១ ធីម៉ូថេ 1:3-8
១ ធីម៉ូថេ 1:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលខ្ញុំរៀបនឹងទៅស្រុកម៉ាសេដូន ខ្ញុំបានសុំឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរ ដើម្បីឲ្យបានហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេង ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ រឿងទាំងនោះបង្កឲ្យតែមានការជជែកដេញដោល ជាជាងកិច្ចការរបស់ព្រះដែលយើងស្គាល់ដោយជំនឿ។ ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។ អ្នកខ្លះបានបែរចេញពីសេចក្ដីនោះទៅហើយ ទាំងងាកទៅរកពាក្យសម្ដីឥតប្រយោជន៍ គេចង់ធ្វើជាគ្រូខាងក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬសេចក្ដីដែលគេប្រកាន់យកនោះផង។ រីឯយើងវិញ យើងដឹងថា ក្រឹត្យវិន័យល្អមែន ប្រសិនបើគេប្រើបានត្រឹមត្រូវ
១ ធីម៉ូថេ 1:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបានផ្ដែផ្ដាំអ្នក នៅពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូនរួចហើយថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះកុំឲ្យបង្រៀនគោលលទ្ធិណាផ្សេងទៀតឡើយ ហើយក៏កុំឲ្យជាប់ចិត្តទៅលើរឿងព្រេង និងទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះបង្កឲ្យតែមានការជជែកវែកញែក ជាជាងគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ ដែលយើងស្គាល់តាមជំនឿ។ ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។ អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់ និយាយពាក្យសម្ដីឥតខ្លឹមសារ គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ* តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។ យើងដឹងហើយថា ក្រឹត្យវិន័យ*ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។
១ ធីម៉ូថេ 1:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលខ្ញុំរៀបនឹងទៅឯស្រុកម៉ាសេដូន នោះខ្ញុំបានសូមឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរចុះ ដើម្បីឲ្យអ្នកបានហាមប្រាមដល់អ្នកខ្លះ កុំឲ្យគេបង្រៀនពីសេចក្ដីណាផ្សេងទៀត ឬស្តាប់តាមរឿងព្រេង នឹងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឲ្យមានសេចក្ដីដេញដោល ជាជាងចំរើនការនៃព្រះក្នុងសេចក្ដីជំនឿ ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្ដីជំនឿដ៏ស្មោះត្រង់វិញ ព្រោះអ្នកខ្លះបានជ្រួសចេញពីសេចក្ដីនោះទៅហើយ ព្រមទាំងបែរចេញ ទៅខាងពាក្យសំដី ដែលឥតប្រយោជន៍ផង គេចង់ធ្វើជាគ្រូនៃក្រិត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬពីសេចក្ដីដែលគេប្រកាន់នោះផង រីឯយើងៗដឹងថា ក្រិត្យវិន័យល្អមែន បើអ្នកណាប្រើតាមត្រឹមត្រូវ