១ សាំយូអែល 10:25-27

១ សាំយូអែល 10:25-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​សាំយូ‌អែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ដឹង​អំពី​សិទ្ធិ​របស់​ស្ដេច រួច​លោក​កត់‌ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​សាំយូ‌អែល​ប្រាប់​ឲ្យ​ប្រជា‌ជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​រៀងៗ​ខ្លួន​វិញ។ ព្រះ‌បាទ​សូល​យាង​ត្រឡប់​ទៅ​ភូមិ​ដ្ឋាន​នៅ​គីបៀរ​វិញ ដោយ​មាន​មនុស្ស​ដ៏​អង់‌អាច​មួយ​ក្រុម ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ចិត្ត ហែរហម​ទៅ​ជា​មួយ​ផង។ ប៉ុន្តែ មាន​មនុស្ស​ពាល​ខ្លះ​ពោល​ថា «តើ​ជន​នេះ​ឬ​ដែល​សង្គ្រោះ​យើង!»។ ពួក​គេ​ប្រមាថ​មើល‌ងាយ​ព្រះ‌បាទ​សូល ហើយ​មិន​បាន​នាំ​យក​តង្វាយ​អ្វី​មក​ថ្វាយ​ស្ដេច​ទេ តែ​ស្ដេច​មិន​រវី‌រវល់​នឹង​គេ​ឡើយ។

១ សាំយូអែល 10:25-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ លោកសាំយូ‌អែល​ក៏​ពន្យល់​ប្រាប់​ដល់​ពួក​ប្រជាជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​ប្រជាជន​ត្រឡប់​ទៅ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ។ ស្ដេច​សូល​ក៏​ទៅ​ឯ​លំ‌នៅ​របស់​លោក​នៅ​គី‌បៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ​ទៅ​ជា‌មួយ​ផង។ តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​សង្គ្រោះ​យើង​បាន?» គេ​ក៏​មើល​ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភ័ស្តុ‌ភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។ [គ្រានោះ ណាហាស​ជា​ស្ដេច​សាសន៍​អាំម៉ូន​បាន​សង្កត់​សង្កិនពួក​កាដ និង​ពួក​រូបេន ដែល​រស់​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​យ៉ាង​ជូរចត់។ ស្ដេចរក​ខ្វេះ​ភ្នែក​ស្ដាំ​របស់ពួក​អ៊ីស្រា‌អែល​គ្រប់​គ្នា​ដែល​រស់នៅ​ទី​នោះ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​មក​សង្គ្រោះ​ពួក​គេ​ឡើយ តែ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គ្មាន​អ្នក​ណា​ម្នាក់ត្រូវ​បាន​ណាហាស ជា​ស្ដេច​សាសន៍​អាំម៉ូន​ខ្វេះ​ភ្នែក​ស្ដាំ​ឡើយ។ មាន​មនុស្សប្រាំពីរ​ពាន់នាក់ ដែល​បាន​រត់​ចេញ​ពី​ពួក​សាសន៍​អាំម៉ូន ហើយ​ចូល​ទៅតាំង​ទី​លំនៅនៅក្រុង​យ៉ាបេស-កាឡាត] ។

១ សាំយូអែល 10:25-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ សាំយូ‌អែល​ក៏​ប្រាប់​ពន្យល់ ដល់​ពួក​បណ្តាជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​បណ្តាជន​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ ឯ​សូល​លោក​ក៏​ទៅ​ឯ​លំនៅ​របស់​លោក​នៅ​គីបៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត​គេ ទៅ​ជា​មួយ​ផង តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​ជួយ​សង្គ្រោះ​យើង​បាន គេ​ក៏​មើល‌ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភស្តុភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។