១ យ៉ូហាន 3:9-13
១ យ៉ូហាន 3:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកដែលកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជ របស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្តអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។ ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ*។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត* អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។ ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ*កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត*។ បងប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។
១ យ៉ូហាន 3:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់អ្នកដែលកើតពីព្រះ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះស្ថិតនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចធ្វើបាបបានឡើយ ព្រោះគេបានកើតមកពីព្រះ។ អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់ដោយសារសេចក្ដីនេះ គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនមកពីព្រះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះដែរ។ ដ្បិតនេះជាដំណឹងដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ មិនត្រូវឲ្យយើងដូចជាកាអ៊ីន ដែលមកពីមេកំណាច ហើយបានសម្លាប់ប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនរបស់ខ្លួនដូច្នេះ? ព្រោះអំពើដែលគាត់ប្រព្រឹត្តសុទ្ធតែអាក្រក់ ហើយអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត។ បងប្អូនអើយ ប្រសិនបើលោកីយ៍ស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ។
១ យ៉ូហាន 3:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់អ្នកណាដែលកើតពីព្រះ នោះមិនដែលប្រព្រឹត្តអំពើបាបទេ ពីព្រោះពូជព្រះនៅក្នុងអ្នកនោះឯង បានជាពុំអាចនឹងធ្វើបាបបានឡើយ ដ្បិតបានកើតពីព្រះមក គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ ដ្បិតនេះឯងជាសេចក្ដី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ។ បងប្អូនអើយ បើលោកីយស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ