១ សាំយូអែល 25:1-43

១ សាំយូអែល 25:1-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ លោក​សាំយូ‌អែល​ទទួល​មរណ‌ភាព។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​មក​ជួប‌ជុំ​គ្នា ធ្វើ​ពិធី​កាន់​ទុក្ខ​សព​លោក។ គេ​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ភូមិ​ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា។ បន្ទាប់​មក លោក​ដាវីឌ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​បារ៉ា‌សន​វិញ។ នៅ​ម៉ាអូន មាន​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​ដី‌ធ្លី​នៅ​ភូមិ​កើមែល។ គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល។ ពេល​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម​នៅ​ភូមិ​កើមែល។ បុរស​នោះ​ឈ្មោះ​ណាបាល ភរិយា​គាត់​ឈ្មោះ​នាង​អប៊ី‌កែល ដែល​ជា​ស្ត្រី​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ រូប​សម្ផស្ស​ស្រស់​ល្អ រីឯ​ប្ដី​នាង​ជា​មនុស្ស​កំរោល និង​មាន​ចិត្ត​ឃោរ‌ឃៅ។ គាត់​ជា​មនុស្ស​ក្នុង​អំបូរ​កាលែប។ ពេល​លោក​ដាវីឌ​នៅ​វាល​រហោ‌ស្ថាន លោក​បាន​ឮ​ដំណឹង​ថា លោក​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម។ លោក​ដាវីឌ​ចាត់​យុវជន​ដប់​នាក់​ឲ្យ​ទៅ​ជួប​លោក​ណាបាល ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កើមែល ហើយ​សួរ​សុខ​ទុក្ខ​លោក​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជម្រាប​លោក​ថា “សូម​ឲ្យ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្ដី​សុខ! ហើយ​សូម​ឲ្យ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដែរ! ខ្ញុំ​ដឹង​ថា លោក​បាន​ហៅ​គេ​មក​កាត់​រោម​ចៀម នៅ​ផ្ទះ​លោក។ ពេល​ពួក​គង្វាល​របស់​លោក​ស្នាក់​នៅ​ជា​មួយ​យើង យើង​មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក្នុង​ពេល​ពួក​គេ​ស្នាក់​នៅ​ឯ​ភូមិ​កើមែល នោះ​ក៏​មិន​ដែល​បាត់​បង់​អ្វី​ដែរ។ លោក​អាច​សាក​សួរ​កូន​ចៅ​របស់​លោក​ក៏​បាន ពួក​គេ​នឹង​ជម្រាប​ការ​ពិត​ជូន​លោក។ ដូច្នេះ សូម​លោក​អាណិត​មេត្តា​ពួក​យុវជន​របស់​ខ្ញុំ ដែល​មក​ជួប​លោក​នៅ​ថ្ងៃ​បុណ្យ​នេះ​ផង។ សូម​លោក​មេត្តា​ចែក​រំលែក​អ្វីៗ​ដែល​លោក​មាន​ឲ្យ​ពួក​ខ្ញុំ​ប្របាទ និង​ឲ្យ​ខ្ញុំ ដាវីឌ ដែល​ជា​កូន​ចៅ​របស់​លោក​ផង”»។ ពេល​ពួក​យុវជន​ទៅ​ដល់ ពួក​គេ​ក៏​រៀប​រាប់​ពាក្យ​ទាំង​នេះ​ជម្រាប​លោក​ណាបាល ក្នុង​នាម​លោក​ដាវីឌ រួច​ពួក​គេ​រង់‌ចាំ​ចម្លើយ។ លោក​ណាបាល​ឆ្លើយ​តប​ថា៖ «តើ​ដាវីឌ​នោះ​ជា​នរណា? តើ​កូន​លោក​អ៊ីសាយ​នោះ​ជា​ស្អី? សព្វ​ថ្ងៃ​នេះ សម្បូណ៌​ខ្ញុំ​កញ្ជះ​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន​ណាស់! តើ​គួរ​ឲ្យ​អញ​យក​នំប៉័ង យក​ទឹក និង​សាច់ ដែល​អញ​បាន​បម្រុង​ទុក​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។ ពួក​យុវជន​ត្រឡប់​ទៅ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ជម្រាប​លោក​ដាវីឌ។ លោក​ដាវីឌ​ក៏​បញ្ជា​ទៅ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​លោក​ដាវីឌ​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ លោក​នាំ​មនុស្ស​ប្រមាណ​បួន​រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ​រយ​នាក់​ទៀត​ឲ្យ​នៅ​រក្សា​របស់​របរ។ មាន​អ្នក​បម្រើ​ម្នាក់​របស់​លោក​ណាបាល​រត់​មក​ជម្រាប​នាង​អប៊ី‌កែល ជា​ភរិយា​របស់​ម្ចាស់​ខ្លួន​ថា៖ «លោក​ដាវីឌ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោ‌ស្ថាន ឲ្យ​មក​សួរ​សុខ​ទុក្ខ​លោក​ម្ចាស់​របស់​យើង តែ​លោក​បាន​ជេរ​ប្រមាថ​ពួក​គេ។ តាម​ពិត ពួក​គេ​ល្អ​នឹង​យើង​ណាស់ ពួក​គេ​មិន​ដែល​ប្រព្រឹត្ត​អ្វី​អាក្រក់​ចំពោះ​យើង​ទេ ហើយ​ក្នុង​ពេល​យើង​នៅ​ជា​មួយ​ពួក​គេ ឯ​ទី​វាល​នោះ យើង​ពុំ​ដែល​បាត់​បង់​អ្វី​ឡើយ។ ពួក​គេ​ប្រៀប​ដូច​ជា​កំពែង​ការពារ​យើង ទាំង​ថ្ងៃ ទាំង​យប់ ក្នុង​អំឡុង​ពេល​យើង​ឃ្វាល​ចៀម​នៅ​ជិត​ពួក​គេ។ ឥឡូវ​នេះ សូម​អ្នក​ស្រី​គិត‌គូរ​ពិចារណា​មើល​ថា តើ​អ្នក​ស្រី​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​មហន្ត‌រាយ​មុខ​ជា​កើត​មាន​ដល់​លោក​ម្ចាស់ និង​ក្រុម​គ្រួសារ​ទាំង​មូល​មិន​ខាន។ លោក​ម្ចាស់​យើង​មាន​ចរិត​អាក្រក់​ណាស់ គ្មាន​នរណា​អាច​និយាយ​ជា​មួយ​លោក​បាន​ទេ»។ នាង​អប៊ី‌កែល​ប្រញាប់‌ប្រញាល់​យក​នំប៉័ង​ពីរ​រយ​ដុំ ស្រា​ទំពាំង‌បាយជូរ​ពីរ​ថង់​ស្បែក ចៀម​ដែល​គេ​រៀបចំ​ជា​ស្រេច​ចំនួន​ប្រាំ​ក្បាល លាជ​ប្រាំ​តៅ ទំពាំង‌បាយជូរ​ក្រៀម​មួយ​រយ​កញ្ចប់ និង​នំ​ផ្លែ​ឧទុម្ពរ​ក្រៀម​ពីរ​រយ ផ្ទុក​លើ​ខ្នង​លា រួច​បញ្ជា​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ចេញ​ទៅ​មុន​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ»។ នាង​អប៊ី‌កែល​ពុំ​បាន​ប្រាប់​លោក​ណាបាល​ជា​ប្ដី​ឲ្យ​ដឹង​ទេ។ នាង​បាន​ជិះ​លា​សសៀរ​ចុះ​តាម​ភ្នំ។ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ចុះ​តម្រង់​មក​រក​នាង​ដែរ នាង​ជួប​ប្រទះ​ពួក​គេ។ លោក​ដាវីឌ​ទើប​នឹង​គិត​ថា៖ «ខ្ញុំ​ខំ​ការពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​នៅ​វាល​រហោ‌ស្ថាន មិន​ឲ្យ​អ្វី​មួយ​បាត់​បង់​ឡើយ តែ​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់ គឺ​គាត់​បែរ​ជា​ប្រព្រឹត្ត​អាក្រក់​តប​នឹង​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​គេ។ ដូច្នេះ បើ​ខ្ញុំ​ទុក​ជីវិត​មនុស្ស​ប្រុស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ណាបាល ឲ្យ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ ​យ៉ាង​ធ្ងន់‌ធ្ងរ​ចុះ»។ ពេល​នាង​អប៊ី‌កែល​ឃើញ​លោក​ដាវីឌ នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​ថ្វាយ‌បង្គំ​លោក​ដាវីឌ​ឱន​មុខ​ដល់​ដី។ នាង​ក្រាប​សំពះ​បាត​ជើង​លោក ហើយ​ពោល​ថា៖ «លោក​ម្ចាស់! នេះ​ជា​កំហុស​របស់​នាង​ខ្ញុំ​ទេ! សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​សិន សូម​មេត្តា​ស្ដាប់​ពាក្យ​របស់​នាង​ខ្ញុំ​ផង! សូម​លោក​ម្ចាស់​កុំ​រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្ត‌ចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។ លោក​ម្ចាស់​អើយ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ម្ចាស់​ផ្ទាល់ ដែល​មាន​ជីវិត​រស់​នៅ​ថា ព្រះ‌អម្ចាស់​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​បង្ហូរ​ឈាម ដើម្បី​សង‌សឹក ដោយ​ដៃ​របស់​លោក​ម្ចាស់​ផ្ទាល់​ឡើយ។ សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់ ព្រម​ទាំង​អស់​អ្នក​ដែល​ចង់​ធ្វើ​អាក្រក់​ចំពោះ​លោក​ម្ចាស់ ទទួល​ទោស​ដូច​លោក​ណាបាល​ដែរ។ សូម​មេត្តា​ទទួល​យក​ជំនូន ដែល​នាង​ខ្ញុំ​នាំ​យក​មក​ជូន​លោក​ម្ចាស់ ចែក​ឲ្យ​ពួក​យុវជន​ដែល​មក​ជា​មួយ​លោក​ម្ចាស់​ផង​ចុះ។ សូម​លោក​មេត្តា​អត់‌ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ ព្រះ‌អម្ចាស់​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់‌វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។ មាន​គេ​ប្រឆាំង តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក នឹង​ការពារ​ជីវិត​លោក​ជានិច្ច មិន​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ព្រះអង្គ​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ព្រះអង្គ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។ នៅ​ពេល​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ទ្រង់​បាន​សន្យា គឺ​នៅ​ពេល​ព្រះអង្គ​តែង‌តាំង​លោក​ជា​មគ្គុទេ្ទសក៍​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល លោក​ម្ចាស់​មិន​ត្រូវ​សោក​ស្ដាយ ឬ​មាន​វិប្បដិ‌សារី ព្រោះ​បាន​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដោយ​ឥត​ហេតុ​ផល និង​បាន​សង‌សឹក​ដោយ​ផ្ទាល់​ដៃ​ឡើយ។ កាល​ណា​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ពរ​លោក​ហើយ សូម​លោក​ម្ចាស់​នឹក​ដល់​នាង​ខ្ញុំ​ផង»។ លោក​ដាវីឌ​តប​ទៅ​នាង​អប៊ី‌កែល​វិញ​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ចាត់​នាង​ឲ្យ​មក​ជួប​ខ្ញុំ នៅ​ថ្ងៃ​នេះ។ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​នាង​មាន​យោបល់​ល្អ។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង ព្រោះ​ថ្ងៃ​នេះ នាង​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​បង្ហូរ​ឈាម និង​សង‌សឹក​ដោយ​ផ្ទាល់​ដៃ។ ព្រះ‌អម្ចាស់​ពិត​ជា​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​បាប​នាង​មែន ដ្បិត​ប្រសិន​បើ​នាង​មិន​ប្រញាប់‌ប្រញាល់​មក​ជួប​ខ្ញុំ​ទេ នោះ​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ពេល​ថ្ងៃ​រះ មុខ​ជា​គ្មាន​បុរស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ណាបាល នៅ​មាន​ជីវិត​ឡើយ»។ លោក​ដាវីឌ​សុខ​ចិត្ត​ទទួល​យក​ជំនូន ដែល​នាង​អប៊ី‌កែល​នាំ​យក​មក​ជូន រួច​លោក​មាន​ប្រសាសន៍​ថា៖ «សូម​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុខ‌សាន្ត​ចុះ ខ្ញុំ​ស្ដាប់​តាម​ពាក្យ​អង្វរ​របស់​នាង​ហើយ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​នាង!»។ ពេល​នាង​អប៊ី‌កែល​ទៅ​ដល់​ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់‌លៀង​របស់​ស្ដេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃ‌លែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​លោក រហូត​ដល់​ថ្ងៃ​រះ។ លុះ​ព្រឹក​ឡើង ពេល​លោក​ស្វាង​ស្រា ភរិយា​របស់​លោក​រៀប​រាប់​ប្រាប់​នូវ​ហេតុ‌ការណ៍​ដែល​កើត​មាន។ ឮ​ដូច្នោះ លោក​ណាបាល​ក៏​គាំង​បេះ‌ដូង​ដេក​ស្ដូក​នៅ​មួយ​កន្លែង។ ប្រមាណ​ជា​ដប់​ថ្ងៃ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រហារ​លោក ហើយ​លោក​ក៏​ទទួល​មរណ‌ភាព។ កាល​លោក​ដាវីឌ​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ លោក​ពោល​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ព្រះអង្គ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​អំពើ​អាក្រក់​នេះ​ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។ បន្ទាប់​មក លោក​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អប៊ី‌កែល​មក​ធ្វើ​ជា​ភរិយា។ ពួក​អ្នក​បម្រើ​របស់​លោក​ដាវីឌ​ទៅ​ដល់​ផ្ទះ​នាង​អប៊ី‌កែល នៅ​ភូមិ​កើមែល ហើយ​ពោល​ទៅ​នាង​ថា៖ «លោក​ដាវីឌ​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​ស្រី ដើម្បី​ស្នើ​អ្នក​ស្រី​ធ្វើ​ជា​ភរិយា​របស់​លោក»។ នាង​អប៊ី‌កែល​ក្រោក​ឡើង ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ទាំង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​នេះ​ជា​ទាសី ដើម្បី​លាង​ជើង​ជូន​ពួក​អ្នក​បម្រើ​របស់​លោក​ម្ចាស់»។ នាង​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង ជិះ​លា​ចេញ​ទៅ ដោយ​មាន​ក្មេង​បម្រើ​ស្រី​ប្រាំ​នាក់​ទៅ​ជា​មួយ។ នាង​ទៅ​តាម​ពួក​អ្នក​នាំ​សារ​របស់​លោក​ដាវីឌ រួច​ធ្វើ​ជា​ភរិយា​លោក។ ពី​មុន លោក​ដាវីឌ​ក៏​បាន​រៀបការ​ជា​មួយ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល​ដែរ។ ដូច្នេះ នាង​អហ៊ី‌ណោម និង​នាង​អប៊ី‌កែល ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​ភរិយា​របស់​លោក។

១ សាំយូអែល 25:1-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សាំយូ‌អែល​លោក​ក៏​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់ គេ​មូល​គ្នា យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា ឯ​ដាវីឌ​លោក​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។ រីឯ​នៅ​ម៉ាអូន មាន​ម្នាក់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ ដែល​ទ្រព្យ​សម្បត្តិ​នៅ​ឯ​កើមែល គាត់​មាន​ចៀម​៣​ពាន់ នឹង​ពពែ​១​ពាន់ នៅ​គ្រា​នោះគាត់​កំពុង​តែ​កាត់​រោម​ចៀម នៅ​ឯ​កើមែល អ្នក​នោះ​ឈ្មោះ​ណាបាល ជា​ពូជ‌ពង្ស​នៃ​កាលែប ប្រពន្ធ​ឈ្មោះ​អ័ប៊ី‌កែល ឯ​នាង​ជា​ស្ត្រី​ប្រកប​ដោយ​ប្រាជ្ញា ទាំង​រូប​ក៏​ស្រស់‌បស់​ល្អ តែ​ប្ដី​ជា​មនុស្ស​កាច​អាក្រក់​ក្នុង​កិរិយា​ប្រព្រឹត្ត​វិញ ឯ​ដាវីឌ​នៅ​ទី​រហោ‌ស្ថាន ក៏​ឮ​ថា​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម នោះ​ក៏​ចាត់​កំឡោះ​១០​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ណាបាល​នៅ​ត្រង់​កើមែល ហើយ​ជំរាប​សួរ​គាត់​ដោយ​នូវ​ឈ្មោះ​យើង ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ថា ជំរាប​សួរ​លោក សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​ពួក​គ្រួ​លោក នឹង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង ចំណែក​ខ្ញុំ​បាន​ឮ​ថា លោក​បាន​ហៅ​ជាង​កាត់​រោម​ចៀម​មក​ហើយ ឯ​ពួក​អ្នក​គង្វាល​ចៀម​របស់​លោក គេ​បាន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ យើង​ខ្ញុំ​ឥត​មាន​ធ្វើ​អ្វី​ដល់​គេ​ទេ គេ​ក៏​គ្មាន​បាត់​អ្វី​១​នៅ​វេលា​ដែល​គេ​នៅ​ត្រង់​កើមែល​ដែរ សូម​ឲ្យ​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជំរាប​លោក​តាម​ពិត ដូច្នេះសូម​លោក​អាណិត​មេត្តា​ដល់​ពួក​កំឡោះ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​មក​ឯ​លោក​ត្រូវ​ពេល​ដ៏​ស្រួល​ហើយ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បំរើ​របស់​លោក នឹង​ដាវីឌ ជា​កូន​លោក​ផង។ រីឯ​កាល​ពួក​កំឡោះ​របស់​ដាវីឌ​បាន​ទៅ​និយាយ​នឹង​ណាបាល តាម​ពាក្យ​ទាំង​នេះ ដោយ​នូវ​ឈ្មោះ​ដាវីឌ​រួច​ហើយ នោះ​ណាបាល​ឆ្លើយ​តប​ទៅ​ថា ដាវីឌ​ជា​អ្វី តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី សព្វ​ថ្ងៃ​នេះ មាន​បាវ​ជា​ច្រើន ដែល​រត់​ចោល​ពី​ចៅហ្វាយ​របស់​ខ្លួន​ទៅ ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ​យក​នំបុ័ង​របស់​អញ ព្រម​ទាំង​ទឹក នឹង​សាច់​ដែល​អញ​បាន​សំឡាប់ សំរាប់​ពួក​ជាង​កាត់​រោម​ចៀម ទៅ​ចែក​ដល់​ពួក​មនុស្ស ដែល​អញ​មិន​ដឹង​ជា​មក​ពី​ណា​ផង​ឬ​អី ដូច្នេះ ពួក​កំឡោះ​របស់​ដាវីឌ​ក៏​វិល​ត្រឡប់​ទៅ​វិញ ជំរាប​តាម​សេចក្ដី​ទាំង​នោះ រួច​ដាវីឌ​បង្គាប់​ដល់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​គ្រប់​គ្នា​ឡើង នោះ​គេ​ក៏​ក្រវាត់​ដាវ​រៀង​ខ្លួន ហើយ​ដាវីឌ​ក៏​ក្រវាត់​ដាវ​របស់​លោក​ដែរ ខណ​នោះ មាន​មនុស្ស​ប្រហែល​ជា​៤០០​នាក់ ឡើង​តាម​ដាវីឌ​ទៅ ហើយ​មាន​២០០​នាក់​ទៀត​នៅ​ថែ​រក្សា​អីវ៉ាន់។ មាន​ពួក​កំឡោះ​ម្នាក់​របស់​ណាបាល​បាន​ទៅ​ជំរាប​ដល់​អ័ប៊ី‌កែល ជា​ប្រពន្ធ​ណាបាល​ថា មើល ដាវីឌ​បាន​ចាត់​មនុស្ស​ពី​ទី​រហោ‌ស្ថាន មក​ជំរាប​សួរ​ចៅហ្វាយ​យើង​ខ្ញុំ តែ​លោក​បាន​ស្តី​កិន​ដល់​គេ​វិញ ពួក​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ល្អ​នឹង​យើង​ខ្ញុំ​ណាស់ គេ​មិន​បាន​ធ្វើ​អ្វី​ដល់​យើង​ខ្ញុំ​ទេ ហើយ​កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​គេ ក្នុង​គ្រា​ដែល​យើង​ខ្ញុំ​កំពុង​តែ​ឃ្វាល​ហ្វូង​ចៀម នោះ​យើង​ខ្ញុំ​ឥត​មាន​បាត់​អ្វី​ឡើយ គេ​ជា​កំផែង​ដល់​យើង​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ពេល​ដែល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​គេ កំពុង​ឃ្វាល​ចៀម​នោះ ដូច្នេះ សូម​ជំរាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចារណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅហ្វាយ​យើង​ខ្ញុំ នឹង​ពួក​គ្រួ​លោក​ទាំង​អស់​គ្នា​ហើយ ពី​ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ។ នោះ​នាង​ក៏​ប្រញឹក‌ប្រញាប់ ចាត់‌ចែង​នំបុ័ង​២០០​ដុំ ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​២ ចៀម​រៀប​ជា​ស្រេច​៥ លាជ​៥​រង្វាល់ ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​១០០​ចង្កោម នឹង​ផ្លែ​ល្វា​ក្រៀម​២០០​ផែន ផ្ទុក​លើ​សត្វ​លា​នាំ​ទៅ នាង​ក៏​ប្រាប់​ដល់​ពួក​បំរើ​របស់​នាង​ថា ចូរ​ចេញ​ទៅ​មុន​អញ​ចុះ អញ​នឹង​ទៅ​តាម​ក្រោយ តែ​នាង​មិន​បាន​ប្រាប់​ដល់​ណាបាល ជា​ប្ដី​នាង​ឡើយ កាល​នាង​កំពុង​តែ​ជិះ​លា​ចុះ​តាម​ផ្លូវ​ច្រក​ភ្នំ​ទៅ នោះ​គាប់​ចួន​ជា​ដាវីឌ នឹង​ពួក​លោក​ក៏​ចុះ​ដំរង់​មក​ខាង​មុខ​នាង ហើយ​នាង​ក៏​ទៅ​ជួប​នឹង​គេ រីឯ​ដាវីឌ​លោក​បាន​គិត​ថា ដែល​អញ​បាន​ថែ​រក្សា​ទ្រព្យ​របស់​ទាំង​ប៉ុន្មាន​នៃ​មនុស្ស​នោះ ឲ្យ​គង់‌វង់នៅ​ទី​រហោ‌ស្ថាន ឥត​មាន​បាត់​អ្វី​ណា​មួយ​ឡើយ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​សោះ វា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដល់​អញ​វិញ ដូច្នេះ បើ​ខ្ញុំ​ទុក​ឲ្យ​សល់​អ្នក​ណា​ក្នុង​ពួក​វា សូម្បី​តែ​កូន​ប្រុស​១​ក្តី ឲ្យ​រស់​នៅ​ដរាប​ដល់​ស្រាង​ឡើង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដូច្នោះ​ដល់​ដាវីឌ​ខ្ញុំ​នេះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង។ កាល​អ័ប៊ី‌កែល​បាន​ឃើញ​ដាវីឌ នោះ​នាង​ក៏​ចុះ​ពី​លើ​លា​ជា​ប្រញាប់ ទៅ​ក្រាប​ផ្កាប់​មុខ​ចុះ​នឹង​ដី គោរព​ដល់​ដាវីឌ នាង​ទំលាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជំរាប​ថា ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ជំរាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​បាវ​ស្រី​លោក​សិន កុំ​ឲ្យ​លោក​ម្ចាស់​តាំង​ចិត្ត​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ​ឡើយ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណាបាល ហើយ​ក៏​មាន​សេចក្ដី​ចំកួត​នោះ​ឯង ឯ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ខ្ញុំ​ឥត​បាន​ឃើញ​ពួក​កំឡោះ​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ ដូច្នេះ ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​រក​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណាបាល​នោះ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃាត់​លោក​មិន​ឲ្យ​កំចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ រីឯ​ជំនូន​នេះដែល​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​របស់​លោក បាន​នាំ​យក​មក​ជូន នោះសូម​ចែក​ឲ្យ​ដល់​ពួក​កំឡោះ​ដែល​តាម​លោក​ម្ចាស់​នៃ​ខ្ញុំ​មក​នោះ​ចុះ សូម​អត់​ទោស​សេចក្ដី​រំលង​នេះ​ដល់​បាវ​ស្រី​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ពី​ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្មាន​ឃើញ​សេចក្ដី​អាក្រក់​ណា នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​១​ជីវិត​របស់​លោក មួយ​ទៀត ទោះ​បើ​មាន​មនុស្ស​លើក​ដេញ តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏​ដោយ គង់​តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ ឯ​ជីវិត​របស់​ពួក​ខ្មាំង​សត្រូវ​នៃ​លោក​នឹង​ត្រូវ​បាត់​ទៅ ដូច​ជា​បាញ់​ចេញ​ពី​ខ្សែ​ដង្ហក់​វិញ រួច​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោក​ម្ចាស់​នៃ​ខ្ញុំ តាម​គ្រប់​ទាំង​សេចក្ដី​ល្អ​ដែល​ទ្រង់​បាន​មាន​បន្ទូល​ពី​ដំណើរ​លោក ព្រម​ទាំង​តាំង​លោក​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​ហើយ នោះ​ដំណើរ​នេះ​មិន​បាន​ជា​ហេតុ​ឲ្យ​លោក​តូច​ចិត្តស្តាយ​ដោយ​លោក​បាន​កំចាយ​ឈាម​គេ​ឥត​ហេតុ ឬ​បាន​សង‌សឹក​ដល់​គេ​ដោយ​ខ្លួន​លោក​ឡើយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​សេចក្ដី​ល្អ​ដល់​លោក​ម្ចាស់ នោះ​សូម​ទាន​នឹក​ចាំ​ពី​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក​ផង។ ដាវីឌ​ក៏​ឆ្លើយ​នឹង​នាង​អ័ប៊ី‌កែល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ទ្រង់​បាន​ចាត់​អ្នក ឲ្យ​មក​ជួប​នឹង​ខ្ញុំ នៅ​ថ្ងៃ​នេះ ហើយ​សូម​ពរ​ដល់​ប្រាជ្ញា​របស់​អ្នក នឹង​ដល់​ខ្លួន​អ្នក​ផង ដោយ​ព្រោះ​អ្នក​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​កំចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដល់​គេ​ដោយ​ដៃ​ខ្លួន​ខ្ញុំ​នៅ​ថ្ងៃ​នេះ ដ្បិត​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ដល់​អ្នក​ថា បើ​អ្នក​មិន​បាន​ប្រញាប់​មក​ជួប​នឹង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​ដល់​ស្រាង​ឡើង នោះ​នឹង​គ្មាន​សល់​អ្វី​ដល់​ណាបាល សូម្បី​តែ​កូន​ប្រុស​១​ផង នោះ​ដាវីឌ​ក៏​ទទួល​យក​ជំនូន​ពី​ដៃ​នាង ដែល​នាង​បាន​នាំ​យក​មក​ជូន​នោះ​ដោយ​ពាក្យ​ថា សូម​អញ្ជើញ​ឡើង​ទៅ​ឯ​ផ្ទះ​អ្នក​វិញ ដោយ​សុខ‌សាន្ត​ចុះ ខ្ញុំ​បាន​យល់​ព្រម​តាម​ពាក្យ​អ្នក​ហើយ ក៏​អរ‌គុណ​ដល់​អ្នក​ដែរ។ រីឯ​អ័ប៊ី‌កែល នាង​ក៏​វិល​ទៅ​ឯ​ណាបាល ជា​ប្ដី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង‌លោម​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​លៀង‌លោម​នៃ​ស្តេច ឯ​ណាបាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះនាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិចឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង លុះ​ព្រឹក​ឡើង គ្រា​ដែល​ណាបាល​ស្វាង​ពី​ស្រា​ហើយ នោះ​ប្រពន្ធ​ក៏​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នោះ រួច​គាត់​ត្រូវ​គាំង​បេះ‌ដូង ហើយ​ត្រឡប់​ជា​រឹង​ស្តូក​ទៅ លុះ​ក្រោយ​មកបាន​ប្រហែល​ជា​១០​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​វាយ​ណាបាល​ឲ្យ​ស្លាប់​ទៅ។ កាល​ដាវីឌ​បាន​ឮ​ថា ណាបាល​ស្លាប់​ហើយ នោះ​លោក​មាន​ប្រសាសន៍​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​កាន់​ក្តី​ខាង​ខ្ញុំ ពី​ដំណើរ​ដែល​ណាបាល​បាន​ដៀល‌ត្មះ​ដល់​ខ្ញុំ​នោះ ព្រម​ទាំង​ឃាត់​ខ្ញុំ ជា​អ្នក​បំរើ​ទ្រង់ មិន​ឲ្យ​ប្រព្រឹត្ត​ការ​អាក្រក់ តែ​កិរិយា​អាក្រក់​របស់​ណាបាល នោះ​ទ្រង់​បាន​ទំលាក់​ទៅ​លើ​ក្បាល​វា​វិញ រួច​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​ការ​នឹង​អ័ប៊ី‌កែល ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ កាល​ពួក​បំរើ​របស់​ដាវីឌ​បាន​មក​ឯ​អ័ប៊ី‌កែល នៅ​កើមែល​ហើយ នោះ​ក៏​ជំរាប​នាង​ថា ដាវីឌ​បាន​ចាត់​យើង​ខ្ញុំ ឲ្យ​មក​អញ្ជើញ​អ្នក​ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក នោះ​នាង​ក៏​ក្រោក​ឡើង រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដីតប​ថា ខ្ញុំ​នេះ​ជា​អ្នក​បំរើ សំរាប់​នឹង​លាង​ជើង ដល់​ពួក​អ្នក​បំរើ​របស់​លោក​ម្ចាស់​ខ្ញុំ អ័ប៊ី‌កែល​ក៏​ប្រញាប់‌ប្រញាល់​ឡើង​ជិះ​លា​ទៅ មាន​ទាំង​ស្រី​បំរើ​៥​នាក់​តាម​ទៅ​ដែរ នាង​ក៏​តាម​ពួក​អ្នក​បំរើ​របស់​ដាវីឌ ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ។ ឯ​ដាវីឌ លោក​ក៏​យក​អ័ហ៊ី‌ណោម ជា​អ្នក​នៅ​ស្រុក​យេស‌រាល ធ្វើ​ជា​ប្រពន្ធ​ដែរ នាង​ទាំង​២​នោះ​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​លោក

១ សាំយូអែល 25:1-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​សាំយូ‌អែល​បាន​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា។ បន្ទាប់​មក ដាវីឌក៏​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។ នៅ​ម៉ាអូន មាន​អ្នក​មាន​ស្តុក‌ស្តម្ភ​ម្នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​នៅ​កើមែល គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល នៅ​ពេល​នោះ គាត់​កំពុង​កាត់​រោម​ចៀម​នៅ​ឯ​កើមែល។ បុរស​នោះ​ឈ្មោះ​ណាបាល ប្រពន្ធ​ឈ្មោះ​អ័ប៊ី‌កែល នាង​ជា​ស្ត្រី​មាន​ប្រាជ្ញា​ឆ្លាត​វៃ រូប​សម្រស់​ក៏​ល្អ តែ​ប្តី​ជា​មនុស្ស​គម្រិះ ហើយ​កាច​អាក្រក់ គាត់​ជា​ពូជ‌ពង្ស​របស់​កាលែប។ ឯ​ដាវីឌ​នៅ​ទី​រហោ‌ស្ថាន ក៏​ឮ​ថា​ណា‌បាល​កំពុង​តែ​កាត់​រោម​ចៀម នោះ​ក៏​ចាត់​យុវជន​ដប់​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា៖ «ចូរ​ឡើង​ទៅ​ជួប​ណា‌បាល​នៅ​ត្រង់​កើមែល ហើយ​ជម្រាប​សួរ​គាត់ ដោយ​នូវ​ឈ្មោះ​យើង ត្រូវ​និយាយ​ដូច្នេះ​ថា "ជម្រាប​សួរ​លោក សូម​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​គ្រួសារ​លោក និង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង ចំណែក​ខ្ញុំ​បាន​ឮ​ថា លោក​បាន​ហៅ​ជាង​កាត់​រោម​ចៀម​មក​ហើយ ឯ​ពួក​គង្វាល​ចៀម​របស់​លោក គេ​បាន​នៅ​ជា‌មួយ​យើង​ខ្ញុំ យើង​ខ្ញុំ​ឥត​មាន​ធ្វើ​អ្វី​ដល់​គេ​ទេ គេ​ក៏​គ្មាន​បាត់​អ្វី​មួយ​នៅ​វេលា​ដែល​គេ​នៅ​ត្រង់​កើមែល​ដែរ។ សូម​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជម្រាប​លោក​តាម​ពិត ដូច្នេះ សូម​លោក​អាណិត​មេត្តា​ដល់​ពួក​យុវជន​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​មក​រក​លោក​ត្រូវ​ពេល​ល្អ​ណាស់ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក និង​ដាវីឌ ជា​កូន​លោក​ផង"»។ ពេល​ពួក​យុវជន​របស់​ដាវីឌ​បាន​ទៅ​និយាយ​ជា‌មួយ​ណា‌បាល តាម​ពាក្យ​ទាំង​នេះ ដោយ​នូវ​ឈ្មោះ​ដាវីឌ​រួច​ហើយ នោះ​ណា‌បាល​ឆ្លើយ​តប​ទៅ​ថា៖ «ដាវីឌ​ជា​អ្វី? តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី? សព្វ​ថ្ងៃ​នេះ មាន​អ្នក​បម្រើ​ច្រើន​ណាស់ ដែល​រត់​ចោល​ចៅ‌ហ្វាយ​របស់​ខ្លួន។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​យក​នំបុ័ង​របស់​ខ្ញុំ ទាំង​ទឹក និង​សាច់​ដែល​បាន​សម្លាប់ សម្រាប់​ពួក​ជាង​កាត់​រោម​ចៀម ទៅ​ចែក​ដល់​ពួក​មនុស្ស​ដែល​ខ្ញុំ​មិន​ដឹង​ជា​មក​ពី​ណា​ផង​ឬ?» ដូច្នេះ ពួក​យុវជន​របស់​ដាវីឌ​ក៏​វិល​ត្រឡប់​ទៅ​វិញ ជម្រាប​តាម​ពាក្យ​ទាំង​នោះ។ ដាវីឌ​បង្គាប់​ដល់​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​គ្រប់​គ្នា​ឡើង» នោះ​គេ​ក៏​ក្រវាត់​ដាវ​រៀង​ខ្លួន ហើយ​ដាវីឌ​ក៏​ក្រវាត់​ដាវ​របស់​លោក​ដែរ ខណៈ​នោះ មាន​មនុស្ស​ប្រហែល​ជា​បួន​រយ​នាក់​ឡើង​តាម​ដាវីឌ​ទៅ ហើយ​មាន​ពីរ​រយ​នាក់​ទៀត​នៅ​ថែ‌រក្សា​អីវ៉ាន់។ មាន​យុវជន​ម្នាក់​របស់​ណា‌បាល​បាន​ទៅ​ជម្រាប​ដល់​អ័ប៊ី‌កែល ជា​ប្រពន្ធ​ណា‌បាល​ថា៖ «ដាវីឌ​បាន​ចាត់​មនុស្ស​ពី​ទី​រហោ‌ស្ថាន មក​ជម្រាប​សួរ​ចៅ‌ហ្វាយ​យើង​ខ្ញុំ តែ​លោក​បាន​ស្តី​កិន​ដល់​គេ​វិញ។ ពួក​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ល្អ​នឹង​យើង​ខ្ញុំ​ណាស់ គេ​មិន​បាន​ធ្វើ​អ្វី​ដល់​យើង​ខ្ញុំ​ទេ ហើយ​កាល​យើង​ខ្ញុំ​នៅ​ជា‌មួយ​គេ ក្នុង​គ្រា​ដែល​យើង​ខ្ញុំ​កំពុង​តែ​ឃ្វាល​ហ្វូង​ចៀម នោះ​យើង​ខ្ញុំ​ឥត​មាន​បាត់​អ្វី​ឡើយ។ គេ​ជា​កំផែង​ដល់​យើង​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ពេល​ដែល​យើង​ខ្ញុំ​នៅ​ជា‌មួយ​គេ កំពុង​ឃ្វាល​ចៀម​នោះ។ ដូច្នេះ សូម​ជម្រាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចា‌រណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅ‌ហ្វាយ​យើង​ខ្ញុំ និង​គ្រួសារ​លោក​ទាំង​អស់​គ្នា​ហើយ ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ»។ បន្ទាប់​មក នាង​ក៏​ប្រញាប់‌ប្រញាល់​ចាត់‌ចែង​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​ថង់​ស្បែក ចៀម​រៀប​ជា​ស្រេច​ប្រាំ លាជ​ប្រាំ​រង្វាល់ ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ​រយ​ចង្កោម និង​ផ្លែ​ល្វា​ក្រៀម​ពីរ​រយ ដាក់​លើ​សត្វ​លា​យក​ទៅ។ នាង​ក៏​ប្រាប់​ដល់​ពួក​បម្រើ​របស់​នាង​ថា៖ «ចូរ​ចេញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ» តែ​នាង​មិន​បាន​ប្រាប់​ដល់​ណាបាល​ជា​ប្តី​នាង​ឡើយ។ កាល​នាង​កំពុង​ជិះ​លា​ចុះ​តាម​ផ្លូវ​ច្រក​ភ្នំ នោះ​គាប់​ចួន​ជា​ដាវីឌ និង​ពួក​លោក​ក៏​ចុះ​តម្រង់​មក​ខាង​មុខ​នាង ហើយ​នាង​ក៏​ទៅ​ជួប​ប្រទះ​ពួក​គេ។ ដាវីឌ​បាន​គិត​ថា៖ «ខ្ញុំ​បាន​ថែ‌រក្សា​ទ្រព្យ​របស់​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ ឲ្យ​គង់‌វង្ស​នៅ​ទី​រហោ‌ស្ថាន ឥត​មាន​បាត់​អ្វី​ណា​មួយ​ឡើយ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រ‌យោជន៍​សោះ វា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដល់​ខ្ញុំ​វិញ។ ដូច្នេះ បើ​ខ្ញុំ​ទុក​ឲ្យ​សល់​អ្នក​ណា​ក្នុង​ពួក​វា សូម្បី​តែ​កូន​ប្រុស​មួយ​ក្តី ឲ្យ​រស់​នៅ​រហូត​ដល់​ព្រឹក​ឡើង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដូច្នោះ​ដល់​ដាវីឌ ខ្ញុំ​នេះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង»។ ពេល​អ័ប៊ី‌កែល​បាន​ឃើញ​ដាវីឌ នោះ​នាង​ក៏​ចុះ​ពី​លើ​លា​ជា​ប្រញាប់ ទៅ​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី គោរព​ដល់​ដាវីឌ។ នាង​ទម្លាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជម្រាប​ថា៖ «ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​ស្រី​បម្រើ​លោក​សិន។ សូម​លោក​ម្ចាស់​កុំយក​ចិត្តទុក​ដាក់​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណា‌បាល ហើយ​ក៏​មាន​សេចក្ដី​ចម្កួត​នោះ​ឯង ឯ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក​ម្ចាស់ មិន​បាន​ឃើញ​ពួក​យុវជន​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ។ ដូច្នេះ លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណា‌បាល​នោះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​លោក​មិន​ឲ្យ​កម្ចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ។ រីឯ​ជំនូន​ដែល​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​លោក បាន​នាំ​យក​មក​ជូន​នេះ សូម​ចែក​ឲ្យ​ដល់​ពួក​យុវជន ដែល​តាម​លោក​ម្ចាស់​នៃ​ខ្ញុំ​មក​នោះ​ចុះ។ សូម​អត់​ទោស​អំពើ​រំលង​នេះ​ដល់​ស្រី​បម្រើ​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ​តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្មាន​ឃើញ​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​មួយ​ជីវិត​របស់​លោក។ មួយ​ទៀត ទោះ​បើ​មាន​មនុស្ស​លើក​គ្នា​ដេញ​តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏​ដោយ គង់​តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជា‌មួយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ដែរ ឯ​ជីវិត​របស់​ពួក​ខ្មាំង​សត្រូវ​របស់​លោក​នឹង​ត្រូវ​បាត់​ទៅ ដូច​ជា​បាញ់​ចេញ​ពី​ខ្សែ​ដង្ហក់។ ពេល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោក​ម្ចាស់​នៃ​ខ្ញុំ តាម​គ្រប់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​លោក ព្រម​ទាំង​តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ នោះ​ដំណើរ​នេះ​មិន​បាន​ជា​ហេតុ​ឲ្យ​លោក​តូច​ចិត្ត​ស្តាយ ដោយ​លោក​បាន​កម្ចាយ​ឈាម​គេ​ឥត​ហេតុ ឬ​បាន​សង‌សឹក​ដល់​គេ​ដោយ​ខ្លួន​លោក​ឡើយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​សេចក្ដី​ល្អ​ដល់​លោក​ម្ចាស់ នោះ​សូម​ទាន​នឹក​ចាំ​ពី​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក​ផង»។ ដាវីឌ​ក៏​ឆ្លើយ​នឹង​នាង​អ័ប៊ី‌កែល​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​បាន​ចាត់​អ្នក​ឲ្យ​មក​ជួប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ សូម​ពរ​ដល់​ប្រាជ្ញា​របស់​អ្នក និង​ដល់​ខ្លួន​អ្នក​ផង ដោយ​ព្រោះ​អ្នក​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​កម្ចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដល់​គេ​ដោយ​ដៃ​ខ្លួន​ខ្ញុំ​នៅ​ថ្ងៃ​នេះ ដ្បិត​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ដល់​អ្នក​ថា បើ​អ្នក​មិន​បាន​ប្រញាប់​មក​ជួប​នឹង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​ដល់​ព្រឹក​ឡើង នឹង​គ្មាន​សល់​អ្វី​ដល់​ណា‌បាល សូម្បី​តែ​កូន​ប្រុស​មួយ​ផង»។ នោះ​ដាវីឌ​ក៏​ទទួល​យក​ជំនូន​ពី​ដៃ​នាង ដែល​នាង​បាន​នាំ​យក​មក​ជូន​នោះ​ដោយ​ពាក្យ​ថា៖ «សូម​អញ្ជើញ​ឡើង​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ដោយ​សុខ‌សាន្ត ខ្ញុំ​បាន​យល់​ព្រម​តាម​ពាក្យ​អ្នក​ហើយ ក៏​អរ‌គុណ​ដល់​អ្នក​ដែរ»។ អ័ប៊ី‌កែល​បាន​វិល​ទៅ​រក​ណា‌បាល​ជា​ប្តី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​ជប់​លៀង​នៃ​ស្តេច ឯ​ណា‌បាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង។ លុះ​ព្រឹក​ឡើង គ្រា​ដែល​ណា‌បាល​ស្វាង​ពី​ស្រា​ហើយ នោះ​ប្រពន្ធ​ក៏​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នោះ រួច​គាត់​ក៏​គាំង​បេះដូង ទៅ​ជា​រឹង​ស្តូក។ លុះ​ក្រោយ​មក​បាន​ប្រហែល​ជា​ដប់​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​បាន​វាយ​ណា‌បាល​ឲ្យ​ស្លាប់​ទៅ។ ពេល​ដាវីឌ​បាន​ឮ​ថា ណា‌បាល​ស្លាប់​ហើយ នោះ​លោក​មាន​ប្រ‌សាសន៍​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​កាន់​ក្តី​ខាង​ខ្ញុំ ពី​ដំណើរ​ដែល​ណា‌បាល​បាន​ដៀល‌ត្មះ​ដល់​ខ្ញុំ​នោះ ព្រម​ទាំង​ឃាត់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មិន​ឲ្យ​ប្រព្រឹត្ត​ការ​អាក្រក់ តែ​កិរិយា​អាក្រក់​របស់​ណា‌បាល ទ្រង់​បាន​ទម្លាក់​ទៅ​លើ​ក្បាល​វា​វិញ»។ បន្ទាប់​មក ដាវីឌ​បាន​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អ័ប៊ី‌កែល ដើម្បី​យក​នាង​ធ្វើ​ជា​ប្រពន្ធ។ ពេល​ពួក​អ្នក​បម្រើ​របស់​ដាវីឌ​បាន​មក​ជួប​អ័ប៊ី‌កែល នៅ​កើ‌មែល ជម្រាប​នាង​ថា៖ «ដាវីឌ​បាន​ចាត់​យើង​ខ្ញុំ ឲ្យ​មក​អញ្ជើញ​អ្នក​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក»។ នាង​ក៏​ក្រោក​ឡើង រួច​ក្រាប​ផ្កាប់​មុខ​ដល់​ដី តប​ថា៖ «ខ្ញុំ​នេះ​ជា​បាវ​បម្រើ សម្រាប់​លាង​ជើង​ពួក​អ្នក​បម្រើ​របស់​លោក‌ម្ចាស់»។ អ័ប៊ី‌កែល​ប្រញាប់‌ប្រញាល់​ឡើង​ជិះ​លា​ចេញ​ទៅ មាន​ទាំង​ស្រី​បម្រើ​ប្រាំ​នាក់​ទៅ​ជា‌មួយ​ដែរ នាង​ទៅ​តាម​ពួក​អ្នក​បម្រើ​របស់​ដាវីឌ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក។ ដាវីឌ​ក៏​បាន​យក​អ័ហ៊ី‌ណោម អ្នក​ស្រុក​យេស‌រាល មក​ធ្វើ​ជា​ប្រពន្ធ​ដែរ នាង​ទាំង​ពីរ​នោះ​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​លោក។