១ សាំយូអែល 24:1-22

១ សាំយូអែល 24:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ស្តេច​សូល​ត្រឡប់​មក​ពី​ដេញ​តាម​ពួក​ភីលី‌ស្ទីន​វិញ នោះ​មាន​គេ​ទូល​ទ្រង់​ថា៖ «ឥឡូវ​នេះ ដាវីឌ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​អេន-កេឌី»។ ស្ដេច​សូល​ក៏​យក​មនុស្ស​ចំនួន​បី​ពាន់​នាក់ ដែល​ជ្រើស‌រើស​ពី​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ចេញ​ទៅ​រក​ដាវីឌ និង​ពួក​លោក​នៅ​លើ​ភ្នំ​ថ្ម​ពពែ​ព្រៃ។ ស្ដេច​សូល​យាង​មក​ដល់​ក្រោល​ចៀម ដែល​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​មាន​រអាង​មួយ ហើយ​ស្ដេច​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ នៅ​ក្នុង​រអាង​នោះ។ ពេល​នោះ ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​នោះ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។ ខណៈ​នោះ ពួក​ខាង​ដាវីឌ​ជម្រាប​ថា៖ «មើល៍! នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ថា "យើង​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក ហើយ​លោក​នឹង​ធ្វើ​សម្រេច​តាម​តែ​ចិត្ត​បាន"» ដូច្នេះ ដាវីឌ​ក៏​ក្រោក​ឡើង លប​ចូល​ទៅ​ថ្នមៗ កាត់​ជាយ​ព្រះ‌ពស្ត្រ​របស់​ស្ដេច​សូល។ បន្ទាប់​នោះ​មក ដាវីឌ​ញាប់​ញ័រ​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ព្រោះ​បាន​កាត់​ជាយ​ព្រះ‌ពស្ត្រ​របស់​ស្តេច​សូល។ គាត់​និយាយ​ទៅ​ពួក​ខ្លួន​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ​ដល់​ចៅ‌ហ្វាយ​របស់​ខ្ញុំ ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង ដោយ​លើក​ដៃ​ទាស់​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ»។ ដូច្នេះ ដាវីឌ​បាន​ឃាត់​ពួក​ខ្លួន មិន​ឲ្យ​គេ​លើក​គ្នា​ទាស់​នឹង​ស្តេច​សូល​ឡើយ។ បន្ទាប់​មក ស្ដេច​សូល​យាង​ចេញ​ពី​រអាង​នោះ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ឯ​ដាវីឌ​ក៏​ចេញ​ពី​រអាង​តាម​ក្រោយ ស្រែក​ទូល​ដល់​សូល​ថា៖ «បពិត្រ​ព្រះ‌រាជា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ» ពេល​ស្ដេច​សូល​បែរ​ទត​មក​ក្រោយ ដាវីឌ​ក៏​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ស្តេច ដា​វីឌ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​អស់​អ្នក​ដែល​ថា "ដាវីឌ​ចង់​ធ្វើ​ឲ្យ​ទ្រង់​វិនាស"​ដូច្នេះ? ថ្ងៃ​នេះ ព្រះ‌នេត្រ​របស់ព្រះ‌ករុណា​ឃើញ​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូល‌បង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូល‌បង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​និយាយ​ថា "ទូល‌បង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​ឡើយ ដ្បិតស្ដេច​ជាអ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"។ បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​ជា​ជាយ​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ដៃ​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សម្លាប់​ទ្រង់​ទេ សូម​ពិចា‌រណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូល‌បង្គំ​ក៏​ដោយ។ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ​ជម្រះ​រឿង​យើង​ទាំង​ពីរ​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូល‌បង្គំ​ផង តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។ មាន​ពាក្យ​សុភា‌សិត​ពី​បុរាណ​ថា "មនុស្ស​កំណាច​តែង​តែ​បញ្ចេញ​សេចក្ដី​កំណាច" ប៉ុន្តែ ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។ តើ​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​ចេញ​មក​ច្បាំង​អ្នក​ណា? តើ​ទ្រង់​ដេញ​តាម​អ្នក​ណា? តាម​រក​ឆ្កែ​ស្លាប់? ឬ​តាម​រក​ចៃ? ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជម្រះ​រឿង​របស់​យើង​ទាំង​ពីរ​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ស្តេច​ផង»។ ពេល​ដាវីឌ​បាន​ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​មែន​ឬ?» រួច​ទ្រង់​ក៏​ឡើង​សំឡេង​យំ។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ឯង​សុចរិត​ជាង​យើង ដ្បិត​យើង​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​យើង​វិញ នៅ​ថ្ងៃ​នេះ ឯង​បាន​សម្ដែង​បែប​យ៉ាង​ណា ដែល​ឯង​បាន​ប្រព្រឹត្ត​ល្អ​ដល់​យើង ព្រោះ​កាល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​ឯង នោះ​ឯង​មិន​បាន​សម្លាប់​យើង​ទេ។ ដ្បិត​បើ​អ្នក​ណា​ជួប​ប្រទះ​នឹង​ខ្មាំង​សត្រូវ​ខ្លួន​ហើយ តើ​នឹង​ឲ្យ​រួច​ទៅ​ដោយ​សុខ‌សាន្ត​ឬ? ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ស្នង​នឹង​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង​នៅ​ថ្ងៃ​នេះ​ចុះ។ យើង​ក៏​ដឹង​ដែរ​ថា ឯង​នឹង​បាន​សោយ‌រាជ្យ​ជា​មិន​ខាន ហើយ​នគរ​របស់​សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​តាំង​ឡើង នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ឯង។ ដូច្នេះ សូម​ឯង​ស្បថ​នឹង​យើង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ថា កាល​ណា​យើង​អស់​ព្រះ‌ជន្ម​ទៅ នោះ​ឯង​នឹង​មិន​កាត់​វង្ស​របស់​យើង​ចេញ​ឡើយ ក៏​មិន​បំផ្លាញ​ឈ្មោះ​យើង ឲ្យ​បាត់​ពី​ពួក​វង្ស​នៃ​បិតា​យើង​ចេញ​ដែរ»។ នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច​សូល រួច​ស្ដេច​សូល​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​វិញ តែ​ដាវីឌ និង​ពួក​លោក​ក៏​នាំ​គ្នា​ឡើង​ទៅ​ឯ​ជម្រក​លាក់​ខ្លួន​វិញ​ដែរ។

១ សាំយូអែល 24:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​សូល​វិល​មក​ពី​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន​វិញ គេ​ទូល​ស្ដេច​ថា៖ «លោក​ដាវីឌ​រស់​នៅ​ក្នុង​តំបន់​វាល​រហោ‌ស្ថាន​អេន-‌គេឌី»។ ស្ដេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ចេញ​ទៅ​តាម​រក​លោក​ដាវីឌ និង​ពួក​លោក នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។ ព្រះ‌បាទ​សូល​បាន​យាង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្ដេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។ អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​លោក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្ដេច តាម​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​ដាវីឌ​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល។ ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល​រួច​ហើយ ចិត្ត​របស់​លោក​ញាប់​ញ័រ​ជា​ខ្លាំង។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «សូម​ព្រះ‌អម្ចាស់​ទប់​ខ្ញុំ កុំ​ឲ្យ​ធ្វើ​គុត​ម្ចាស់​របស់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ព្រះ‌រាជា ដែល​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ជា​ស្ដេច​នេះ​ទេ»។ លោក​ដាវីឌ​បាន​ឃាត់​ពួក​លោក ដោយ‌សារ​ពាក្យ​សម្ដី​ទាំង​នោះ គឺ​លោក​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​គុត​ព្រះ‌បាទ​សូល។ ព្រះ‌បាទ​សូល​យាង​ចេញ​ពី​រអាង​ភ្នំ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ បន្តិច​ក្រោយ​មក លោក​ដាវីឌ​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូលបង្គំ!»។ ព្រះ‌បាទ​សូល​ងាក​មក លោក​ដាវីឌ​ឱន​មុខ​ចុះ ក្រាប​ដល់​ដី ថ្វាយ‌បង្គំ​ស្ដេច។ លោក​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចេះ​តែ​សណ្ដាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ទូល​ស្ដេច​ថា “ដាវីឌ​ចង់​ព្យាបាទ​ព្រះ‌ករុណា”ដូច្នេះ? ព្រះ‌ករុណា​ទត​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ កាល​ព្រះ‌ករុណា​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ទូលបង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូលបង្គំ​មិន​ធ្វើ​តាម​ឡើយ។ ទូលបង្គំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ទ្រង់​ជា​ស្ដេច​ហើយ”។ បពិត្រ​ព្រះ‌បិតា សូម​ទត​មើល​មក​ជាយ​ព្រះ‌ភូសា ដែល​នៅ​ក្នុង​ដៃ​ទូលបង្គំ​នេះ។ ទូលបង្គំ​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ភូសា តែ​ទូលបង្គំ​មិន​ធ្វើ​គុត​ព្រះអង្គ​ទេ។ ដូច្នេះ សូម​ស្ដេច​ជ្រាប​ឲ្យ​ច្បាស់​ថា ទូលបង្គំ​គ្មាន​គំនិត​អាក្រក់​ចង់​ធ្វើ​គុត ឬ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌បិតា​ឡើយ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ព្រះអង្គ​ដែរ គឺ​មាន​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ទូលបង្គំ។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ចំពោះ​អំពើ​ដែល​ព្រះ‌ករុណា​ប្រព្រឹត្ត​ដល់​ទូលបង្គំ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ទេ ដូច​សុភាសិត​ពី​ព្រេង​នាយ​ចែង​ថា “មនុស្ស​អាក្រក់​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់”។ ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ឡើយ។ តើ​ព្រះ‌មហា‌ក្សត្រ​អ៊ីស្រា‌អែល​ចេញ​មក​ច្បាំង​នឹង​នរណា? ព្រះ‌ករុណា​ដេញ​តាម​នរណា? គឺ​ព្រះ‌ករុណា​ដេញ​តាម​ទូលបង្គំ ដែល​ប្រៀប​ដូច​ជា​ឆ្កែ​ងាប់ ឬ​ចៃ​មួយ​ដ៏​តូច។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះអង្គ​នឹង​ពិនិត្យ‌ពិច័យ ហើយ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះអង្គ​នឹង​ការ‌ពារ​ទូលបង្គំ ព្រម​ទាំង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន»។ កាល​លោក​ដាវីឌ​ទូល​សេចក្ដី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌកូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ព្រះ‌បាទ​សូល​ចាប់​ផ្ដើម​ទ្រង់​ព្រះ‌កន្សែង​យ៉ាង​ខ្លាំង។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​បិតា ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​បិតា តែ​បិតា​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។ ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​បិតា​យ៉ាង​ជាក់​ស្ដែង ដ្បិត​ព្រះ‌អម្ចាស់​ប្រគល់​បិតា​ទៅ​ក្នុង​កណ្ដាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​បិតា​ទេ។ ធម្មតា កាល​ណា​មនុស្ស​ម្នាក់​ជួប​ប្រទះ​នឹង​បច្ចា‌មិត្ត​ហើយ គេ​មិន​ដែល​ទុក​ឲ្យ​បច្ចា‌មិត្ត​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ស្រួលៗ​ទេ។ សូម​ព្រះ‌អម្ចាស់​ប្រទាន​រង្វាន់​ដល់​កូន​ចំពោះ​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​មក​លើ​បិតា​នៅ​ថ្ងៃ​នេះ។ បិតា​ក៏​ដឹង​ច្បាស់​ថា ថ្ងៃ​មួយ កូន​នឹង​ឡើង​គ្រង​រាជ្យ ហើយ​រាជា​ណា‌ចក្រ​អ៊ីស្រា‌អែល​នឹង​បាន​ស្ថិត‌ស្ថេរ ក្រោម​ការ​គ្រប់‌គ្រង​របស់​កូន។ ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​របស់​បិតា​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​បិតា​ត្រូវ​លុប​បំបាត់ ចេញ​ពី​ក្រុម​គ្រួសារ​របស់​បិតា​ដែរ»។ លោក​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច។ បន្ទាប់​មក ព្រះ‌បាទ​សូល​វិល​ទៅ​កាន់​ដំណាក់​វិញ ចំណែក​ឯ​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។

១ សាំយូអែល 24:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​សូល ទ្រង់​បាន​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលីស្ទីន​មក​វិញ នោះ​មាន​គេ​ទូល​ទ្រង់​ថា ឥឡូវ​នេះ ដាវីឌ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​អេន-កេឌី ដូច្នេះសូល​ទ្រង់​ក៏​យក​មនុស្ស​ដែល​ជ្រើស‌រើស ពី​ក្នុង​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មាន​ចំនួន​៣​ពាន់​នាក់ ចេញ​ទៅ​រក​ដាវីឌ នឹង​ពួក​លោក​នៅ​លើ​ភ្នំ​ថ្ម​ពពែ​ព្រៃ ក៏​យាង​មក​ដល់​ក្រោល​ចៀម ដែល​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​មាន​រអាង​១ ហើយ​ទ្រង់​ចូល​ទៅ​ផ្ទំ​នៅ​ក្នុង​រអាង​នោះ រីឯ​ដាវីឌ នឹង​ពួក​លោក គេ​នៅ​ក្នុង​ទី​ជ្រៅ​នៃ​រអាង​នោះ​ដែរ ខណ​នោះ ពួក​ខាង​ដាវីឌ​ជំរាប​ថា មើល នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​លោក​ថា ទ្រង់​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​លោក នោះ​លោក​នឹង​ធ្វើ​សំរេច​តាម​តែ​ចិត្ត​បាន ដូច្នេះដាវីឌ​ក៏​ក្រោក​ឡើងលប​ចូល​ទៅ​ថ្នមៗ កាត់​ផ្តាច់​ជាយ​ព្រះ‌ពស្ត្រ​របស់​សូល​ចេញ តែ​បន្ទាប់​នោះ​មក នោះ​ដាវីឌ​ក៏​មាន​សេចក្ដី​ឈឺ​ចិត្ត​ស្តាយ ដោយ​ព្រោះ​បាន​កាត់​ជាយ​ព្រះ‌ពស្ត្រ​របស់​សូល រួច​និយាយ​នឹង​ពួក​ខ្លួន​ថា សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅហ្វាយ​របស់​ខ្ញុំ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ដែល​ខ្ញុំ​នឹង​លើក​ដៃ​ទាស់​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ គឺ​ដោយ​ពាក្យ​យ៉ាង​នោះ​ឯង ដែល​ដាវីឌ​បាន​ឃាត់​ពួក​ខ្លួន មិន​ឲ្យ​គេ​លើក​គ្នា​ទាស់​នឹង​សូល​ឡើយ រួច​មក​សូល​ក្រោក​ឡើង​ចេញ​ពី​រអាង​យាង​តាម​ផ្លូវ​ទ្រង់​ទៅ។ ឯ​ដាវីឌ ក៏​ក្រោក​ឡើង​ចេញ​ពី​រអាង តាម​ក្រោយ​ស្រែក​ទូល​ដល់​សូល​ថា បពិត្រ​ព្រះ‌រាជា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ រួច​កាល​សូល​បែរ​ទត​មក​ក្រោយ នោះ​ដាវីឌ​ក៏​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​មនុស្ស​ដែល​ថា ដាវីឌ​រក​ធ្វើ​ឲ្យ​វិនាស​ដល់​ទ្រង់​ដូច្នេះ មើល ថ្ងៃ​នេះ​ឯងព្រះ‌នេត្រ​ទ្រង់​ឃើញ​ជា​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទ្រង់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូលបង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូលបង្គំ​សំឡាប់​ទ្រង់​ចោល តែ​ទូលបង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​ថា​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅហ្វាយ​នៃ​ទូលបង្គំ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ មួយ​ទៀត បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​នែ ជាយ​ព្រះ‌ពស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ដៃ​ទូលបង្គំ​ឯ​ណេះ ដូច្នេះដោយ​ព្រោះ​ទូលបង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សំឡាប់​ទ្រង់​ទេ នោះ​សូម​ពិចារណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូលបង្គំ​ឡើយ ទូលបង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូលបង្គំ​ក៏​ដោយ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ជំនុំ​ជំរះ​រឿង​យើង​ខ្ញុំ​ទាំង​២​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូលបង្គំ​ផង តែ​ទូលបង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ដាក់​លើ​ទ្រង់​ឡើយ ដូច​ជា​មាន​ពាក្យ​សុភាសិត​ពី​បូរាណ​ថា «មនុស្ស​កំណាច​តែង​បញ្ចេញ​សុទ្ធ​តែ​សេចក្ដី​កំណាច» ប៉ុន្តែទូលបង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ដាក់​លើ​ទ្រង់​ឡើយ តើ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ចេញ​មក​រក​អ្នក​ណា តើ​ទ្រង់​ដេញ​តាម​អ្នក​ណា គឺ​តាម​តែ​ឆ្កែ​ស្លាប់ ឬ​ជា​ចៃ​វិញ​ទេ​តើ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជំរះ​រឿង​របស់​យើង​ខ្ញុំ​ទាំង​២​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ‌សា​ទូលបង្គំ ហើយ​ជួយ​ឲ្យ​ទូលបង្គំ​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​ផង។ លុះ​កាល​ដាវីឌ​បាន​ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​សូល​ទ្រង់​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ​អី រួច​ទ្រង់​ក៏​ឡើង​សំឡេង​យំ ហើយ​មាន​បន្ទូល​ថា ឯង​សុចរិត​ជាង​អញ ដ្បិត​អញ​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​អញ​វិញ នៅ​ថ្ងៃ​នេះ ឯង​បាន​សំដែង​បែប​យ៉ាង​ណា ដែល​ឯង​បាន​ប្រព្រឹត្ត​ល្អ​ដល់​អញ ដោយ​ព្រោះ​កាល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​អញ​ទៅ​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ឯង​មិន​បាន​សំឡាប់​អញ​ទេ ដ្បិត​បើ​អ្នក​ណា​ជួប​ប្រទះ​នឹង​ខ្មាំង​សត្រូវ​ខ្លួន​ហើយ នោះ​តើ​នឹង​ឲ្យ​រួច​ទៅ​ដោយ​សុខ‌សាន្ត​ឬ ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ស្នង​នឹង​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​អញ​នៅ​ថ្ងៃ​នេះ​ចុះ អញ​ក៏​ដឹង​ហើយ​ថា ឯង​នឹង​បាន​សោយ‌រាជ្យ​ជា​មិន​ខាន ហើយ​នគរ​របស់​សាសន៍​អ៊ីស្រាអែល​នឹង​បាន​តាំង​ឡើង នៅ​ក្នុង​កណ្តាប់​ដៃ​ឯង​ផង ដូច្នេះ សូម​ឯង​ស្បថ​នឹង​អញ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ ថា កាល​ណា​អញ​អស់​ជីព‌ជន្ម​ទៅ​ហើយ នោះ​ឯង​នឹង​មិន​កាត់​វង្ស របស់​អញ​ចេញ​ឡើយ ក៏​មិន​បំផ្លាញ​ឈ្មោះ​អញ ឲ្យ​បាត់​ពី​ពួក​វង្ស​នៃ​បិតា​អញ​ចេញ​ដែរ នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​សូល រួច​សូល ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ​ទៅ តែ​ដាវីឌ នឹង​ពួក​លោក​គេ​នាំ​គ្នា​ឡើង​ទៅ​ឯ​ទី​ពំនួន​វិញ។