១ ពេត្រុស 2:5-9

១ ពេត្រុស 2:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា​ត្រូវ​បាន​សង់​ឡើង​ជា​ផ្ទះ​ខាង​វិញ្ញាណ ដូច​ជា​ថ្ម​រស់ ឲ្យ​បាន​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ​បូជា​ខាង​វិញ្ញាណ ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «មើល៍! យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ជ្រុង​ដែល​បាន​ជ្រើស​រើស ហើយ​មាន​តម្លៃ​វិសេស អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌អង្គ នោះ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ» ។ ដូច្នេះ ដែល​ព្រះ‌អង្គ​មាន​តម្លៃ​វិសេស នោះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ជឿ តែ​សម្រាប់​ពួក​អ្នក​មិន​ជឿ​វិញ នោះ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» ហើយ «ជា​ថ្ម​ជំពប់ និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» ។ គេ​ជំពប់​ដួល ព្រោះ​គេ​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល ដូច​ដែល​ព្រះ​បាន​តម្រូវ​ទុក។ ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ១ ពេត្រុស 2

១ ពេត្រុស 2:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​បងប្អូន​វិញ បងប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌វិញ្ញាណ ធ្វើ​ជា​ក្រុម​បូជា‌ចារ្យ​ដ៏វិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត* ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «យើង​បាន​រើស​យក​ថ្ម​គ្រឹះ​មួយ​ដ៏​សំខាន់ ហើយ​មាន​តម្លៃ យើង​ដាក់​ថ្ម​នោះ​នៅ​ក្រុង​ស៊ីយ៉ូន។ អ្នក​ណា​ជឿ​លើ​ថ្ម​នោះ អ្នក​នោះ​មុខ​ជា​មិន​ត្រូវ​ខក​ចិត្ត​ឡើយ» ។ ថ្ម​នេះ​មាន​តម្លៃ​វិសេស​សម្រាប់​បងប្អូន​ជា​អ្នក​ជឿ។ រីឯ​អ្នក​ដែល​មិន​ជឿ​វិញ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ» ។ អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​ព្រះ‌ជា‌ម្ចាស់​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល រីឯ​បងប្អូន​វិញ បងប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ជា​ក្រុម​បូជា‌ចារ្យ​របស់​ព្រះ‌មហា‌ក្សត្រ ជា​ជាតិ​សាសន៍​ដ៏វិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ ​របស់​ព្រះអង្គ ដែល​បាន​ហៅ​បងប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុងរឿង​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ១ ពេត្រុស 2

១ ពេត្រុស 2:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ ជា​ពួក​សង្ឃ​បរិសុទ្ធ សំរាប់​នឹង​ថ្វាយ​គ្រឿង​បូជា​ខាង​ព្រលឹង​វិញ្ញាណ ដែល​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ទទួល ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ​ថា «មើល អញ​ដាក់​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើស‌រើស ហើយ​វិសេស‌វិសាល អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ» ដូច្នេះ ដែល​ទ្រង់​វិសេស នោះ​គឺ​វិសេស​ដល់​អ្នក​រាល់​គ្នា​ដែល​ជឿ តែ​ដល់​ពួក​អ្នក​មិន​ជឿ​វិញ នោះ«ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» «ជា​ថ្ម​ជំពប់ ហើយ​ជា​ថ្មដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» គេ​ជំពប់​នឹង​ព្រះ‌បន្ទូល​ដោយ​ព្រោះ​តែ​មិន​ជឿ ហើយ​គេ​ក៏​ត្រូវ​ដំរូវ​ទុក​សំរាប់​ការ​នោះ​ឯង តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់

ចែក​រំលែក
អាន ១ ពេត្រុស 2