២ កូរិនថូស 10:1-5

២ កូរិនថូស 10:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បងប្អូន ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹង‌រ៉ឹង​ដាក់​បងប្អូន ខ្ញុំ​សូម​ដាស់‌តឿន​បងប្អូន​ដោយ​ចិត្ត​ស្លូត‌បូត និង​ដោយ​ចិត្ត​ល្អ​សប្បុរស​មក​ពី​ព្រះ‌គ្រិស្ត* ខ្ញុំ​សូម​អង្វរ​បងប្អូន​ថា កុំ​បង្ខំ​ចិត្ត​ខ្ញុំ​ឲ្យ​បែរ​ទៅ​ជា​តឹង‌តែង នៅ​ពេល​ខ្ញុំ​មក​ដល់​នោះ​ឡើយ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ស្រេច​ហើយ​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អស់​អ្នក​ដែល​ចោទ​ថា យើង​រស់​នៅ​តាម​របៀប​និស្ស័យ​លោកីយ៍​នោះ​ទេ។ ទោះ​បី​យើង​មាន​និស្ស័យ​ជា​មនុស្ស​ក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​របៀប​មនុស្ស​លោកីយ៍​ដែរ ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​លោកីយ៍​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ឫទ្ធា‌នុភាព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា ។ យើង​រំលំ​ការ​រិះគិត និង​គំនិត​ឆ្មើង‌កន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រារាំង​មិន​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់។ យើង​កៀរ​ប្រមូល​ចិត្ត​គំនិត​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌គ្រិស្ត​វិញ។

២ កូរិនថូស 10:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ ប៉ុល ដែល​គេ​និយាយ​ថា កាល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ មាន​សេចក្តី​ក្លា‌ហាន​ចំពោះ​អ្នក​រាល់​គ្នា ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​សុភាព និង​ចិត្ត​ស្លូត​បូត​របស់​ព្រះ‌គ្រីស្ទ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​ថា ពេល​ខ្ញុំ​មក​ដល់ នោះ​សូមកុំ​ឲ្យ​ខ្ញុំ​ក្លា‌ហាន ដូច​ដែល​ខ្ញុំ​បាន​តាំង​ចិត្ត​ជា​ស្រេច​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អ្នក​ខ្លះ​ដែល​ស្មាន​ថា យើង​រស់​នៅ​តាម​សាច់​ឈាម​នោះ​ឡើយ។ ដ្បិត​ទោះ​ជា​យើង​រស់​នៅ​ខាង​សាច់​ឈាមក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​សាច់​ឈាម​ដែរ ដ្បិត​គ្រឿង​សស្ត្រា‌វុធ​របស់​យើង មិន​មែន​ខាង​សាច់​ឈាម​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ចេស្ដា​មក​ពី​ព្រះ ដែល​អាច​នឹង​រំលំ​ទី​មាំ‌មួន​នានា ហើយ​រំលំ​អស់​ទាំង​គំនិត​ដែល​រិះ​គិត និង​គ្រប់​ទាំង​អំនួត​ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​របស់​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ។

២ កូរិនថូស 10:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ប៉ុល​ខ្ញុំ ដែល​កាល​ណា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​មាន​ឫកពា​ជា​ថោក​ទាប តែ​កាល​ណា​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ នោះ​មាន​សេចក្ដី​ក្លាហាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​សុភាព នឹង​សេចក្ដី​សំឡូត​របស់​ព្រះ‌គ្រីស្ទ ក៏​អង្វរ​អ្នក​រាល់​គ្នា​ថា កាល​ណា​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​មាន​សេចក្ដី​ក្លាហាន​តាម​ដែល​ខ្ញុំ​សំរេច​ថា នឹង​មាន​ចំពោះ​អ្នក​ខ្លះ ដែល​ស្មាន​ថា​យើង​ខ្ញុំ​ដើរ​តាម​សាច់​ឈាម​នោះ​ឡើយ ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​ដើរ​ក្នុង​សាច់​ឈាម​មែន គង់​តែ​មិន​ត‌យុទ្ធ​តាម​សាច់​ឈាម​ទេ ព្រោះ​គ្រឿង​សស្ត្រា‌វុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ‌ឫទ្ធិ​ដែល​មក​ពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំ‌មួន​វិញ ដែល​អាច​នឹង​រំលាយ​អស់​ទាំង​គំនិត​ដែល​គេ​រិះ‌គិត នឹង​គ្រប់​ទាំង​សេចក្ដី​យ៉ាង​ខ្ពង់‌ខ្ពស់ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​នៃ​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ