១ ធីម៉ូថេ 2:1-7
១ ធីម៉ូថេ 2:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់ សម្រាប់ស្តេច និងអ្នកកាន់អំណាចទាំងប៉ុន្មានផង ដើម្បីឲ្យយើងបានរស់នៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ទាំងគោរពប្រតិបត្តិដល់ព្រះ ហើយមានជីវិតថ្លៃថ្នូរគ្រប់ជំពូក។ ដ្បិតនេះជាការល្អ ហើយគាប់ព្រះហឫទ័យព្រះ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយបានស្គាល់សេចក្ដីពិត។ ដ្បិតមានព្រះតែមួយ ហើយមានអ្នកកណ្ដាលតែមួយ រវាងព្រះនឹងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវ ដែលជាមនុស្ស ព្រះអង្គបានថ្វាយព្រះអង្គទ្រង់ ជាថ្លៃលោះមនុស្សទាំងអស់ ជាទីបន្ទាល់ដែលបានប្រទានមកនៅពេលកំណត់។ ដ្បិតព្រះអង្គបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស និងជាសាវកសម្រាប់ការនេះឯង គឺជាគ្រូបង្រៀនពួកសាសន៍ដទៃ ដោយជំនឿ និងសេចក្ដីពិត (ខ្ញុំនិយាយពិត មិនកុហកទេ)។
១ ធីម៉ូថេ 2:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូលសូមព្រះជាម្ចាស់ អធិស្ឋាន* និងអង្វរព្រះអង្គ ទាំងអរព្រះគុណ សម្រាប់មនុស្សទាំងអស់ផង។ ត្រូវទូលអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ត គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្នូរ។ នេះហើយជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង ដែលព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះគ្រិស្តយេស៊ូដែលជាមនុស្ស។ ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។ ព្រះអង្គបានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាសាវ័ក* និងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។
១ ធីម៉ូថេ 2:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ខ្ញុំទូន្មានសេចក្ដីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់ គឺឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក ដ្បិតយ៉ាងនោះ ទើបបានល្អ ហើយគាប់ព្រះហឫទ័យ ដល់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ នឹងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់ ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ នឹងជាសាវកពីការនោះឯង គឺជាគ្រូបង្រៀនដល់ពួកសាសន៍ដទៃ ដោយសេចក្ដីជំនឿ នឹងសេចក្ដីពិត (ខ្ញុំនិយាយតាមសេចក្ដីពិតមិនកុហកទេ)។