១ ពង្សាវតារក្សត្រ 19:1-18

១ ពង្សាវតារក្សត្រ 19:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​អ័ហាប់​ប្រាប់​ដល់​យេសិ‌បិល ពី​គ្រប់​ទាំង​ការ​ដែល​លោក​អេលីយ៉ា​បាន​ធ្វើ ហើយ​ពី​ការ​ដែល​លោក​បាន​សម្លាប់​ហោរា​ទាំង​ប៉ុន្មាន​ដោយ​ដាវ ដូច្នេះ ព្រះនាង​យេសិ‌បិល​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​លោក​អេលីយ៉ាថា៖ «ដល់​ស្អែក​នេះ ពេល​ថ្មើ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង»។ កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ លោក​ក៏​ក្រោក​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ទៅ​ដល់​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បម្រើ​នៅ​ទី​នោះ។ ប៉ុន្តែ លោក​ដើរ​ពេញ​មួយ​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល‌បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​មិន​វិសេស​ជាង​បុព្វ‌បុរស​ទូល‌បង្គំ​ទេ»។ លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​សិន»។ លោក​ឃើញ​មាន​នំ​ដុត​ឆ្អិន​ទៅ​លើ​ធ្យូង​ភ្លើង នៅ​លើ​ក្បាល​ដំណេក ហើយ​មាន​ទឹក​មួយ​ក្អម​ផង លោក​ក៏​បរិ‌ភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ។ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដាស់​ម្តង​ទៀត​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​ទៅ ដ្បិត​ផ្លូវ​ដែល​ត្រូវ​ដើរ នោះ​ហួស​កម្លាំង​ឯង​ណាស់»។ លោក​ក៏​ក្រោក​ឡើង បរិ‌ភោគ​ទៅ ហើយ​ដោយ‌សារ​កម្លាំង​ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​សែសិប​ថ្ងៃ​សែសិប​យប់ បាន​ទៅ​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។ កាល​លោក​បាន​ទៅ​ដល់​ហើយ ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​មួយ​នៅ​ទី​នោះ។ មើល៍! ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក ហើយ​សួរ​លោក​ថា៖ «អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ?» លោក​ទូល​ថា៖ «ទូល‌បង្គំ​បាន​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ព្រះ‌អង្គ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​របស់​ព្រះ‌អង្គ ហើយ​បាន​សម្លាប់​ពួក​ហោរា​ព្រះ‌អង្គ​ដោយ​ដាវ នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ចង់​យក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ»។ ព្រះ‌យេហូវ៉ា​យាង​ទៅ​តាម​ទី​នោះ ហើយ​មាន​ខ្យល់​ព្យុះ​បក់​គំហុក​យ៉ាង​ខ្លាំង បក់​មក​ប៉ះ​ភ្នំ​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក មាន​កក្រើក​ដី តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ។ បន្ទាប់​ពី​ការ​កក្រើក​ដី មាន​ភ្លើង​ឆេះ តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង មាន​ឮ​សំឡេង​តូច​រហៀងៗ។ កាល​អេលីយ៉ា​បាន​ឮ​ហើយ លោក​យក​ក្រមា​ឃ្លុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង មាន​ឮ​សំឡេង​មក​ដល់​លោក​ថា៖ «អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ?» លោក​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​យ៉ាង​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ព្រះ‌អង្គ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​ព្រះ‌អង្គ ហើយ​បាន​សម្លាប់​ពួក​ហោរា​ដោយ​ដាវ នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ចង់​យក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​ទៅ​ដល់​ហើយ ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ។ បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង។ ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល យេហ៊ូវ​នឹង​សម្លាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហូវ៉ា អេលី‌សេ​នឹង​សម្លាប់​ចោល។ ប៉ុន្តែ យើង​នឹង​ទុក​ឲ្យ​មាន​មនុស្ស​ប្រាំពីរ​ពាន់​នាក់​នៅ​សល់​ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប​នៅ​ចំពោះ​ព្រះ‌បាល ឬ​ថើប​វា​ឡើយ»។

១ ពង្សាវតារក្សត្រ 19:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​អហាប់​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​លោក​អេលីយ៉ា​បាន​ប្រព្រឹត្ត និង​អំពី​ការ​ដែល​លោក​បាន​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះ​បាល​ដោយ​មុខ​ដាវ ប្រាប់​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល។ ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​លោក ដូច​លោក​បាន​ប្រហារ​ជីវិត​ព្យាការី​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។ លោក​អេលីយ៉ា​ភ័យ​ខ្លាច ហើយ​ក្រោក​ឡើង រត់​ចេញ​ទៅ ដើម្បី​ឲ្យ​រួច​ជីវិត។ លោក​ទៅ​ដល់​បៀរ-‌សេបា ក្នុង​ស្រុក​យូដា លោក​ទុក​អ្នក​បម្រើ​ឲ្យ​នៅ​ទី​នោះ។ រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ទម្រេត​ខ្លួន សម្រាន្ដ​លង់‌លក់​ក្រោម​ដើម​ដង្កោ​នោះ​ទៅ។ ពេល​នោះ មាន​ទេវតា*​មួយ​រូប​មក​ដាស់​លោក ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ!»។ លោក​អេលីយ៉ា​ក្រឡេក​ទៅ ឃើញ​មាន​នំបុ័ង​ដែល​គេ​ទើប​នឹង​ដុត​លើ​ថ្ម​ក្ដៅៗ និង​ទឹក​មួយ​ក្អម នៅ​លើ​ក្បាល​ដំណេក លោក​ក៏​ពិសា​នំបុ័ង និង​ទឹក​រួច សម្រាន្ដ​លក់​ជា​ថ្មី។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​មក​ដាស់​លោក​ម្ដង​ទៀត ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ ដ្បិត​លោក​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ»។ លោក​ក៏​ក្រោក​ឡើង ពិសា​នំបុ័ង និង​ទឹក។ អាហារ​នេះ​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង ដើរ​បាន​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ រហូត​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អម្ចាស់ កាល​ទៅ​ដល់​ភ្នំ​ហោរែប​ហើយ លោក​អេលីយ៉ា​ចូល​ទៅ​ស្នាក់​ក្នុង​គុហា​នៅ​ពេល​យប់។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ក្រៅ ហើយ​ឈរ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។ ព្រះអង្គ​យាង​កាត់​តាម​នោះ មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​កក្រើក​ភ្នំ បំបែក​ថ្ម នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ មាន​រញ្ជួយ​ដី ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។ ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។ កាល​ព្យាការី​អេលីយ៉ា​ឮ​សំឡេង​នោះ លោក​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ លោក​ឮ​ព្រះ‌សូរសៀង​ថា៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ឆ្ពោះ​ទៅ​កាន់​ក្រុង​ដាម៉ាស​ចុះ! កាល​ទៅ​ដល់​ហើយ ត្រូវ​ចាក់​ប្រេង​អភិសេក​ហាសែល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី។ បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​អភិសេក​យេហ៊ូវ ជា​កូន​របស់​នឹម​ស៊ី ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ចាក់​ប្រេង​តែង‌តាំង​អេលីសេ ជា​កូន​របស់​សាផាត នៅ​អេបិល-មហូ‌ឡា ឲ្យ​ធ្វើ​ជា​ព្យាការី​ជំនួស​អ្នក។ ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសែល នឹង​ត្រូវ​យេហ៊ូវ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូវ នឹង​ត្រូវ​អេលីសេ​សម្លាប់។ ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។

១ ពង្សាវតារក្សត្រ 19:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ័ហាប់​ទ្រង់​ប្រាប់​ដល់​យេសិ‌បិល ពី​គ្រប់​ទាំង​ការ ដែល​អេលីយ៉ា​បាន​ធ្វើ ហើយ​ពី​ការ​ដែល​លោក​បាន​សំឡាប់​ហោរា​ទាំង​ប៉ុន្មាន​ដោយ​ដាវ ដូច្នេះ យេសិ‌បិល ព្រះ‌នាង​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​អេលីយ៉ា​ថា ដល់​ស្អែក​នេះ ពេល​ថ្មើរ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ នោះ​ក៏​ក្រោក​ឡើង​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ដល់​ទៅ​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បំរើ​នៅ​ទី​នោះ តែ​ខ្លួន​លោក​ដើរ​ពេញ​១​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូលបង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូលបង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូលបង្គំ​ទេ លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​សិន លោក​ក្រឡេក​មើល​ទៅ​ឃើញ​នៅ​ក្បាល​ដំណេក មាន​នំ​ដុត​ឆ្អិន​នៅ​លើ​ធ្យូង​ភ្លើង ហើយ​មាន​ទឹក​១​ក្អម​ផង នោះ​លោក​ក៏​បរិភោគ​នំ នឹង​ទឹក​នោះ រួច​ដេក​ទៅ​វិញ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដាស់​ម្តង​ទៀត​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​ទៅ ដ្បិត​ផ្លូវ​ដែល​ត្រូវ​ដើរ នោះ​ហួស​កំឡាំង​ឯង​ណាស់ លោក​ក៏​ក្រោក​ឡើង​បរិភោគ​ទៅ ហើយ​ដោយ‌សារ​កំឡាំង ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​៤០​ថ្ងៃ​៤០​យប់ បាន​ដល់​ទៅ​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។ កាល​លោក​បាន​ទៅ​ដល់​ហើយ នោះ​ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​១​នៅ​ទី​នោះ គ្រា​នោះ ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​មក​សួរ​ថា អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ លោក​ទូល​ថា ទូលបង្គំ​បាន​មាន​ចិត្ត​ឈឺ‌ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែលគេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាសនា​របស់​ទ្រង់ ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់​ដោយ​ដាវ​ផង នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​រក​ជីវិត​ទូលបង្គំ​ថែម​ទៀត ទ្រង់​មាន​បន្ទូល​ទៅ​ថា ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ទៅ​តាម​ទី​នោះ ហើយ​កើត​មាន​ខ្យល់​ព្យុះ​គំហុក​ជា​ខ្លាំង បក់​មក​ប៉ះ​បំបាក់​ភ្នំ​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក ក៏​មាន​កក្រើក​ដី តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ បន្ទាប់​ពី​ការ​កក្រើក​ដី​នោះ​មក នោះ​មាន​ភ្លើង​ឆេះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ កាល​អេលីយ៉ា​បាន​ឮ​ហើយ នោះ​លោក​ក៏​យក​ក្រមា​គ្រលុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង នោះ​មាន​ឮ​សំឡេង​មក​ដល់​លោក​ថា អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ លោក​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​មាន​ចិត្ត​ឈឺ‌ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាសនា​ទ្រង់ ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដោយ​ដាវ​ផង នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ស្វែង​រក​ជីវិត​ទូលបង្គំ​ថែម​ទៀត។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​បាន​ដល់​ហើយ នោះ​ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ ហើយ​ត្រូវ​ចាក់​ប្រេង តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា នោះ​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល នោះ​យេហ៊ូវ​នឹង​សំឡាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហ៊ូវ នោះ​អេលី‌សេ​នឹង​សំឡាប់​បង់ ប៉ុន្តែ អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧​ពាន់​នាក់​សល់​នៅ ក្នុង​ពួក​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប នៅ​ចំពោះ​ព្រះ‌បាល ឬ​ថើប​វា​ឡើយ។