១ ថេស្សាឡូនិក 3:1-13

១ ថេស្សាឡូនិក 3:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កាល​ទ្រាំ​មិន​បាន​ទៀត នោះ​យើង​ខ្ញុំ​បាន​គិត​ថា គួរ​ឲ្យ​យើង​ខ្ញុំ​នៅ​ក្រុង​អាថែន​តែ​ម្នាក់​ឯង​ចុះ ដើម្បី​នឹង​ចាត់​ធីម៉ូថេ ជា​បង​ប្អូន គឺ​ជា​អ្នក​បំរើ​នៃ​ព្រះ ដែល​បាន​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ ឲ្យ​គាត់​បាន​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​មាំ‌មួន ហើយ​ជួយ​ចំរើន​ខាង​ឯ​សេចក្ដី​ជំនឿ​ផង ក្រែង​អ្នក​ណា​កើត​មាន​ចិត្ត​ថប់​ព្រួយ ដោយ​សេចក្ដី​ទុក្ខ​លំបាក​ទាំង​នេះ (ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ចៀស​ពី​សេចក្ដី​យ៉ាង​នេះ​មិន​រួច​ទេ ព្រោះ​កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ នោះ​ក៏​បាន​ប្រាប់​ជា​មុន​ថា យើង​រៀប​នឹង​រង​ទុក្ខ​លំបាក ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ថា មាន​មក​ហើយ) ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ទ្រាំ​មិន​បាន​ទៀត នោះ​ខ្ញុំ​បាន​ចាត់​គាត់​មក​ឲ្យ​បាន​ដឹង​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក្រែង​មេ​ល្បួង​បាន​លួង​នាំ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​ការ​នឿយ‌ហត់​របស់​យើង​ខ្ញុំ​បាន​ទៅ​ជា​ឥត​អំពើ​វិញ តែ​ឥឡូវ​នេះ ដែល​ធីម៉ូថេ​បាន​ចេញ​ពី​អ្នក​រាល់​គ្នា ទៅ​ដល់​យើង​ខ្ញុំ ព្រម​ទាំង​នាំ​ដំណឹង​ល្អ​ពី​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​យើង​ខ្ញុំ​វិញ ហើយ​ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​យើង​ខ្ញុំ ដោយ​អំណរ​ជានិច្ច ទាំង​រឭក​ចង់​ឃើញ​យើង​ខ្ញុំ​ផង ដូច​ជា​យើង​ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ដែរ ដូច្នេះ បង​ប្អូន​អើយ ក្នុង​ខណ​ដែល​យើង​ខ្ញុំ​កំពុង​តែ​មាន​សេចក្ដី​ទុក្ខ​ព្រួយ នឹង​សេចក្ដី​លំបាក​ជា​ច្រើន នោះ​យើង​ខ្ញុំ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត ពី​ដំណើរ​អ្នក​រាល់​គ្នា​ឡើង​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដ្បិត​ឥឡូវ​នេះ បើ​អ្នក​រាល់​គ្នា​ឈរ​នៅ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់ នោះ​ទើប​យើង​ខ្ញុំ​នឹង​រស់​នៅ តើ​យើង​ខ្ញុំ​អាច​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ប្រការ​ដូច​ម្តេច ឲ្យ​បាន​ល្មម​ធួន​នឹង​អស់​ទាំង​សេចក្ដី​អំណរ ដែល​យើង​ខ្ញុំ​មាន​នៅ​ចំពោះ​ព្រះ​នៃ​យើង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន យើង​ខ្ញុំ​ទូល​អង្វរ​ដោយ​ទទូច​ទាំង​យប់​ទាំង​ថ្ងៃ សូម​ឲ្យ​បាន​ឃើញ​មុខ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​បំពេញ​សេចក្ដី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ផង សូម​ឲ្យ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នឹង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​ខ្ញុំ ទ្រង់​ដំរង់​ផ្លូវ​យើង​ខ្ញុំ ឲ្យ​បាន​មក​ឯ​អ្នក​រាល់​គ្នា សូម​ឲ្យ​ព្រះ‌អម្ចាស់​ចំរើន​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​ពេញ‌ពោរ​ហូរ‌ហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ដល់​មនុស្ស​ទាំង​អស់​ផង ដូច​ជា​យើង​ខ្ញុំ​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​ដែរ ប្រយោជន៍​នឹង​តាំង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បរិសុទ្ធ ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​របស់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក ជា​មួយ​នឹង​អស់​ទាំង​អ្នក​បរិសុទ្ធ​របស់​ទ្រង់។

១ ថេស្សាឡូនិក 3:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កាល​យើង​មិន​អាច​ទ្រាំ​ត​ទៅ​ទៀតបាន យើង​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្រុង​អាថែន​តែ​គ្នា​យើង ហើយ​យើង​បាន​ចាត់​ធីម៉ូថេ ជា​បង‌ប្អូន និង​ជា​អ្នក​រួម​ការ​ងារ​ជាមួយ​ព្រះ ក្នុង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ជួយ​ពង្រឹង និង​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​មាន​ជំនឿ​រឹង​មាំ ក្រែង​អ្នក​ណា​ម្នាក់​រង្គើ​ដោយ​សារ​ទុក្ខ​លំបាក​ទាំង​នេះ ដ្បិត​អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ​បាន​តម្រូវ​យើង​សម្រាប់​ការ​នេះ​ឯង។ ដ្បិត​កាល​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា យើងបាន​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ជា​មុន​ថា យើង​នឹងត្រូវជួប​ទុក្ខ​លំបាក ហើយ​ទុក្ខ​លំបាក​នោះ​ក៏​កើត​មាន​មែន ដូច​ជា​អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់។ ហេតុ​នេះ កាល​ខ្ញុំ​មិន​អាច​ទ្រាំ​ត​ទៅ​ទៀតបាន ខ្ញុំ​ក៏​ចាត់ធីម៉ូថេ​ឲ្យ​មក ដើម្បី​ឲ្យ​ដឹង​អំ​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា ព្រោះ​ក្រែង​មេ​ល្បួង​មក​លួង​លោម​អ្នក​រាល់​គ្នា ហើយ​ការ​នឿយ​ហត់​របស់​យើង បែរ​ទៅ​ជា​ឥត​ប្រយោជន៍​វិញ។ ប៉ុន្ដែ ឥឡូវ​នេះ ធីម៉ូថេ​បាន​វិល​ត្រឡប់​ពី​អ្នក​រាល់​គ្នា មក​ដល់​យើង​វិញ​ហើយ ទាំង​នាំ​ដំណឹង​ល្អ​អំ​ពី​ជំនឿ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​យើង​ដោយ​អំណរ​ជា‌និច្ច ហើយ​ចង់​ជួប​យើង ដូច​ជា​យើង​ចង់ជួប​អ្នក​រាល់​គ្នា​ដែរ។ ហេតុ​នេះ បង‌ប្អូន​អើយ ក្នុង​គ្រប់​ទាំង​ទុក្ខ​ព្រួយ និង​ការ​លំបាក​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​បាន​ក្សាន្ត​ចិត្ត​ឡើង​វិញ​អំពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ។ ដ្បិត​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​វិញ​ហើយ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឈរ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់។ តើ​យើង​អាច​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​ម្តេច ឲ្យ​ស្មើ​នឹង​អំណរ​ដែល​យើង​មាន​នៅ​ចំពោះ​ព្រះ​នៃ​យើង ដោយ​ព្រោះ​អ្នក​រាល់​គ្នា? យើង​អធិស្ឋាន​យ៉ាង​អស់​ពីចិត្ត ទាំង​យប់​ទាំង​ថ្ងៃ សូម​ឲ្យ​បាន​ឃើញ​មុខ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​បំពេញ​អ្វី​ដែល​ខ្វះ ខាង​ឯ​ជំនឿ​របស់​អ្នក​រាល់​គ្នា។ សូម​ឲ្យ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​នៃ​យើង តម្រង់​ផ្លូវ​យើង មក​រក​អ្នក​រាល់​គ្នា ហើយ​សូម​ឲ្យ​ព្រះ‌អម្ចាស់ ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​កាន់​តែ​ច្រើន​ឡើងជា​បរិបូរ ខាង​ឯ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​ទាំង​អស់ ដូច​ជា​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ សូម​ព្រះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​ប៉ឹង​ដោយ​បរិសុទ្ធ ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេ‌ស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ពួក​បរិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ។

១ ថេស្សាឡូនិក 3:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​យើង​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន យើង​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្រុង​អាថែន​តែ​គ្នា​យើង ហើយ​ចាត់​លោក​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង ដែល​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ ក្នុង​ការ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ដ ឲ្យ​មក​ជួយ​ពង្រឹង និង​ដាស់‌តឿនបងប្អូន​ឲ្យ​មាន​ជំនឿ​រឹង‌ប៉ឹង​ឡើង ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ត ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ​ឡើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​នេះ​ឯង។ កាល​យើង​នៅ​ជា​មួយ​បងប្អូន​នៅ​ឡើយ យើង​បាន​ជម្រាប​បងប្អូន​រួច​ហើយ​ថា យើង​មុខ​ជា​នឹង​ជួប​ទុក្ខ​វេទនា។ ទុក្ខ​វេទនា​នេះ​ក៏​កើត​មាន​មែន ដូច​បងប្អូន​ជ្រាប​ស្រាប់។ ហេតុ​នេះ ដោយ​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន ខ្ញុំ​ក៏​ចាត់​លោក​ធីម៉ូថេ​ឲ្យ​មក​យក​ដំណឹង​អំពី​ជំនឿ​របស់​បងប្អូន ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​បងប្អូន​បាន បណ្ដាល​ឲ្យ​ការ​នឿយ‌ហត់​របស់​យើង បែរ​ទៅ​ជា​អសារ‌បង់​វិញ។ ឥឡូវ​នេះ លោក​ធីម៉ូថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹង‌ល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បងប្អូន​នៅ​នឹក​ចាំ​ពី​យើង​ជានិច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បងប្អូន​ដែរ។ ហេតុ​នេះ បងប្អូន​អើយ ជំនឿ​របស់​បងប្អូន​បាន​ធ្វើ​ឲ្យ​ចិត្ត​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ត​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី។ ដោយ​បងប្អូន​ស្ថិត​នៅ​ខ្ជាប់ខ្ជួន​ជា​មួយ​ព្រះ‌អម្ចាស់​ដូច្នេះ យើង​ក៏​ដូច​ជា​មាន​ជីវិត​រស់​វិញ​ដែរ។ យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បងប្អូន​នោះ​ឡើយ ព្រោះ​តែ​បងប្អូន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​រីក‌រាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​របស់​យើង។ ទាំង​យប់ ទាំង​ថ្ងៃ យើង​ទទូច​សូម​ព្រះអង្គ​មេត្តា​ប្រោស​ឲ្យ​បាន​ឃើញ​មុខ​បងប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​ជំនឿ​របស់​បងប្អូន​បាន​គ្រប់​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។ សូម​ព្រះ‌ជាម្ចាស់​ផ្ទាល់ ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង ទ្រង់​រៀបចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បងប្អូន។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗ​ជា​អនេក ដូច​យើង​បាន​ស្រឡាញ់​បងប្អូន​ដែរ។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ចិត្ត​គំនិត​របស់​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ឲ្យ​បងប្អូន​បាន​វិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ!