២ របាក្សត្រ 1:7-12

២ របាក្សត្រ 1:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ពេល​យប់​នោះ ព្រះ​បាន​លេច​មក​ឲ្យ​ព្រះបាទ​សាឡូម៉ូន​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​សូម​ចុះ តើ​ចង់​ឲ្យ​យើង​ឲ្យ​អ្វី​ដល់​អ្នក?» ព្រះបាទ​សាឡូម៉ូន​ទូល​ឆ្លើយ​ថា៖ «ទ្រង់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ជា​ច្រើន​ដល់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ ក៏​បាន​តាំង​ទូល‌បង្គំ​ឡើង​ជា​ស្តេច​ជំនួស​បិតា​ហើយ។ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ បាន​តាំង​ខ្ជាប់‌ខ្ជួន ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ជា​ស្តេច​លើ​សាសន៍​មួយ​មាន​គ្នា​ច្រើន​ដូច​ជា​ធូលី​នៅ​ផែនដី ។ ដូច្នេះ សូម​ប្រោស‌ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្ដា‌ជន​នេះ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​យ៉ាង​នេះ​បាន?»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ដោយ​ព្រោះ​អ្នក​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ‌សម្បត្តិ ឬ​ធន‌ធាន ឬ​កិត្តិ‌យស ឬ​ការ​ប្រហារ​ជីវិត​នៃ​ពួក​អ្នក​ដែល​ស្អប់​អ្នក ក៏​មិន​បាន​សូម​អាយុ​ឲ្យ​យឺន‌យូរ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ។ ដូច្នេះ យើង​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​យោបល់ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ ធន‌ធាន និង​កិត្តិ‌យស​ទៀត ទោះ​បី​ពីមុន ហើយ​ទៅ​មុខ​ទៀត គឺ​គ្មាន​ស្តេច​ណា​បាន​ដូច​នេះ​ឡើយ ក៏​មិន​មាន​ដែរ»។

២ របាក្សត្រ 1:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​យប់​នោះ ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ»។ ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឲ្យ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ​ត​ពី​បិតា​ទៀត។ បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ព្រះអង្គ​សម្រេច​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ហើយ ដ្បិត​ព្រះអង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​គ្រង​រាជ្យ​លើ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ដូច​ធូលី។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​ឲ្យ​ទូលបង្គំ​ចេះ​ដឹក​នាំ​ប្រជា‌រាស្ត្រ​នេះ។ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន​របស់​ព្រះអង្គ​បាន?»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង ឬ​ឲ្យ​បច្ចា‌មិត្ត​របស់​អ្នក​ត្រូវ​ស្លាប់ ហើយ​ក៏​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង​ដែរ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ។ ដោយ​អ្នក​មាន​បំណង​ដូច្នេះ យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង។ លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង គ្មាន​ស្ដេច​ណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី»។

២ របាក្សត្រ 1:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​ពេល​យប់​នោះ ព្រះ‌ទ្រង់​លេច​មក​ឯ​សាឡូម៉ូន​មាន​បន្ទូល​ថា ចូរ​ឲ្យ​ឯង​សូម​ចុះ តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង សាឡូម៉ូន​ទ្រង់​ឆ្លើយ​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ជា​ធំ ដល់​ដាវីឌ ជា​បិតា​ទូលបង្គំ ក៏​បាន​តាំង​ទូលបង្គំ​ឡើង ជា​ស្តេច​ជំនួស​បិតា​ហើយ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ បាន​តាំង​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ជា​ស្តេច​លើ​សាសន៍១​មាន​គ្នា​ច្រើន​ដូច​ជា​ផង់​ធូលី​នៅ​ផែនដី ដូច្នេះ សូម​ប្រោស‌ប្រទាន ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា នឹង​យោបល់ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្តាជន​នេះ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​គ្រប់‌គ្រង លើ​រាស្ត្រ​របស់​ទ្រង់ ដែល​មាន​ច្រើន​ទាំង​ម៉្លេះ​នេះ​បាន ព្រះ‌ទ្រង់​មាន​បន្ទូល​តប​ថា ដោយ​ព្រោះ​ឯង​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ធន‌ធាន ឬ​កិត្តិយស ឬ​ការ​ប្រហារ​ជីវិត​នៃ​ពួក​អ្នក​ដែល​ស្អប់​ឯង ក៏​មិន​បាន​សូម​អាយុ​ឲ្យ​យឺន‌យូរ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​ប្រាជ្ញា នឹង​យោបល់​វិញ ដើម្បី​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​អញ ដែល​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ដូច្នេះ អញ​ឲ្យ​ឯង​មាន​ប្រាជ្ញា នឹង​យោបល់​ហើយ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ ធន‌ធាន នឹង​កិត្តិយស​ទៀត​ផង ដល់​ម៉្លេះ​បាន​ជា​មុន​ឯង មិន​ដែល​មាន​ស្តេច​ណា បាន​យ៉ាង​នោះ​ឡើយ ហើយ​ក្រោយ​ឯង​ទៅ​មុខ​ទៀត ក៏​មិន​មាន​ដែរ