១ ពេត្រុស 2:1-11

១ ពេត្រុស 2:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​លះ​បង់​អស់​ទាំង​ការ​អាក្រក់ កិច្ច‌កល ពុត​ត្បុត ចិត្ត​ច្រណែន និង​ពាក្យ​និយាយ​ដើម​គេ​ទាំង​ប៉ុន្មាន​ចេញ​ទៅ។ ត្រូវ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ​ខាង​វិញ្ញាណ​វិញ ដូច​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​ឡើង​ដល់​ការ​សង្គ្រោះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះ‌អម្ចាស់​ទ្រង់​ល្អ​មែន ។ ចូរ​អ្នក​រាល់​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះ‌បង់​ចោល តែ​ព្រះ​បាន​ជ្រើស​រើស ហើយ​រាប់​ជា​មាន​តម្លៃ​វិសេស​វិញ អ្នក​រាល់​គ្នា​ត្រូវ​បាន​សង់​ឡើង​ជា​ផ្ទះ​ខាង​វិញ្ញាណ ដូច​ជា​ថ្ម​រស់ ឲ្យ​បាន​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ​បូជា​ខាង​វិញ្ញាណ ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «មើល៍! យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ជ្រុង​ដែល​បាន​ជ្រើស​រើស ហើយ​មាន​តម្លៃ​វិសេស អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌អង្គ នោះ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ» ។ ដូច្នេះ ដែល​ព្រះ‌អង្គ​មាន​តម្លៃ​វិសេស នោះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ជឿ តែ​សម្រាប់​ពួក​អ្នក​មិន​ជឿ​វិញ នោះ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» ហើយ «ជា​ថ្ម​ជំពប់ និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» ។ គេ​ជំពប់​ដួល ព្រោះ​គេ​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល ដូច​ដែល​ព្រះ​បាន​តម្រូវ​ទុក។ ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​ទេ តែ​ឥឡូវ​នេះ ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​វិញ។ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ហើយ។ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​អ្នក​ប្រទេស​ក្រៅ និង​ដូច​ជា​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ថា ចូរ​ចៀស​ពី​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ប្រឆាំង​នឹង​ព្រលឹង​នោះ​ចេញ។

ចែក​រំលែក
អាន ១ ពេត្រុស 2

១ ពេត្រុស 2:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ចូរ​បងប្អូន​លះ‌បង់​ការ​អាក្រក់​គ្រប់​យ៉ាង លះ‌បង់​ល្បិច​កិច្ចកល​ទាំង​ប៉ុន្មាន ការ​លាក់​ពុត ចិត្ត​ច្រណែន‌ឈ្នានីស និង​ការ​និយាយ​ដើម​គេ​គ្រប់​យ៉ាង​នោះ​ចោល​ទៅ! ចូរ​ប្រាថ្នា​ចង់​បាន​ព្រះ‌បន្ទូល ដូច​ទារក​ដែល​ទើប​នឹង​កើត​ប្រាថ្នា​ចង់​បាន​ទឹក​ដោះ​សុទ្ធ ដើម្បី​ឲ្យ​បងប្អូន​បាន​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌បន្ទូល​នេះ និង​ទទួល​ការ​សង្គ្រោះ បើ​បងប្អូន​ពិត​ជា​ បាន​ក្រេប​ជញ្ជក់​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​មែន​នោះ! សូម​បងប្អូន​ចូល​មក​ជិត​ព្រះ‌គ្រិស្ត ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​ព្រះ‌ជា‌ម្ចាស់​បាន​រើស​យក ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។ រីឯ​បងប្អូន​វិញ បងប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌វិញ្ញាណ ធ្វើ​ជា​ក្រុម​បូជា‌ចារ្យ​ដ៏វិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត* ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «យើង​បាន​រើស​យក​ថ្ម​គ្រឹះ​មួយ​ដ៏​សំខាន់ ហើយ​មាន​តម្លៃ យើង​ដាក់​ថ្ម​នោះ​នៅ​ក្រុង​ស៊ីយ៉ូន។ អ្នក​ណា​ជឿ​លើ​ថ្ម​នោះ អ្នក​នោះ​មុខ​ជា​មិន​ត្រូវ​ខក​ចិត្ត​ឡើយ» ។ ថ្ម​នេះ​មាន​តម្លៃ​វិសេស​សម្រាប់​បងប្អូន​ជា​អ្នក​ជឿ។ រីឯ​អ្នក​ដែល​មិន​ជឿ​វិញ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ» ។ អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​ព្រះ‌ជា‌ម្ចាស់​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល រីឯ​បងប្អូន​វិញ បងប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ជា​ក្រុម​បូជា‌ចារ្យ​របស់​ព្រះ‌មហា‌ក្សត្រ ជា​ជាតិ​សាសន៍​ដ៏វិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ ​របស់​ព្រះអង្គ ដែល​បាន​ហៅ​បងប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុងរឿង​របស់​ព្រះអង្គ។ ពី​ដើម បងប្អូន​ មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ តែ​ឥឡូវ​នេះ បងប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ហើយ ពី​ដើម បងប្អូន​ ពុំ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ បងប្អូន​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ហើយ ។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន ​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។

ចែក​រំលែក
អាន ១ ពេត្រុស 2

១ ពេត្រុស 2:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​លះ‌បង់​ចោល​អស់​ទាំង​សេចក្ដី​គំរក់ នឹង​កិច្ច‌កល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពុត​មាយា ចិត្ត​ច្រណែន ហើយ​ពាក្យ​និយាយ​ដើម​គេ​ទាំង​អស់​ចេញ នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ គឺ​បើ​អ្នក​រាល់​គ្នា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះ‌អម្ចាស់​ទ្រង់​ល្អ​មែន ឯ​អ្នក​រាល់​គ្នា ដែល​កំពុង​តែ​មក​ឯ​ទ្រង់​ដ៏​ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះ​បង់​ចោល​ចេញ តែ​ព្រះ​បាន​ជ្រើស‌រើស ហើយ​រាប់​ជា​វិសេស​វិញ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ ជា​ពួក​សង្ឃ​បរិសុទ្ធ សំរាប់​នឹង​ថ្វាយ​គ្រឿង​បូជា​ខាង​ព្រលឹង​វិញ្ញាណ ដែល​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ទទួល ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ​ថា «មើល អញ​ដាក់​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើស‌រើស ហើយ​វិសេស‌វិសាល អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ» ដូច្នេះ ដែល​ទ្រង់​វិសេស នោះ​គឺ​វិសេស​ដល់​អ្នក​រាល់​គ្នា​ដែល​ជឿ តែ​ដល់​ពួក​អ្នក​មិន​ជឿ​វិញ នោះ«ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» «ជា​ថ្ម​ជំពប់ ហើយ​ជា​ថ្មដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» គេ​ជំពប់​នឹង​ព្រះ‌បន្ទូល​ដោយ​ព្រោះ​តែ​មិន​ជឿ ហើយ​គេ​ក៏​ត្រូវ​ដំរូវ​ទុក​សំរាប់​ការ​នោះ​ឯង តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់ ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​សាសន៍​ណា​មួយ​ទេ តែ​ឥឡូវ​នេះ​ជា​សាសន៍​របស់​ព្រះ​វិញ ពី​ដើម​មិន​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​ហើយ។ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​ពួក​ប្រទេស​ក្រៅ ហើយ​ដូច​ជា​ពួក​អ្នក ដែល​គ្រាន់​តែ​សំណាក់​នៅ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ពី​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ត‌យុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ

ចែក​រំលែក
អាន ១ ពេត្រុស 2