១ ពង្សាវតារក្សត្រ 19:9-13

១ ពង្សាវតារក្សត្រ 19:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​បាន​ទៅ​ដល់​ហើយ ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​មួយ​នៅ​ទី​នោះ។ មើល៍! ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក ហើយ​សួរ​លោក​ថា៖ «អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ?» លោក​ទូល​ថា៖ «ទូល‌បង្គំ​បាន​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ព្រះ‌អង្គ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​របស់​ព្រះ‌អង្គ ហើយ​បាន​សម្លាប់​ពួក​ហោរា​ព្រះ‌អង្គ​ដោយ​ដាវ នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ចង់​យក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ»។ ព្រះ‌យេហូវ៉ា​យាង​ទៅ​តាម​ទី​នោះ ហើយ​មាន​ខ្យល់​ព្យុះ​បក់​គំហុក​យ៉ាង​ខ្លាំង បក់​មក​ប៉ះ​ភ្នំ​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក មាន​កក្រើក​ដី តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ។ បន្ទាប់​ពី​ការ​កក្រើក​ដី មាន​ភ្លើង​ឆេះ តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង មាន​ឮ​សំឡេង​តូច​រហៀងៗ។ កាល​អេលីយ៉ា​បាន​ឮ​ហើយ លោក​យក​ក្រមា​ឃ្លុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង មាន​ឮ​សំឡេង​មក​ដល់​លោក​ថា៖ «អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ?»

១ ពង្សាវតារក្សត្រ 19:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ទៅ​ដល់​ភ្នំ​ហោរែប​ហើយ លោក​អេលីយ៉ា​ចូល​ទៅ​ស្នាក់​ក្នុង​គុហា​នៅ​ពេល​យប់។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ក្រៅ ហើយ​ឈរ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។ ព្រះអង្គ​យាង​កាត់​តាម​នោះ មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​កក្រើក​ភ្នំ បំបែក​ថ្ម នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ មាន​រញ្ជួយ​ដី ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។ ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។ កាល​ព្យាការី​អេលីយ៉ា​ឮ​សំឡេង​នោះ លោក​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ លោក​ឮ​ព្រះ‌សូរសៀង​ថា៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។

១ ពង្សាវតារក្សត្រ 19:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​លោក​បាន​ទៅ​ដល់​ហើយ នោះ​ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​១​នៅ​ទី​នោះ គ្រា​នោះ ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​មក​សួរ​ថា អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ លោក​ទូល​ថា ទូលបង្គំ​បាន​មាន​ចិត្ត​ឈឺ‌ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែលគេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាសនា​របស់​ទ្រង់ ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់​ដោយ​ដាវ​ផង នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​រក​ជីវិត​ទូលបង្គំ​ថែម​ទៀត ទ្រង់​មាន​បន្ទូល​ទៅ​ថា ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ទៅ​តាម​ទី​នោះ ហើយ​កើត​មាន​ខ្យល់​ព្យុះ​គំហុក​ជា​ខ្លាំង បក់​មក​ប៉ះ​បំបាក់​ភ្នំ​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក ក៏​មាន​កក្រើក​ដី តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ បន្ទាប់​ពី​ការ​កក្រើក​ដី​នោះ​មក នោះ​មាន​ភ្លើង​ឆេះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ កាល​អេលីយ៉ា​បាន​ឮ​ហើយ នោះ​លោក​ក៏​យក​ក្រមា​គ្រលុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង នោះ​មាន​ឮ​សំឡេង​មក​ដល់​លោក​ថា អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ