១ សាំយូអែល 1:1-28
១ សាំយូអែល 1:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានបុរសម្នាក់ឈ្មោះអែលកាណា រស់នៅភូមិរ៉ាម៉ាថែម-សូភីម ក្នុងតំបន់ភ្នំអេប្រាអ៊ីម គាត់ត្រូវជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកអេលីហ៊ូវ ជាចៅទួតរបស់លោកថូហ៊ូវ ហើយត្រូវជាចៅលួតរបស់លោកស៊ូភ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ បុរសនោះមានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា និងម្នាក់ទៀតឈ្មោះពេនីណា។ នាងពេនីណាមានកូនច្រើន រីឯនាងហាណាវិញ នាងគ្មានកូនទេ។ រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរពីភូមិរបស់គាត់ ទៅថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល*នៅស៊ីឡូ ព្រមទាំងថ្វាយយញ្ញបូជាទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកអេលី គឺលោកហូបនី និងលោកភីនេហាស ធ្វើជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ នៅថ្ងៃថ្វាយយញ្ញបូជា លោកអែលកាណាមានទម្លាប់យកសាច់ទៅឲ្យនាងពេនីណាជាប្រពន្ធ និងកូនប្រុស កូនស្រីទាំងអស់របស់នាង មួយចំណែកម្នាក់។ ប៉ុន្តែ ចំពោះនាងហាណាវិញ គាត់បានឲ្យមួយទ្វេជាពីរ ព្រោះគាត់ស្រឡាញ់នាងច្រើនជាង ទោះបីព្រះអម្ចាស់បានធ្វើឲ្យនាងទៅជាស្ត្រីអារក៏ដោយ។ នាងពេនីណា ជាគូវិវាទ តែងតែរុកគួនបញ្ឈឺចិត្តនាងហាណា ក្នុងគោលបំណងឲ្យនាងខឹងនឹងព្រះអម្ចាស់ ដែលបានធ្វើឲ្យនាងទៅជាស្ត្រីអារ។ នាងពេនីណាធ្វើបែបនេះជារៀងរាល់ឆ្នាំ គឺនៅពេលដែលនាងហាណាឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅស៊ីឡូ នាងពេនីណាតែងតែរុកគួននាងជានិច្ច ធ្វើឲ្យនាងហាណាយំ មិនព្រមបរិភោគអ្វីសោះ។ ពេលនោះ លោកអែលកាណាជាប្ដី សួរទៅនាងថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? ឬមួយខ្ញុំគ្មានតម្លៃស្មើនឹងកូនដប់នាក់ទេឬ?»។ ក្រោយពេលគេបរិភោគ និងផឹករួចហើយ នាងហាណាក្រោកឡើង ចូលទៅព្រះវិហារ នៅស៊ីឡូ។ ពេលនោះ លោកបូជាចារ្យអេលីអង្គុយនៅមាត់ទ្វារព្រះវិហារនៃព្រះអម្ចាស់។ នាងតូចចិត្តជាខ្លាំង ហើយអធិស្ឋានទៅរកព្រះអម្ចាស់ ទាំងយំហូរទឹកភ្នែករហាម។ នាងទូលអង្វរព្រះអង្គ ដោយសច្ចាថា៖ «ឱ! ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូមទតមកខ្ញុំម្ចាស់ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ ហើយកុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានឲ្យខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអង្គ ដើម្បីឲ្យនៅបម្រើព្រះអង្គអស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។ នាងហាណាអធិស្ឋានយ៉ាងយូរ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ពេលនោះ លោកអេលីសង្កេតមើលមាត់របស់នាង។ នាងអធិស្ឋានស្ងាត់ៗ ឃើញតែបបូរមាត់កម្រើកតិចៗ ឥតមានឮសូរសំឡេងទេ។ ដូច្នេះ លោកអេលីនឹកស្មានថា នាងស្រវឹងស្រា។ លោកក៏ពោលទៅនាងថា៖ «តើនាងនៅស្រវឹងដល់អង្កាល់ទៀត ល្មមស្វាងហើយ!»។ នាងហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទានស្រា ឬគ្រឿងស្រវឹងណាទេ។ នាងខ្ញុំនៅទីនេះ ដើម្បីទូលព្រះអម្ចាស់ពីទុក្ខព្រួយរបស់នាងខ្ញុំ។ សូមកុំចាត់ទុកនាងខ្ញុំថាជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូលថ្វាយព្រះអង្គយ៉ាងយូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់ និងមានទុក្ខកង្វល់ហួសប្រមាណ»។ លោកអេលីមានប្រសាសន៍ទៅកាន់នាងថា៖ «សុំអញ្ជើញទៅដោយសុខសាន្ត! សូមព្រះនៃជនជាតិអ៊ីស្រាអែលប្រោសប្រទានឲ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។ នាងហាណាឆ្លើយថា៖ «សូមលោកម្ចាស់សម្តែងសេចក្ដីមេត្តាករុណាដល់នាងខ្ញុំផង!»។ បន្ទាប់មក នាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់ឡើងវិញ។ លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹម ថ្វាយបង្គំព្រះអម្ចាស់ រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។ លោកអែលកាណារួមរស់ជាមួយនាងហាណាជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។ នៅឆ្នាំនោះ នាងហាណាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូលសូមកូននេះពីព្រះអម្ចាស់»។ ក្រោយមក លោកអែលកាណា ជាប្ដី បាននាំគ្រួសាររបស់គាត់ទាំងអស់គ្នា យកយញ្ញបូជាប្រចាំឆ្នាំទៅថ្វាយព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។ ប៉ុន្តែ នាងហាណាពុំបានទៅជាមួយទេ ដ្បិតនាងបានប្រាប់ប្ដីថា៖ «នៅពេលកូនខ្ញុំផ្ដាច់ដោះ នោះខ្ញុំនឹងនាំវាទៅថ្វាយព្រះអម្ចាស់ ហើយទុកវានៅទីនោះរហូត»។ លោកអែលកាណាជាប្ដី តបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្ដាច់ដោះ ហើយសូមព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្ដាច់ដោះ។ លុះនាងផ្ដាច់ដោះកូនហើយ នាងក៏នាំកូនឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ នៅស៊ីឡូ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងស្រាទំពាំងបាយជូរមួយថង់ស្បែកទៅជាមួយផង។ ពេលនោះ កុមារសាំយូអែលនៅក្មេងណាស់។ គេសម្លាប់គោនោះ ហើយនាំកុមារទៅជួបលោកអេលី។ នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូលអង្វរព្រះអម្ចាស់ កាលពីមុន នៅទីនេះ ជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។ នាងខ្ញុំបានទូលអង្វរព្រះអម្ចាស់សូមឲ្យមានកូន ហើយព្រះអង្គក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។ ឥឡូវនេះ នាងខ្ញុំសូមយកកូនមកថ្វាយព្រះអម្ចាស់ ឲ្យនៅជាមួយព្រះអង្គអស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។
១ សាំយូអែល 1:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។ គាត់មានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា ម្នាក់ទៀតឈ្មោះពេនីណា។ ពេនីណាមានកូន តែហាណាគ្មានកូនសោះ។ រាល់ឆ្នាំ អែលកាណាតែងចេញពីក្រុងរបស់ខ្លួន ឡើងទៅស៊ីឡូរ ដើម្បីថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅទីនោះ មានហុបនី និងភីនេហាស ជាកូនទាំងពីរនាក់របស់លោកអេលី ធ្វើជាសង្ឃនៃព្រះយេហូវ៉ា។ លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន គាត់ក៏ចែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នាមួយចំណែកម្នាក់។ តែបានចែកដល់ហាណាទ្វេរជាពីរវិញ ព្រោះគាត់ស្រឡាញ់ហាណាជាង ទោះបើព្រះយេហូវ៉ាបានបង្ខាំងផ្ទៃនាងមិនមានកូនក៏ដោយ។ គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងមានកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅដំណាក់នៃព្រះយេហូវ៉ា ធ្វើឲ្យហាណាយំ ហើយមិនបរិភោគអ្វីសោះ។ ពេលនោះ អែលកាណាជាប្តីសួរថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុសដប់នាក់ទេឬ?» ក្រោយដែលគេបានបរិភោគ និងផឹកនៅស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង ហើយចូលទៅចំពោះព្រះយេហូវ៉ា ។ រីឯអេលីជាសង្ឃកំពុងអង្គុយនៅកន្លែងរបស់លោក ជិតសសរទ្វារព្រះវិហារព្រះយេហូវ៉ា។ ខណៈនោះ នាងឈឺចិត្តខ្លាំងណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ា ហើយយំដោយមានសេចក្ដីជូរល្វីង។ រួចនាងបន់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ប្រសិនបើព្រះអង្គគ្រាន់តែក្រឡេកព្រះនេត្រទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ បានកូនប្រុសមួយ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាពេញមួយជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ »។ ខណៈដែលនាងកំពុងអធិស្ឋានទៅព្រះយេហូវ៉ានៅឡើយ នោះអេលីក៏សង្កេតមើលមាត់នាង។ ហាណាអធិស្ឋានស្ងាត់ៗ កម្រើកតែបបូរមាត់តិចៗ ឥតឮសំឡេងឡើយ បានជាអេលីស្មានថានាងស្រវឹង ដូច្នេះ អេលីនិយាយទៅនាងថា៖ «តើនាងនៅតែស្រវឹងដល់កាលណាទៀត? ចូរលះបង់ស្រាចោលទៅ»។ តែហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំង ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ។ សូមកុំចាត់ទុកខ្ញុំជាអ្នកបម្រើលោក ថាជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបាននិយាយយ៉ាងយូររហូតដល់ឥឡូវនេះ មកពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនហួសប្រមាណ»។ នោះលោកអេលីឆ្លើយថា៖ «ដូច្នេះ សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមព្រះនៃសាសន៍អ៊ីស្រាអែលប្រោសឲ្យនាងបានសម្រេចដូចដែលបានសូមពីព្រះអង្គចុះ»។ នាងនិយាយថា៖ «ដូច្នេះ សូមឲ្យខ្ញុំជាអ្នកបម្រើលោក បានប្រកបដោយគុណរបស់លោកម្ចាស់ផង» នោះនាងក៏ចេញទៅ បរិភោគអាហារឡើងវិញ ហើយលែងមានទឹកមុខព្រួយទៀត។ ពួកគេក្រោកពីព្រលឹមស្រាង នាំគ្នាទៅថ្វាយបង្គំព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ។ អែលកាណាក៏រួមរស់ជាមួយហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាបាននឹកចាំពីនាង។ លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។ លោកអែលកាណាជាប្តី និងក្រុមគ្រួសាររបស់គាត់ទាំងអស់គ្នា ក៏នាំគ្នាឡើងទៅថ្វាយយញ្ញបូជា តាមដែលធ្លាប់ថ្វាយដល់ព្រះយេហូវ៉ារាល់ឆ្នាំ ហើយក៏លាបំណន់របស់គាត់ផង។ ប៉ុន្តែ ហាណាមិនបានទៅទេ ដោយប្រាប់ប្តីថា៖ «ចាំដល់កូនលែងដោះសិន នោះខ្ញុំនឹងនាំវាទៅ ឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយឲ្យនៅទីនោះជារៀងរហូត»។ លោកអែលកាណាជាប្តីឆ្លើយថា៖ «ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមឲ្យព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ នាងក៏នៅបំបៅកូនរហូតដល់ពេលផ្តាច់ដោះ។ លុះនាងបានផ្តាច់ដោះកូនហើយ នាងក៏យកកូនឡើងទៅជាមួយ ព្រមទាំងគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងថង់ស្បែកដាក់ស្រាទំពាំងបាយជូរមួយ យកទៅដំណាក់នៃព្រះយេហូវ៉ានៅត្រង់ស៊ីឡូរ ហើយកូននោះនៅក្មេងណាស់។ គេបានសម្លាប់គោឈ្មោលនោះ ហើយនាំកូនទៅឲ្យអេលី ហើយនាងជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ខ្ញុំនេះហើយជាស្រ្តីដែលបានឈរអធិស្ឋានទៅព្រះយេហូវ៉ា នៅទីនេះជិតលោក។ គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន ដូច្នេះ ខ្ញុំសូមប្រគល់កូននេះដល់ព្រះយេហូវ៉ា ទុកជារបស់ព្រះអង្គរហូតអស់មួយជីវិត»។ រួចលោកអែលកាណាក៏ថ្វាយបង្គំព្រះយេហូវ៉ានៅទីនោះ។
១ សាំយូអែល 1:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម នោះមានមនុស្សម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំៗ ជាកូនអេលីហ៊ូវៗ ជាកូនថូហ៊ូវៗ ជាកូនស៊ូភ អ្នកនោះជាពួកអេប្រាតា គាត់មានប្រពន្ធ២ មួយឈ្មោះហាណា មួយទៀតឈ្មោះពេនីណា ឯពេនីណានាងមានកូន តែនាងហាណាគ្មានកូនទេ រាល់តែឆ្នាំគាត់តែងឡើងពីក្រុងខ្លួនទៅឯស៊ីឡូរ ដើម្បីនឹងថ្វាយបង្គំ ហើយថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ រីឯនៅទីនោះមានហុបនី នឹងភីនេហាស ជាកូនអេលីទាំង២នាក់ ធ្វើជាសង្ឃនៃព្រះយេហូវ៉ា លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន នោះក៏ចែកចំណែកដល់ពេនីណាជាប្រពន្ធ នឹងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នា តែបានចែកដល់ហាណា១ជា២វិញ ដ្បិតគាត់ស្រឡាញ់ហាណាជាង តែព្រះយេហូវ៉ាទ្រង់បានបង្ខាំងផ្ទៃនាង គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងកើតសេចក្ដីកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅឯដំណាក់នៃព្រះយេហូវ៉ា បានជាហាណា នាងយំ ហើយមិនបរិភោគទេ នោះអែលកាណាជាប្ដីសួរថា ហាណាអើយ ហេតុអ្វីបានជានាងយំ ហើយមិនបរិភោគដូច្នេះ ម្តេចក៏នាងកើតទុក្ខ តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី។ ដូច្នេះ ក្រោយដែលគេបានបរិភោគនៅត្រង់ស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង រីឯអេលីដ៏ជាសង្ឃ លោកកំពុងនៅលើទីអង្គុយរបស់លោក ជិតសសរទ្វារនៃព្រះវិហារព្រះយេហូវ៉ា ខណនោះ នាងមានសេចក្ដីជូរល្វីងក្នុងចិត្តណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ាទាំងយំអណ្តឺតអណ្តក រួចនាងបន់ថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ។ គ្រាកំពុងដែលនាងនៅអធិស្ឋាន ចំពោះព្រះយេហូវ៉ានៅឡើយ នោះអេលីក៏ចំណាំមើលមាត់នាង ឯហាណា នាងនឹកតែក្នុងពោះ មានបបូរមាត់ផ្អូចៗ តែឥតឮសំឡេងនាងឡើយ បានជាអេលីស្មានថាជានាងស្រវឹងហើយ ទើបសួរថា តើនាងនៅតែស្រវឹងដល់កាលណាទៀត ចូរលះចោលស្រាពីខ្លួននាងចេញទៅ តែហាណាឆ្លើយតបថា ទេ ព្រះគុណម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំងទេ ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ សូមកុំរាប់ខ្ញុំជាអ្នកបំរើលោក ទុកជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបានចេញវាចា ដរាបដល់ឥឡូវនេះ នោះកើតតែពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ នឹងការរុកកួនដ៏ហួសកំណោះប៉ុណ្ណោះទេ នោះអេលីឆ្លើយថា ដូច្នេះសូមអញ្ជើញទៅ ប្រកបដោយសេចក្ដីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្ដីដែលបានសូមពីទ្រង់ចុះ រួចនាងសូមថា ដូច្នេះសូមឲ្យខ្ញុំ ជាអ្នកបំរើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។ លុះព្រលឹមស្រាងឡើង គេក៏នាំគ្នាទៅថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ ឯអែលកាណា ក៏ស្គាល់ហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាទ្រង់នឹកចាំពីនាង លុះដល់នាងហាណាមានទំងន់គ្រប់ខែហើយ នោះក៏សំរាលបានកូនប្រុស១ នាងឲ្យឈ្មោះថាសាំយូអែល ដោយថា អញបានសូមវាពីព្រះយេហូវ៉ាមក។ ឯអែលកាណា ជាប្ដីនាង ព្រមទាំងពួកគ្រួគាត់ទាំងអស់ ក៏នាំគ្នាឡើងទៅថ្វាយយញ្ញបូជា តាមដែលធ្លាប់ថ្វាយដល់ព្រះយេហូវ៉ារាល់តែឆ្នាំ ហើយនឹងលាបំណន់របស់គាត់ទៅ តែហាណាមិនបានទៅទេ ដោយប្រាប់ប្ដីថា ចាំដល់កូនលែងដោះសិន នោះខ្ញុំនឹងនាំវាទៅ ឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយឲ្យនៅទីនោះជាប់ជាដរាបទៅ នោះអែលកាណាជាប្ដីឆ្លើយថា ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមតែឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលទ្រង់ប៉ុណ្ណោះ ដូច្នេះនាងក៏នៅបំបៅកូន ទាល់តែបានផ្តាច់ដោះហើយ លុះបានផ្តាច់ដោះស្រេចហើយ នោះនាងក៏នាំយកកូនឡើងទៅជាមួយ ព្រមទាំងគោឈ្មោលស្ទាវ៣ ម្សៅ១ថាំង ហើយនឹងថង់ស្បែកដាក់ស្រាទំពាំងបាយជូរ១ នាំទៅឯដំណាក់នៃព្រះយេហូវ៉ានៅត្រង់ស៊ីឡូរ ឯកូននោះនៅក្មេងណាស់ រួចគេសំឡាប់គោឈ្មោល ហើយនាំកូនទៅឯអេលី ជំរាបថា ឱព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំនេះហើយ ជាស្រីដែលបានឈរអធិស្ឋានដល់ព្រះយេហូវ៉ា នៅទីនេះជិតលោក គឺខ្ញុំបានអធិស្ឋានសូមឲ្យបានកូននេះ ហើយព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសំរេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន ដូច្នេះខ្ញុំសូមប្រគល់វាដល់ព្រះយេហូវ៉ា ទុកជារបស់ផងទ្រង់រហូតដល់អស់ជីវិត រួចគេនាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ានៅទីនោះ។