២ របាក្សត្រ 28:20-26
២ របាក្សត្រ 28:20-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរក៏មកឯទ្រង់ តែមិនបានជួយចម្រើនកម្លាំងទ្រង់ទេ គឺបានធ្វើឲ្យទ្រង់មានសេចក្ដីលំបាកវិញ ដ្បិតព្រះបាទអ័ហាសបានបែងយកចំណែក ពីព្រះវិហាររបស់ព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។ ទោះជានៅគ្រាដែលមានសេចក្ដីទុក្ខវេទនាយ៉ាងនេះក៏ដោយ ព្រះបាទអ័ហាសនៅតែប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត។ គឺទ្រង់បានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែ ព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ។ ព្រះបាទអ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះដំណាក់របស់ព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះដំណាក់របស់ព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសម្រាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិម។ ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់សម្រាប់ដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្ដាលឲ្យព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់ទ្រង់ មានសេចក្ដីក្រោធ។ រីឯកិច្ចការផ្សេងទៀតពីទ្រង់ និងគ្រប់ទាំងអំពើដែលទ្រង់ប្រព្រឹត្ត ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅរបស់ពួកស្តេចយូដា និងអ៊ីស្រាអែល។
២ របាក្សត្រ 28:20-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅទីកឡាត-ពេលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយព្រះបាទអហាស និងចាត់ទុកស្ដេចជាសត្រូវ គឺពុំបានជួយគាំទ្រស្ដេចឡើយ។ ព្រះបាទអហាសយកទ្រព្យពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងទ្រព្យនៅក្នុងវាំង និងក្នុងផ្ទះមេដឹកនាំ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ស្ដេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។ ទោះបីព្រះបាទអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបែកចិត្តចេញពីព្រះអម្ចាស់ដដែល។ ស្ដេចធ្វើយញ្ញបូជាដល់ព្រះទាំងឡាយនៃក្រុងដាម៉ាស ដែលបានប្រហារឈ្នះស្ដេច ដ្បិតស្ដេចគិតថា «ព្រះរបស់ស្ដេចស្រុកស៊ីរីតែងតែជួយស្ដេចស្រុកអាស្ស៊ីរី ដូច្នេះ ខ្ញុំថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ ដើម្បីឲ្យទ្រង់យាងមកជួយខ្ញុំដែរ!»។ ប៉ុន្តែ ព្រះទាំងនោះបណ្ដាលឲ្យស្ដេច និងប្រជាជនអ៊ីស្រាអែលទាំងមូលវិនាស។ ព្រះបាទអហាសប្រមូលវត្ថុផ្សេងៗនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មកកម្ទេចចោល។ ស្ដេចបានបិទទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ រួចសង់អាសនៈ នៅគ្រប់ច្រកល្ហកក្នុងក្រុងយេរូសាឡឹម។ ស្ដេចក៏បានចាត់ចែងឲ្យមានកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅក្រុងនីមួយៗ ក្នុងស្រុកយូដា ដើម្បីដុតគ្រឿងក្រអូបឧទ្ទិសដល់ព្រះក្លែងក្លាយ ដែលជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ស្ដេច ទ្រង់ព្រះពិរោធ។ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។
២ របាក្សត្រ 28:20-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរក៏មកឯទ្រង់ តែមិនបានជួយចំរើនកំឡាំងទ្រង់ទេ គឺបានធ្វើឲ្យទ្រង់មានសេចក្ដីលំបាកវិញ ដ្បិតអ័ហាសបានបែងយកចំណែក ពីព្រះវិហារនៃព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅថ្វាយដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។ ហើយនៅគ្រាដែលមានសេចក្ដីទុក្ខវេទនា នោះស្តេច គឺអ័ហាសនេះឯង ទ្រង់បានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត គឺទ្រង់បានថ្វាយយញ្ញបូជា ដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ នឹងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ អ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះវិហារនៃព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសំរាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិមដែរ ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់ សំរាប់នឹងដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោទ្រង់ មានសេចក្ដីក្រោធ រីឯដំណើរឯទៀតពីទ្រង់ នឹងគ្រប់ទាំងអំពើដែលទ្រង់ប្រព្រឹត្ត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ