១ ថេស្សាឡូនិក 5:1-28

១ ថេស្សាឡូនិក 5:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​ពេល​វេលា និង​ពេល​កំណត់​នោះ យើង​មិន​បាច់​សរសេរ​មក​ប្រាប់​បងប្អូន​ទេ ដ្បិត​បងប្អូន​ផ្ទាល់​ជ្រាប​ច្បាស់​ហើយ​ថា ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក ប្រៀប​បី​ដូច​ជា​ចោរ​ចូល​លួច​នៅ​ពេល​យប់។ ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្តិ‌ភាព​ហើយ! មាន​សន្តិ‌សុខ​ហើយ!” ពេល​នោះ មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សម្រាល​កូន​ដែរ។ រីឯ​បងប្អូន​វិញ បងប្អូន​អើយ បងប្អូន​មិន​មែន​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត បណ្ដោយ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ ដោយ​មិន​ដឹង​ខ្លួន ដូច​ជា​ពេល​ចោរ​ចូល​លួច​នោះ​ឡើយ។ បងប្អូន​ទាំង​អស់​គ្នា​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន យើង​មិន​មែន​រស់​នៅ​ក្នុង​យប់​អន្ធការ និង​ក្នុង​សេចក្ដី​ងងឹត​ទេ។ ហេតុ​នេះ យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជានិច្ច។ អស់​អ្នក​ដែល​ដេក​លក់​តែង​ដេក​លក់​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ស្រវឹង​ស្រា​ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។ រីឯ​យើង​ដែល​មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​វិញ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ដោយ​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវ‌ក្រោះ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក ដ្បិត​ព្រះ‌ជាម្ចាស់​មិន​បាន​តម្រូវ​ឲ្យ​យើង​ទទួល​ទោស​ឡើយ គឺ​ព្រះអង្គ​ឲ្យ​យើង​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​សោយ​ទិវង្គត​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​រស់​រួម​ជា​មួយ​ព្រះអង្គ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី ។ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បងប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។ បងប្អូន​អើយ យើង​សូម​អង្វរ​បងប្អូន​ឲ្យ​ចេះ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ ក្នុង​ចំណោម​បងប្អូន ជា​អ្នក​នាំ​មុខ​បងប្អូន​ក្នុង​មាគ៌ា​ព្រះ‌អម្ចាស់ និង​អប់រំ​បងប្អូន។ ត្រូវ​លើក​តម្លៃ​បងប្អូន​ទាំង​នោះ​ឲ្យ​បាន​ខ្ពស់​បំផុត ទាំង​មាន​ចិត្ត​ស្រឡាញ់ ដោយ​យល់​ដល់​កិច្ចការ​ដែល​គេ​បំពេញ​នោះ​ផង។ ត្រូវ​រស់​នៅ​ឲ្យ​បាន​សុខ​ជា​មួយ​គ្នា។ បងប្អូន​អើយ យើង​សូម​ដាស់‌តឿន​បងប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់‌ធ្នាប់ ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រ‌ទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ឡើយ តែ​ត្រូវ​សង្វាត​ធ្វើ​អំពើ​ល្អ​ជានិច្ច គឺ​ធ្វើ​ចំពោះ​បងប្អូន​គ្នា​ឯង និង​ចំពោះ​មនុស្ស​ទួទៅ។ ចូរ​មាន​អំណរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បងប្អូន ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​ធ្វើ​ដូច្នេះ​ឯង។ កុំ​រារាំង​សកម្ម‌ភាព​របស់​ព្រះ‌វិញ្ញាណ​ឡើយ កុំ​មើល‌ងាយ​ការ​ថ្លែង​ព្រះ‌បន្ទូល ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។ ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ សូម​ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​ប្រោស​បងប្អូន​ឲ្យ​បាន​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែ‌រក្សា​ខ្លួន​បងប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង​យាង​មក។ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​សម្រេច​ការ​នេះ​ជា​ពុំ‌ខាន។ បងប្អូន​អើយ សូម​អធិស្ឋាន*​ឲ្យ​យើង​ផង។ សូម​ជម្រាប​សួរ​ពួក​បងប្អូន​ទាំង​អស់ ដោយ​ស្និទ្ធ‌ស្នាល។ ខ្ញុំ​សូម​អង្វរ​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។ សូម​ឲ្យ​បងប្អូន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង។

១ ថេស្សាឡូនិក 5:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ចំពោះ​ពេល​វេលា និង​ពេល​កំណត់ នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ។ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។ កាល​គេ​កំពុង​និយាយ​ថា «មាន​សេចក្ដី​សុខ​សាន្តហើយ មាន​សន្ដិសុខ​ហើយ!» ពេល​នោះ នឹង​មាន​មហន្តរាយ​កើត​មាន​ដល់​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​ចាប់​នឹង​សម្រាល ហើយ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ប៉ុន្តែ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​សេចក្ដី​ងងឹត ដែល​បណ្តាល​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ជា​កូន​នៃ​ពន្លឺ និង​ជា​កូន​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​យប់ ឬ​ជា​ពួក​សេចក្តី​ងងឹត​ឡើយ។ ដូច្នេះ យើង​ត្រូវ​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ដេក​លក់​ដូច​ជា​អ្នក​ឯ​ទៀត​ទេ។ ដ្បិត​អស់​អ្នក​ដែល​ដេក​លក់ គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។ ប៉ុន្ដែ យើង​ដែល​ជា​ពួក​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ជា​អាវ​ក្រោះ ហើយ​យក​សេចក្ដី​សង្ឃឹម​នៃ​ការ​សង្គ្រោះ មក​ពាក់​ជា​មួក​សឹក។ ដ្បិត​ព្រះ​មិន​បាន​តម្រូវ​យើង​សម្រាប់​សេចក្ដី​ក្រោធ​ទេ គឺ​សម្រាប់​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ​វិញ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ទ្រង់​សុគត​ជួស​យើង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ ទោះ​បើ​យើង​នៅ​រស់ ឬ​ដេក​លក់​ក្តី។ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា ហើយ​ស្អាង​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។ បង‌ប្អូន​អើយ យើង​សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​គោរព​អស់​អ្នក​ដែល​ខំ​ធ្វើ​ការ​នឿយ​ហត់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​អ្នក​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ហើយ​ទូន្មាន​អ្នក​រាល់​គ្នា ចូរ​រាប់​អាន​អ្នក​ទាំង​នោះ​ឲ្យ​ខ្ពស់ ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ព្រោះ​កិច្ច​ការ​របស់​គេ។ ចូរឲ្យ​បាន​សុខ​សាន្ត​ជា​មួយ​គ្នា។ បង‌ប្អូន​អើយ យើង​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​បន្ទោស​អស់​អ្នក​ដែល​ខ្ជិល​ច្រអូស លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ពួក​អ្នក​ដែល​ទន់​ខ្សោយ ហើយ​អត់​ធ្មត់ចំពោះ​មនុស្ស​ទាំង​អស់។ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​សង្វាត​ធ្វើ​អំពើ​ល្អ​ជា‌និច្ច ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​គ្រប់​គ្នា។ ចូរ​អរ​សប្បាយ​ជា‌និច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ កុំ​មើល​ងាយ​សេចក្ដី​ទំនាយ ចូរ​ល្បង​មើល​អ្វីៗ​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​វិញ្ញាណ ព្រលឹង និង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ទាំង​មូល បាន​បម្រុង​ទុក​ជា​ឥត​សៅ‌ហ្មង រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក។ ព្រះ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ​ត្រង់ ហើយ​ព្រះ‌អង្គ​នឹង​សម្រេច​ការ​នេះ។ បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង។ សូម​ជម្រាប​សួរ​ពួក​បង‌ប្អូន​ទាំង​អស់ ដោយ​ការ​ថើប​បរិសុទ្ធ។ ខ្ញុំ​សូម​បង្គាប់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់​ថា សូមអាន​សំបុត្រ​នេះ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​ស្តាប់​កុំ​ខាន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ អាម៉ែន។:៚

១ ថេស្សាឡូនិក 5:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ឯ​ត្រង់​ពេល​វេលា នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​មក​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់ ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន‌វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ តែ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​មែន​នៅ​ក្នុង​សេចក្ដី​ងងឹត ឲ្យ​ថ្ងៃ​នោះ​បាន​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​ពួក​នៃ​ពន្លឺ ហើយ​ជា​ពួក​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​នៃ​យប់ ឬ​នៃ​សេចក្ដី​ងងឹត​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ ដ្បិត​ពួក​អ្នក​ដែល​ដេក​លក់ នោះ​គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​ពួក​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ តែ​យើង​ដែល​ជា​ពួក​នៃ​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ហើយ​សេចក្ដី​សង្ឃឹម​របស់​ផង​សេចក្ដី​សង្គ្រោះ ទុក​ជា​មួក​សឹក ដ្បិត​ព្រះ‌ទ្រង់​មិន​បាន​ដំរូវ​យើង ទុក​សំរាប់​សេចក្ដី​ក្រោធ​ទេ គឺ​សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ទោះ​បើ​ចាំ​យាម​ឬ​ដេក​លក់​ក្តី ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ។ តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ​អ្នក​រាល់​គ្នា​ថា ចូរ​ចំណាំ​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​ខំ​ធ្វើ​កិច្ច‌ការ​ក្នុង​ពួក​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ហើយ​នឹង​ពួក​អ្នក​ដែល​ទូន្មាន​ដែរ ដើម្បី​ឲ្យ​បាន​រាប់​អាន​ជា​ខ្លាំង ចំពោះ​ពួក​អ្នក​យ៉ាង​នោះ ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ព្រោះ​ការ​ដែល​គេ​ធ្វើ ចូរ​នៅ​ជា​មួយ​គ្នា​ដោយ​មេត្រី​ចុះ បង​ប្អូន​អើយ យើង​ខ្ញុំ​ទូន្មាន​ឲ្យ​អ្នក​រាល់​គ្នា​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​សណ្តាប់‌ធ្នាប់ ហើយ​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់ ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំង‌ឡាយ​ដែរ ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ កុំ​ឲ្យ​មើល‌ងាយ​ការ​អធិប្បាយ​ឡើយ ចូរ​ល​មើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង។ សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប‌កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅ‌ហ្មង ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការ​នោះ។ បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ថើប​បរិសុទ្ធ​ដែរ ខ្ញុំ​ផ្តាំ​មក​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌អម្ចាស់​ថា សូម​អាន​មើល​សំបុត្រ​នេះ ឲ្យ​ពួក​បង​ប្អូន​បរិសុទ្ធ​គ្រប់​គ្នា​ស្តាប់​ផង សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚