១ ថេស្សាឡូនិក 1:6-10
១ ថេស្សាឡូនិក 1:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាក៏បានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ ដ្បិតទោះបើមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ្នករាល់គ្នាបានទទួលព្រះបន្ទូលដោយអំណរ មកពីព្រះវិញ្ញាណបរិសុទ្ធដែរ ហេតុនេះហើយបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូ ដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន និងស្រុកអាខៃ។ ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់អ្នករាល់គ្នាចំពោះព្រះ បានចេញទៅគ្រប់កន្លែង ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។ មនុស្សជាច្រើនបានរៀបរាប់អំពីយើង ពីរបៀបដែលអ្នករាល់គ្នាបានទទួលយើង និងពីរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបព្រះ មករកព្រះដ៏ពិត ដើម្បីគោរពប្រតិបត្តិដល់ព្រះដ៏មានព្រះជន្មរស់នៅ ហើយរង់ចាំព្រះរាជបុត្រារបស់ព្រះអង្គ យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គឺព្រះយេស៊ូវ ដែលនឹងប្រោសយើងឲ្យរួចពីសេចក្ដីក្រោធដែលត្រូវមក។
១ ថេស្សាឡូនិក 1:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនបានយកតម្រាប់តាមយើង និងយកតម្រាប់តាមព្រះអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលព្រះបន្ទូលទាំងមានអំណរមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែរ។ ហេតុនេះ បងប្អូនបានទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និងស្រុកអាខៃ ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើព្រះជាម្ចាស់បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។ មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ។ បងប្អូនក៏ទន្ទឹងរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងពីស្ថានបរមសុខ*មក គឺព្រះយេស៊ូ ដែលព្រះអង្គបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូនេះប្រោសយើងឲ្យរួចផុតពីព្រះពិរោធដែលកំពុងតែមក។
១ ថេស្សាឡូនិក 1:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាក៏បានត្រាប់តាមយើងខ្ញុំ ហើយនឹងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូល ដោយសេចក្ដីអំណររបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងកាលដែលកំពុងតែកើតទុក្ខលំបាកជាខ្លាំងផង ដល់ម៉្លេះបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន នឹងស្រុកអាខៃ ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន នឹងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ ដ្បិតគេថ្លែងប្រាប់ពីយើងខ្ញុំ ដែលអ្នករាល់គ្នាបានទទួលយើងជាយ៉ាងណា ទាំងបែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្ដីខ្ញាល់ទៅមុខ។