១ ពង្សាវតារក្សត្រ 19:1-4
១ ពង្សាវតារក្សត្រ 19:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលលោកអេលីយ៉ាបានប្រព្រឹត្ត និងអំពីការដែលលោកបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាលដោយមុខដាវ ប្រាប់ម្ចាស់ក្សត្រិយ៍យេសិបិល។ ម្ចាស់ក្សត្រិយ៍យេសិបិលចាត់អ្នកនាំសារឲ្យទៅប្រាប់លោកអេលីយ៉ាថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតលោក ដូចលោកបានប្រហារជីវិតព្យាការីទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។ លោកអេលីយ៉ាភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីឲ្យរួចជីវិត។ លោកទៅដល់បៀរ-សេបា ក្នុងស្រុកយូដា លោកទុកអ្នកបម្រើឲ្យនៅទីនោះ។ រីឯលោកវិញ លោកធ្វើដំណើរកាត់វាលរហោស្ថានពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំចុះ! ដ្បិតទូលបង្គំមិនប្រសើរជាងដូនតារបស់ទូលបង្គំទេ»។
១ ពង្សាវតារក្សត្រ 19:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទអ័ហាប់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការដែលលោកអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសម្លាប់ហោរាទាំងប៉ុន្មានដោយដាវ ដូច្នេះ ព្រះនាងយេសិបិលចាត់គេឲ្យនាំពាក្យទៅប្រាប់លោកអេលីយ៉ាថា៖ «ដល់ស្អែកនេះ ពេលថ្មើនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង»។ កាលលោកបានជ្រាបដូច្នោះហើយ លោកក៏ក្រោករត់ទៅឲ្យរួចជីវិត បានទៅដល់បៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបម្រើនៅទីនោះ។ ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។
១ ពង្សាវតារក្សត្រ 19:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ័ហាប់ទ្រង់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការ ដែលអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសំឡាប់ហោរាទាំងប៉ុន្មានដោយដាវ ដូច្នេះ យេសិបិល ព្រះនាងចាត់គេឲ្យនាំពាក្យទៅប្រាប់អេលីយ៉ាថា ដល់ស្អែកនេះ ពេលថ្មើរនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង កាលលោកបានជ្រាបដូច្នោះហើយ នោះក៏ក្រោកឡើងរត់ទៅឲ្យរួចជីវិត បានដល់ទៅបៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបំរើនៅទីនោះ តែខ្លួនលោកដើរពេញ១ថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកឰយុកោទូលបង្គំទេ