១ យ៉ូហាន 2:9-11
១ យ៉ូហាន 2:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលពោលថា ខ្លួននៅក្នុងពន្លឺ តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹតនៅឡើយ។ អ្នកណាស្រឡាញ់បងប្អូនរបស់ខ្លួន អ្នកនោះរស់នៅក្នុងពន្លឺ ហើយនៅក្នុងអ្នកនោះ គ្មានហេតុនឹងជំពប់ដួលឡើយ។ ប៉ុន្ដែ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត ហើយដើរនៅក្នុងសេចក្ដីងងឹត ក៏មិនដឹងជាខ្លួនកំពុងទៅឯណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។
១ យ៉ូហាន 2:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឲ្យគាត់រវាតចិត្តចេញពីជំនឿឡើយ។ រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។
១ យ៉ូហាន 2:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្ដីងងឹត ដរាបដល់សព្វថ្ងៃនេះ ឯអ្នកណាដែលស្រឡាញ់ដល់បងប្អូនខ្លួន នោះតែងនៅក្នុងពន្លឺវិញ ហើយនៅក្នុងអ្នកនោះគ្មានហេតុណា នឹងបង្អាក់បង្អន់ចិត្តគេឡើយ តែអ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្ដីងងឹតវិញ ក៏ដើរក្នុងសេចក្ដីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្ដីងងឹតនោះបានបំបាំងភ្នែកហើយ។