១ ធីម៉ូថេ 3:1-16

១ ធីម៉ូថេ 3:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពាក្យ​នេះ​ពិត​ប្រាកដ​មែន គឺ​ថា ប្រសិន‌បើ​អ្នក​ណា​ចង់​បាន​មុខ​ងារ​ជាអភិបាល អ្នក​នោះ​ប្រាថ្នា​ចង់​បានកិច្ច​ការ​ល្អ​ប្រសើរ​ហើយ។ ដូច្នេះ អ្នក​អភិបាល​ត្រូវតែ​ជា​មនុស្ស​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ចេះ​គ្រប់​គ្រង​ចិត្ត មាន​កិរិយា​មារយាទ​ល្អ ចេះ​រាក់​ទាក់ ប្រសប់​ក្នុង​ការ​បង្រៀន មិន​ចំណូល​ស្រា មាន​ចិត្ត​ស្លូត‌បូត មិន​ចេះ​រក​រឿង​ហេតុ មិន​ឈ្លោះ​ប្រកែក មិន​ស្រឡាញ់​ប្រាក់។ គាត់​ត្រូវ​ចេះ​គ្រប់​គ្រងក្រុម​គ្រួសារ​របស់​ខ្លួនបាន​ល្អ ទាំង​ឲ្យ​កូន​ចៅ​ចេះ​ស្តាប់​បង្គាប់ និង​មានកិរិយា​ថ្លៃ​ថ្នូរ​គ្រប់​ជំពូក ដ្បិត​ប្រសិន‌បើ​មនុស្ស​ម្នាក់​មិន​ចេះ​គ្រប់​គ្រង​ក្រុម​គ្រួសារ​របស់​ខ្លួន ធ្វើ​ដូច​ម្ដេចឲ្យ​គាត់​អាច​ថែ​រក្សា​ក្រុម​ជំនុំ​របស់​ព្រះ​បាន? អ្នក​ដែល​ទើប​នឹង​ជឿ​ថ្មី ធ្វើ​ពុំ​បាន​ឡើយ ក្រែង​គាត់​អាច​នឹង​អួត​បំប៉ោង ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស។ ម្យ៉ាង​ទៀត អ្នកនោះ​ត្រូវ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង​ដែរ ក្រែង​គេ​ត្មះ‌តិះ‌ដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។ ឯ​អ្នក​ជំនួយ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​សម្ដី​ពីរ មិន​ចំណូល​ស្រា មិន​លោភ​ចង់​បាន​ប្រាក់ គេត្រូវ​ប្រកាន់​ខ្ជាប់​តាម​អាថ៌‌កំបាំង​របស់​ជំនឿ ដោយ​មន‌សិការ​ស្អាត​បរិសុទ្ធ។ ត្រូវ​សាក​ល្បង​គេ​ជា​មុន​សិន ហើយ​បើ​ឃើញ​ថា​រក​កន្លែង​បន្ទោស​មិន​បាន នោះ​ចូរ​ឲ្យ​គេ​ធ្វើ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។ ឯ​ប្រពន្ធ​របស់​គេ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​ដើម​គេ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។ អ្នក​ជំនួយ​ត្រូវ​តែជា​អ្នក​មាន​ប្រពន្ធ​តែ​មួយ ហើយ​ចេះ​គ្រប់​គ្រង​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​បានល្អ ដ្បិត​អស់​អ្នក​ដែល​បំពេញ​មុខ​ងារ​ជា​អ្នក​ជំនួយ​បាន​ល្អ គេ​នឹង​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន ហើយ​មាន​សេចក្តី​ក្លា‌ហាន​ជា​ខ្លាំង​ក្នុង​ជំនឿ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក​អ្នក ដើម្បី​ក្រែង​បើ​ខ្ញុំ​ក្រមក​ដល់ នោះ​អ្នក​បាន​ដឹង​ពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្តយ៉ាង​ណា នៅ​ក្នុង​ដំណាក់​របស់​ព្រះ ដែល​ជា​ក្រុម​ជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​សសរ និង​ជា​គ្រឹះទ្រទ្រង់​សេចក្ដី​ពិត។ ពិត​ណាស់ អាថ៌‌កំបាំង​នៃ​សាសនា​របស់​យើង​អស្ចារ្យ​ណាស់ គឺ​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យយើង​ឃើញ​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ព្រះ‌អង្គ មនុស្ស​បាន​ប្រកាស​អំពី​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គេ​បាន​ជឿ​ដល់​ព្រះ‌អង្គ​នៅ​ពាស​ពេញ​ពិភព​លោក ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ក្នុង​សិរី‌ល្អ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​ចង់​បាន​មុខងារ​ជា​អភិបាល គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។ អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។ គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​កើត!។ មិន​ត្រូវ​ឲ្យ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។ មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ​ពី​សំណាក់​អស់​អ្នក ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។ រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។ គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ស្គាល់ ដោយ​មន‌សិការ​បរិសុទ្ធ។ ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។ ចំពោះ​ស្ត្រីៗ​វិញ ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។ អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង ដ្បិត​បងប្អូន​ណា​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ ខ្ញុំ​សរសេរ​សំបុត្រ​នេះ ទាំង​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ ក៏​ប៉ុន្តែ បើ​ខ្ញុំ​ក្រ​មក​ដល់ សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ខ្លះ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​ក្នុង​ក្រុម‌ជំនុំ*​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ក្រុម‌ជំនុំ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។ យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​នោះ​ធំ​ណាស់ គឺ​ថា: ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​ព្រះ‌គ្រិស្ត​ក្នុង​ឋានៈ​ជា​មនុស្ស ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​សុចរិត ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ គេ​ប្រកាស​អំពី​ព្រះអង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង ឲ្យ​មាន​សិរី‌រុងរឿង។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពាក្យ​នេះ​គួរ​ជឿ​ដែល​ថា បើ​អ្នក​ណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា នោះ​ឈ្មោះ​ថា​ចង់​បាន​ល្អ​ប្រសើរ​ហើយ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ត្រួត‌ត្រា​ប្រព្រឹត្ត​ដោយ​ឥត​កន្លែង​ចាប់​ទោស​បាន​ចុះ ត្រូវ​ជា​មនុស្ស​មាន​ប្រពន្ធ​តែ​១ ជា​មនុស្ស​ដឹង​ខ្នាត មាន​ចិត្ត​ធ្ងន់‌ធ្ងរ កាន់​គំនិត​មារយាទ ជា​អ្នក​ចៅ‌រ៉ៅ ហើយ​ប្រសប់​នឹង​ការ​បង្រៀន មិន​ត្រូវ​ជា​អ្នក​ចំណូល​ស្រា ឬ​ឈ្លោះ​ប្រកែក ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ឥត​រក​រឿង​រក​ហេតុ ឥត​លោភ​ចង់​បាន​ប្រាក់ ត្រូវ​ត្រួត‌ត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួល‌បួល ទាំង​ឲ្យ​កូន​ចៅ​ស្តាប់​បង្គាប់​ដោយ​នឹង‌ធឹង បើ​អ្នក​ណា​មិន​ចេះ​ត្រួត‌ត្រា​ផ្ទះ​ខ្លួន ធ្វើ​ដូច​ម្តេច​ឲ្យ​ថែ​រក្សា​ពួក​ជំនុំ​នៃ​ព្រះ​បាន មនុស្ស​ណា​ដែល​ទើប​នឹង​ជឿ​ថ្មី នោះ​ធ្វើ​ពុំ​បាន​ទេ ក្រែង​កើត​មាន​ចិត្ត​ធំ ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះ‌តិះដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។ ឯ​ពួក​អ្នក​ជំនួយ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង‌ធឹង ឥត​និយាយ​សំដី​២ ឥត​ចំណូល​ស្រា ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​ជា​អ្នក​កាន់​តាម​សេចក្ដី​អាថ៌‌កំបាំង​របស់​សេចក្ដី​ជំនឿ ដោយ​បញ្ញា​ចិត្ត​ដ៏​ស្អាត មួយ​ទៀត ត្រូវ​ល្បង​ល​ចំពោះ​ពួក​អ្នក​ជំនួយ​ទាំង​នោះ​ជា​មុន​ដំបូង​ដែរ រួច​បើ​កាល​ណា​ឃើញ​ថា គ្មាន​កន្លែង​ចាប់​ទោស​បាន​ហើយ នោះ​សឹម​ឲ្យ​គេ​ជួយ​ទៅ​ចុះ ឯ​ប្រពន្ធ​របស់​គេ ក៏​ត្រូវ​មាន​ចិត្ត​នឹង‌ធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ ជា​អ្នក​ដឹង​ខ្នាត ហើយ​ស្មោះ‌ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់ ត្រូវ​ឲ្យ​អ្នក​ជំនួយ​មាន​ប្រពន្ធ​តែ​១ ទាំង​ត្រួត‌ត្រា​កូន​ចៅ នឹង​ផ្ទះ​ខ្លួន ដោយ​ស្រួល‌បួល ដ្បិត​ពួក​អ្នក​ដែល​បាន​ជួយ​យ៉ាង​ល្អ នោះ​នឹង​បាន​ថ្នាក់​ល្អ​សំរាប់​ខ្លួន នឹង​សេចក្ដី​ក្លាហាន​ក្នុង​សេចក្ដី​ជំនឿ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ឯ​អ្នក​ជា​យ៉ាង​ឆាប់ ប៉ុន្តែ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក​អ្នក​សិន ដើម្បី​ក្រែង​ខ្ញុំ​ក្រ​មក នោះ​ឲ្យ​អ្នក​បាន​ដឹង​ពី​របៀប​យ៉ាង​ណា ដែល​គួរ​ប្រព្រឹត្ត​ក្នុង​ដំណាក់​នៃ​ព្រះ គឺ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត ពិត​ប្រាកដ​ជា​សេចក្ដី​អាថ៌‌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល‌ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរី‌ល្អ​វិញ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3