១ សាំយូអែល 11:1-15

១ សាំយូអែល 11:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន បាន​លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ។ អ្នក​ក្រុង​យ៉ាបេស​ទាំង​អស់​ទូល​ព្រះ‌បាទ​ណាហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​សុខ​ចិត្ត​បម្រើ​ព្រះ‌រាជា​ហើយ»។ ព្រះ‌បាទ​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន មាន​រាជ‌ឱង្ការ​ថា៖ «យើង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​អ្នក​រាល់​គ្នា​បាន ទាល់​តែ​អ្នក​រាល់​គ្នា​យល់​ព្រម​នឹង​លក្ខ‌ខណ្ឌ​នេះ គឺ​ឲ្យ​យើង​ខ្វេះ​ភ្នែក​ស្ដាំ​របស់​អ្នក​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​អាម៉ាស់»។ អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្រុង​យ៉ាបេស​ទូល‌អង្វរ​ថា៖ «សូម​ព្រះ‌ករុណា​ពន្យារ​ពេល​ឲ្យ​យើង​ខ្ញុំ​ប្រាំ‌ពីរ​ថ្ងៃ​សិន យើង​ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល។ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ខ្ញុំ​ទេ​នោះ យើង​ខ្ញុំ​នឹង​ប្រគល់​ខ្លួន​ថ្វាយ​ព្រះ‌ករុណា»។ អ្នក​នាំ​សារ​ទាំង​នោះ​ទៅ​ដល់​ភូមិ​គីបៀរ ជា​ភូមិ​ដែល​ព្រះ‌បាទ​សូល​គង់​នៅ ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ឲ្យ​ប្រជា‌ជន​ស្ដាប់ ប្រជា‌ជន​ទាំង​មូល​ក៏​នាំ​គ្នា​ស្រែក​ទ្រហោ​យំ។ គាប់​ជួន​ពេល​នោះ ព្រះ‌បាទ​សូល​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ ដើរ​ពី​ក្រោយ​គោ ស្ដេច​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ប្រជា‌ជន​យំ​ដូច្នេះ?»។ គេ​ក៏​រៀប​រាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អ្នក​ស្រុក​យ៉ាបេស​និយាយ​ប្រាប់។ កាល​ស្ដេច​ឮ​ពាក្យ​ទាំង​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​ខ្ញាល់​យ៉ាង​ខ្លាំង។ ព្រះ‌បាទ​សូល​យក​គោ​មួយ​នឹម​មក​កាប់​ជា​ដុំៗ ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល តាម​រយៈ​ពួក​អ្នក​នាំ​សារ ដោយ​ផ្ដាំ​ថា៖ «បើ​នរណា​ម្នាក់​មិន​ចេញ​ច្បាំង​រួម​ជា​មួយ​សូល និង​លោក​សាំយូ‌អែល​ទេ គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​ដុំៗ​ដូច្នេះ​ដែរ»។ ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​ប្រជា‌ជន​ភ័យ​ខ្លាច​ព្រះអង្គ ពួក​គេ​ក៏​ចេញ​ទៅ​ច្បាំង ដោយ​ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់។ ព្រះ‌បាទ​សូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់​មាន​ចំនួន​៣០០ ០០០​នាក់ និង​ទ័ព​យូដា​មាន​ចំនួន​៣០ ០០០​នាក់។ គេ​ប្រាប់​ទៅ​អ្នក​នាំ​សារ​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​នៅ​ស្រុក​កាឡាដ​ថា ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា»។ អ្នក​នាំ​សារ​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ អ្នក​ក្រុង​យ៉ាបេស​ពោល​ទៅ​កាន់​ជន‌ជាតិ​អាំ‌ម៉ូន​ថា៖ «ស្អែក យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ជូន​ពួក​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ពួក​លោក​យល់​ឃើញ​ចុះ»។ ស្អែក​ឡើង ព្រះ‌បាទ​សូល​រៀបចំ​ទ័ព​ជា​បី​កង រួច​សម្រុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំ‌ម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កម្ដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេស‌សល់ រត់​ខ្ចាត់‌ខ្ចាយ​បែក​គ្នា​អស់។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «បើ​នរណា​ហ៊ាន​ពោល​ថា ព្រះ‌បាទ​សូល​មិន​ត្រូវ​សោយ​រាជ្យ​លើ​ពួក​យើង​ទេ​នោះ សូម​ប្រគល់​ពួក​គេ​មក យើង​ខ្ញុំ​នឹង​យក​ទៅ​សម្លាប់​ចោល»។ ប៉ុន្តែ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​នេះ​មិន​ត្រូវ​សម្លាប់​នរណា​ម្នាក់​ឡើយ ព្រោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល»។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «មក៍ យើង​នាំ​គ្នា​ទៅ​គីល‌កាល់ ដើម្បី​ប្រកាស​តែង‌តាំង​ស្ដេច​សា​ជា​ថ្មី»។ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទៅ​គីល‌កាល់ នៅ​ទី​នោះ គេ​បាន​អភិ‌សេក​ព្រះ‌បាទ​សូល ជា​ព្រះ‌មហា‌ក្សត្រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​ចំពោះ​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​សូល និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​អធិក‌អធម។

១ សាំយូអែល 11:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រមាណ​ជា‌មួយ​ខែ​ក្រោយ​មក ណា‌ហាស​ជា​សាសន៍​អាំម៉ូន បាន​លើក​ទ័ព​មក​ឡោម​ព័ទ្ធ​ក្រុង​យ៉ា‌បេស-កាឡាត ហើយ​មនុស្ស​នៅ​យ៉ា‌បេស​ទាំង​ប៉ុន្មាន បាន​ទូល​ណា‌ហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា‌មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។ ប៉ុន្តែ ណា‌ហាស​ជា​សាសន៍​អាំម៉ូន​ឆ្លើយ​ថា៖ «យើង​ព្រម​ចុះ​សន្ធិ‌សញ្ញា​ជា‌មួយ​អ្នក​រាល់​គ្នា លុះ​ត្រា​តែ​ឲ្យ​យើង​ខ្វេះ​ភ្នែក​ខាង​ស្តាំ​របស់​អ្នក​រាល់​គ្នា ដើម្បី​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​អាម៉ាស់»។ ពួក​ចាស់​ទុំ​នៅ​ក្រុង​យ៉ា‌បេស​ក៏​អង្វរ​ថា៖ «សូម​មេត្តា​បង្អង់​ឲ្យ​យើង​ខ្ញុំ​បាន​ប្រាំពីរ​ថ្ងៃ​សិន ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​គ្រប់​កន្លែង​ក្នុង​ស្រុក​អ៊ីស្រា‌អែល បន្ទាប់​មក ប្រសិន‌បើ​គ្មាន​អ្នក​ណា​មក​ជួយ​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​ចេញ​មក ចុះ​ចូល​នឹង​លោក»។ ពេល​អ្នក​ទាំង​នោះ​មក​ថ្លែង​ប្រាប់​ឲ្យ​ប្រជាជន​ស្តាប់ នៅ​ត្រង់​គី‌បៀរ​ស្រុក​របស់​ស្ដេច​សូល នោះ​គេ​ក៏​ស្រែក​យំ​គ្រប់​គ្នា។ ខណៈ​នោះ ស្ដេច​សូល​កំពុង​កៀង​ហ្វូង​គោ​មក​ពី​វាល ក៏​សួរ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​យំ​ដូច្នេះ?» គេ​ក៏​ជម្រាប​លោក​សព្វ​គ្រប់​តាម​ពាក្យ​របស់​អ្នក​ស្រុក​យ៉ា‌បេស។ កាល​លោក​សូល​បាន​ឮ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​មក​សណ្ឋិត​លើ​លោក បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​របស់​លោក​ក៏​ឆួល​ឡើង លោក​យក​គោ​មួយ​នឹម​មក​កាប់​ជា​កង់ៗ​ផ្ញើ​ទៅ​គ្រប់​ស្រុក​អ៊ីស្រា‌អែល តាម​រយៈ​ពួក​អ្នក​ទាំង​នោះ ដោយ​ពាក្យ​ថា៖ «អ្នក​ណា​ដែល​មិន​ចេញ​មក​តាម​លោក​សូល និង​លោកសាំយូ‌អែល នោះ​នឹង​ត្រូវ​ធ្វើ​ដូច្នេះ ដល់​គោ​របស់​អ្នក​នោះ​ដែរ»។ ដូច្នេះ សេចក្ដី​ស្ញែង‌ខ្លាច​ពី​ព្រះ‌យេហូវ៉ា ក៏​ធ្លាក់​មក​លើ​ប្រជាជន​គ្រប់​គ្នា ហើយ​គេ​ស្រុះ​ចិត្ត​គ្នា​ចេញ​មក ដូច​ជា​មនុស្ស​តែ​ម្នាក់ ស្ដេច​សូល​បាន​រាប់​គេ​នៅ​ត្រង់​បេសេក នោះ​ឃើញ​មាន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចំនួន​បី​សែន​នាក់ ហើយ​ពួក​យូដា​ប្រាំពីរ​ម៉ឺន នាក់ រួច​ប្រាប់​ដល់​ពួក​អ្នក​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ដល់​ពួក​យ៉ា‌បេស-កាឡាត​ថា "នៅ​ថ្ងៃ​ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​ខ្លួន"» ពួក​នោះ​ក៏​ទៅ​ប្រាប់​ដល់​ប្រជាជន​ដែល​នៅ​យ៉ា‌បេស ហើយ​គេ​មាន​អំណរ​យ៉ាង​ខ្លាំង។ ហេតុ​នោះ អ្នក​នៅ​យ៉ាបេស​បាន​ប្រាប់​ដល់​ពួក​សាសន៍​អាំម៉ូន​ថា៖ «ថ្ងៃ​ស្អែក​នេះ យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ដល់​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​អាច​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​យ៉ាង​ណា​តាម​តែ​ចិត្ត​ចុះ»។ លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ស្ដេច​សូល​រៀប​ពល​ទ័ព​ជា​បី​កង ចូល​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​គេ​នៅ​វេលា​យាម​ព្រឹក ហើយ​វាយ​សាសន៍​អាំម៉ូន​នោះ រហូត​ដល់​ថ្ងៃ​ក្តៅ ឯ​ពួក​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ បាន​ជា​គ្មាន​ពីរ​នាក់​នៅ​ជា‌មួយ​គ្នា​ឡើយ។ ប្រជាជន​គេ​ជម្រាប​ដល់​សាំយូ‌អែល​ថា៖ «អ្នក​ណា​ដែល​ថា "តើ​ត្រូវ​ឲ្យ​លោក​សូល​សោយ‌រាជ្យ​លើ​យើង​ឬ?" ចូរ​នាំ​អ្នក​ទាំង​នោះ​មក ឲ្យ​យើង​សម្លាប់​ចោល»។ ប៉ុន្តែ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ថ្ងៃ​នេះ មិន​ត្រូវ​សម្លាប់​អ្នក​ណា​ទេ ដ្បិត​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល»។ នោះ​សាំយូ‌អែល​ប្រាប់​ដល់​ប្រជាជន​ថា៖ «ចូរ​យើង​រាល់​គ្នា​ទៅ​គីល‌កាល ដើម្បី​តាំង​នគរ​ឡើង​សាជា​ថ្មី»។ ដូច្នេះ គេ​ក៏​ទៅ​គីល‌កាល​ទាំង​អស់​គ្នា ហើយ​នៅ​ទី​នោះ គេ​តាំង​ស្ដេច​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​គេ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​មាន​អំណរ​អរ​សប្បាយ​យ៉ាង​ខ្លាំង។

១ សាំយូអែល 11:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សម័យ​នោះ ណា‌ហាស ជា​សាសន៍​អាំម៉ូន ក៏​ឡើង​មក​បោះ​ទ័ព​ទាស់​នឹង​ក្រុង​យ៉ាបេស-កាឡាត ឯ​ពួក​មនុស្ស​នៅ​យ៉ាបេស​ទាំង​ប៉ុន្មាន គេ​និយាយ​នឹង​ណា‌ហាស​ថា ដូច្នេះសូម​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​ចំណុះ​ចំពោះ​លោក តែ​ណា‌ហាស​ជា​សាសន៍​អាំម៉ូន​ឆ្លើយ​ថា លុះ​ត្រា​តែ​ឲ្យ​អញ​ចាក់​ភ្នែក​ខាង​ស្តាំ​របស់​ឯង​រាល់​គ្នា​ឲ្យ​ខ្វាក់ នោះ​ទើប​អញ​នឹង​ព្រម​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​យក​ការ​នោះ​ទុក​សំរាប់​ជា​សេចក្ដី​ដំនៀល​ដល់​សាសន៍​អ៊ីស្រាអែល នោះ​ពួក​ចាស់‌ទុំ​នៅ​ក្រុង​យ៉ាបេស​ក៏​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​យើង​ខ្ញុំ​បាន​៧​ថ្ងៃ​សិន ដើម្បី​នឹង​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​គ្រប់​ក្នុង​កំឡុង​ស្រុក​អ៊ីស្រាអែល រួច​បើ​គ្មាន​អ្នក​ណា​នឹង​មក​ជួយ​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​ចេញ​មក ចុះ​ចូល​នឹង​លោក ដូច្នេះ ពួក​អ្នក​ទាំង​នោះ ក៏​មក​ថ្លែង​ប្រាប់​ដល់​បណ្តា​មនុស្ស នៅ​ត្រង់​គីបៀរ ជា​ស្រុក​របស់​សូល ឲ្យ​ស្តាប់ នោះ​គេ​ឡើង​សំឡេង​យំ​គ្រប់​គ្នា ខណ​នោះ សូល​កំពុង​តែ​កៀង​ហ្វូង​គោ​មក​ពី​វាល ក៏​សួរ​ថា តើ​មាន​កើត​ហេតុ​ភេទ​អ្វី បាន​ជា​យំ​ដូច្នេះ នោះ​គេ​ជំរាប​លោក​តាម​ពាក្យ​នៃ​ពួក​មនុស្ស​នៅ​យ៉ាបេស​សព្វ​គ្រប់។ កាល​លោក​បាន​ឮ​ហើយ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​លោក បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​របស់​លោក​ក៏​ឆួល‌ឆេះ​ឡើង លោក​យក​គោ​១​នឹម​មក​កាប់​ជា​កង់ៗ​ផ្ញើ​ទៅ​គ្រប់​ក្នុង​កំឡុង​ស្រុក​អ៊ីស្រាអែល ដោយ‌សារ​ពួក​អ្នក​ទាំង​នោះ ដោយ​ពាក្យ​ថា អ្នក​ណា​ដែល​មិន​ចេញ​មក​តាម​សូល ហើយ​នឹង​សាំយូ‌អែល នោះ​នឹង​ត្រូវ​ធ្វើ​ដូច្នេះ ដល់​គោ​របស់​អ្នក​នោះ​ដែរ ដូច្នេះ សេចក្ដី​ស្ញែង‌ខ្លាច​ពី​ព្រះ‌យេហូវ៉ា ក៏​ធ្លាក់​មក​លើ​ពួក​ជន​គ្រប់​គ្នា ហើយ​គេ​ស្រុះ​ចិត្ត​គ្នា​ចេញ​មក ដូច​ជា​មនុស្ស​តែ​ម្នាក់ ឯ​សូល​លោក​រាប់​គេ​នៅ​ត្រង់​បេសេក នោះ​ឃើញ​មាន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចំនួន​៣​សែន​នាក់ ហើយ​ពួក​យូដា​៣​ម៉ឺន​នាក់ រួច​ប្រាប់​ដល់​ពួក​អ្នក​ដែល​នាំ​ដំណឹង​មក​នោះ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ដល់​ពួក​យ៉ាបេស-កាឡាត​ថា ថ្ងៃ​ស្អែក​នេះ​ដល់​ថ្ងៃ​ពេញ​កំដៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​ហើយ ពួក​នោះ​ក៏​ទៅ​ប្រាប់​ដល់​បណ្តា​មនុស្ស​ដែល​នៅ​យ៉ាបេស ហើយ​គេ​កើត​មាន​សេចក្ដី​អំណរ​ឡើង​ជា​ខ្លាំង ដូច្នេះពួក​មនុស្ស​នៅ​យ៉ាបេស គេ​ប្រាប់​ដល់​ពួក​សាសន៍​អាំម៉ូន​ថា ថ្ងៃ​ស្អែក​នេះយើង​ខ្ញុំ​នឹង​ចេញ​មក​ឯ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​តែ​ចិត្ត​ចុះ លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង សូល​លោក​រៀប​ពល​ទ័ព​ជា​៣​កង ចូល​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​គេ​នៅ​វេលា​យាម​ព្រឹក ហើយ​វាយ​សាសន៍​អាំម៉ូន​នោះ ដរាប​ដល់​ថ្ងៃ​ក្តៅ ឯ​ពួក​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដល់​ម៉្លេះ​បាន​ជា​គ្មាន​២​នាក់​នៅ​ជា​មួយ​គ្នា​ឡើយ។ ស្រេច​ហើយ បណ្តាជន​គេ​ជំរាប​ដល់​សាំយូ‌អែល​ថា អ្នក​ណា​ដែល​ថា តើ​ត្រូវ​ឲ្យ​សូល​សោយ‌រាជ្យ​លើ​យើង​ឬ​អី ចូរ​នាំ​អ្នក​ទាំង​នោះ​មក ឲ្យ​យើង​សំឡាប់​ចោល​ចេញ តែ​សូល​ប្រកែក​ថា នៅ​ថ្ងៃ​នេះមិន​ត្រូវ​ឲ្យ​សំឡាប់​អ្នក​ណា​ទេ ដ្បិត​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល។ នោះ​សាំយូ‌អែល​ប្រាប់​ដល់​បណ្តាជន​ទាំង‌ឡាយ​ថា ចូរ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ឯ​គីល‌កាល ដើម្បី​នឹង​តាំង​នគរ​ឡើង​ជា​ថ្មី​ទៀត ដូច្នេះគេ​ក៏​ទៅ​ឯ​គីល‌កាល​ទាំង​អស់​គ្នា ហើយ​នៅ​ទី​នោះ គេ​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​គេ​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ សូល នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​មាន​សេចក្ដី​អំណរ​អរ​សប្បាយ​ឡើង​ជា​ខ្លាំង។