១ ធីម៉ូថេ 3:1-7

១ ធីម៉ូថេ 3:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​ចង់​បាន​មុខងារ​ជា​អភិបាល គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។ អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។ គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​កើត!។ មិន​ត្រូវ​ឲ្យ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។ មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ​ពី​សំណាក់​អស់​អ្នក ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពាក្យ​នេះ​ពិត​ប្រាកដ​មែន គឺ​ថា ប្រសិន‌បើ​អ្នក​ណា​ចង់​បាន​មុខ​ងារ​ជាអភិបាល អ្នក​នោះ​ប្រាថ្នា​ចង់​បានកិច្ច​ការ​ល្អ​ប្រសើរ​ហើយ។ ដូច្នេះ អ្នក​អភិបាល​ត្រូវតែ​ជា​មនុស្ស​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ចេះ​គ្រប់​គ្រង​ចិត្ត មាន​កិរិយា​មារយាទ​ល្អ ចេះ​រាក់​ទាក់ ប្រសប់​ក្នុង​ការ​បង្រៀន មិន​ចំណូល​ស្រា មាន​ចិត្ត​ស្លូត‌បូត មិន​ចេះ​រក​រឿង​ហេតុ មិន​ឈ្លោះ​ប្រកែក មិន​ស្រឡាញ់​ប្រាក់។ គាត់​ត្រូវ​ចេះ​គ្រប់​គ្រងក្រុម​គ្រួសារ​របស់​ខ្លួនបាន​ល្អ ទាំង​ឲ្យ​កូន​ចៅ​ចេះ​ស្តាប់​បង្គាប់ និង​មានកិរិយា​ថ្លៃ​ថ្នូរ​គ្រប់​ជំពូក ដ្បិត​ប្រសិន‌បើ​មនុស្ស​ម្នាក់​មិន​ចេះ​គ្រប់​គ្រង​ក្រុម​គ្រួសារ​របស់​ខ្លួន ធ្វើ​ដូច​ម្ដេចឲ្យ​គាត់​អាច​ថែ​រក្សា​ក្រុម​ជំនុំ​របស់​ព្រះ​បាន? អ្នក​ដែល​ទើប​នឹង​ជឿ​ថ្មី ធ្វើ​ពុំ​បាន​ឡើយ ក្រែង​គាត់​អាច​នឹង​អួត​បំប៉ោង ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស។ ម្យ៉ាង​ទៀត អ្នកនោះ​ត្រូវ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង​ដែរ ក្រែង​គេ​ត្មះ‌តិះ‌ដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពាក្យ​នេះ​គួរ​ជឿ​ដែល​ថា បើ​អ្នក​ណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា នោះ​ឈ្មោះ​ថា​ចង់​បាន​ល្អ​ប្រសើរ​ហើយ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ត្រួត‌ត្រា​ប្រព្រឹត្ត​ដោយ​ឥត​កន្លែង​ចាប់​ទោស​បាន​ចុះ ត្រូវ​ជា​មនុស្ស​មាន​ប្រពន្ធ​តែ​១ ជា​មនុស្ស​ដឹង​ខ្នាត មាន​ចិត្ត​ធ្ងន់‌ធ្ងរ កាន់​គំនិត​មារយាទ ជា​អ្នក​ចៅ‌រ៉ៅ ហើយ​ប្រសប់​នឹង​ការ​បង្រៀន មិន​ត្រូវ​ជា​អ្នក​ចំណូល​ស្រា ឬ​ឈ្លោះ​ប្រកែក ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ឥត​រក​រឿង​រក​ហេតុ ឥត​លោភ​ចង់​បាន​ប្រាក់ ត្រូវ​ត្រួត‌ត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួល‌បួល ទាំង​ឲ្យ​កូន​ចៅ​ស្តាប់​បង្គាប់​ដោយ​នឹង‌ធឹង បើ​អ្នក​ណា​មិន​ចេះ​ត្រួត‌ត្រា​ផ្ទះ​ខ្លួន ធ្វើ​ដូច​ម្តេច​ឲ្យ​ថែ​រក្សា​ពួក​ជំនុំ​នៃ​ព្រះ​បាន មនុស្ស​ណា​ដែល​ទើប​នឹង​ជឿ​ថ្មី នោះ​ធ្វើ​ពុំ​បាន​ទេ ក្រែង​កើត​មាន​ចិត្ត​ធំ ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះ‌តិះដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3