១ ពេត្រុស 2:9-12

១ ពេត្រុស 2:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​បងប្អូន​វិញ បងប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ជា​ក្រុម​បូជា‌ចារ្យ​របស់​ព្រះ‌មហា‌ក្សត្រ ជា​ជាតិ​សាសន៍​ដ៏វិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ ​របស់​ព្រះអង្គ ដែល​បាន​ហៅ​បងប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុងរឿង​របស់​ព្រះអង្គ។ ពី​ដើម បងប្អូន​ មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ តែ​ឥឡូវ​នេះ បងប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ហើយ ពី​ដើម បងប្អូន​ ពុំ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ បងប្អូន​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ហើយ ។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន ​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។ ត្រូវ​កាន់​កិរិយា​មារយាទ​ឲ្យ​ថ្លៃ‌ថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បងប្អូន​ប្រព្រឹត្ត​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បងប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​យាង​មក គេ​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​ថែម​ទៀត​ផង។

ចែក​រំលែក
អាន ១ ពេត្រុស 2

១ ពេត្រុស 2:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​ទេ តែ​ឥឡូវ​នេះ ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​វិញ។ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ហើយ។ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​អ្នក​ប្រទេស​ក្រៅ និង​ដូច​ជា​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ថា ចូរ​ចៀស​ពី​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ប្រឆាំង​នឹង​ព្រលឹង​នោះ​ចេញ។ ត្រូវ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​នៅ​ក្នុង​ចំណោម​ពួ​ក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា​ដែល​គេ​និយាយ​ដើម​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​គេ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​លើក​តម្កើង​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក។

ចែក​រំលែក
អាន ១ ពេត្រុស 2

១ ពេត្រុស 2:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់ ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​សាសន៍​ណា​មួយ​ទេ តែ​ឥឡូវ​នេះ​ជា​សាសន៍​របស់​ព្រះ​វិញ ពី​ដើម​មិន​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​ហើយ។ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​ពួក​ប្រទេស​ក្រៅ ហើយ​ដូច​ជា​ពួក​អ្នក ដែល​គ្រាន់​តែ​សំណាក់​នៅ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ពី​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ត‌យុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ។

ចែក​រំលែក
អាន ១ ពេត្រុស 2