១ សាំយូអែល 14:1-46

១ សាំយូអែល 14:1-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថ្ងៃ​មួយ យ៉ូណា‌ថាន ជា​បុត្រា​របស់​ស្ដេច​សូល ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន ដែល​នៅ​ខាង​នាយ​នោះ»។ ប៉ុន្តែ លោក​មិន​បាន​ទូល​ដល់​បិតា​ឲ្យ​ជ្រាប​ទេ។ ឯ​ស្ដេច​សូល​នៅ​ត្រង់​ចុង​ក្រុង​គី‌បៀរ ក្រោម​ដើម​ទទឹម​ដែល​នៅ​មីក‌រ៉ូន មាន​ទាំង​ពួក​ទ័ព​នៅ​ជា‌មួយ ប្រហែល​ជា​ប្រាំមួយ‌រយ​នាក់​ផង ព្រម​ទាំង​អ័‌ហ៊ីយ៉ា​ជា​កូន​អ័‌ហ៊ីទូប បង​របស់​អ៊ី‌កាបូឌ ដែល​ជា​កូន​ភី‌នេ‌ហាស ភី‌នេ‌ហាស ជា​កូន​អេលី ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ។ នៅ​កណ្ដាល​ច្រក​ភ្នំ​ដែល​យ៉ូណា‌ថាន​ចង់​ឆ្លង​ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន នោះ​មាន​ថ្មដា​ស្រួច​អម​ទាំង​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសេស ហើយ​មួយ​ទៀត​ឈ្មោះ​សេនេ។ មួយ​នៅ​ខាង​ជើង​ទល់​មុខ​នឹង​មីក‌ម៉ាស ហើយ​មួយ​នៅ​ខាង​ត្បូង​ទល់​មុខ​នឹង​កេបា។ យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។ ឯ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ក៏​ឆ្លើយ​ថា៖ «សូម​សម្រេច​តាម​តែគំនិត​របស់​លោក ហើយ​ធ្វើ​តាម​តែ​ចិត្ត​ប្រាថ្នា​ចុះ មើល៍ ខ្ញុំ​នៅ​ជា‌មួយ​លោក​ស្រាប់​ហើយ»។ ដូច្នេះ យ៉ូណា‌ថាន​ប្រាប់​ថា៖ «ឥឡូវ យើង​នឹង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​យើង​ឲ្យ​គេ​ឃើញ ប្រសិន‌បើ​គេ​ប្រាប់​យើង​ថា "ចូរ​រង់​ចាំ​រហូត​ដល់​យើង​មក​រក​អ្នក" នោះ​យើង​នឹង​ឈរ​នៅ​នឹង​កន្លែង យើង​នឹង​មិន​ឡើង​ទៅ​រក​គេ​ឡើយ។ ប៉ុន្តែ ប្រសិន‌បើ​គេ​ប្រាប់​ថា "ចូរ​ឡើង​មក​រក​យើង" នោះ​យើង​នឹង​ឡើង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​យើង»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​បង្ហាញ​ខ្លួន​ឲ្យ​ពួក​បន្ទាយ​នៃ​សាសន៍​ភីលី‌ស្ទីន​ឃើញ រួច​គេ​និយាយ​ថា៖ «មើល៍! ពួក​ហេព្រើរ​ចេញ​ពី​រូង​ដែល​គេ​ពួន​នោះ​ហើយ» គេ​ក៏​និយាយ​ទៅ​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​ឡើង​មក​រក​យើង​ចុះ យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង» នោះ​យ៉ូណា‌ថាន​ប្រាប់​ដល់​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​អ្នក​ឡើង​មក​តាម​ក្រោយ​យើង​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ មក​ក្នុង​កណ្ដាប់​ដៃ​នៃ​អ៊ីស្រា‌អែល​ហើយ»។ រួច​យ៉ូណា‌ថាន​ក៏​ប្រតោង​ឡើង ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​ឡើង​តាម​ក្រោយ​ទៅ។ ពួក​ភីលីស្ទីន​ក៏​ដួល​នៅ​មុខ​យ៉ូណា‌ថាន ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​សម្លាប់​គេ​ជា​ក្រោយ។ នៅ​ពេល​ដែល​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​បាន​សម្លាប់​គេ​មុន​ដំបូង នោះ​បាន​ស្លាប់​អស់​ប្រហែល​ជា​ម្ភៃ​នាក់ នៅ​លើ​ដី​ចំនួន​មួយ​ងារ។ នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល និង​នៅ​ក្នុង​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ និង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃ‌លែង។ ពួក​យាម‌ល្បាត​របស់​សូល​នៅ​ក្រុង​គី‌បៀរ ស្រុក​បេនយ៉ាមីន មើល​ទៅ​ឃើញ​ពល​ទ័ព​បែក‌ខ្ញែក​គ្នា ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ថា៖ «ចូរ​រាប់​មើល​អ្នក​ណា​ខ្លះ​ដែល​បាន​ចេញ​ពី​យើង»។ ពេល​គេ​បាន​រាប់ ឃើញ​បាត់​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក។ ព្រះ​បាទ​សូល​បញ្ជាលោក​អ័‌ហ៊ី‌យ៉ា​ថា៖ «ចូរ​យក​ហិប​របស់​ព្រះ​មក​ទី​នេះ»។ ដ្បិត​គ្រា​នោះ ហិប​របស់​ព្រះ​នៅ​ជា‌មួយ​ប្រជា​ជន​អ៊ីស្រា‌អែល។ កាល​ស្ដេច​សូល​កំពុង​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សង្ឃ​នៅ​ឡើយ សូរ​អឺង‌កង​ដែល​ឮ​ពី​ជំរំ​ពួក​ភីលី‌ស្ទីន​ក៏​កាន់​តែ​ខ្លាំង​ឡើងៗ។ ដូច្នេះ ស្ដេច​សូល​ប្រាប់​សង្ឃ​ថា៖ «ចូរ​ដក​ដៃ​អ្នក​ចេញ »។ ពេល​នោះ ស្ដេច​សូល និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​សមរភូមិ ហើយមើល៍ មាន​ការ​ច្របូក‌ច្របល់​យ៉ាង​សម្បើម ដោយពួកភីលីស្ទីន​កំពុង​តែ​កាប់​ចាក់​គ្នា​ឯង។ រី​ឯ​ពួក​ហេព្រើរ​ដែល​នៅ​ជា‌មួយ​ពួក​ភីលី‌ស្ទីន ហើយ​បាន​ឡើង​មក​ក្នុង​ពួក​ទ័ព​ជា‌មួយ​គេ នោះ​ក៏​បែរ​មក​ខាង​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​សូល និង​យ៉ូណា‌ថាន​វិញ។ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​ពួន​នៅ​ស្រុក​ភ្នំ​អេប្រាអិម​បាន​ឮ​ថា ពួក​ភីលី‌ស្ទីន​រត់​ដូច្នោះ នោះ​គេ​ក៏​ដេញ​តាម​ច្បាំង​យ៉ាង​ប្រកិត​ដែរ។ ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ ហើយ​ចម្បាំង​នោះ​ក៏​ឆ្លង​ទៅ រហូត​ដល់​បេត-អា‌វេន​វិញ។ នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​សូល​បាន​ឲ្យ​គេ​ស្បថ​ថា៖ «អ្នក​ណា​ដែល​បរិ‌ភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​យើង​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្ដាសា» ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិ‌ភោគ​អ្វី​ឡើយ។ កាល​ប្រជា​ជន​ទាំង​ប៉ុន្មាន​បាន​ចូលមកដល់​ក្នុង​ព្រៃ នោះ​ឃើញ​មាន​សំណុំ​ទឹក​ឃ្មុំ​នៅ​លើ​ដី។ ដ្បិត​កាល​គេ​ចូល​ទៅ នោះ​ឃើញ​សំណុំ​ទឹក​ឃ្មុំ​ធ្លាក់​ចុះ​មក តែ​គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ចាប់​ដាក់​ដល់​មាត់​ឡើយ ព្រោះ​គេ​ខ្លាច​ពាក្យ​សម្បថ​នោះ។ តែ​យ៉ូណា‌ថាន​ឥត​បាន​ឮ ក្នុង​កាល​បិតា​បង្គាប់​គេ​ដោយ​ពាក្យ​សម្បថ​ទេ បាន​ជា​លោក​លូក​ចុង​ដំបង ដែល​កាន់​នៅ​ដៃ​ទៅ​ចាក់​សំណុំ​ឃ្មុំ យក​មក​បរិ‌ភោគ​ទៅ ស្រាប់​តែ​ភ្នែក​លោក​ក៏​ស្វាង​ឡើង។ នោះ​មាន​ម្នាក់​ជម្រាប​ថា៖ «បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សម្បថ​ថា "អ្នក​ណា​បរិ‌ភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្ដាសា" ពួក​បណ្ដា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់»។ ដូច្នេះ យ៉ូណា‌ថាន​មាន​វាចា​ថា៖ «បិតា​របស់​យើង​បាន​នាំ​ឲ្យ​ស្រុក​យើង​មាន​វេទនា​ហើយ មើល៍ យើង​បាន​ស្វាង​ភ្នែក​ឡើង​ដោយ‌សារ​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច​នេះ។ ចុះ​ចំណង់​បើ​ពួក​ទ័ព​បាន​បរិ‌ភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ តាម​ចិត្ត​នៅ​ថ្ងៃ​នេះ នោះ​តើ​នឹង​វិសេស​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត យ៉ាង​នោះ​នឹង​បាន​ប្រហារ​ជីវិត​ពួក​ភីលី‌ស្ទីន រឹត​តែ​ច្រើន​លើស​ទៅ​ទៀត»។ នៅ​ថ្ងៃ​នោះ គេ​ក៏​វាយ​ពួក​ភីលី‌ស្ទីន ចាប់​តាំង​ពី​មីក‌ម៉ាស​រហូត​ដល់​អាយ៉ា‌ឡូន និង​ពួក​បណ្ដា‌ទ័ព​ល្វើយ​ខ្លាំង​ណាស់ ដូច្នោះ គេ​ក៏​ស្ទុះ​ទៅ​លើ​របឹប ចាប់​យក​ចៀម គោ និង​កូន​គោ ទៅ​សម្លាប់​នៅ​លើ​ដី ហើយ​បរិ‌ភោគ​សាច់​ទាំង​ជាប់​មាន​ឈាម​ផង ពេល​នោះ គេ​ទូល​ស្ដេច​សូល​ថា៖ «មើល៍! ឥឡូវ​ពួក​ទ័ព​គេ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដោយ​បរិ‌ភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ផង»។ នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្មើស​ហើយ ដូច្នេះ ចូរ​ប្រមៀល​ថ្ម​មួយ​យ៉ាង​ធំ មក​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ក្នុង​ពួក​ទ័ព​ប្រាប់​គេ​ឲ្យ​ដឹក​យក​គោ និង​ចៀម​មក​ឲ្យ​យើង ដើម្បី​សម្លាប់​បរិ‌ភោគ​នៅ​ទី​នេះ កុំ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដោយ​បរិ‌ភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ដូច្នេះ​ឡើយ»។ ដូច្នេះ នៅ​យប់​នោះ គ្រប់​គ្នា​ក៏​ដឹក‌នាំ​គោ​របស់​ខ្លួន​ទៅ​សម្លាប់​នៅ​ទី​នោះ។ ស្ដេច​សូល​ក៏​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ហើយ​ជា​អាសនា​មុន​ដំបូង ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា។ លំដាប់​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យើង​ចុះ​ទៅ​ទាំង​យប់​តាម​ពួក​ភីលី‌ស្ទីន ដើម្បី​វាយ​គេ​រហូត​ដល់​ភ្លឺ កុំ​ឲ្យ​យើង​ទុក​គេ​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ» គេ​និយាយ​ថា៖ «សូម​ទ្រង់​សម្រេច​តាម​ដែល​យល់​ថា​ស្រួល​ចុះ» នោះ​សង្ឃ​មាន​វាចា​ថា៖ «ចូរ​យើង​ប្រមូល​គ្នា​មក​រក​ព្រះ​នៅ​ទី​នេះ​សិន»។ ស្ដេច​សូល​ក៏​ទូល​សួរ​ដល់​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ចុះ​ទៅ​តាម​ពួក​ភីលី‌ស្ទីន​ឬ? តើ​ព្រះ‌អង្គ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​អ៊ីស្រា‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ​មិន​បាន​ឆ្លើយ​តប​មក​សោះ។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​មក​ទី​នេះ អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជា‌រាស្ត្រ​អើយ ដើម្បី​នឹង​ពិចារ‌ណា​មើល ឲ្យ​ដឹង​ជា​កើត​មាន​បាប​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ថា ទោះ​បើ​បាប​នោះ នៅ​លើ​រូប​យ៉ូណា‌ថាន​ជា​កូន​យើង​ក៏​ដោយ គង់​តែ​វា​នឹង​ត្រូវ​ស្លាប់​ទៅ​ជា​ប្រាកដ»។ ក្នុង​ពួក​ពល​ទ័ព​គ្មាន​អ្នក​ណា​មួយ​ឆ្លើយ​ឡើង​សោះ។ ពេល​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​អ៊ីស្រា‌អែល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នៅ​ជា​ម្ខាង ហើយ​យើង និង​យ៉ូណា‌ថាន ជា​កូន​យើង​នៅ​ម្ខាង» ពួក​ពល​ទ័ព​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​ចុះ»។ ដូច្នេះ ស្ដេច​សូល​ក៏​ទូល​ថា៖ «ឱព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ [ហេតុអ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ? ប្រសិន‌បើ​នេះ​ជា​កំហុស​របស់​ទូលបង្គំ ឬ​កំហុស​របស់​យ៉ូណាថាន​កូន​ទូល​បង្គំ ឱព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ] សូម​ព្រះ‌អង្គ​បង្ហាញ​តាម​អ៊ូរីម ចុះ។ ប៉ុន្តែ ប្រសិន‌បើ​នេះ​ជា​កំហុស​របស់​ប្រជា​ជន​អ៊ីស្រា‌អែល សូម​បង្ហាញ​តាម​ធូមីម »។ ពេល​នោះ ឆ្នោត​បង្ហាញ​ចំ​លើ​យ៉ូណា‌ថាន និង​ស្ដេច​សូល តែ​ប្រជា​ជន​រួច​ខ្លួន។ ពេល​នោះ ព្រះ​បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាប់​ឆ្នោត​រវាង​ខ្ញុំ​នឹង​យ៉ូណា‌ថាន កូន​របស់​ខ្ញុំ​ទៀត​មើល៍» ហើយ​ឆ្នោត​ក៏​បង្ហាញ​ចំ​លើ​យ៉ូណា‌ថាន។ ពេល​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា តើ​បុត្រ​បាន​ធ្វើ​អ្វី?» យ៉ូណា‌ថាន​ទូល​ថា៖ «ទូល‌បង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូល‌បង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល៍ ទូល‌បង្គំ​មុខ​ជា​ស្លាប់​ហើយ»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​យ៉ូណា‌ថាន​អើយ បើ​បុត្រ​មិន​ត្រូវ​ស្លាប់​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​បិតា​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង»។ ពួក​បណ្ដា​ទ័ព​ទូល​សួរ​ដល់​ស្ដេច​សូល​ថា៖ «យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រា‌អែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ? មិន​ត្រូវ​ទៅ​ជា​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​មួយ​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ទេ ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា‌មួយ​ព្រះ​ហើយ» ដូច្នេះ ពួក​បណ្ដា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ។ នោះ​សូល​ក៏​លែង​ដេញ​តាម​ពួក​ភីលី‌ស្ទីន ហើយ​ពួក​ភីលី‌ស្ទីន គេ​ក៏​វិល​ទៅ​កន្លែង​គេ​រៀង​ខ្លួន​ទៅ។

១ សាំយូអែល 14:1-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រា​របស់​ព្រះ‌បាទ​សូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ សម្ដេច​មិន​បាន​ទូល​បិតា​ឲ្យ​ជ្រាប​ទេ។ ព្រះ‌បាទ​សូល​ប្រថាប់​នៅ​ជាយ​ភូមិ​គីបៀរ ក្រោម​ដើម​ទទឹម​មួយ​ដើម គឺ​នៅ​មីក្រូន ហើយ​មាន​ទាហាន​ប្រមាណ​ប្រាំ​មួយ​រយ​នាក់​នៅ​ជា​មួយ។ រីឯ​អ្នក​ដែល​ពាក់​អាវ​អេផូដ* ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់​នៅ​ពេល​នោះ គឺ​លោក​អហ៊ី‌យ៉ា ជា​កូន​របស់​លោក​អហ៊ី‌ទូប ត្រូវ​ជា​បងប្អូន​របស់​អ៊ីកា‌បុដ ជា​កូន​របស់​លោក​ភីនេ‌ហាស និង​ត្រូវ​ជា​ចៅ​របស់​លោក​អេលី ដែល​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កង‌ទ័ព​ដឹង​ថា សម្ដេច​យ៉ូណា‌ថាន​ចេញ​ទៅ​ទេ។ ច្រក​ភ្នំ​ដែល​សម្ដេច​យ៉ូណា‌ថាន​បម្រុង​នឹង​ឆ្លង​ទៅ​រក​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​នោះ មាន​ថ្ម​ស្រួចៗ​នៅ​អម​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសេស មួយ​ទៀត​ឈ្មោះ​សេនេ។ ថ្ម​ស្រួច​មួយ​ស្ថិត​នៅ​ខាង​ជើង ទល់​មុខ​នឹង​មីក‌ម៉ាស់ និង​មួយ​ទៀត​ស្ថិត​នៅ​ខាង​ត្បូង ទល់​មុខ​នឹង​កេបា។ សម្ដេច​យ៉ូណា‌ថាន​ប្រាប់​ទៅ​សេនា​ក្មេង ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ទមិឡ ប្រហែល​ជា​ព្រះ‌អម្ចាស់​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ព្រះ‌អម្ចាស់​មិន​ឲ្យ​ប្រទាន​ជ័យ‌ជម្នះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្ដី!»។ សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្ដេច​ចុះ! កុំ​បង្អង់​ឡើយ ទូលបង្គំ​ដើរ​តាម​ក្រោយ​សម្ដេច​ជានិច្ច»។ សម្ដេច​យ៉ូណា‌ថាន​តប​ថា៖ «បើ​ដូច្នេះ ចូរ​យើង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ។ បើ​សិន​ជា​ពួក​គេ​ប្រាប់​មក​យើង​ថា “ចូរ​ឈប់​នៅ​ទី​នោះ​ហើយ ពួក​យើង​នឹង​ចុះ​ទៅ​រក​អ្នក!” នោះ​យើង​ត្រូវ​ឈរ​នៅ​នឹង​កន្លែង គឺ​មិន​ត្រូវ​ឡើង​ទៅ​រក​ពួក​គេ​ទេ។ ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា “ចូរ​ឡើង​មក​រក​យើង!” នោះ​យើង​នឹង​ឡើង​ទៅ​ភ្លាម ដ្បិត​នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​យើង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ»។ អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ខ្សែ​ត្រៀម​របស់​ភីលីស្ទីន​ឃើញ។ ពួក​ភីលីស្ទីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​ហេប្រឺ​ចេញ​ពី​រូង​ដែល​គេ​ពួន​ហើយ!»។ ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្ដេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្ដេច​យ៉ូណា‌ថាន​ប្រាប់​សេនា​របស់​សម្ដេច​ថា៖ «ឡើង​តាម​ខ្ញុំ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ»។ សម្ដេច​យ៉ូណា‌ថាន​វារ​ឡើង ហើយ​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច​ក៏​វារ​ឡើង​តាម​ក្រោយ​ដែរ។ សម្ដេច​យ៉ូណា‌ថាន​វាយ​ផ្ដួល​ពួក​ភីលីស្ទីន ហើយ​សេនា​ដែល​កាន់​អាវុធ​ក៏​សម្លាប់​ពួក​គេ​តាម​ក្រោយ។ នៅ​គ្រា​ដំបូង សម្ដេច​យ៉ូណា‌ថាន និង​សេនា បាន​ប្រហារ​ពួក​ភីលីស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។ ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់‌ញ័រ​នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលីស្ទីន និង​ក្នុង​ចំណោម​ប្រជា‌ជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កង‌ទ័ព​ក៏​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែនដី បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង។ ពួក​អ្នក​យាម‌ល្បាត​របស់​ស្ដេច​សូល នៅ​ក្រុង​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន ក៏​បាន​ឃើញ​កង‌ទ័ព​ភីលីស្ទីន​រត់​បែក‌ខ្ញែក​គ្នា​ទៅ​គ្រប់​ទិស‌ទី​ដែរ។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​ស្ដេច​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្ដេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច។ ព្រះ‌បាទ​សូល​បញ្ជា​ទៅ​លោក​អហ៊ី‌យ៉ា​ថា៖ «ចូរ​ទៅ​យក​ហិប​របស់​ព្រះ‌ជាម្ចាស់​មក!»។ នៅ​គ្រា​នោះ ហិប​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពេល​ព្រះ‌បាទ​សូល​កំពុង​តែ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ ការ​ច្របូក‌ច្របល់​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ជំរំ​ពួក​ភីលីស្ទីន។ ព្រះ‌បាទ​សូល​ក៏​ប្រាប់​លោក​បូជា‌ចារ្យ​ថា៖ «មិន​បាច់​ទូល​សួរ​ព្រះ‌ជាម្ចាស់​ទៀត​ទេ» ។ ព្រះ‌បាទ​សូល និង​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ស្ដេច បាន​ប្រមូល​គ្នា រួច​ចេញ​ទៅ​ដល់​ទី‌លាន​ប្រយុទ្ធ។ ម្នាក់ៗ​កាន់​ដាវ​ចូល​ប្រឡូក​ច្បាំង ហើយ​សភាព​ច្របូក‌ច្របល់​ក៏​កើត​មាន​យ៉ាង​ខ្លាំង​ឥត​ឧបមា។ មាន​ពួក​ហេប្រឺ​មួយ​ចំនួន ដែល​ពី​មុន​នៅ​បម្រើ​ពួក​ភីលីស្ទីន ហើយ​បាន​ចេញ​មក​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ដែរ​នោះ ក៏​រត់​ចូល​មក​ខាង​ទ័ព​អ៊ីស្រា‌អែល ដែល​នៅ​ជា​មួយ​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន។ ទាហាន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​លាក់​ខ្លួន​នៅ​តាម​តំបន់​ភ្នំ​អេប្រាអ៊ីម​ដឹង​ថា ពួក​ភីលីស្ទីន​បាក់​ទ័ព នោះ​ក៏​ចេញ​មក​ដេញ​តាម​ប្រហារ​ពួក​គេ​ដែរ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​បន្ត​ទៅ​ទៀត រហូត​ដល់​បេត‌អាវេន។ នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រា‌អែល​ត្រូវ​វេទនា ព្រោះ​ព្រះ‌បាទ​សូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សង‌សឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ ហេតុ​នេះ ក្នុង​ជួរ​កង‌ទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។ ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​ក្នុង​ព្រៃ ត្រង់​កន្លែង​មួយ​ដែល​មាន​សំបុក​ឃ្មុំ​នៅ​ផ្ទាល់​នឹង​ដី។ ពេល​ពួក​ទាហាន​ចូល​ដល់​ក្នុង​ព្រៃ ឃើញ​ទឹក​ឃ្មុំ​ហូរ​ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​យក​ដៃ ទៅ​កៀរ​ទឹក​ឃ្មុំ​នោះ​ដាក់​ក្នុង​មាត់​ឡើយ ព្រោះ​ពួក​គេ​គោរព​ពាក្យ​សម្បថ។ សម្ដេច​យ៉ូណា‌ថាន​ពុំ​ដឹង​ថា បិតា​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្ដេច​ក៏​យក​ដំបង​ដែល​ទ្រង់​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្ដេច​មាន​ទឹក​មុខ​ស្រស់‌បស់។ ពេល​នោះ ទាហាន​ម្នាក់​ទូល​សម្ដេច​យ៉ូណា‌ថាន​ថា៖ «បិតា​របស់​សម្ដេច​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវ‌ហត់​ទាំង​អស់​គ្នា»។ សម្ដេច​យ៉ូណា‌ថាន​ពោល​ថា៖ «បិតា​របស់​ខ្ញុំ​បាន​នាំ​ឲ្យ​ពួក​យើង​កើត​កង្វល់​ហើយ។ មើល! ខ្ញុំ​មាន​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​តែ​បាន​ភ្លក់​ទឹក​ឃ្មុំ​នេះ​បន្តិច។ ថ្ងៃ​នេះ ប្រសិន​បើ​ទាហាន​ទាំង​អស់​បរិភោគ​អាហារ​ដែល​រឹប​អូស​យក​បាន​ពី​ខ្មាំង​នោះ ប្រហែល​ជា​ពួក​ភីលីស្ទីន ទទួល​បរា‌ជ័យ​ធ្ងន់‌ធ្ងរ​ជាង​នេះ​ទៅ​ទៀត!»។ នៅ​ថ្ងៃ​នោះ ពួក​គេ​វាយ​ប្រហារ​ពួក​ភីលីស្ទីន​ចាប់​តាំង​ពី​មីក‌ម៉ាស់ រហូត​ដល់​អាយ៉ា‌ឡូន។ ពួក​ទាហាន​មាន​ការ​ហេវ‌ហត់​យ៉ាង​ខ្លាំង ក៏​ស្ទុះ​តម្រង់​ទៅ​រក​ជយ‌ភណ្ឌ។ ពួក​គេ​ចាប់​ចៀម គោ និង​កូន​គោ មក​ចាក់​ក​សម្លាប់​នៅ​ផ្ទាល់​នឹង​ដី ហើយ​នាំ​គ្នា​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម ។ មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា៖ «ពួក​ទាហាន​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម!»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​ក្បត់​ព្រះ‌អម្ចាស់​ហើយ! ចូរ​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ ​មក​ឲ្យ​ខ្ញុំ​ភ្លាម»។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ក្នុង​ចំណោម​ទាហាន ប្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​នាំ​គោ និង​ចៀម​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​លើ​ថ្ម​នេះ រួច​នាំ​គ្នា​បរិភោគ​ទៅ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​នេះ​ឡើយ»។ នៅ​យប់​នោះ ពួក​ទាហាន​ទាំង​អស់​បាន​នាំ​យក​គោ​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​ទី​កន្លែង​នោះ។ ព្រះ‌បាទ​សូល​បាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​អាសនៈ​ដំបូង​បង្អស់​ដែល​ស្ដេច​សង់​ថ្វាយ​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ពួក​គេ រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ទូល​ស្ដេច​វិញ​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ ប៉ុន្តែ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​តែ​ទូល​សួរ​ព្រះ‌ជាម្ចាស់​សិន»។ ព្រះ‌បាទ​សូល​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​អាច​ដេញ​តាម​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រគល់​ពួក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌ជាម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​ឡើយ។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អញ្ជើញ​ចូល​មក! សុំ​អស់​លោក​ពិនិត្យ​ឲ្យ​ហ្មត់‌ចត់​មើល តើ​ថ្ងៃ​នេះ ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី? ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ‌សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​មាន​ទោស​ដល់​ជីវិត ទោះ​បី​យ៉ូណា‌ថាន​ជា​បុត្រ​របស់​ខ្ញុំ​ក៏​ដោយ»។ នៅ​ក្នុង​ជួរ​ទ័ព​ទាំង​មូល គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ទេ។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ម្ខាង​ទៅ ចំណែក​យ៉ូណា‌ថាន ជា​បុត្រ​ខ្ញុំ និង​ខ្ញុំ ឈរ​នៅ​ម្ខាង»។ ពួក​ទាហាន​ទូល​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ ព្រះ‌បាទ​សូល​ទូល​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្ដេច​យ៉ូណា‌ថាន និង​ព្រះ‌បាទ​សូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​បុត្រ​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្ដេច​យ៉ូណា‌ថាន។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា​មើល៍ តើ​បុត្រ​បាន​ធ្វើ​អ្វី?»។ សម្ដេច​យ៉ូណា‌ថាន​ក៏​រៀប​រាប់​ទូល​បិតា តាម​ដំណើរ​រឿង ជា​ហូរ‌ហែ​ថា៖ «ទូលបង្គំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់។ ឥឡូវ​នេះ ទូលបង្គំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូណា‌ថាន​អើយ បុត្រ​ត្រូវ​តែ​ស្លាប់? បើ​មិន​ដូច្នោះ​ទេ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​បិតា​យ៉ាង​ធ្ងន់​ទៅ!»។ ពួក​ទាហាន​ទូល​ព្រះ‌បាទ​សូល​ថា៖ «សម្ដេច​យ៉ូណា‌ថាន​មិន​ត្រូវ​សុគត​ឡើយ! ដ្បិត​សម្ដេច​ទេ​តើ​ដែល​ដណ្ដើម​បាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង​នេះ​ឲ្យ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល។ យើង​ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា យើង​ខ្ញុំ​មិន​ព្រម​ឲ្យ​សក់​មួយ​សរសៃ​ជ្រុះ​ពី​សិរសា​របស់​សម្ដេច​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជួយ​សម្ដេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ នៅ​ថ្ងៃ​នេះ»។ ពួក​ទាហាន​ក៏​បាន​សង្គ្រោះ​សម្ដេច​យ៉ូណា‌ថាន​ឲ្យ​រួច​ពី​ស្លាប់។ បន្ទាប់​មក ព្រះ‌បាទ​សូល​ឈប់​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​នោះ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។

១ សាំយូអែល 14:1-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ថ្ងៃ​១​យ៉ូណា‌ថាន ជា​បុត្រា​សូល ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន ដែល​នៅ​ខាង​នាយ​នោះ តែ​លោក​មិន​បាន​ទូល​ដល់​បិតា​ឲ្យ​ជ្រាប​ទេ ឯ​សូល ទ្រង់​នៅ​ត្រង់​ចុង​ក្រុង​គីបៀរ ក្រោម​ដើម​ទទឹម​ដែល​នៅ​មីករ៉ូន មាន​ទាំង​ពួក​ទ័ព​នៅ​ជា​មួយ​ប្រហែល​ជា​៦០០​នាក់​ផង ព្រម​ទាំង​អ័ហ៊ីយ៉ា ជា​កូន​អ័ហ៊ី‌ទូប បង​អ៊ីកាបូឌ ដែល​ជា​កូន​ភីនេ‌ហាសៗជា​កូន​អេលី​ដ៏​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ រីឯ​នៅ​កណ្តាល​ច្រក​ភ្នំ ដែល​យ៉ូណា‌ថាន​ចង់​ឆ្លង ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន នោះ​មាន​ថ្មដា​ស្រួច​អម​ទាំង​សង​ខាង​ផ្លូវ ១​ឈ្មោះ​បូសេស ហើយ​១​ទៀត​ឈ្មោះ​សេនេ មួយ​នៅ​ខាង​ជើង​ទល់​មុខ​នឹង​មីក‌ម៉ាស ហើយ​១​នៅ​ខាង​ត្បូង​ទល់​មុខ​នឹង​កេបា។ យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ ឯ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ក៏​ឆ្លើយ​ថា សូម​សំរេច​តាម​តែ​លោក​ចុះ ចង់​បែរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ចិត្ត មើល ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ស្រាប់ ដូច្នេះយ៉ូណា‌ថាន​ប្រាប់​ថា មើល យើង​នឹង​ឆ្លង​ទៅ​ឯ​មនុស្ស​ទាំង​នោះ រួច​សំដែង​ខ្លួន​យើង​ឲ្យ​គេ​ឃើញ បើ​គេ​និយាយ​នឹង​យើង​ដូច្នេះ​ថា ចូរ​ចាំ​យើង​ចុះ​មក​ឯ​ឯង​សិន នោះ​យើង​នឹង​ឈរ​រង់​នៅ​ឥត​ឡើង​ទៅ​ឯ​គេ​ឡើយ តែ​បើ​គេ​ថា ចូរ​ឡើង​មក​ឯ​យើង​ចុះ នោះ​យើង​នឹង​ឡើង​ទៅ ដ្បិត​ច្បាស់​ជា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ នេះ​ឯង​នឹង​បាន​ជា​ទី​សំគាល់​ដល់​យើង ដូច្នេះអ្នក​ទាំង​២​ក៏​សំដែង​ខ្លួន ឲ្យ​ពួក​បន្ទាយ​នៃ​សាសន៍​ភីលីស្ទីន​ឃើញ រួច​គេ​និយាយ​ថា មើល ពួក​ហេ‌ព្រើរ​ចេញ​ពី​រូង​ដែល​គេ​ពួន​នៅ​នោះ​ហើយ គេ​ក៏​និយាយ​ទៅ​យ៉ូណា‌ថាន នឹង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឡើង​មក​ឯ​យើង​ចុះ យើង​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង នោះ​យ៉ូណា‌ថាន​ប្រាប់​ដល់​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឯង​ឡើង​មក​តាម​ក្រោយ​អញ​មក ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ៊ីស្រាអែល​ហើយ រួច​យ៉ូណា‌ថាន​ក៏​ប្រតោង​ឡើង ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​ឡើង​តាម​ក្រោយ​ទៅ ឯ​ពួក​នោះ​ក៏​ដួល​នៅ​មុខ​យ៉ូណា‌ថាន ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​សំឡាប់​គេ​ជា​ក្រោយ រីឯ​ក្នុង​កាល​ដែល​យ៉ូណា‌ថាន នឹង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​បាន​សំឡាប់​គេ​ជា​មុន​ដំបូង នោះ​បាន​ស្លាប់​អស់​ប្រហែល​ជា​២០​នាក់ នៅ​លើ​ដី​ចំនួន​១​ងារ នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល នឹង​នៅ​ក្នុង​ពួក​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ នឹង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃ‌លែង។ ឯ​ពួក​យាម‌ល្បាត​ខាង​សូល ដែល​នៅ​ក្រុង​គីបៀរ​ក្នុង​ស្រុក​បេន‌យ៉ាមីន គេ​ក៏​មើល​ទៅ​ឃើញ​បណ្តា​ពល​បែក‌ខ្ញែក​ពី​គ្នា​ខ្ចាត់​ខ្ចាយ ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ ដូច្នេះ សូល​មាន​បន្ទូល​ទៅ​ពួក​អ្នក ដែល​នៅ​ជា​មួយ​ថា ចូរ​រាប់​មើល តើ​អ្នក​ណា​ដែល​បាន​ចេញ​ពី​យើង​ទៅ​នោះ កាល​គេ​បាន​រាប់​ទៅ នោះ​ឃើញ​បាត់​យ៉ូណា‌ថាន នឹង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ផង នោះ​សូល​ទ្រង់​មាន​បន្ទូល​ទៅ​អ័ហ៊ីយ៉ា​ថា ចូរ​យក​ហឹប​នៃ​ព្រះ​មក​ឯ​ណេះ (ដ្បិត​នៅ​វេលា​នោះ ហឹប​នៃ​ព្រះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ទ័ព​អ៊ីស្រាអែល) កាល​សូល​កំពុង​តែ​មាន​បន្ទូល​នឹង​សង្ឃ​នៅ​ឡើយ នោះ​សូរ​អឺង‌កង​ដែល​ឮ​ពី​ទី​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន​ក៏​កាន់​តែ​ខ្លាំង​ឡើង ដូច្នេះ សូល​ប្រាប់​ដល់​សង្ឃ​ថា ចូរ​ដក​ដៃ​មក​វិញ រួច​ទ្រង់នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​ឯ​ទី​ចំបាំង ហើយ​ឃើញ​មាន​ការ​ច្របូក‌ច្របល់​យ៉ាង​សំបើម ដោយ​កំពុង​តែ​កាប់​ចាក់​គ្នា​គេ រីឯ​ពួក​ហេ‌ព្រើរ​ដែល​នៅ​ជា​មួយ​នឹង​ពួក​ភីលីស្ទីន ហើយ​បាន​ឡើង​មក​ក្នុង​ពួក​ទ័ព​ជា​មួយ​នឹង​គេ នោះ​ក៏​បែរ​មក​ខាង​ពួក​អ៊ីស្រាអែល ដែល​នៅ​ជា​មួយ​នឹង​សូល ហើយ​នឹង​យ៉ូណា‌ថាន​វិញ កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​ពួន​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​បាន​ឮ​ថា ពួក​ភីលីស្ទីន​រត់​ដូច្នោះ នោះ​គេ​ក៏​ដេញ​តាម​ច្បាំង​យ៉ាង​ប្រកិត​ដែរ ដូច្នេះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ជួយ​សង្គ្រោះ​អ៊ីស្រាអែល នៅ​ថ្ងៃ​នោះ​ឯង ហើយ​ចំបាំង​ច្បាំង​គ្នា​នោះ​ក៏​ឆ្លង​ទៅ រហូត​ដល់​បេត-អាវេន​វិញ។ នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រាអែល​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​សូល​ទ្រង់​បាន​ឲ្យ​គេ​ស្បថ​ថា អ្នក​ណា​ដែល​បរិភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​អញ​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្តាសា ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិភោគ​អ្វី​ឡើយ គេ​ក៏​បាន​ដល់​ទៅ​ក្នុង​ព្រៃ នោះ​ឃើញ​មាន​សំណុំ​ទឹក​ឃ្មុំ​នៅ​លើ​ដី ដ្បិត​កាល​គេ​ចូល​ទៅ នោះ​ឃើញ​សំណុំ​ទឹក​ឃ្មុំ​ធ្លាក់​ចុះ​មក តែ​គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ចាប់​ដាក់​ដល់​មាត់​ឡើយ ពី​ព្រោះ​គេ​ខ្លាច​ពាក្យ​សំបថនោះ តែ​យ៉ូណា‌ថាន​ឥត​បាន​ឮ ក្នុង​កាល​បិតា​បង្គាប់​គេ​ដោយ​ពាក្យ​សំបថ​ទេ បាន​ជា​លោក​លូក​ចុង​ដំបង ដែល​កាន់​នៅ​ដៃ​ទៅ​ចាក់​សំណុំ​ឃ្មុំ យក​មក​បរិភោគ​ទៅ ស្រាប់​តែ​ភ្នែក​លោក​ក៏​ស្វាង​ឡើង នោះ​មាន​ម្នាក់​ជំរាប​ថា បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សំបថ​ថា អ្នក​ណា​ដែល​បរិភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្តាសា រីឯ​ពួក​បណ្តា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់ ដូច្នេះ យ៉ូណា‌ថាន​មាន​វាចា​ថា បិតា​អញ​បាន​នាំ​ឲ្យ​ស្រុក​យើង​មាន​វេទនា​ហើយ មើល អញ​បាន​ស្វាង​ភ្នែក​ឡើង​ដោយ‌សារ​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច​នេះ ចុះ​ចំណង់​បើ​ពួក​ទ័ព​បាន​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ តាម​ចិត្ត​នៅ​ថ្ងៃ​នេះ នោះ​តើ​នឹង​វិសេស​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត យ៉ាង​នោះ​នឹង​បាន​ប្រហារ​ជីវិត​ពួក​ភីលីស្ទីន​រឹត‌តែ​ច្រើន​លើស​ទៅ​ទៀត។ នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​វាយ​ពួក​ភីលីស្ទីន ចាប់​តាំង​ពី​មីក‌ម៉ាស រហូត​ដល់​អាយ៉ា‌ឡូន ហើយ​ពួក​បណ្តា‌ទ័ព​គេ​ល្វើយ​ខ្លាំង​ណាស់ ដូច្នោះគេ​ក៏​ស្ទុះ​ទៅ​លើ​របឹប ចាប់​យក​ចៀម គោ នឹង​កូន​គោ ទៅ​សំឡាប់​នៅ​លើ​ដី ហើយ​បរិភោគ​សាច់​ទាំង​ជាប់​មាន​ឈាម​ផង ខណនោះមាន​គេ​ទូល​ដល់​សូល​ថា មើល ឥឡូវ​ពួក​ទ័ព​គេ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដោយ​បរិភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ផង នោះ​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្មើស​ហើយ ដូច្នេះចូរ​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​មក​ឯ​អញ​ឥឡូវ រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​ក្នុង​ពួក​ទ័ព​ប្រាប់​គេ​ឲ្យ​ដឹក‌នាំ​យក​គោនឹង​ចៀម​មក​ឯ​អញ ដើម្បី​នឹង​សំឡាប់​បរិភោគ​នៅ​ទី​នេះ​វិញ កុំ​ឲ្យ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដោយ​បរិភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ដូច្នេះ​ឡើយ ដូច្នេះនៅ​យប់​នោះ គ្រប់​គ្នា​ក៏​ដឹក‌នាំ​គោ​របស់​ខ្លួន​ទៅ​សំឡាប់​នៅ​ទី​នោះ ឯ​សូល​ទ្រង់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ឯង​ជា​អាសនា​មុន​ដំបូង ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា។ លំដាប់​នោះសូល​ទ្រង់​មាន​បន្ទូល​ថា ចូរ​យើង​ចុះ​ទៅ​ទាំង​យប់​តាម​ពួក​ភីលីស្ទីន ដើម្បី​នឹង​វាយ​គេ​រហូត​ដល់​ភ្លឺ កុំ​ឲ្យ​យើង​ទុក​គេ​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ គេ​ទទួល​ថា សូម​ទ្រង់​សំរេច តាម​ដែល​យល់​ថា​ស្រួល​ចុះ នោះ​សង្ឃ​មាន​វាចា​ថា ចូរ​យើង​រាល់​គ្នា​មូល​មក​ឯ​ព្រះ​នៅ​ទី​នេះ​សិន សូល​ទ្រង់​ក៏​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​តាម​ពួក​ភីលីស្ទីន​ឬ​អី តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ពួក​អ៊ីស្រាអែល​ឬ​ទេ តែ​នៅ​ថ្ងៃ​នោះព្រះ‌ទ្រង់​មិន​បាន​ឆ្លើយ​តប​មក​សោះ ដូច្នេះ សូល​ទ្រង់​ប្រាប់​ថា ចូរ​មក​ឯ​ណេះ ពួក​អ្នក​ដែល​ជា​មេ​លើ​រាស្ត្រ​អើយ ដើម្បី​នឹង​ពិចារណា​មើល ឲ្យ​ដឹង​ជា​កើត​មាន​បាប​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រាអែល​ថា ទោះ​បើ​បាប​នោះ នៅ​លើ​រូប​យ៉ូណា‌ថាន ជា​កូន​យើង​ក៏​ដោយ គង់​តែ​វា​នឹង​ត្រូវ​ស្លាប់​ទៅ​ជា​ប្រាកដ ក្នុង​ពួក​ពល​ទ័ព​គ្មាន​អ្នក​ណា​១​ឆ្លើយ​ឡើង​សោះ រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​អ៊ីស្រាអែល​ថា ចូរ​ឯង​រាល់​គ្នា​នៅ​ជា​ម្ខាង ហើយ​យើង នឹង​យ៉ូណា‌ថាន ជា​កូន​យើង នឹង​នៅ​ជា​ម្ខាង ពួក​ពល​ទ័ព​ទូល​ឆ្លើយ​ថា សូម​ទ្រង់​សំរេច​តាម​ព្រះ‌ទ័យ​ចុះ ដូច្នោះសូល​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ឲ្យ​យើង​ខ្ញុំ​ដឹង​ការ​ខុស​ត្រូវ​នេះ នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​យ៉ូណា‌ថាន ហើយ​នឹង​សូល តែ​ឯ​ពួក​បណ្តា​ទ័ព​គេ​រួច​ខ្លួន​វិញ រួច​សូល​ទ្រង់​ប្រាប់​ថា ដូច្នេះ ចូរ​ចាប់​ឆ្នោត​ឲ្យ​យើង ហើយ​នឹង​យ៉ូណា‌ថាន ជា​កូន​យើង​ទៀត នោះ​ឆ្នោត​ក៏​ត្រូវ​លើ​រូប​យ៉ូណា‌ថាន។ លំដាប់​នោះ សូល​មាន​បន្ទូល​ទៅ​យ៉ូណា‌ថាន​ថា ចូរ​ប្រាប់​ដល់​អញ តើ​ឯង​បាន​ធ្វើ​អ្វី យ៉ូណា‌ថាន​ទូល​ថា ទូលបង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល ទូលបង្គំ​ត្រូវ​ស្លាប់​ដែរ​ហ្ន៎ សូល​មាន​បន្ទូល​ថា ឱ​យ៉ូណា‌ថាន​អើយ បើ​ឯង​មិន​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ‌ទ្រង់​ធ្វើ​ដល់​អញ​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង តែ​ពួក​បណ្តា​ទ័ព​ទូល​សួរ​ដល់​សូល​ថា ឯ​យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រាអែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ​អី មិន​ត្រូវ​ឲ្យ​បាន​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ផង ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​ទេ​តើ ដូច្នេះ ពួក​បណ្តា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​ភីលីស្ទីន គេ​វិល​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន​ទៅ។