១ ពេត្រុស 3:1-7

១ ពេត្រុស 3:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ប្រពន្ធ​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​បើ​មាន​អ្នក​ខ្លះ​មិន​ស្តាប់​បង្គាប់​តាម​ព្រះ‌បន្ទូល នោះ​ប្រពន្ធ​អាច​នឹង​ទាក់​ទាញ​ចិត្ត​ប្តីរបស់​ខ្លួន ដោយ​សារ​កិរិយា​ល្អ ក្រៅ​ពី​ពាក្យ​សម្ដី នៅ​ពេល​គេ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច។ កុំ​តុប​តែង​ខ្លួន​តែ​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សម្លៀក​បំពាក់​ល្អ​ប្រណិតនោះ​ឡើយ តែ​ត្រូវ​តុប​តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​គ្រឿង​លម្អ​ដែល​មិន​ចេះ​ពុក​រលួយ​នៃ​វិញ្ញាណ​សម្លូត និង​រម្យ‌ទម ដែល​មាន​តម្លៃ​វិសេស​បំផុត​នៅ​ចំពោះ​ព្រះ​វិញ។ ដ្បិត​ពី​ដើម ពួក​ស្រ្តី​បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តុប​តែង​ខ្លួន​ដូច្នោះ​ដែរ ដោយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួ​ន ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្តាប់​បង្គាប់​លោក​អ័ប្រា‌ហាំ ហើយ​ហៅ​លោក​ថា លោក​ម្ចាស់ផង។ អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ពូជ‌ពង្ស​របស់​លោក ប្រសិន‌បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ហើយ​មិន​ត្រូវ​ភ័យ​ខ្លាច​អ្វី​មួយ​ដែល​បំភ័យ​អ្នក​ឡើយ។ រីឯ​ប្ដី​ក៏​ដូច្នោះ​ដែរ ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ហើយត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មត៌ក​រួម​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​រាំងរា​សេចក្តី​អធិស្ឋាន​របស់​អ្នក​ឡើយ។

ចែក​រំលែក
អាន ១ ពេត្រុស 3

១ ពេត្រុស 3:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​បងប្អូន​ស្ត្រីៗ​ដែល​មាន​ស្វាមី​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​កិរិយា​មារយាទ​របស់​បងប្អូន​ទាក់‌ទាញ​ចិត្ត​ស្វាមី​ខ្លះ​ដែល​មិន​ជឿ​ព្រះ‌បន្ទូល ឲ្យ​បាន​ស្គាល់​ព្រះអង្គ ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សម្ដី​ទេ គឺ​គេ​គ្រាន់​តែ​ឃើញ​បងប្អូន​មាន​កិរិយា​បរិសុទ្ធ* និង​ចេះ​គោរព​កោត​ខ្លាច។ កុំ​តុប‌តែង​ខ្លួន​តែ​សំបក​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​ក៏​ពាក់​អាវ​ល្អ​ប្រណីត​នោះ​ឡើយ តែ​ត្រូវ​តុប‌តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត​របស់​បងប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើស‌លុប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់​នោះ​វិញ គឺ​មាន​ចិត្ត​ស្លូត‌បូត ស្រគត់‌ស្រគំ។ នៅ​ជំនាន់​ដើម ស្ត្រីៗ​ដ៏វិសុទ្ធ*​ដែល​សង្ឃឹម​លើ​ព្រះ‌ជា‌ម្ចាស់ តែង​កាន់​ចិត្ត​គំនិត​យ៉ាង​នេះ​ឯង គឺ​បាន​តុប‌តែង​ខ្លួន ដោយ​ការ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្ដាប់​បង្គាប់​លោក​អប្រាហាំ ទាំង​ហៅ​លោក​ថា «លោក​ម្ចាស់»ផង។ ប្រសិន​បើ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​មិន​ភ័យ​ខ្លាច​អ្វី​ទេ​នោះ បងប្អូន​នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​គាត់។ រីឯ​បងប្អូន​ដែល​ជា​ស្វាមី​ក៏​ដូច្នោះ​ដែរ ម្នាក់ៗ​ត្រូវ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រីៗ​ជា​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន។ ត្រូវ​គោរព​នាង​ទុក​ដូច​ជា​អ្នក​ត្រូវ​រួម​ទទួល​ជីវិត ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស‌ប្រណី​ប្រទាន​មក​បងប្អូន​ជា​មត៌ក ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​រារាំង​ការ​អធិស្ឋាន​របស់​បងប្អូន​ឡើយ។

ចែក​រំលែក
អាន ១ ពេត្រុស 3

១ ពេត្រុស 3:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​ស្រីៗ ត្រូវ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​បែប​ដូច្នោះ​ដែរ ដើម្បី​បើ​មាន​អ្នក​ណា ដែល​មិន​ព្រម​ស្តាប់​បង្គាប់ តាម​ព្រះ‌បន្ទូល នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន ដោយ‌សារ​កិរិយា​ល្អ ក្រៅ​ពី​ព្រះ‌បន្ទូល ដោយ​អ្នក​នោះ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​យ៉ាង​កោត‌ខ្លាច​ដល់​ព្រះ ទាំង​តែង​ខ្លួន​មិន​មែន​ដោយ​បែប​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សំលៀក‌បំពាក់​ផ្សេងៗ​ឡើយ គឺ​តែង​ចំពោះ​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ ដោយ​គ្រឿង​ដ៏​មិន​ចេះ​ពុក‌រលួយ​របស់​វិញ្ញាណ​សំឡូត ហើយ​រម្យ‌ទម នោះ​ឯង​ជា​សេចក្ដី ដែល​មាន​ដំឡៃ​វិសេស​នៅ​ចំពោះ​ព្រះ ដ្បិត​ពី​ដើម ពួក​ស្រីៗ បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តែង​ខ្លួន​យ៉ាង​ដូច្នោះ ទាំង​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​ដែរ ដូច​ជា​នាង​សារ៉ា​បាន​ចុះ​ចូល​នឹង​លោក​អ័ប្រា‌ហាំ ព្រម​ទាំង​ហៅ​លោក​ជា​ម្ចាស់​ផង ឯ​អ្នក​រាល់​គ្នា ក៏​បាន​ត្រឡប់​ជា​ពូជ​នាង​នោះ ដោយ​បាន​ប្រព្រឹត្ត​ល្អ ឥត​ភិត‌ភ័យ​នឹង​សេចក្ដី​ស្ញែង​ខ្លាច​ណា​ឡើយ ឯ​ពួក​ប្រុសៗ នោះ​ក៏​ត្រូវ​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី ព្រម​ទាំង​រាប់​អាន​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មរដក​ជា​មួយ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​បង្អាក់ ដល់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​ឡើយ។

ចែក​រំលែក
អាន ១ ពេត្រុស 3