១ សាំយូអែល 18:5-17

១ សាំយូអែល 18:5-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ដាវីឌ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​ស្ដេច​សូល​ប្រើ ហើយ​តែង​តែ​ទទួល​បាន​ជោគ‌ជ័យ រួច​ស្ដេច​សូល​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​ប្រជាជន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សូល​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។ កាល​គេ​ត្រឡប់​មកវិញ គឺ​ពេល​ដែល​ដាវីឌ​មក​ពី​សម្លាប់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​វិញ​ហើយ ស្រ្តី​ៗក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង លោត​កញ្ឆេង ហើយ​បន្ទរ​ក្រាប់ និង​ដោយ​ឧបករណ៍​តន្ត្រី​ផ្សេងៗ។ កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា៖ «សូល​បាន​សម្លាប់​ទាំង​ពាន់ ដាវីឌ​ទាំង​ម៉ឺន»។ ដូច្នេះ ស្ដេច​សូល​មាន​សេចក្ដី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «គេ​បាន​រាប់​ជា‌មួយ​ម៉ឺន​ដល់​ដាវីឌ តែ​យើង​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ»។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ស្ដេច​សូល​ចេះ​តែ​រំពៃ​មើល​ដាវីឌ ដោយ​ព្រះ‌នេត្រ​ដ៏​អាក្រក់។ ដល់​ថ្ងៃ​បន្ទាប់ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​ស្ដេច​សូល បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្ដាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​លេង​ភ្លេង​ដូច​សព្វ​ដង ខណៈ​នោះ ស្ដេច​សូល​ក៏​ពួយ​ដែក​ពួយ​ទៅ ដោយ​នឹក​ថា «យើង​នឹង​ចាក់​ទម្លុះ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង» តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ​អស់​វារៈ​ពីរ​ដង។ ដូច្នេះ ស្ដេច​សូល​ក៏​ខ្លាច​ដល់​ដាវីឌ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​លោក តែ​បាន​ថយ​ចេញ​ពី​ទ្រង់​វិញ ហេតុ​ដូច្នោះ ស្ដេច​សូល​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​តម្រូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​មួយ​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្ដា​ទ័ព​ចេញ​ចូល។ លោក​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ផង។ ពេល​ស្ដេច​សូល​ឃើញ​ថា ដាវីឌ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ដូច្នោះ ទ្រង់​កោត​ខ្លាច​ដល់​លោក តែ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល។ នៅ​គ្រា​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «យើង​នឹង​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​ច្បង​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​ធ្វើ​ជា​អ្នក​ក្លាហាន​សម្រាប់​យើង ហើយ​ច្បាំង​ចម្បាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ» ស្ដេច​សូល​នឹក​ថា «កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​ធ្វើ​វិញ​ចុះ»។

១ សាំយូអែល 18:5-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រប់​សមរ‌ភូមិ​ដែល​ព្រះ‌បាទ​សូល​ចាត់​ឲ្យ​ទៅ ដាវីឌ​តែងតែ​ទទួល​ជោគ​ជ័យ​ជានិច្ច។ ព្រះ‌បាទ​សូល​តែង‌តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។ កាល​កង‌ទ័ព​ត្រឡប់​មក​ពី​ច្បាំង​វិញ ក្រោយ​លោក​ដាវីឌ​បាន​ប្រហារ​ជន​ភីលីស្ទីន​ហើយ ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ​ទៅ​ទទួល​ព្រះ‌បាទ​សូល ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យ‌តន្ត្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រីក‌រាយ​ថា៖ «ព្រះ‌បាទ​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។ ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​ព្រះ‌បាទ​សូល​ខ្ញាល់​ជា​ខ្លាំង ទ្រង់​នឹក​ថា៖ «គេ​សរសើរ​ដាវីឌ​ថា ប្រហារ​បាន​រាប់​ម៉ឺន​នាក់ រីឯ​អញ​វិញ​ត្រឹម​តែ​រាប់​ពាន់​នាក់។ ដូច្នេះ ដាវីឌ​នៅ​ខ្វះ​តែ​រាជ​សម្បត្តិ​ប៉ុណ្ណោះ»។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌បាទ​សូល​ស្អប់​លោក​ដាវីឌ​យ៉ាង​ខ្លាំង។ លុះ​ស្អែក​ឡើង មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​ចូល​ក្នុង​ព្រះ‌បាទ​សូល បណ្ដាល​ឲ្យ​ស្ដេច​ទៅ​ជា​វិកល‌ចរិត​នៅ​ក្នុង​ដំណាក់។ លោក​ដាវីឌ​លេង​ភ្លេង​ថ្វាយ​ស្ដេច​ដូច​សព្វ​ដង ពេល​នោះ ព្រះ‌បាទ​សូល​កាន់​លំពែង ទ្រង់​ចោល​លំពែង​ទៅ​ដោយ​នឹក​ថា៖ «អញ​នឹង​គប់​ទម្លុះ​ដាវីឌ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង»។ ប៉ុន្តែ លោក​ដាវីឌ​គេច​ផុត​ដល់​ទៅ​ពីរ​លើក។ ព្រះ‌បាទ​សូល​ខ្លាច​លោក​ដាវីឌ ព្រោះ​ព្រះ‌អម្ចាស់​បាន​បោះ​បង់​ចោល​ស្ដេច ហើយ​ទៅ​គង់​នៅ​ជា​មួយ​លោក​ដាវីឌ។ ហេតុ​នេះ​ហើយ​ទើប​ព្រះ‌រាជា​ឲ្យ​លោក​ដាវីឌ​ចេញ​ឆ្ងាយ​ពី​ស្ដេច ដោយ​តែង‌តាំង​លោក​ជា​មេ‌ទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ លោក​ដាវីឌ​ក៏​ដឹក​នាំ​កង‌ទ័ព​ទៅ​ច្បាំង ហើយ​លោក​តែងតែ​បាន​ទទួល​ជ័យ‌ជម្នះ​គ្រប់​ពេល​ទាំង​អស់ ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ។ ពេល​ឃើញ​លោក​ដាវីឌ​មាន​ជ័យ‌ជម្នះ​ជា​ច្រើន​ដូច្នេះ ព្រះ‌បាទ​សូល​ខ្លាច​លោក​ក្រៃ‌លែង។ ផ្ទុយ​ទៅ​វិញ ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា​ទាំង​មូល​ស្រឡាញ់​លោក​ដាវីឌ ព្រោះ​លោក​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។ ព្រះ‌បាទ​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ដាវីឌ​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលីស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាម​ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ថ្វាយ​ព្រះ‌អម្ចាស់»។

១ សាំយូអែល 18:5-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ដាវីឌ​ត្រាច់​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​សូល​ទ្រង់​ប្រើ ហើយ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា រួច​មក​សូល​ទ្រង់​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​បណ្តាជន នឹង​ពួក​មហា‌តលិក​របស់​សូល គេ​មាន​សេចក្ដី​ពេញ​ចិត្ត​ជា​ខ្លាំង។ គ្រា​កាល​ដែល​គេ​ត្រឡប់​វិល​មក គឺ​នៅ​វេលា​ដែល​ដាវីឌ​មក​ពី​សំឡាប់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​វិញ​ហើយ នោះ​ពួក​ស្រី​ទាំង‌ឡាយ ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង នឹង​លោត‌កញ្ឆេង ហើយ​បន្ទរ​ក្រាប់ នឹង​ប្រដាប់​ភ្លេង​ផ្សេងៗ កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន ដូច្នេះ សូល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​ថា គេ​បាន​រាប់​ជា​១​ម៉ឺន​ដល់​ដាវីឌ តែ​អញ​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ​ទេ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក សូល​ទ្រង់​ចេះ​តែ​រំពៃ​មើល​ដាវីឌ ដោយ​ព្រះ‌នេត្រ​ដ៏​អាក្រក់។ លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​សូល បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្តាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​ចាប់​លេង​ភ្លេង​ឡើង​ដូច​កាល​សព្វ​១​ដង ខណនោះ សូល​ទ្រង់​ក៏​ពួយ​ដែក​ពួយ​ទៅ ដោយ​នឹក​ថា អញ​នឹង​ចាក់​ទំលុះ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ​អស់​វារៈ​២​ដង ដូច្នេះសូល​ទ្រង់​ក៏​ខ្លាច​ដល់​ដាវីឌ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​លោក តែ​បាន​ថយ​ចេញ​ពី​ទ្រង់​វិញ ហេតុ​ដូច្នោះសូល​ទ្រង់​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​ដំរូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្តា​ទ័ព​ចេញ​ចូល លោក​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​ផង កាល​សូល​ទ្រង់​ឃើញ​ថា ដាវីឌ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ដូច្នោះ នោះ​ទ្រង់​កោត‌ខ្លាច​ដល់​លោក តែ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ពី​ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល។ នៅ​គ្រា​នោះ សូល​មាន​បន្ទូល​ទៅ​ដាវីឌ​ថា មើល​អញ​នឹង​ឲ្យ​នាង​ម៉្រាប ជា​កូន​ច្បង​របស់​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​បាន​ធ្វើ​ជា​អ្នក​ក្លាហាន សំរាប់​អញ ហើយ​ច្បាំង​ចំបាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ ពី​ព្រោះ​សូល​មាន​បំណង​ថា កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​ធ្វើ​វិញ​ចុះ