២ កូរិនថូស 12:13-21
២ កូរិនថូស 12:13-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នករាល់គ្នាមានអ្វីអន់ជាងក្រុមជំនុំឯទៀតៗ ក្រៅតែពីខ្លួនខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមអត់ទោសកំហុសនេះឲ្យខ្ញុំផង! មើល៍ នេះជាលើកទីបីហើយដែលខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមកជួបអ្នករាល់គ្នា ហើយខ្ញុំមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ ព្រោះខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នា ក្រៅពីអ្នករាល់គ្នានោះឡើយ ដ្បិតមិនគួរឲ្យកូនចៅប្រមូលទុកសម្រាប់ឪពុកម្តាយទេ គឺឪពុកម្តាយវិញទេតើ ដែលត្រូវប្រមូលទុកសម្រាប់កូន។ ឯខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយអស់រលីងពីខ្លួនផង ដោយព្រោះព្រលឹងអ្នករាល់គ្នា។ បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងយ៉ាងនេះ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចឬ? យើងសន្មត់ដូច្នេះទៅចុះថា ខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ តែគេថា ដោយសារខ្ញុំឆ្លាត បានជាខ្ញុំប្រើល្បិចចាប់អ្នករាល់គ្នា។ តើខ្ញុំឆ្លៀតយកប្រយោជន៍ពីអ្នករាល់គ្នា ដោយសារអ្នកណាម្នាក់ដែលខ្ញុំបានចាត់ឲ្យមកឯអ្នករាល់គ្នាឬ? ខ្ញុំបានអង្វរលោកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើលោកទីតុសបានឆ្លៀតយកប្រយោជន៍ពីអ្នករាល់គ្នាឬ? តើយើងទាំងពីរនាក់មិនបានប្រព្រឹត្តដោយវិញ្ញាណតែមួយទេឬ? តើយើងមិនបានធ្វើតាមគន្លងតែមួយទេឬ? តើអ្នករាល់គ្នាធ្លាប់គិតស្មានរហូតមកថា យើងកំពុងនិយាយដោះសានៅចំពោះអ្នករាល់គ្នាឬ? ឱពួកស្ងួនភ្ងាអើយ យើងនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងធ្វើអ្វីៗទាំងអស់ សម្រាប់តែនឹងស្អាងចិត្តអ្នករាល់គ្នាប៉ុណ្ណោះ។ ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។ ខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកម្តងទៀត នោះព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំត្រូវយំនឹងមនុស្សជាច្រើន ដែលបានធ្វើបាបពីមុន តែមិនបានប្រែចិត្ត ចេញពីអំពើស្មោកគ្រោក អំពើសហាយស្មន់ និងសេចក្តីអាសអាភាស ដែលគេបានប្រព្រឹត្ត។
២ កូរិនថូស 12:13-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំនុំឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសឲ្យខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។ ឥឡូវនេះ ខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមករកបងប្អូនជាលើកទីបី ប៉ុន្តែ ខ្ញុំមិនធ្វើជាបន្ទុកដល់បងប្អូនទេ ព្រោះខ្ញុំមក មិនមែនប្រាថ្នាចង់បានសម្បត្តិរបស់បងប្អូនឡើយ គឺចង់បានបងប្អូនផ្ទាល់តែម្ដង។ ធម្មតា កូនចៅមិនដែលប្រមូលសម្បត្តិជូនឪពុកម្ដាយទេ គឺឪពុកម្ដាយវិញទេតើ ដែលប្រមូលសម្បត្តិទុកឲ្យកូន! ចំពោះខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយខ្ញុំក៏ចំណាយខ្លួនខ្ញុំថែមទៀត ដើម្បីជាប្រយោជន៍ដល់ជីវិត បងប្អូនដែរ។ បើខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងហ្នឹងទៅហើយ តើបងប្អូនស្រឡាញ់ខ្ញុំតិចជាងឬ? យើងសន្មតទៅចុះថា ខ្ញុំពុំបានធ្វើជាបន្ទុកដល់បងប្អូនមែន តែប្រហែលជាមានអ្នកខ្លះថាខ្ញុំជាមនុស្សមានពុតត្បុត ប្រើកលល្បិចបោកប្រាស់បងប្អូន។ តើខ្ញុំមានដែលបោកប្រាស់បងប្អូន តាមរយៈអ្នកដែលខ្ញុំចាត់មករកបងប្អូននោះទេ? ខ្ញុំបានអង្វរលោកទីតុសឲ្យមករកបងប្អូន ហើយខ្ញុំក៏ចាត់បងប្អូនម្នាក់ទៀតឲ្យមកជាមួយគាត់ដែរ តើលោកទីតុសបានបោកប្រាស់បងប្អូនឬ? តើយើងទាំងពីរនាក់មិនបានប្រកាន់យកចិត្តគំនិត និងដើរតាមគន្លងតែមួយទេឬ? តាំងពីយូរមកហើយ បងប្អូនប្រហែលជាចេះតែស្មានថា យើងនិយាយដោះសានៅចំពោះមុខបងប្អូន! ទេ! យើងនិយាយដោយរួមជាមួយព្រះគ្រិស្ត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បងប្អូនជាទីស្រឡាញ់អើយ! យើងនិយាយសេចក្ដីទាំងនេះ ដើម្បីកសាងជំនឿបងប្អូនតែប៉ុណ្ណោះ ដ្បិតខ្ញុំបារម្ភខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញបងប្អូនមានលក្ខណៈដូចដែលខ្ញុំចង់ឃើញ ហើយក៏ខ្លាចក្រែងបងប្អូនឃើញខ្ញុំខុសពីលក្ខណៈដែលបងប្អូនចង់ឃើញនោះដែរ។ ខ្ញុំបារម្ភក្រែងលោមានការទាស់ទែងគ្នា ច្រណែនគ្នា ខឹងសម្បារ ប្រណាំងប្រជែង និយាយដើមគ្នា បរិហារកេរ្តិ៍គ្នា អួតបំប៉ាង ខ្វះសណ្ដាប់ធ្នាប់។ ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ ព្រះរបស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្តអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្តគំនិត លះបង់អំពើសៅហ្មង ប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្តនៅឡើយ។
២ កូរិនថូស 12:13-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំ សូមអត់ទោសសេចក្ដីកំហុសនេះឲ្យខ្ញុំផង។ មើល ខ្ញុំរៀបនឹងមកឯអ្នករាល់គ្នា ជាគំរប់៣លើកនេះហើយ ខ្ញុំក៏មិនឲ្យអ្នកណាព្រួយនឹងខ្ញុំទៀត ដ្បិតខ្ញុំមិនរកចង់បានរបស់ទ្រព្យអ្នករាល់គ្នាទេ គឺរកតែខ្លួនអ្នករាល់គ្នាប៉ុណ្ណោះ ដ្បិតមិនគួរឲ្យកូនចៅត្រូវប្រមូលទុកឲ្យឪពុកម្តាយទេ គឺឪពុកម្តាយទេតើ ដែលត្រូវប្រមូលទុកឲ្យកូនវិញ ឯខ្ញុំៗសុខចិត្តនឹងចែកចាយ ហើយនឹងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា ថ្វីបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងប៉ុណ្ណា នោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ក៏កាន់តែថយចុះប៉ុណ្ណោះដែរ ទោះបើដូច្នោះក៏ដោយ គង់តែខ្ញុំមិនបានឲ្យអ្នកណាមួយព្រួយនឹងខ្ញុំឡើយ តែដោយខ្ញុំឆ្លាត បានជាខ្ញុំចាប់អ្នករាល់គ្នា ដោយឧបាយកល តើខ្ញុំបានចំណេញពីអ្នករាល់គ្នា ដោយសារអ្នកណាដែលខ្ញុំចាត់មកឬអី ខ្ញុំបានអង្វរអ្នកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើទីតុសបានចំណេញពីអ្នករាល់គ្នាឬអី តើយើងទាំង២នាក់មិនបានដើរដោយគំនិតតែ១ ហើយតាមដានជើងដដែលទេឬអី។ មួយទៀត តើអ្នករាល់គ្នាគិតស្មានថា យើងខ្ញុំកំពុងតែដោះសានឹងអ្នករាល់គ្នាឬអី ឱពួកស្ងួនភ្ងាអើយ យើងខ្ញុំនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងខ្ញុំនិយាយគ្រប់ទាំងអស់នេះ សំរាប់នឹងស្អាងចិត្តអ្នករាល់គ្នាឡើងទេ ដ្បិតខ្ញុំខ្លាចក្រែងកាលណាខ្ញុំមកដល់ នោះមិនឃើញអ្នករាល់គ្នា ដូចជាខ្ញុំចូលចិត្តនោះទេ ហើយអ្នករាល់គ្នាក៏មិនឃើញខ្ញុំ ដូចជាអ្នករាល់គ្នាចូលចិត្តដែរ ក្រែងកើតមានសេចក្ដីឈ្លោះប្រកែក ឈ្នានីស គ្នាន់ក្នាញ់ បាក់បែក បរិហារ បង្កាច់ ឆ្មើងឆ្មៃ ហើយវឹកវរឡើង ក្រែងកាលណាខ្ញុំមកម្តងទៀត នោះព្រះនៃខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំនឹងត្រូវយំនឹងមនុស្សជាច្រើន ដែលធ្វើបាបពីមុន តែមិនបានប្រែចិត្តចេញពីសេចក្ដីស្មោកគ្រោក សេចក្ដីកំផិត នឹងសេចក្ដីអាសអាភាស ដែលគេបានប្រព្រឹត្តនោះឡើយ។