១ យ៉ូហាន 3:1-24

១ យ៉ូហាន 3:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន។ នេះ​ហើយ​ជា​ហេតុ​ដែល​លោកីយ៍​មិន​ស្គាល់​យើង ព្រោះ​លោកីយ៍​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ។ ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​ជា​កូន​ព្រះ ហើយ​ដែល​យើង​នឹង​បាន​ទៅ​ជា​យ៉ាង​ណា នោះ​មិន​ទាន់​បាន​សម្តែង​មក​នៅ​ឡើយ​ទេ ប៉ុន្តែ យើង​ដឹង​ថា នៅ​ពេល​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​បាន​ដូច​ព្រះ‌អង្គ ដ្បិត​ដែល​ព្រះ‌អង្គ​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។ អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ​ដល់​ព្រះ‌អង្គ អ្នក​នោះ​តែង​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត ដូច​ព្រះ‌អង្គ​ដែល​ស្អាត​ដែរ។ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ក៏​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រឹត្យ‌វិន័យ។ អ្នក​រាល់​គ្នា​ដឹង​ហើយថា ព្រះ‌អង្គ​បាន​លេច​មក ដើម្បី​ដក​បាប​យើង​ចេញ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ គ្មាន​បាប​សោះ។ អស់​អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​មិន​ធ្វើ​បាប​ទេ តែ​អ្នក​ដែល​ធ្វើ​បាប មិន​បាន​ឃើញ​ព្រះ‌អង្គឡើយ ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង។ កូន​តូចៗ​រាល់​គ្នា​អើយ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះ‌អង្គ​ដែល​សុចរិត​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​មក​ពី​អារក្ស ដ្បិត​អារក្ស​បាន​ធ្វើ​បាប​ចាប់​តាំង​ពី​ដើម​រៀង​មក។ ដោយ​ហេតុ​នេះហើយ​បាន​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​លេច​មក គឺ​ដើម្បី​បំផ្លាញ​កិច្ច‌ការ​របស់​អារក្ស។ អស់​អ្នក​ដែល​កើត​ពី​ព្រះ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ព្រះ​ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ធ្វើ​បាប​បាន​ឡើយ ព្រោះ​គេ​បាន​កើត​មក​ពី​ព្រះ។ អ្នក​ណា​ជា​កូន​របស់​ព្រះ ហើយ​អ្នក​ណា​ជា​កូន​របស់​អារក្ស ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ហើយអ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន ក៏​មិន​មែន​មក​ពី​ព្រះ​ដែរ។ ដ្បិត​នេះ​ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​ឲ្យ​យើង​ដូច​ជា​កាអ៊ីន ដែល​មក​ពី​មេ​កំណាច ហើយ​បាន​សម្លាប់​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​របស់​ខ្លួន​ដូច្នេះ? ព្រោះ​អំពើ​ដែល​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ ហើយ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុច​រិត។ បង‌ប្អូន​អើយ ប្រសិន‌បើ​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ។ យើង​ដឹង​ហើយ​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ព្រោះ​យើង​ស្រឡាញ់​ពួក​បង‌ប្អូន ឯ​អ្នក​ណា​ដែល​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។ អ្នក​ណា​ដែល​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយថា គ្មាន​ឃាតកណា​មួយ​មាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​នៅ​ក្នុង​ខ្លួន​ឡើយ។ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ដោយ​សារ​សេចក្ដី​នេះ គឺ​ព្រះ‌អង្គ​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ដូច្នេះ យើង​ក៏ត្រូវ​ប្តូរ​ជីវិត​របស់​យើង​សម្រាប់​បង‌ប្អូន​ដែរ។ ប្រសិន‌បើ​អ្នក​ណា​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​អាសូរ​សោះ ធ្វើ​ដូច​ម្តេចឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន? ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ។ យើង​នឹង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ឯង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ធ្វើ​ឲ្យ​យើងមានទំនុក​ចិត្តនៅ​ចំពោះ​ព្រះ‌អង្គ ដ្បិត​ពេល​ណា​ចិត្ត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​របស់​យើង​ទៅ​ទៀត ហើយ​ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់។ ពួក​ស្ងួន‌ភ្ងា​អើយ ប្រសិន‌បើ​ចិត្ត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​មាន​សេចក្ដី​ក្លា‌ហាននៅ​ចំពោះ​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​យើង​ទូល​សូម​ពី​ព្រះ‌អង្គ នោះ​យើង​នឹង​ទទួលពីព្រះ‌អង្គមិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​អំពើណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ រី​ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺយើង​ត្រូវ​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក​យើង។ អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​គិត​មើល៍ ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​ដល់​កម្រិត​ណា គឺ​ព្រះអង្គ​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ព្រះអង្គ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ព្រះអង្គ​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះអង្គ។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ ព្រះអង្គ​ពុំ​ទាន់​សម្តែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះ‌គ្រិស្ត​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ។ អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះអង្គ​បែប​នេះ អ្នក​នោះ​បាន​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ* ដូច​ព្រះអង្គ​បរិសុទ្ធ​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប* អ្នក​នោះ​បំពាន​លើ​វិន័យ* ដ្បិត​អំពើ​បាប​ជា​ការ​បំពាន​លើ​វិន័យ។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌យេស៊ូ​យាង​មក​ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប មិន​ដែល​បាន​ឃើញ​ព្រះអង្គ ព្រម​ទាំង​មិន​ស្គាល់​ព្រះអង្គ​ផង។ កូន​ចៅ​ទាំង‌ឡាយ​អើយ សុំ​កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះ‌យេស៊ូ​ទ្រង់​សុចរិត​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​មារ* ដ្បិត​មារ​បាន​ប្រព្រឹត្ត​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បាន​យាង​មក ដើម្បី​រំលាយ​កិច្ចការ​របស់​មារ។ អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់។ ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់ អ្នក​ណា​ជា​កូន​ចៅ​របស់​មារ*។ អ្នក​ណា​មិន​ប្រព្រឹត្ត​អំពើ​សុចរិត* អ្នក​នោះ​មិន​មែន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បងប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ព្រះអង្គ​ដែរ។ ដំណឹង​ដែល​បងប្អូន​បាន​ទទួល តាំង​ពី​ដើម​ដំបូង​រៀង​មក​នោះ គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មិន​ត្រូវ​ធ្វើ​ដូច​កាអ៊ីន ដែល​កើត​ចេញ​មក​ពី​មារ*​កំណាច ហើយ​បាន​កាត់​ក​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? គឺ​មក​ពី​អំពើ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ រីឯ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុចរិត*។ បងប្អូន​អើយ ប្រសិន​បើ​មនុស្ស​លោក​ស្អប់​បងប្អូន សូម​កុំ​ងឿង‌ឆ្ងល់​ឡើយ។ យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បងប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។ អ្នក​ណា​ស្អប់​បងប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បងប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់‌កល្ប​ជានិច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះ‌យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សម្រាប់​បងប្អូន​ដែរ។ ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បងប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត! កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិត វិញ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ត​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទេ។ ហេតុ​នេះ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ជា‌ម្ចាស់​ដែល​ធំ​ជាង​ចិត្ត​របស់​យើង ព្រះអង្គ​ឈ្វេង​យល់​ទាំង​អស់។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ អ្វីៗ​ក៏​ដោយ​ឲ្យ​តែ​យើង​ទូល​សូម យើង​មុខ​ជា​ទទួល​ពី​ព្រះអង្គ​មិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ និង​ប្រព្រឹត្ត​អំពើ​ណា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។ រីឯ​បទ​បញ្ជា*​របស់​ព្រះអង្គ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាម​បទ​បញ្ជា​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។ អ្នក​ណា​កាន់​តាម​បទ​បញ្ជា*​របស់​ព្រះអង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរ‌បិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន​ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​រំលង​ក្រិត្យ‌វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រិត្យ‌វិន័យ​ហើយ អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ ឯ​អស់​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទ្រង់ នោះ​មិន​ដែល​ធ្វើ​បាប​ទេ តែ​ពួក​អ្នក​ដែល​ធ្វើ​បាប​វិញ គេ​មិន​បាន​ឃើញ​ទ្រង់​ឡើយ ក៏​មិន​ស្គាល់​ទ្រង់​ផង។ កូន​តូចៗ​រាល់​គ្នា​អើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូច​ជា​ទ្រង់​ក៏​សុចរិត​ដែរ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​គឺ​មក​ពី​អារក្ស​ទេ ពី​ព្រោះ​អារក្ស​បាន​ធ្វើ​បាប ចាប់​តាំង​ពី​ដើម​រៀង​មក ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ​ព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក គឺ​យ៉ាង​នោះ​ហើយ ដែល​នឹង​សំគាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្ដី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ដ្បិត​នេះ​ឯង​ជា​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​ថា ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​សំឡាប់​ប្អូន គឺ​ពី​ព្រោះ​តែ​ការ​របស់​គាត់​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​ប៉ុណ្ណោះ។ បង​ប្អូន​អើយ បើ​លោកីយ​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន ឯ​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ជា​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​សំឡាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​‌កល្ប​ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ ដោយ‌សារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន។ ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យ​សំដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត នឹង​សេចក្ដី​ពិត​វិញ គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង ពួក​ស្ងួន‌ភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្ដី​ក្លាហាន នៅ​ចំពោះ​ព្រះ ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ ឯ​បញ្ញត្ត​ទ្រង់ នោះ​គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:1-24

១ យ៉ូហាន 3:1-24 គខប