១ សាំយូអែល 7:3-17

១ សាំយូអែល 7:3-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​វេលា​នោះ លោកសាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​តម្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​តែ​មួយ ព្រះ‌អង្គ​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល​ចេញ វិល​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​វិញ។ លោកសាំយូ‌អែល​ក៏​ប្រាប់​ថា៖ «ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​មីស‌ប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​សម្រាប់​អ្នក​រាល់​គ្នា»។ គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីស‌ប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​និយាយ​ថា៖ «យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» នោះ​លោកសាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីស‌ប៉ា។ ពេល​ពួក​ភីលី‌ស្ទីន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា​ដូច្នោះ នោះ​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ក៏​ឡើង​មក​ទាស់​នឹង​គេ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដឹង នោះ​គេ​ភ័យ​ខ្លាច​នឹង​ពួក​ភីលី‌ស្ទីន។ ហើយ​ក៏​អង្វរ​លោកសាំយូ‌អែល​ថា៖ «សូម​លោក​កុំ​ឈប់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ដើម្បី​ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ លោកសាំយូ‌អែល​ក៏​យក​កូន​ចៀម​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​ឲ្យ​ពួក​អ៊ីស្រា‌អែល នោះ​ព្រះ‌យេហូវ៉ា​ក៏​យល់​ព្រម​តាម។ កាល​លោកសាំយូ‌អែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត នោះ​ពួក​ភីលី‌ស្ទីន​ចូល​មក​ដល់​ជិត ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ហើយ តែ​នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ ជា​យ៉ាង​ខ្លាំង​ត្រង់​ពី​លើ​ពួក​ភីលី‌ស្ទីន ឲ្យ​គេ​បាក់​ទ័ព​ខ្ចាត់‌ខ្ចាយ​ចេញ ហើយ​គេ​ត្រូវ​ពួក​អ៊ីស្រា‌អែល​កាប់​សម្លាប់។ ពួក​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​មីស‌ប៉ា ដេញ​តាម​ពួក​ភីលី‌ស្ទីន​ទៅ ទាំង​ប្រហារ​ជីវិត​គេ​រហូត​ដល់​បេត-ការ។ ពេល​នោះ លោក​សាំយូ‌អែល​យក​ថ្ម​ដាក់​នៅ​កណ្ដាល​មីស‌ប៉ា និង​សេន ហើយ​ក៏​ហៅ​ថ្ម​នោះ​ថា អេបេន-អេស៊ើរ ដោយ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ជួយ​យើង​ខ្ញុំ​រហូត​ដល់​ឥឡូវ​នេះ»។ ដូច្នេះ ពួក​ភីលី‌ស្ទីន​ត្រូវ​ទទួល​ចុះ​ចាញ់ គេ​មិន​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ពួក​ភីលី‌ស្ទីន នៅ​គ្រប់​មួយ​ជីវិត​លោកសាំយូ‌អែល។ ឯ​អស់​ទាំង​ទី​ក្រុង​ណា​ដែល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រា‌អែល​ទៅ នោះ​ក៏​បាន​ប្រគល់​មក​អ៊ីស្រា‌អែល​វិញ ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ ហើយ​គ្រប់​ដែន​ស្រុក​នោះ ពួក​អ៊ីស្រា‌អែល​ក៏​បាន​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​ដែរ នៅ​ជាន់​នោះ សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​អាម៉ូរី មាន​សេចក្ដី​មេត្រី​នឹង​គ្នា។ ឯ​លោកសាំយូ‌អែល លោក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​មួយ​ជីវិត។ លោក​តែង​ដើរ​វង់ ពី​បេត-អែល​ទៅ​ដល់​គីល‌កាល និង​មីសប៉ា រាល់​តែ​ឆ្នាំ ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​នៅ​កន្លែង​ទាំង​នោះ។ រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​ជា‌និច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។

ចែក​រំលែក
អាន ១ សាំយូអែល 7

១ សាំយូអែល 7:3-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ​អាស្តា‌រ៉ូត* ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​ជា​មិន​ខាន»។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ​បាល* និង​ព្រះ​អាស្តា‌រ៉ូត ហើយ​គោរព​បម្រើ​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមូល​ផ្ដុំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មីស‌ប៉ា រួច​ហើយ​ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​អ្នក​រាល់​គ្នា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ព្រះ‌អម្ចាស់»។ លោក​សាំយូ‌អែល​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រា‌អែល នៅ​មីស‌ប៉ា។ កាល​ជន‌ជាតិ​ភីលីស្ទីន​បាន​ឮ​ដំណឹង​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​ក៏​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពួក​គេ​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! តែ​សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​ព្រះអង្គ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន»។ លោក​សាំយូ‌អែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ រួច​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​លោក​វិញ។ នៅ​ពេល​លោក​សាំយូ‌អែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត កង‌ទ័ព​ភីលីស្ទីន​ចូល​មក​វាយ​លុក​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់​ឮ​យ៉ាង​ខ្លាំង​ពី​លើ​ពួក​ភីលីស្ទីន បណ្ដាល​ឲ្យ​ពួក​គេ​ជ្រួល‌ច្របល់ បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ពី​មីស‌ប៉ា ដេញ​តាម​ប្រហារ​ពួក​ភីលីស្ទីន រហូត​ដល់​បេត‌កា។ លោក​សាំយូ‌អែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីស‌ប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-‌អេ‌ស៊ើរ ដោយ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។ កង‌ទ័ព​ភីលីស្ទីន​បាក់‌ស្បាត​លែង​ហ៊ាន​លុក‌លុយ​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។ ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធា‌នុភាព ប្រឆាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន អស់​មួយ​ជីវិត​របស់​លោក​សាំយូ‌អែល។ ក្រុង​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​វាយ​ដណ្ដើម​យក​ពី​អ៊ីស្រា‌អែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​អ៊ីស្រា‌អែល ជន‌ជាតិ​អ៊ីស្រា‌អែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ មួយ​វិញ​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ជា​មួយ​គ្នា​ដែរ។ លោក​សាំយូ‌អែល​បាន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​មួយ​ជីវិត។ រៀង​រាល់​ឆ្នាំ លោក​តែង​ធ្វើ​ដំណើរ​ជុំ‌វិញ​ស្រុក​អ៊ីស្រា‌អែល ពី​បេត‌អែល​ទៅ​គីល‌កាល់ និង​មីស‌ប៉ា ហើយ​លោក​កាត់​ក្ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​កន្លែង​ទាំង​នោះ។ បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​គេហ‌ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​លោក​កាត់​ក្ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន ១ សាំយូអែល 7

១ សាំយូអែល 7:3-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​នោះ សាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ថា បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ នឹង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​ដំរង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​តែ​១ នោះ​ទ្រង់​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ដូច្នេះពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​យក​ព្រះ​បាល នឹង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល​ចេញ វិល​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​វិញ។ សាំយូ‌អែល​ក៏​ប្រាប់​ថា ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក​ឯ​មីសប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អ្នក​រាល់​គ្នា គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីសប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ត្រង់​មីសប៉ា លុះ​ពួក​ភីលីស្ទីន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រជុំ​គ្នា​នៅមីសប៉ា​ដូច្នោះ នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​មក​ទាស់​នឹង​គេ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដឹង នោះ​គេ​ភ័យ​ខ្លាច​នឹង​ពួក​ភីលីស្ទីន ហើយ​ក៏​អង្វរ​សាំយូ‌អែល​ថា សូម​កុំ​ឲ្យ​លោក​ឈប់​លែង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ដើម្បី​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ដូច្នោះ សាំយូ‌អែល​ក៏​យក​កូន​ចៀម​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​ឲ្យ​ពួក​អ៊ីស្រាអែល នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យល់​ព្រម​តាម កាល​សាំយូ‌អែល​កំពុង​តែ​ថ្វាយ​ដង្វាយ​ដុត នោះ​ពួក​ភីលីស្ទីន​ចូល​មក​ដល់​ជិត ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ហើយ តែ​នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ ជា​យ៉ាង​ខ្លាំងត្រង់​ពី​លើ​ពួក​ភីលីស្ទីន ឲ្យ​គេ​បាក់​ទ័ព​ខ្ចាត់​ខ្ចាយ​ចេញ ហើយ​គេ​ត្រូវ​ពួក​អ៊ីស្រាអែល​កាប់​សំឡាប់ ពួក​អ៊ីស្រាអែល​ក៏​ចេញ​ពី​មីសប៉ា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ ទាំង​ប្រហារ​ជីវិត​គេ​រហូត​ដល់​បេត-ការ។ នោះ​សាំយូ‌អែល លោក​យក​ថ្ម ដាក់​នៅ​កណ្តាល​មីសប៉ា នឹង​ស៊េន ហើយ​ក៏​ហៅ​ថ្ម​នោះ ឈ្មោះ​ថា អេបេន-អេស៊ើរ ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​យើង​ខ្ញុំ ដរាប​ដល់​ឥឡូវ​នេះ ដូច្នេះ ពួក​ភីលីស្ទីន​ត្រូវ​ទទួល​ចុះ​ចាញ់ គេ​មិន​បាន​ទន្ទ្រាន​ចូល​មក ក្នុង​ដែន​ស្រុក​អ៊ីស្រាអែល​ទៀត ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ពួក​ភីលីស្ទីន នៅ​គ្រប់​១​ជីវិត​សាំយូ‌អែល ឯ​អស់​ទាំង​ទី​ក្រុង​ណា​ដែល​ពួក​ភីលីស្ទីន​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រាអែល​ទៅ នោះ​ក៏​បាន​ប្រគល់​មក​អ៊ីស្រាអែល​វិញ ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ ហើយ​គ្រប់​ដែន​ស្រុក​នោះ ពួក​អ៊ីស្រាអែល​ក៏​បាន​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ នៅ​ជាន់​នោះសាសន៍​អ៊ីស្រាអែល នឹង​សាសន៍​អាម៉ូរី មាន​សេចក្ដី​មេត្រី​នឹង​គ្នា។ ឯ​សាំយូ‌អែល លោក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​១​ជីវិត លោក​តែង​ដើរ​វង់ ពី​បេត-អែល ទៅ​ដល់​គីល‌កាល ហើយ​នឹង​មីសប៉ា រាល់​តែ​ឆ្នាំ ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រាអែល នៅ​កន្លែង​ទាំង​នោះ រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រាអែល​ជានិច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។

ចែក​រំលែក
អាន ១ សាំយូអែល 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ