១ ថេស្សាឡូនិក 5:1-11

១ ថេស្សាឡូនិក 5:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ចំពោះ​ពេល​វេលា និង​ពេល​កំណត់ នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ។ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។ កាល​គេ​កំពុង​និយាយ​ថា «មាន​សេចក្ដី​សុខ​សាន្តហើយ មាន​សន្ដិសុខ​ហើយ!» ពេល​នោះ នឹង​មាន​មហន្តរាយ​កើត​មាន​ដល់​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​ចាប់​នឹង​សម្រាល ហើយ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ប៉ុន្តែ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​សេចក្ដី​ងងឹត ដែល​បណ្តាល​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ជា​កូន​នៃ​ពន្លឺ និង​ជា​កូន​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​យប់ ឬ​ជា​ពួក​សេចក្តី​ងងឹត​ឡើយ។ ដូច្នេះ យើង​ត្រូវ​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ដេក​លក់​ដូច​ជា​អ្នក​ឯ​ទៀត​ទេ។ ដ្បិត​អស់​អ្នក​ដែល​ដេក​លក់ គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។ ប៉ុន្ដែ យើង​ដែល​ជា​ពួក​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ជា​អាវ​ក្រោះ ហើយ​យក​សេចក្ដី​សង្ឃឹម​នៃ​ការ​សង្គ្រោះ មក​ពាក់​ជា​មួក​សឹក។ ដ្បិត​ព្រះ​មិន​បាន​តម្រូវ​យើង​សម្រាប់​សេចក្ដី​ក្រោធ​ទេ គឺ​សម្រាប់​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ​វិញ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ទ្រង់​សុគត​ជួស​យើង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ ទោះ​បើ​យើង​នៅ​រស់ ឬ​ដេក​លក់​ក្តី។ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា ហើយ​ស្អាង​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។

១ ថេស្សាឡូនិក 5:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​ពេល​វេលា និង​ពេល​កំណត់​នោះ យើង​មិន​បាច់​សរសេរ​មក​ប្រាប់​បងប្អូន​ទេ ដ្បិត​បងប្អូន​ផ្ទាល់​ជ្រាប​ច្បាស់​ហើយ​ថា ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក ប្រៀប​បី​ដូច​ជា​ចោរ​ចូល​លួច​នៅ​ពេល​យប់។ ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្តិ‌ភាព​ហើយ! មាន​សន្តិ‌សុខ​ហើយ!” ពេល​នោះ មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សម្រាល​កូន​ដែរ។ រីឯ​បងប្អូន​វិញ បងប្អូន​អើយ បងប្អូន​មិន​មែន​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត បណ្ដោយ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ ដោយ​មិន​ដឹង​ខ្លួន ដូច​ជា​ពេល​ចោរ​ចូល​លួច​នោះ​ឡើយ។ បងប្អូន​ទាំង​អស់​គ្នា​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន យើង​មិន​មែន​រស់​នៅ​ក្នុង​យប់​អន្ធការ និង​ក្នុង​សេចក្ដី​ងងឹត​ទេ។ ហេតុ​នេះ យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជានិច្ច។ អស់​អ្នក​ដែល​ដេក​លក់​តែង​ដេក​លក់​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ស្រវឹង​ស្រា​ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។ រីឯ​យើង​ដែល​មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​វិញ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ដោយ​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវ‌ក្រោះ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក ដ្បិត​ព្រះ‌ជាម្ចាស់​មិន​បាន​តម្រូវ​ឲ្យ​យើង​ទទួល​ទោស​ឡើយ គឺ​ព្រះអង្គ​ឲ្យ​យើង​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​សោយ​ទិវង្គត​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​រស់​រួម​ជា​មួយ​ព្រះអង្គ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី ។ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បងប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។

១ ថេស្សាឡូនិក 5:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ឯ​ត្រង់​ពេល​វេលា នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​មក​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់ ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន‌វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ តែ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​មែន​នៅ​ក្នុង​សេចក្ដី​ងងឹត ឲ្យ​ថ្ងៃ​នោះ​បាន​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​ពួក​នៃ​ពន្លឺ ហើយ​ជា​ពួក​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​នៃ​យប់ ឬ​នៃ​សេចក្ដី​ងងឹត​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ ដ្បិត​ពួក​អ្នក​ដែល​ដេក​លក់ នោះ​គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​ពួក​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ តែ​យើង​ដែល​ជា​ពួក​នៃ​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ហើយ​សេចក្ដី​សង្ឃឹម​របស់​ផង​សេចក្ដី​សង្គ្រោះ ទុក​ជា​មួក​សឹក ដ្បិត​ព្រះ‌ទ្រង់​មិន​បាន​ដំរូវ​យើង ទុក​សំរាប់​សេចក្ដី​ក្រោធ​ទេ គឺ​សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ទោះ​បើ​ចាំ​យាម​ឬ​ដេក​លក់​ក្តី ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ