១ យ៉ូហាន 4:11-21
១ យ៉ូហាន 4:11-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងខ្លាំងដល់ម៉្លេះ នោះយើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គក៏នឹងពេញខ្នាតនៅក្នុងយើងដែរ។ យើងដឹងដោយសារសេចក្ដីនេះថា យើងស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងយើង ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ យើងបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រា មកធ្វើជាព្រះសង្គ្រោះរបស់មនុស្សលោក។ អ្នកណាដែលប្រកាសថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះ ព្រះស្ថិតនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់ក្នុងព្រះដែរ។ យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ។ ដោយសារសេចក្ដីនេះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងក៏យ៉ាងនោះនៅក្នុងលោកនេះដែរ។ គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។ ឯយើងវិញ យើងស្រឡាញ់ព្រះអង្គ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ ប្រសិនបើអ្នកណាពោលថា «ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ អ្នកនោះក៏ពុំអាចស្រឡាញ់ព្រះ ដែលខ្លួនមើលមិនឃើញនោះបានដែរ។ យើងបានទទួលបទបញ្ជានេះមកពីព្រះអង្គថា អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវតែស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។
១ យ៉ូហាន 4:11-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយព្រះអង្គបានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះមនុស្សលោក។ អ្នកណាប្រកាសជំនឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ បើសេចក្ដីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្តរឹងប៉ឹង នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះ យើងមានរបៀបរស់នៅដូចព្រះយេស៊ូដែរ។ បើយើងមានសេចក្ដីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ តែសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្ដេញការភ័យខ្លាចឲ្យចេញផុតទៅបានថែមទៀតផង។ អ្នកណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌកម្ម ដូច្នេះ សេចក្ដីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈនៅក្នុងខ្លួនគេឡើយ។ រីឯយើងវិញ យើងមានចិត្តស្រឡាញ់ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ បើនរណាម្នាក់ពោលថា “ខ្ញុំស្រឡាញ់ព្រះជាម្ចាស់” តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ ក៏ពុំអាចស្រឡាញ់ព្រះជាម្ចាស់ដែលខ្លួនមើលពុំឃើញនោះដែរ។ យើងបានទទួលបទបញ្ជានេះពីព្រះអង្គថា «អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។
១ យ៉ូហាន 4:11-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ទ្រង់ បានពេញខ្នាតក្នុងយើងដែរ គឺយ៉ាងនោះឯងដែលយើងដឹងថា យើងនៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងយើង ពីព្រោះទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មកយើងរាល់គ្នា ហើយយើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក។ អ្នកណាដែលយល់ព្រមថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ អ្នកនោះឈ្មោះថា មានព្រះគង់នៅក្នុងខ្លួនពិត ហើយខ្លួនក៏នៅក្នុងព្រះដែរ យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ គឺយ៉ាងនោះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជំរះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងរាល់គ្នាក៏យ៉ាងនោះនៅក្នុងលោកីយនេះដែរ គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ សេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្ដីភ័យខ្លាចចេញ ពីព្រោះសេចក្ដីភ័យខ្លាចតែងជាប់មានសេចក្ដីវេទនា ហើយអ្នកណាដែលមានសេចក្ដីភ័យខ្លាច នោះមិនទាន់បានពេញខ្នាត ខាងឯសេចក្ដីស្រឡាញ់នៅឡើយទេ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ បើអ្នកណាថា ខ្លួនស្រឡាញ់ព្រះ តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាដែលមិនស្រឡាញ់បងប្អូន ដែលបានមើលឃើញទៅហើយ នោះធ្វើដូចម្តេចឡើយ ឲ្យស្រឡាញ់ដល់ព្រះ ដែលមើលមិនឃើញទៅបាន មួយទៀត យើងបានទទួលបញ្ញត្តនេះពីព្រះមកថា អ្នកណាដែលស្រឡាញ់ដល់ព្រះ នោះត្រូវតែស្រឡាញ់ដល់បងប្អូនដែរ។