១ សាំយូអែល 24:4-8

១ សាំយូអែល 24:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខណៈ​នោះ ពួក​ខាង​ដាវីឌ​ជម្រាប​ថា៖ «មើល៍! នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ថា "យើង​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក ហើយ​លោក​នឹង​ធ្វើ​សម្រេច​តាម​តែ​ចិត្ត​បាន"» ដូច្នេះ ដាវីឌ​ក៏​ក្រោក​ឡើង លប​ចូល​ទៅ​ថ្នមៗ កាត់​ជាយ​ព្រះ‌ពស្ត្រ​របស់​ស្ដេច​សូល។ បន្ទាប់​នោះ​មក ដាវីឌ​ញាប់​ញ័រ​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ព្រោះ​បាន​កាត់​ជាយ​ព្រះ‌ពស្ត្រ​របស់​ស្តេច​សូល។ គាត់​និយាយ​ទៅ​ពួក​ខ្លួន​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ​ដល់​ចៅ‌ហ្វាយ​របស់​ខ្ញុំ ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង ដោយ​លើក​ដៃ​ទាស់​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ»។ ដូច្នេះ ដាវីឌ​បាន​ឃាត់​ពួក​ខ្លួន មិន​ឲ្យ​គេ​លើក​គ្នា​ទាស់​នឹង​ស្តេច​សូល​ឡើយ។ បន្ទាប់​មក ស្ដេច​សូល​យាង​ចេញ​ពី​រអាង​នោះ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ឯ​ដាវីឌ​ក៏​ចេញ​ពី​រអាង​តាម​ក្រោយ ស្រែក​ទូល​ដល់​សូល​ថា៖ «បពិត្រ​ព្រះ‌រាជា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ» ពេល​ស្ដេច​សូល​បែរ​ទត​មក​ក្រោយ ដាវីឌ​ក៏​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ស្តេច

១ សាំយូអែល 24:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​លោក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្ដេច តាម​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​ដាវីឌ​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល។ ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល​រួច​ហើយ ចិត្ត​របស់​លោក​ញាប់​ញ័រ​ជា​ខ្លាំង។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «សូម​ព្រះ‌អម្ចាស់​ទប់​ខ្ញុំ កុំ​ឲ្យ​ធ្វើ​គុត​ម្ចាស់​របស់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ព្រះ‌រាជា ដែល​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ជា​ស្ដេច​នេះ​ទេ»។ លោក​ដាវីឌ​បាន​ឃាត់​ពួក​លោក ដោយ‌សារ​ពាក្យ​សម្ដី​ទាំង​នោះ គឺ​លោក​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​គុត​ព្រះ‌បាទ​សូល។ ព្រះ‌បាទ​សូល​យាង​ចេញ​ពី​រអាង​ភ្នំ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ បន្តិច​ក្រោយ​មក លោក​ដាវីឌ​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូលបង្គំ!»។ ព្រះ‌បាទ​សូល​ងាក​មក លោក​ដាវីឌ​ឱន​មុខ​ចុះ ក្រាប​ដល់​ដី ថ្វាយ‌បង្គំ​ស្ដេច។

១ សាំយូអែល 24:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណ​នោះ ពួក​ខាង​ដាវីឌ​ជំរាប​ថា មើល នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​លោក​ថា ទ្រង់​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​លោក នោះ​លោក​នឹង​ធ្វើ​សំរេច​តាម​តែ​ចិត្ត​បាន ដូច្នេះដាវីឌ​ក៏​ក្រោក​ឡើងលប​ចូល​ទៅ​ថ្នមៗ កាត់​ផ្តាច់​ជាយ​ព្រះ‌ពស្ត្រ​របស់​សូល​ចេញ តែ​បន្ទាប់​នោះ​មក នោះ​ដាវីឌ​ក៏​មាន​សេចក្ដី​ឈឺ​ចិត្ត​ស្តាយ ដោយ​ព្រោះ​បាន​កាត់​ជាយ​ព្រះ‌ពស្ត្រ​របស់​សូល រួច​និយាយ​នឹង​ពួក​ខ្លួន​ថា សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅហ្វាយ​របស់​ខ្ញុំ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ដែល​ខ្ញុំ​នឹង​លើក​ដៃ​ទាស់​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ គឺ​ដោយ​ពាក្យ​យ៉ាង​នោះ​ឯង ដែល​ដាវីឌ​បាន​ឃាត់​ពួក​ខ្លួន មិន​ឲ្យ​គេ​លើក​គ្នា​ទាស់​នឹង​សូល​ឡើយ រួច​មក​សូល​ក្រោក​ឡើង​ចេញ​ពី​រអាង​យាង​តាម​ផ្លូវ​ទ្រង់​ទៅ។ ឯ​ដាវីឌ ក៏​ក្រោក​ឡើង​ចេញ​ពី​រអាង តាម​ក្រោយ​ស្រែក​ទូល​ដល់​សូល​ថា បពិត្រ​ព្រះ‌រាជា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ រួច​កាល​សូល​បែរ​ទត​មក​ក្រោយ នោះ​ដាវីឌ​ក៏​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ទូល​ថា