ខ្ញុំ ទុក​ជា​លើស​ជាង​ភាព​ដែល​ឃើញ ឬ​ឮ​និយាយ​ពី​ខ្ញុំ។ ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ ខ្ញុំ​បាន​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​៣​ដង ឲ្យ​សេចក្ដី​នោះ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ តែ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្ដី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះ‌តិះដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់ ដោយ​យល់​ដល់​ព្រះ‌គ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ