២ កូរិនថូស 12:1-10
២ កូរិនថូស 12:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែ ខ្ញុំនឹងនិយាយអំពីនិមិត្ត និងការបើកសម្ដែងរបស់ព្រះអម្ចាស់ទៀត។ ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទីបី កាលពីដប់បួនឆ្នាំមុន (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប)។ ខ្ញុំស្គាល់មនុស្សនោះ (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ ខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប) អ្នកនោះត្រូវបានលើកឡើងទៅស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ។ ខ្ញុំនឹងអួតពីមនុស្សនោះ តែសម្រាប់ខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ ទោះបើខ្ញុំចង់អួតខ្លួន ក៏ខ្ញុំមិនមែនល្ងង់ខ្លៅដែរ ដ្បិតខ្ញុំនិយាយសេចក្តីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោអ្នកណាម្នាក់ស្មានអំពីខ្ញុំ លើសជាងអ្វីដែលគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏ហួសល្បត់នោះ បានជាមានបន្លាមួយចាក់ចូលក្នុងសាច់ខ្ញុំ ជាតំណាងរបស់អារក្សសាតាំងមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំ។ ខ្ញុំបានអង្វរដល់ព្រះអម្ចាស់បីដង ដើម្បីឲ្យបន្លានេះថយចេញពីខ្ញុំ តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។ ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។
២ កូរិនថូស 12:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលព្រះអម្ចាស់បានប្រោសឲ្យខ្ញុំនិមិត្តឃើញ និងសម្តែងឲ្យខ្ញុំដឹង។ ខ្ញុំស្គាល់បុរសម្នាក់ដែលជឿព្រះគ្រិស្ត* កាលពីដប់បួនឆ្នាំមុន ព្រះអម្ចាស់បានលើកគាត់ឡើងទៅដល់ស្ថានសួគ៌ជាន់ទីបី (ប៉ុន្តែ ខ្ញុំមិនដឹងថា រូបកាយគាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ ខ្ញុំក៏ដឹងថា ព្រះអម្ចាស់លើកបុរសនោះទៅដល់ស្ថានបរមសុខ* (ប៉ុន្តែ ខ្ញុំមិនដឹងថារូបកាយរបស់គាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ គាត់បានឮព្រះបន្ទូលដ៏អស្ចារ្យរកថ្លែងពុំបាន ដែលគ្មានមនុស្សណាមានសិទ្ធិនឹងនិយាយឡើងវិញទេ។ ខ្ញុំអួតតែពីបុរសនោះ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនខ្ញុំផ្ទាល់ឡើយ ខ្ញុំអួតតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។ ព្រះជាម្ចាស់បានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលព្រះអង្គបានសម្តែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់មារ*សាតាំងមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនឡើយ។ ខ្ញុំបានអង្វរព្រះអម្ចាស់ចំនួនបីដង សូមព្រះអង្គមេត្តាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះគ្រិស្តមកសណ្ឋិតលើខ្ញុំ។ ហេតុនេះ ព្រោះតែព្រះគ្រិស្ត ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។
២ កូរិនថូស 12:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែ ខ្ញុំនឹងនិយាយពីការជាក់ស្តែង នឹងការបើកសំដែងមកពីព្រះអម្ចាស់ទៀត ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលបានលើកឡើងទៅស្ថានសួគ៌ នៅជាន់ទី៣ នោះប្រហែល១៤ឆ្នាំមកហើយ ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប ខ្ញុំស្គាល់មនុស្សនោះ (ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយក្តី ខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប) ថា អ្នកនោះបានលើកឡើងដល់ស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ ខ្ញុំនឹងមានសេចក្ដីអំនួតពីមនុស្សនោះ ខ្ញុំមិនអួតពីខ្លួនខ្ញុំទេ លើកតែពីសេចក្ដីកំសោយរបស់ខ្ញុំចេញ ទោះបើខ្ញុំចង់អួតខ្លួន នោះគង់តែខ្ញុំមិនមែនខ្លៅល្ងង់ទេ ដ្បិតខ្ញុំនិយាយតាមតែសេចក្ដីពិត ប៉ុន្តែ ខ្ញុំឈប់ស្លេះចុះ ក្រែងអ្នកណារាប់ខ្ញុំ ទុកជាលើសជាងភាពដែលឃើញ ឬឮនិយាយពីខ្ញុំ។ ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្ដីនោះថយចេញពីខ្ញុំទៅ តែទ្រង់មានបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកំសោយ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្ដីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្ដីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្ដីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ។