១ ធីម៉ូថេ 6:6-10

១ ធីម៉ូថេ 6:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់​ស្កល់ នោះ​ពិត​ជា​កម្រៃ​មួយ​យ៉ាង​ធំ​មែន។ ដ្បិត​យើង​មិន​បាន​យក​អ្វីចូល​មក​ក្នុង​លោក​នេះ​ទេ ហើយ​យើង​ក៏មិន​អាច​យក​អ្វី​ចេញពី​លោក​នេះ​ទៅ​បាន​ដែរ។ ប៉ុន្ដែ ប្រសិន‌បើ​មាន​អាហារ​ទទួល​ទាន និង​សម្លៀក​បំពាក់ នោះ​ល្មម​ឲ្យ​យើង​ស្កប់​ចិត្ត​ហើយ។ ឯ​អស់​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​មាន តែង​ធ្លាក់​ទៅ​ក្នុង​ការ​ល្បួង ហើយ​ជាប់​អន្ទាក់ ព្រម​ទាំង​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ​ជា​ច្រើន ដែល​នាំ​ឲ្យ​មាន​ទុក្ខ​ទោស ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស​អន្តរាយ។ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​ដោយ​ការ​លោភ​ចង់​បាន​ប្រាក់ អ្នក​ខ្លះ​ក៏​បាន​វង្វេង​ចេញ​ពី​ជំនឿ ទាំង​ចាក់​ទម្លុះ​ខ្លួន​គេ ដោយ​ការ​ឈឺ​ចាប់​ជា​ច្រើន។

ចែក​រំលែក
អាន ១ ធីម៉ូថេ 6

១ ធីម៉ូថេ 6:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​អ្នក​ដែល​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ពិត​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ ដើម្បី​រក​ទ្រព្យ​សម្បត្តិ​មែន! ដ្បិត​យើង​ពុំ​បាន​យក​អ្វី​ចូល​មក​ក្នុង​លោក​នេះ ហើយ​យើង​ក៏​ពុំ​អាច​យក​អ្វី​ចេញ​ពី​លោក​នេះ​ទៅ​ដែរ!។ ដូច្នេះ ប្រសិន​បើ​យើង​មាន​ម្ហូប​អាហារ មាន​សម្លៀក‌បំពាក់ នោះ​យើង​ស្កប់​ចិត្ត​ហើយ។ រីឯ​អស់​អ្នក​ដែល​ចង់​មាន​ចង់​បាន​តែងតែ​ចាញ់​ការ​ល្បួង ជាប់​អន្ទាក់ ដោយ​ចិត្ត​ប៉ង‌ប្រាថ្នា លេលា និង​ចង្រៃ​ជា​ច្រើន ដែល​ពន្លិច​មនុស្ស​ឲ្យ​វិនាស​អន្តរាយ ដ្បិត​ការ​ស្រឡាញ់​ប្រាក់​ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ដោយ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រឡាញ់​ប្រាក់​ដូច្នេះ បងប្អូន​ខ្លះ​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ជំនឿ ព្រម​ទាំង​ធ្វើ​បាប​ខ្លួន​ឯង​ឲ្យ​វេទនា ឈឺ​ផ្សា​ជា​ច្រើន​ថែម​ទៀត​ផង។

ចែក​រំលែក
អាន ១ ធីម៉ូថេ 6

១ ធីម៉ូថេ 6:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់‌ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក‌បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុក‌ស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន‌វិនាស នឹង​សេចក្ដី​អន្តរ‌ធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង‌លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន។

ចែក​រំលែក
អាន ១ ធីម៉ូថេ 6