១ សាំយូអែល 13:16-23

១ សាំយូអែល 13:16-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្ដេច​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា ព្រម​ទាំង​ប្រជា​ជន​ដែល​នៅ​ជា‌មួយ បោះ​ទ័ព​នៅ​កេបា ក្នុង​ស្រុក​បេនយ៉ាមីន រី​ឯ​ពួក​ភីលី‌ស្ទីន បោះ​ទ័ព​នៅ​មីក‌ម៉ាស។ គ្រា​នោះ មាន​ពួក​ទ័ព​បំផ្លាញ​បី​ពួក ចេញ​ពី​ជំរំទ័ព​របស់​ពួក​ភីលី‌ស្ទីន​មក គឺ​មួយ​ពួក​ចេញ​តាម​ផ្លូវ​ដែល​ទៅ​អូប្រា នៅ​ស្រុក​ស៊ូអាល មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​មើល​ទៅឃើញ​ជ្រលង​ភ្នំ​សេបោម ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន។ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលី‌ស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សម្រាប់​ខ្លួន ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា តែង​ចុះ​ទៅ​រក​ពួក​ភីលី‌ស្ទីន ដើម្បី​សំលៀង​ផាលនង្គ័ល ចប‌កាប់ ពូថៅ ឬ​កណ្តៀវ​របស់​គេ​រៀង​ខ្លួន ហើយ​ឈ្នួល​សំលៀង​ផាល​នង្គ័ល និងចប‌កាប់ មាន​តម្លៃ​ពីរ​ភាគ​បី​សេកែល ឯ​ឈ្នួល​សំលៀង​កណ្តៀវ និង​ពូថៅ ព្រម​ទាំង​សម្រួច​ជន្លួញ មាន​តម្លៃ​មួយ​ភាគ​បី​សេកែល។ ដូច្នេះ នៅ​ថ្ងៃ​ចម្បាំង នោះ​គ្មាន​អ្នក​ណា​មួយ ខាង​ស្ដេច​សូល និង​យ៉ូណា‌ថាន ដែល​មាន​ដាវ ឬ​លំពែង​កាន់​នៅ​ដៃ​ឡើយ ឃើញ​មាន​តែ​ស្ដេច​សូល និង​យ៉ូណា‌ថាន បុត្រា​ទ្រង់​ប៉ុណ្ណោះ។ ពួក​បន្ទាយ​មួយ​របស់​សាសន៍​ភីលី‌ស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។

១ សាំយូអែល 13:16-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រា ព្រម​ទាំង​ទាហាន​ដែល​នៅ​ជា​មួយ បោះ​ទ័ព​នៅ​ភូមិ​កេបា ក្នុង​ស្រុក​បេន‌យ៉ាមីន រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​មីក‌ម៉ាស់។ ពេល​នោះ មាន​កង‌ទ័ព​ស្រួច​បី​ក្រុម​ចេញ​ពី​ជំរំ​ភីលីស្ទីន ក្រុម​ទី​មួយ​សំដៅ​ទៅ​ក្រុង​អូប្រា នៅ​ស្រុក​ស៊ូអាល ក្រុម​ទី​ពីរ​ទៅ​តាម​ផ្លូវ​ក្រុង​បេត‌ហូ‌រ៉ូន និង​ក្រុម​ទី​បី​ទៅ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​ចុះ​ទៅ​ច្រក​ភ្នំ​សេ‌បោម ប៉ែក​ខាង​វាល​រហោ‌ស្ថាន។ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​គ្មាន​ជាង​ដែក​ទេ ដ្បិត​ជន‌ជាតិ​ភីលីស្ទីន​បាន​បញ្ជា​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​ហេប្រឺ​ធ្វើ​ដាវ ឬ​លំពែង​ឡើយ»។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់ៗ​រូប​តែងតែ​ទៅ​រក​ជាង​ភីលីស្ទីន ដើម្បី​ច្រុង​ផាល​នង្គ័ល ចប ពូថៅ ឬ​ដឹង។ តម្លៃ​ច្រុង​ផាល​នង្គ័ល និង​ចប គឺ​ពីរ​ស្លឹង ហើយ​តម្លៃ​សំលៀង​ពូថៅ និង​តម្រង់​រនាស់ គឺ​មួយ​ស្លឹង។ ហេតុ​នេះ នៅ​ថ្ងៃ​ប្រយុទ្ធ ក្នុង​កង‌ទ័ព​អ៊ីស្រា‌អែល គ្មាន​នរណា​មាន​ដាវ ឬ​លំពែង​ទេ លើក‌លែង​តែ​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​ប៉ុណ្ណោះ​ដែល​មាន​អាវុធ។ ជន‌ជាតិ​ភីលីស្ទីន​បញ្ជូន​ទាហាន​មួយ​ក្រុម​ឲ្យ​ទៅ​ត្រៀម​នៅ​ច្រក​មីក‌ម៉ាស់។

១ សាំយូអែល 13:16-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លំដាប់​នោះ សូល​ទ្រង់​ក៏​រាប់​ពួក​បណ្តា​ទ័ព ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​បាន​ប្រហែល​ជា​៦០០​នាក់ រួច​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ ព្រម​ទាំង​ពួក​រាស្ត្រ​ដែល​នៅ​ជា​មួយ ក៏​នៅ​ត្រង់​កេបា ក្នុង​ស្រុក​បេន‌យ៉ាមីន តែ​ឯ​ពួក​ភីលីស្ទីន គេ​បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស គ្រា​នោះមាន​ពួក​ទ័ព​បំផ្លាញ​៣​ពួក ចេញ​ពី​ទី​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន​មក គឺ​១​ពួក​ចេញ​តាម​ផ្លូវ ដែល​ទៅ​ឯ​អូប្រា នៅ​ស្រុក​ស៊ូអាល មួយ​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​១​ទៀត​ចេញ​តាម​ផ្លូវ​ព្រំ‌ប្រទល់ នៅ​មុខ​វាល​ច្រក​ភ្នំ​សេបោម​ខាង​ឯ​ទី​រហោ‌ស្ថាន។ រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលីស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេ‌ព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សំរាប់​ខ្លួន ដូច្នេះ ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា តែង​ចុះ​ទៅ​ឯ​ពួក​ភីលីស្ទីន ដើម្បី​នឹង​សំលៀង​ដែក​ផាល ចប‌កាប់ ពូថៅ ហើយ​នឹង​កណ្តៀវ​របស់​គេ​រៀង​ខ្លួន គេ​មាន​តែ​ដែក‌ឆាប​សំរាប់​សំលៀង​កណ្តៀវ ចប‌កាប់ នឹង​ពូថៅ ហើយ​សំរាប់​សំរួច​សម​ចូក នឹង​ជន្លួញ​ប៉ុណ្ណោះ​ទេ ដូច្នេះ នៅ​ថ្ងៃ​ចំបាំង នោះ​គ្មាន​អ្នក​ណា​មួយ ខាង​សូល នឹង​យ៉ូណា‌ថាន ដែល​មាន​ដាវ ឬ​លំពែង​កាន់​នៅ​ដៃ​ឡើយ ឃើញ​មាន​តែ​សូល ហើយ​នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់​ប៉ុណ្ណោះ ឯ​ពួក​បន្ទាយ​១​នៃ​សាសន៍​ភីលីស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។