១ សាំយូអែល 14:47-52

១ សាំយូអែល 14:47-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ដែល​ស្ដេច​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ អាំម៉ូន និង​សាសន៍​អេដុម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា និង​ពួក​ភីលី‌ស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា‌និច្ច។ ទ្រង់​ក៏​ប្រព្រឹត្ត​ដោយ​ក្លាហាន បាន​ទាំង​វាយ​ពួក​អាម៉ាឡេក ហើយ​ជួយ​ដោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​គេ។ រី​ឯ​បុត្រា​របស់​ស្ដេច​សូល នោះ​គឺ​យ៉ូណា‌ថាន​មួយ យីសវី​មួយ និង​ម៉ាលគី-ស៊ូអា​មួយ ឯ​បុត្រី​ទាំង​ពីរ​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ថា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ថា​មីកាល។ ឯ​ជាយា​របស់​ព្រះ‌អង្គ​ព្រះ‌នាម​ថា​អ័ហ៊ី‌ណោម ជា​កូន​អ័ហ៊ីម៉ាស ហើយ​មេ‌ទ័ព​របស់​ព្រះ‌អង្គ​ឈ្មោះ​អ័ប៊ី‌នើរ ជា​កូន​នើរ ដែល​ជា​មា​របស់​សូល។ ដ្បិត​គីស ដែល​ជា​បិតា​របស់​សូល ហើយ​នើរ​ដែល​ជា​ឪពុក​អ័‌ប៊ីរ‌នើរ នោះ​ទាំង​ពីរ​នាក់​ជា​កូន​អ័‌បៀល។ នៅ​អស់​មួយ​ជីវិត​របស់​សូល នោះ​ចេះ​តែ​មាន​ចម្បាំង​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ជា​ខ្លាំង ហើយ​កាល​ណា​ស្ដេច​សូល​ឃើញ​មនុស្ស​ណា​ខ្លាំង​ពូកែ ឬ​ក្លាហាន ស្ដេច​ក៏​យក​អ្នក​នោះ​មក​ក្នុង​ពល​ទ័ព​របស់​ព្រះ‌អង្គ។

១ សាំយូអែល 14:47-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពេល​ព្រះ‌បាទ​សូល​ឡើង​គ្រង​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​ហើយ ស្ដេច​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ គឺ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំ‌ម៉ូន ជន‌ជាតិ​អេដុម ពួក​ស្ដេច​នៅ​សូបា និង​ជន‌ជាតិ​ភីលីស្ទីន។ នៅ​គ្រប់​សមរ‌ភូមិ ស្ដេច​តែងតែ​ទទួល​ជ័យ‌ជម្នះ​លើ​ពួក​គេ​ជានិច្ច។ ព្រះ‌បាទ​សូល​ធ្វើ​សង្គ្រាម​ដោយ​ទឹក​ចិត្ត​អង់‌អាច ទ្រង់​បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក ហើយ​រំដោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​បាន​ឈ្លាន‌ពាន​ស្រុក​គេ។ បុត្រា​របស់​ព្រះ‌បាទ​សូល​មាន​យ៉ូណា‌ថាន យីសវី និង​ម៉ាល់‌គីស៊ូ‌អា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ព្រះ‌បាទ​សូល គឺ​ម្រ៉ាប ជា​បុត្រី​ច្បង និង​មិកាល់ ជា​បុត្រី​ពៅ។ ព្រះ‌ជាយា​របស់​ព្រះ‌បាទ​សូល​ព្រះ‌នាម​អហ៊ី‌ណោម ត្រូវ​ជា​កូន​ស្រី​របស់​លោក​អហ៊ី‌ម៉ាស់។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ព្រះ‌បាទ​សូល។ លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល លោក​នែរ​ជា​ឪពុក​របស់​លោក​អប៊ី‌នើរ លោក​ទាំង​ពីរ​ត្រូវ​ជា​កូន​របស់​លោក​អបៀល។ ក្នុង​មួយ​ជីវិត ព្រះ‌បាទ​សូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ទល់​នឹង​ពួក​ភីលីស្ទីន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​សូល​តែងតែ​សង្កេត​រក​មើល​ជន​ណា​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា និង​ទឹក​ចិត្ត​អង់‌អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល​ទ័ព​របស់​ស្ដេច។

១ សាំយូអែល 14:47-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​កាល​ក្រោយ ដែល​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល នោះ​ទ្រង់​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំវិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន នឹង​សាសន៍​អេដំម នឹង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា ហើយ​នឹង​ពួក​ភីលីស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា​ដរាប ទ្រង់​ក៏​ប្រព្រឹត្ត​ដោយ​ក្លាហាន បាន​ទាំង​វាយ​ពួក​អាម៉ា‌លេក ហើយ​ជួយ​ដោះ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​គេ។ រីឯ​បុត្រា​របស់​សូល នោះ​គឺ​យ៉ូណា‌ថាន​១ យីសវី​១ នឹង​ម៉ាលគី-ស៊ូអា​១ ឯ​បុត្រី​ទាំង​២​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ជា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ជា​មីកាល ឯ​ជាយា​របស់​ទ្រង់​ព្រះ‌នាម​ជា​អ័ហ៊ី‌ណោម ជា​កូន​អ័ហ៊ីម៉ាស ហើយ​មេ‌ទ័ព​របស់​ទ្រង់​ឈ្មោះ​អ័ប៊ី‌នើរ ជា​កូន​នើរ ដែល​ជា​មា​របស់​សូល ដ្បិត​គីស ដែល​ជា​បិតា​របស់​សូល ហើយ​នើរ​ដែល​ជា​ឪពុក​អ័ប៊ី‌នើរ នោះ​ទាំង​២​នាក់​ជា​កូន​អ័បៀល។ នៅ​អស់​១​ជីវិត​របស់​សូល នោះ​ចេះ​តែ​មាន​ចំបាំង​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ជា​ខ្លាំង ហើយ​កាល​ណា​សូល​ទ្រង់​ឃើញ​មនុស្ស​ណា​ខ្លាំង​ពូកែ ឬ​ក្លាហាន នោះ​ទ្រង់​ក៏​យក​អ្នក​នោះ​មក​ក្នុង​ពល​ទ័ព​របស់​ទ្រង់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ