១ ពង្សាវតារក្សត្រ 19:12-15

១ ពង្សាវតារក្សត្រ 19:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​ពី​ការ​កក្រើក​ដី មាន​ភ្លើង​ឆេះ តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង មាន​ឮ​សំឡេង​តូច​រហៀងៗ។ កាល​អេលីយ៉ា​បាន​ឮ​ហើយ លោក​យក​ក្រមា​ឃ្លុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង មាន​ឮ​សំឡេង​មក​ដល់​លោក​ថា៖ «អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ?» លោក​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​យ៉ាង​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ព្រះ‌អង្គ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​ព្រះ‌អង្គ ហើយ​បាន​សម្លាប់​ពួក​ហោរា​ដោយ​ដាវ នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ចង់​យក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​ទៅ​ដល់​ហើយ ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ។

១ ពង្សាវតារក្សត្រ 19:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។ កាល​ព្យាការី​អេលីយ៉ា​ឮ​សំឡេង​នោះ លោក​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ លោក​ឮ​ព្រះ‌សូរសៀង​ថា៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ឆ្ពោះ​ទៅ​កាន់​ក្រុង​ដាម៉ាស​ចុះ! កាល​ទៅ​ដល់​ហើយ ត្រូវ​ចាក់​ប្រេង​អភិសេក​ហាសែល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី។

១ ពង្សាវតារក្សត្រ 19:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បន្ទាប់​ពី​ការ​កក្រើក​ដី​នោះ​មក នោះ​មាន​ភ្លើង​ឆេះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ កាល​អេលីយ៉ា​បាន​ឮ​ហើយ នោះ​លោក​ក៏​យក​ក្រមា​គ្រលុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង នោះ​មាន​ឮ​សំឡេង​មក​ដល់​លោក​ថា អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ លោក​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​មាន​ចិត្ត​ឈឺ‌ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាសនា​ទ្រង់ ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដោយ​ដាវ​ផង នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ស្វែង​រក​ជីវិត​ទូលបង្គំ​ថែម​ទៀត។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​បាន​ដល់​ហើយ នោះ​ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ