១ ពង្សាវតារក្សត្រ 21:25-29

១ ពង្សាវតារក្សត្រ 21:25-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ដែល​មាន​នរណា​ដូច​ព្រះ‌បាទ​អហាប់​ទេ គឺ​ស្ដេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល ជា​មហេសី។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដោយ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដូច​ជន‌ជាតិ​អាម៉ូរី ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។ កាល​ព្រះ‌បាទ​អហាប់​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ​ហើយ ទ្រង់​ហែក​ព្រះ‌ពស្ដ្រ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ផ្ទំ​ក៏​ស្ដេច​ស្លៀក​បាវ​ដែរ ហើយ​យាង​យឺតៗ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖ «អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ នៅ​ជំនាន់​ក្រោយ»។

១ ពង្សាវតារក្សត្រ 21:25-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

(គ្មាន​អ្នក​ណា​ម្នាក់​ដូចព្រះបាទ​អ័ហាប់ឡើយ ដែល​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល​ជា​មហេសី​បាន​ញុះ‌ញង់​នោះ។ ទ្រង់​បាន​ប្រព្រឹត្ត​បែប​គួរ​ស្អប់​ខ្ពើម​ណាស់ ដោយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​រូប​ព្រះ តាម​គ្រប់​ទាំង​ទំនៀម​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ)។ ពេល​ព្រះបាទ​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ស្លៀក​សំពត់​ធ្មៃ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ។ ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ «តើ​ឯង​បាន​ឃើញ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​យើង​ហើយ? ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​យើង នោះ​យើង​មិន​នាំ​សេចក្ដី​វេទនា​មក​ក្នុង​ពេល​អ័ហាប់​នៅ​មាន​ជីវិតទេ គឺ​យើង​នឹង​នាំ​សេចក្ដី​វេទនា​នោះ​មក​លើ​ជំនួរ​វង្ស​របស់​គេ​វិញ»។

១ ពង្សាវតារក្សត្រ 21:25-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​អ័ហាប់ គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់ ដែល​បាន​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល ជា​ភរិយា​បាន​ញុះ‌ញង់​នោះ​ទេ ទ្រង់​បាន​ប្រព្រឹត្ត​បែប​គួរ​ស្អប់​ខ្ពើម​ណាស់ ដោយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​រូប​ព្រះ តាម​គ្រប់​ទាំង​ទំនៀម​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ។ កាល​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា ឯង​បាន​ឃើញ​ឬ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​អញ​ហើយ ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​អញ នោះ​អញ​មិន​នាំ​សេចក្ដី​វេទនា​នោះ មក​ក្នុង​គ្រា​ព្រះ‌ជន្ម​ទ្រង់​ទេ គឺ​អញ​នឹង​នាំ​សេចក្ដី​វេទនា​នោះ មក​លើ​ជំនួរ​វង្ស​ទ្រង់​ក្នុង​គ្រា​នៃ​បុត្រ​ទ្រង់​វិញ។