១ ធីម៉ូថេ 6:1-21
១ ធីម៉ូថេ 6:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សម្រាប់អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវគោរពចៅហ្វាយរបស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀននេះឡើយ។ អស់អ្នកដែលមានចៅហ្វាយជាអ្នកជឿ មិនត្រូវមានចិត្តមើលងាយ ដោយហេតុថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ព្រោះអស់អ្នកដែលទទួលការបម្រើដ៏ល្អរបស់គេ គឺជាពួកអ្នកជឿ និងជាបងប្អូនស្ងួនភ្ងា។ ត្រូវបង្រៀន ហើយដាស់តឿនសេចក្ដីទាំងនេះដល់គេចុះ។ ប្រសិនបើអ្នកណាបង្រៀនសេចក្ដីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសម្ដីដែលត្រឹមត្រូវ ក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងជាសេចក្ដីបង្រៀនស្របតាមការគោរពប្រតិបត្តិដល់ព្រះទេ អ្នកនោះជាមនុស្សអួតបំប៉ោង ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតការឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ និងការសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ ជាជម្លោះឥតប្រយោជន៍របស់មនុស្សខូចគំនិត គ្មានសេចក្ដីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះ ជាមធ្យោបាយនាំឲ្យបានកម្រៃ។ ប៉ុន្ដែ ការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ នោះពិតជាកម្រៃមួយយ៉ាងធំមែន។ ដ្បិតយើងមិនបានយកអ្វីចូលមកក្នុងលោកនេះទេ ហើយយើងក៏មិនអាចយកអ្វីចេញពីលោកនេះទៅបានដែរ។ ប៉ុន្ដែ ប្រសិនបើមានអាហារទទួលទាន និងសម្លៀកបំពាក់ នោះល្មមឲ្យយើងស្កប់ចិត្តហើយ។ ឯអស់អ្នកដែលចង់ធ្វើជាអ្នកមាន តែងធ្លាក់ទៅក្នុងការល្បួង ហើយជាប់អន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើន ដែលនាំឲ្យមានទុក្ខទោស ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាសអន្តរាយ។ ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។ ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។ ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។ ខ្ញុំដាស់តឿនអ្នកនៅចំពោះព្រះ ដែលទ្រង់ប្រទានជីវិតដល់អ្វីៗទាំងអស់ ហើយនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលបានធ្វើបន្ទាល់យ៉ាងល្អ នៅមុខលោកប៉ុនទាស-ពីឡាត់ថា ចូរកាន់តាមព្រះឱវាទឲ្យបានល្អ ហើយឥតកន្លែងបន្ទោសបាន រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងលេចមក ដែលព្រះអង្គនឹងបង្ហាញឲ្យឃើញក្នុងវេលាកំណត់ ព្រះអង្គជាព្រះដ៏មានពរ ជាអធិបតីតែមួយគត់ ជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មមិនចេះសាបសូន្យ ទ្រង់គង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន គ្មានអ្នកណាដែលឃើញព្រះអង្គឡើយ ក៏មិនអាចមើលឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាម៉ែន។ ចូរដាស់តឿនពួកអ្នកមាននៅលោកីយ៍នេះ កុំឲ្យគេមានឫកខ្ពស់ ឬសង្ឃឹមលើទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ តែត្រូវសង្ឃឹមលើព្រះដែលទ្រង់ប្រទានអ្វីៗទាំងអស់មកយើងយ៉ាងបរិបូរ ឲ្យយើងបានអរសប្បាយ។ ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។ ធ្វើដូច្នេះ គេនឹងប្រមូលទ្រព្យសម្បត្ដិ ដែលជាគ្រឹះដ៏ល្អ ទុកសម្រាប់ខ្លួននៅពេលអនាគត ដើម្បីឲ្យគេចាប់បានជីវិតដ៏ពិតប្រាកដ។ ឱធីម៉ូថេអើយ ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសម្ដីឡេះឡោះឥតប្រយោជន៍ និងពាក្យទទឹងទទែងនៃសេចក្ដីដែលគេច្រឡំហៅថា ចំណេះដឹង ក៏មានអ្នកខ្លះប្រកាន់យក ហើយបានឃ្លាតចេញពីជំនឿ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
១ ធីម៉ូថេ 6:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់ព្រះនាមនៃព្រះជាម្ចាស់ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងឡើយ។ បងប្អូនទាំងឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើម្ចាស់ទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបម្រើដ៏ល្អនេះ គឺជាអ្នកជឿ និងជាបងប្អូនដ៏ជាទីស្រឡាញ់។ អ្នកត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។ ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង និងមិនយកចិត្តទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និងឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កឲ្យតែមានការច្រណែនឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្តគ្នា និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ជាមធ្យោបាយរកទ្រព្យសម្បត្តិ។ ចំពោះអ្នកដែលចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន! ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅដែរ!។ ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ។ រីឯអស់អ្នកដែលចង់មានចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នា លេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្តរាយ ដ្បិតការស្រឡាញ់ប្រាក់ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។ ចំពោះអ្នកវិញ អ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។ ត្រូវពុះពារតយុទ្ធសម្រាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នកមកឲ្យទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះព្រះភ័ក្ត្រព្រះគ្រិស្តយេស៊ូ ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា ចូរប្រតិបត្តិតាមបទបញ្ជាឲ្យបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើងយាងមក នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញ។ ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រ ធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា មានតែព្រះអង្គមួយគត់ដែលមាន ព្រះជន្មអមតៈ ព្រះអង្គគង់នៅក្នុងពន្លឺ ដែលគ្មាននរណា អាចចូលជិតឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្ដា របស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។ ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើព្រះជាម្ចាស់ដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។ ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្តទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ ធ្វើដូច្នេះ គេនឹងសន្សំសម្បត្តិដ៏ល្អគង់វង្សសម្រាប់លោកខាងមុខ ដើម្បីទទួលជីវិតដ៏ពិតប្រាកដ។ ធីម៉ូថេអើយ អ្វីៗដែលព្រះជាម្ចាស់បានផ្ញើនឹងអ្នក ចូររក្សាទុកទៅ។ ត្រូវចៀសវាងពាក្យសម្តីឥតន័យ ឥតខ្លឹមសារ និងចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។ មានអ្នកខ្លះប្រកាន់យកចំណេះបែបនេះ ហើយត្រូវវង្វេងចេញពីជំនឿ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ។
១ ធីម៉ូថេ 6:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯអស់អ្នកទាំងប៉ុន្មាន ដែលនៅក្រោមនឹមជាបាវបំរើគេ នោះត្រូវរាប់ចៅហ្វាយខ្លួន ទុកជាគួរនឹងគោរពប្រតិបត្តិគ្រប់យ៉ាងចុះ ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមព្រះ នឹងសេចក្ដីបង្រៀននេះឡើយ ហើយអ្នកណាដែលមានចៅហ្វាយជាអ្នកជឿ នោះមិនត្រូវមានចិត្តមើលងាយដល់ចៅហ្វាយនោះ ដោយព្រោះជាបងប្អូនគ្នាទេ តែស៊ូបំរើវិញ ដោយព្រោះចៅហ្វាយនោះជាអ្នកជឿ ហើយជាស្ងួនភ្ងាដែរ ជាអ្នកដែលចំរើនឡើង ដោយការបំរើយ៉ាងល្អនោះឯង ចូរឲ្យអ្នកបង្រៀនសេចក្ដីទាំងនេះ ហើយទូន្មានគេចុះ។ បើអ្នកណាបង្រៀនពីសេចក្ដីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសំដីដែលត្រឹមត្រូវ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងជាសេចក្ដីបង្រៀនដែលត្រឹមត្រូវ តាមសេចក្ដីគោរពប្រតិបត្តិដល់ព្រះទេ អ្នកនោះឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្ដីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ នឹងសេចក្ដីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ ជាសេចក្ដីជំលោះឥតប្រយោជន៍របស់មនុស្សខូចគំនិត ហើយឥតស្គាល់សេចក្ដីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះជាផ្លូវឲ្យបានកំរៃ តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន។ តែ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្ដីទាំងនោះ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្តិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូតវិញ ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្ដីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល ហើយអ្នកក៏បានធ្វើបន្ទាល់យ៉ាងល្អនៅមុខសាក្សីជាច្រើនដែរ ខ្ញុំផ្តាំមកអ្នក នៅចំពោះព្រះ ដែលទ្រង់ប្រទានជីវិតដល់គ្រប់ទាំងអស់ ហើយនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានធ្វើបន្ទាល់យ៉ាងល្អ នៅមុខលោកប៉ុនទាស-ពីឡាត់ថា ឲ្យអ្នកកាន់តាមបញ្ញត្តបែបដែលឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់លេចមក ដែលព្រះនឹងសំដែងឲ្យឃើញទ្រង់ ក្នុងវេលាកំណត់ គឺជាស្តេចចក្រតែ១ព្រះអង្គដ៏មានពរ ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ក៏មានតែទ្រង់ប៉ុណ្ណោះដែលមិនចេះសុគត ទ្រង់គង់នៅក្នុងពន្លឺដែលរកចូលទៅជិតមិនបាន គ្មានមនុស្សណាដែលឃើញទ្រង់ឡើយ ក៏មើលទ្រង់មិនឃើញផង សូមឲ្យទ្រង់បានល្បីព្រះនាម នឹងព្រះចេស្តា នៅអស់កល្បជានិច្ច អាម៉ែន។ ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយនេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ ចូរបង្គាប់ឲ្យគេធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសំរាប់ខ្លួន ដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច។ ឱធីម៉ូថេអើយ ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ នឹងពាក្យទទឹងទទែងនៃសេចក្ដីដែលក្លែងហៅថា ចំណេះវិជ្ជាផង ដែលមានមនុស្សខ្លះប្រកាន់ ក៏បានជ្រួសពីសេចក្ដីជំនឿចេញហើយ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚