២ របាក្សត្រ 4:1-22
២ របាក្សត្រ 4:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្ដោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកម្ពស់ដប់ហត្ថ។ ស្ដេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកម្ពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។ នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំវិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។ អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។ អាងនេះមានកម្រាស់មួយទះ មាត់របស់វារីកដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណ ៣ ០០០ អម្រែក។ ស្ដេចឲ្យគេធ្វើអាងពីលង្ហិនចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល រីឯពួកបូជាចារ្យត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។ ស្ដេចឲ្យគេធ្វើជើងចង្កៀងអំពីមាសចំនួនដប់ តាមក្បួនតម្រាស្ដីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងព្រះវិហារ ជើងចង្កៀងប្រាំនៅខាងស្ដាំ និងប្រាំទៀតនៅខាងឆ្វេង។ ស្ដេចឲ្យគេធ្វើតុចំនួនដប់សម្រាប់ដាក់ក្នុងព្រះវិហារ គឺតុប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេង។ ស្ដេចក៏ឲ្យគេធ្វើផើងដាក់ឈាមពីមាសចំនួនមួយរយដែរ។ ស្ដេចឲ្យគេធ្វើទីលានមួយ សម្រាប់ពួកបូជាចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។ រីឯអាងធំ ស្ដេចបានឲ្យគេតម្កល់នៅខាងស្ដាំព្រះដំណាក់ ត្រង់ទិសអាគ្នេយ៍។ កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក៏បានចប់សព្វគ្រប់ គឺមានសសរពីរ ក្បាលសសររាងមូលទាំងពីរ ដែលស្ថិតនៅខាងចុងសសរ ព្រមទាំងក្បាច់ក្រឡាសំណាញ់ពីរ សម្រាប់គ្របពីលើក្បាលសសរនៅខាងលើសសរ ក្បាច់ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាសំណាញ់ទាំងពីរ គឺផ្លែទទឹមពីរជួរ សម្រាប់ភ្ជាប់នឹងក្រឡាសំណាញ់នីមួយៗ ដែលគ្របពីលើក្បាលសសរនៅខាងលើសសរ។ លោកហ៊ីរ៉ាមក៏បានធ្វើរទេះ និងអាងដាក់លើរទេះទាំងនោះ អាងធំ និងរូបគោចំនួនដប់ពីរសម្រាប់ទ្រអាង ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។ ស្ដេចឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារថាន។ ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ គេពុំអាចគិតពីទម្ងន់លង្ហិនបានទេ។ ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់ផ្សេងទៀត អំពីមាសសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាន អាសនៈមាស តុសម្រាប់តម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ ជើងចង្កៀង និងចង្កៀងធ្វើអំពីមាសសុទ្ធ ដែលត្រូវដុតតាមក្បួនតម្រានៅមុខទីសក្ការៈ។ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដ៏សុទ្ធបំផុតដែរ។ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ព្រះដំណាក់ សម្រាប់ចូលទៅក្នុងទីសក្ការៈបំផុត និងសន្លឹកទ្វារចូលព្រះដំណាក់សុទ្ធតែធ្វើពីមាស។
២ របាក្សត្រ 4:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទ្រង់ធ្វើអាសនាលង្ហិន បណ្តោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ ហើយកម្ពស់ដប់ហត្ថ បន្ទាប់មក ទ្រង់ក៏សិតធ្វើសមុទ្រមានរាងមូល ទំហំដប់ហត្ថពីមាត់ខាងទៅម្ខាង ហើយកម្ពស់ប្រាំហត្ថ យកខ្សែវាស់ជុំវិញត្រូវជាសាមសិបហត្ថ។ នៅពីក្រោមគែមមាត់សមុទ្រនោះ មានរូបផ្កាក្រពុំដប់ ក្នុងមួយហត្ថនៅព័ទ្ធជុំវិញ បានសិតជាពីរជួរស្រេច ក្នុងកាលដែលសិតសមុទ្រនោះ។ សមុទ្រនោះដាក់នៅលើរូបគោដប់ពីរ ដែលមានបីបែរទៅខាងជើង បីបែរទៅខាងលិច បីបែរទៅខាងត្បូង និងបីបែរទៅខាងកើត។ សមុទ្រនៅពីលើ ហើយគោទាំងនោះបែរគូថទៅខាងក្នុងទាំងអស់។ សមុទ្រនោះមានកម្រាស់មួយទះ ហើយគែមធ្វើដូចជាមាត់ពែង រាងដូចជាផ្កាច័ន្ធូចំណុះបានទឹកបីពាន់បាថ ។ ទ្រង់ធ្វើចានក្លាំដប់ ដាក់ប្រាំខាងស្តាំ និងប្រាំខាងឆ្វេង សម្រាប់ការលាងសម្អាត របស់អ្វីដែលត្រូវខាងតង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សម្រាប់ឲ្យពួកសង្ឃលាងវិញ។ ទ្រង់ធ្វើជើងចង្កៀងដប់ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ប្រាំខាងស្តាំ ហើយប្រាំខាងឆ្វេង។ ទ្រង់ធ្វើតុដប់ ដាក់ក្នុងព្រះវិហារ ប្រាំខាងស្តាំ ហើយប្រាំខាងឆ្វេង រួចធ្វើផ្តិលមាសមួយរយ។ ទ្រង់ធ្វើទីលានសម្រាប់ពួកសង្ឃ និងទីលានធំ ព្រមទាំងទ្វារសម្រាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន។ ស្ដេចដាក់សមុទ្រនៅខាងស្តាំ នៅជ្រុងខាងទិសអាគ្នេយ៍នៃព្រះវិហារ។ ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសម្រេចការទាំងប៉ុន្មាន ដែលគាត់ធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់នៃព្រះ គឺសសរទាំងពីរ តួក្បាលសសរទាំងពីរ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សម្រាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ និងផ្លែទទឹមបួនរយសម្រាប់ក្បាច់ក្រឡាអួនទាំងពីរ គឺជាផ្លែទទឹមពីរជួរក្នុងក្បាច់ក្រឡាអួនមួយ សម្រាប់បាំងតួក្បាលសសរ ដែលនៅពីលើនោះ។ គាត់ក៏ធ្វើគ្រោង និងចានក្លាំ ដាក់នៅលើគ្រោងទាំងនោះ សមុទ្រមួយ និងគោដប់ពីរទ្រពីក្រោម ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្ណាការទាំងនោះ ហ៊ីរ៉ាមជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា។ ស្ដេចបានសិតធ្វើទាំងអស់ នៅក្នុងពុម្ពដីឥដ្ឋត្រង់វាលទន្លេយ័រដាន់ ចន្លោះរវាងភូមិស៊ូកូថ និងសារថាន។ ព្រះបាទសាឡូម៉ូនបានធ្វើប្រដាប់ប្រដាទាំងនោះយ៉ាងសន្ធឹកណាស់ ដ្បិតលង្ហិនទាំងនោះគេមិនដឹងជាទម្ងន់ប៉ុន្មានទេ។ ដូច្នេះ ព្រះបាទសាឡូម៉ូនធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅក្នុងព្រះដំណាក់នៃព្រះ គឺអាសនាមាស និងតុទាំងប៉ុន្មានសម្រាប់ដាក់នំបុ័ងតាំងទុក ហើយជើងចង្កៀង និងតួចង្កៀងពីមាសសុទ្ធ សម្រាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ ហើយផ្កា ចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើពីមាសដែរ គឺជាមាសយ៉ាងសុទ្ធបំផុត។ ឯគ្របប្រឆេះ ចានក្លាំ កូនចាន និងពាន ក៏ធ្វើពីមាសសុទ្ធ ចំណែកទ្វារចូរក្នុងព្រះវិហារ និងទ្វារខាងក្នុងដែលសម្រាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះ សុទ្ធតែធ្វើពីមាសទាំងអស់។
២ របាក្សត្រ 4:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ធ្វើអាសនាលង្ហិន បណ្តោយ២០ហត្ថ ទទឹង២០ហត្ថ ហើយកំពស់១០ហត្ថ ក៏សិតធ្វើសមុទ្រមានរាងមូល ទំហំ១០ហត្ថពីមាត់ខាងទៅម្ខាង ហើយកំពស់៥ហត្ថ យកខ្សែវាស់ជុំវិញត្រូវជា៣០ហត្ថ នៅពីក្រោមគែមមាត់សមុទ្រនោះ មានរូបផ្កាក្រពុំ១០ ក្នុង១ហត្ថនៅព័ទ្ធជុំវិញ បានសិតជា២ជួរស្រេច ក្នុងកាលដែលសិតសមុទ្រនោះតែម្តង សមុទ្រនោះដាក់នៅលើរូបគោ១២ ដែលមាន៣បែរទៅខាងជើង ៣បែរទៅខាងលិច ៣បែរទៅខាងត្បូង ហើយ៣បែរទៅខាងកើត សមុទ្រនៅពីលើ ហើយគោទាំងនោះបែរគូថទៅខាងក្នុងទាំងអស់ សមុទ្រនោះមានកំរាស់១ទះ ហើយគែមក៏ធ្វើដូចជាមាត់ពែង រាងដូចជាផ្កាច័ន្ធូ ចំណុះបានទឹក៣ពាន់អំរែក ទ្រង់ក៏ធ្វើចានក្លាំ១០ ដាក់៥ខាងស្តាំ នឹង៥ខាងឆ្វេង សំរាប់ការលាងសំអាត របស់អ្វីដែលត្រូវខាងដង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សំរាប់ឲ្យពួកសង្ឃលាងវិញ។ ទ្រង់ធ្វើជើងចង្កៀង១០ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង ក៏ធ្វើតុ១០ដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង រួចធ្វើផ្តិលមាស១០០ ទ្រង់ធ្វើទីលានសំរាប់ពួកសង្ឃ នឹងទីលានធំ ព្រមទាំងទ្វារសំរាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន ទ្រង់ដាក់សមុទ្រនៅខាងស្តាំ នៃចុងខាងកើតរបស់ព្រះវិហារ គឺឆៀងទៅខាងត្បូង ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក នឹងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសំរេចការទាំងប៉ុន្មាននោះដែលគាត់ធ្វើថ្វាយស្តេចសាឡូម៉ូន នៅក្នុងព្រះវិហារនៃព្រះ គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សំរាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ នឹងផ្លែទទឹម៤០០សំរាប់ក្បាច់ក្រឡាអួនទាំង២ គឺជាផ្លែទទឹម២ជួរក្នុងក្បាច់ក្រឡាអួន១ សំរាប់នឹងបាំងតួក្បាលសសរ ដែលនៅពីលើនោះ គាត់ក៏ធ្វើគ្រោង នឹងចានក្លាំ ដាក់នៅលើគ្រោងទាំងនោះ សមុទ្រ១ នឹងគោ១២ទ្រពីក្រោម ឆ្នាំង ចបចូក សម នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្តាការទាំងនោះ ហ៊ីរ៉ាម ជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា ស្តេចទ្រង់បានសិតធ្វើទាំងអស់ នៅក្នុងពុម្ពដីឥដ្ឋត្រង់វាលទន្លេយ័រដាន់ កណ្តាលភូមិសិកូត នឹងសារថាន គឺយ៉ាងនោះ ដែលសាឡូម៉ូនបានធ្វើប្រដាប់ប្រដាទាំងនោះយ៉ាងសន្ធឹកណាស់ ដ្បិតលង្ហិនទាំងនោះរកដឹងទំងន់មិនបាន។ សាឡូម៉ូនទ្រង់ធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះ គឺអាសនាមាស នឹងតុទាំងប៉ុន្មានសំរាប់ដាក់នំបុ័ងតាំងទុក ហើយនឹងជើងចង្កៀង នឹងតួចង្កៀងពីមាសសុទ្ធ សំរាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ ហើយផ្កា ចង្កៀង នឹងឃ្នាបប្រឆេះ ក៏ធ្វើពីមាសដែរ គឺជាមាសយ៉ាងសុទ្ធបំផុត ឯគ្របប្រឆេះ ចានក្លាំ កូនចាន នឹងពាន ក៏ធ្វើពីមាសសុទ្ធ ចំណែកទ្វារចូលក្នុងព្រះវិហារ នឹងទ្វារខាងក្នុងដែលសំរាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះសុទ្ធតែធ្វើពីមាសទាំងអស់។